អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទអន្តរជាតិស្តីពីជីវៈចម្រុះ អនុម័ត​កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃចន្ទទី ១៩ ធ្នូ ២០២២​ បណ្តាប្រទេសនៅលើពិភពលោក បានព្រមព្រៀងគ្នាជាប្រវត្តិសាស្ត្រ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា លើកត្តិកាសញ្ញាសន្តិភាពជាមួយធម្មជាតិ  ដើម្បីលុបបំបាត់ការបំផ្លិចបំផ្លាញជីវៈចម្រុះនិងធនធានចាំបាច់សម្រាប់មនុស្ស។ កិច្ចព្រមព្រៀង ត្រូវ​អនុម័ត ដោយអង្គសន្និសីទអន្តរជាតិស្តីពីជីវៈចម្រុះ COP១៥ ដែលមានចិនជាប្រធាន។

​ «កត្តិកាសញ្ញាសន្តិភាពជាមួយធម្មជាតិ» មាន​ចែង​ពី​តួនាទី​របស់​ជន​ជាតិ​ដើម​ភាគតិច ដែល​រស់​នៅ​អាស្រ័យ​ផល​នឹង​ធម្មជាតិ​។
​ «កត្តិកាសញ្ញាសន្តិភាពជាមួយធម្មជាតិ» មាន​ចែង​ពី​តួនាទី​របស់​ជន​ជាតិ​ដើម​ភាគតិច ដែល​រស់​នៅ​អាស្រ័យ​ផល​នឹង​ធម្មជាតិ​។ REUTERS - CHRISTINNE MUSCHI
ផ្សាយពាណិជ្ជកម្ម

«កត្តិកាសញ្ញាសន្តិភាពជាមួយធម្មជាតិ» ត្រូវ បណ្តារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ បានចរចាគ្នា ជាង៤ឆ្នាំមកហើយ និងនៅចុងក្រោយនេះ តំណាងប្រទេសនីមួយៗ អ្នកការទូត និងអ្នកជំនាញៗ ប្រឹងប្រែងពិភាក្សាគ្នា១០ ថ្ងៃ១០យប់ ទើប​សម្រេច​។ ​​សន្និសីទអន្តរជាតិស្តីពីជីវៈចម្រុះ COP១៥  ត្រូវ​រៀប​ចំ​នៅ​ប្រទេស​ចិន​ ក៏ប៉ុន្តែ​ព្រោះតែ ស្រុក​ចិន ​មាន​ជំងឺ​កូវីដ​១៩ ​ផ្ទុះ​រាតត្បាល​ឡើងវិញ ទើប​គេ​សម្រេច​ផ្លាស់ប្តូរ​ទីតាំងទៅ​ធ្វើ​នៅ​ប្រទេស​កាណាដា​វិញ តែ​ ចិន​ គឺជា​ប្រធាន​ដឹកនាំ​អង្គប្រជុំដដែល​។​ «កត្តិកាសញ្ញាសន្តិភាពជាមួយធម្មជាតិ» ត្រូវ ប្រទេស​១៩៥ ​យល់ព្រម​ឯកភាព គឺមាន​តែ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ១តែប៉ុណ្ណោះ ដែល​បដិសេធ។​

ខ្លឹម​សារ​ចម្បង​របស់ «កត្តិកាសញ្ញាសន្តិភាពជាមួយធម្មជាតិ» គឺ​សំដៅ​ដល់​ការ​ការពារ​បិរស្ថាន​ប្រព័ន្ធ​ជីវៈ​ចម្រុះ។  បណ្តារដ្ឋ​សមាជិក​បាន​សម្រេច​យល់​ព្រម​ថា ត្រូវ​តែ​ថែរក្សា​​យ៉ាង​តិច ៣០%នៃ​ភព​ផែន​ដី ឲ្យ​មាន​បរិវេណ​ខ្យល់​បរិសុទ្ធ​និង​ធម្មជាតិ​បំព្រង។ សកម្មភាពនេះ​​ត្រូវ​រួស​រាន់​ចាប់ពីពេល​នេះ​ដល់​ឆ្នាំ​២០៣០ ជា​ដំណាក់​កាល​កំណត់​ដំបូង​សិន​។

ដើម្បី​សម្រេច​គោល​ដៅការពារ​បរិស្ថាន​ប្រព័ន្ធជីវៈ​ចម្រុះ​​ គឺត្រូវ​មាន​វិធានាការ​​ជាច្រើន។

កន្លង​មក គេ​ខ្វែង​មតិគ្នា សម្រេច​មិនបាន គឺមកពី​ជំទាស់​គ្នា​រឿង​លុយ​កាក់។​ ក្នុង​កិច្ចព្រមព្រៀង​ដែល​សម្រេច​នៅ​កាណាដានេះ ​គឺ​ បាន​ចែង​បញ្ជាក់ថា បណ្តារដ្ឋ​សមាជិក ភាគី​ឯកជន និង​អង្គការ​នានា​​ ​ត្រូវ​ចូល​រួម​ផ្តល់​ជំនួយ​ ៣០ ពាន់​លាន​ដុល្លារ​ សម្រាប់​ជួយ​ក្នុង​មួយឆ្នាំៗ ទៅដល់​ប្រទេស​ក្រីក្រ​កំពុង​តែ​អភិឌ្ឍ ដើម្បី​​​ឲ្យ​ប្រទេស​ទាំង​នោះ មាន​លទ្ធភាព​ចូលរួម​គិតគូរ​ពីការ​ថែរក្សា​បរិស្ថាន ជីវៈ​ចម្រុះ​ ហើយ​ជៀសវាង​បំពុល​ខ្យល់​និង​ភព​ផែនដី។

ដើម្បី​ជៀស​វាង​បន្ទុក​ធ្ងន់​សម្រាប់​ប្រទេស​ខាង​អ្នក​មាន​និង​អ្នក​ក្រ ប្រទេស​ចិន ជាប្រធានអង្គប្រជុំ ស្នើ​ឲ្យ​​វិភាគទាន ២០ពាន់​លាន​ដុល្លារ​ សម្រាប់​ឆ្នាំ​នេះ ដល់​ឆ្នាំ​២០២៥ ហើយ​តពីនោះទៀត ដល់​ឆ្នាំ ២០៣០ គឺ ​៣០ពាន់​លាន​ដុល្លារ ។

​«កត្តិកាសញ្ញាសន្តិភាពជាមួយធម្មជាតិ» ដែល​សម្រេច​ដោយ​ សន្និសីទអន្តរជាតិស្តីពីជីវៈចម្រុះ COP១៥  គឺ​ មាន​ចំណុចមួយ​ចំនួន​​ស្រដៀង​គ្នា​នឹង​កិច្ចព្រម​ព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​ខ្លះដែរ។ ពោលគឺ​ចំណុច​ត្រង់ថា ត្រូវ​រក្សា​កម្តៅ​ផែន​ដី​កុំ​ឲ្យ​ហក់​ឡើង​ក្តៅ​ហួស​ខ្លាំង​ពេក គឺ​គេ​ចង់​កម្រិត​ត្រឹមតែ​ ១,៥ អង្សាសេ។ ទន្ទឹមនឹងការ​ថែរក្សា​ទំហំ​ផ្ទៃ​ដី​៣០%នៃផែនដី​ឲ្យបរិស្ថាន​ខ្យល់អាកាស​ល្អ ក៏​ត្រូវជួសជុលស្តារឡើងវិញ ប្រព័ន្ធជីវៈចម្រុះយ៉ាងហោច ឲ្យ​ ៣០% ដែរ។

បើ​តាម​អ្ន​កជំនាញ សព្វថ្ងៃ មាន​ទំហំ​ផ្ទៃ​ដី ១៧% នៃ​ផែន​ដី បាន​ត្រូវ​រក្សាការពារ ហើយ​ ដែន​សមុទ្រ វិញ តែ​ ៨% ប៉ុណ្ណោះ ដែល​ត្រូវ​គេ​យក​ចិត្ត​ទុករក្សាគាំពារ។

ទោះបីជាចំណុចចែងនៅក្នុងកិច្ចព្រមព្រៀងមាន​ខចែង​ល្អច្រើនពិតមែន ប៉ុន្តែ អ្នកតំណាងអង្គការការពារបរិស្ថាន WWF លោក Pierre Cannet បានសម្តែងក្តីសោកស្តាយបន្តិចដែរ ចំពោះការវិធានាការពីភាគក្រុមឧស្សាហកម្មធំៗ ដែលមិនបានកំណត់កម្រិតចំនួនអ្វី​មួយ​សម្រាប់ប្តេជ្ញាចិត្ត​ ឬកំណត់កាលបរិច្ឆេទអ្វីមួយឲ្យច្បាស់លាស់ ក៏ទេដែរ។ នេះ​គឺ​សម្រាប់​ខាងក្រុមអ្នកផលិត។​

តាម​របាយការណ៍​ជា​ហូរហែរ គឺ ជាង៧០% នៃផ្ទៃ​ដី និសមុទ្រ ត្រូវ​បំពុល​ដោយ​សកម្មភាព​មនុស្ស​ និងឧស្សាហកម្ម។ ដូច្នេះ ដើម្បី​សម្រេច​គោល​ដៅ​ ថែរក្សា​បរិស្ថាន​ ខ្យល់ ជីវៈ​ចម្រុះ​ប្រមាណ​ ៣០% នៃ​ភព​ផែន​ដី នៅឆ្នាំ​២០៣០ គឺខ្វះតែ​ប៉ុន្មាន​ឆ្នាំទៀតប៉ុណ្ណោះ​។ ហេតុនេះ គេ​ត្រូវការ​ខិត​ខំប្រឹង​សម្បើម​ណាស់។​

ចំណុច​សំខាន់​មួយទៀត​ ដែល​គួរ​កត់​សម្គាល់​នោះ គឺ​បណ្តា​រដ្ឋចូលរួម​កិច្ចប្រជុំ​១០ថ្ងៃនេះមកនេះ ​បាន​យល់​ស្រប​ដូចគ្នា​ចំពោះ​តួនាទី​របស់​ជន​ជាតិ​ដើម​ភាគតិច​ សម្រាប់​កិច្ចការពារ​បរិស្ថានប្រព័ន្ធជីវៈចម្រុះ។​

​តើ ជនជាតិដើមភាគតិច មាន​តួនាទីសំខាន់​យ៉ាងណា​ក្នុង​កិច្ច​ការពារប្រព័ន្ធ​ជីវៈ​ចម្រុះ​?​ ​

​ «កត្តិកាសញ្ញាសន្តិភាពជាមួយធម្មជាតិ» មាន​ចែង​ពី​តួនាទី​របស់​ជន​ជាតិ​ដើម​ភាគតិច ដែល​រស់​នៅ​អាស្រ័យ​ផល​នឹង​ធម្មជាតិ​។ ១៩៥ប្រទេស ក្នុង​នោះ​ ក៏​មាន​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ទាំង​អស់​ផង បាន​ទទួល​ស្គាល់​ជា​ឱឡារិកថា​ ជនជាតិដើមភាគតិច​ជា​ឆ្មាំ​ចាំ​ថែរក្សា​ជីវៈ​ចម្រុះដ៏​សំខាន់​។ ក្នុង​ពិភពលោក​យើង​ មាន​ជន​ជាតិ​ភាគ​តិច ជាង​៦% តែ ពួក​គេ​បាន​រស់​នៅ​លើ​២៥% នៃ​តំបន់ព្រៃភ្នំ​ ដែល​ក្នុង​នោះ គឺ​៨០%ទៅហើយ ជា​តំបន់​សម្បូរ​ជីវៈ​ចម្រុះ​។​

ដូច្នេះ​ គឺ​ត្រូវ​ធានាអនុញ្ញាត​ឲ្យ​ ​​ពួក​គេ​មាន​សិទ្ធិ​ស្រប​ច្បាប់ ការពារ​តំបន់​បរិស្ថាន​ជីវៈ​ចម្រុះ ​ ហើយនិង​ត្រូវ​ស្នើឲ្យ​​ពួក​គេ ​ចូលរួម​ចំណែក​គាស់កាយ ​​ដាស់​ដី ​ដែល​ខូច​ខាត​ឲ្យ​មាន​ជីជាតិ​ឡើងវិញ។ មិនតែប៉ុណ្ណោះ ត្រូវ​ចូលរួម​​លុប​បំបាត់​​ការ​ប្រើ​ប្រាស់​ជីគីមីពុល​សម្លាប់​សត្វ​ល្អិត​ ដែល​បង្ក​ហានិភ័យ​ដល់​ដំណាំ ធម្មជាតិ។ ជីគីមី​កសិកម្មនិង​ថ្នាំ​ពុល​សម្លាប់​សត្វល្អិត ​ប៉ះពាល់​សុខភាព​ទាំង​អ្នក​ដាំ​ និងទាំង​​មនុស្ស​ ទាំងសត្វ​ ដែល​ទទួល​ទាន និង ស៊ី​ ​ផង។

នាយិកា​វេទិកា​អន្តរជាតិ​ដើម្បីជន​ជាតិ​ភាគតិច​និងជីវៈ​ចម្រុះ អ្នក​ស្រី Jennifer Corpuz គឺ​បាន​គូស​បញ្ហា​ថា ការ​សន្យា​នៅក្នុង​កត្តិកា​សន្តិភាពជាមួយ​ធម្មជាតិនេះ​ ល្អ ហើយ​នឹង​ផ្តល់​មូលដ្ឋាន​គ្រឹះ​មាំទាំ​សម្រាប់​អ្នក​ទទួល​ខុសត្រូវ​នយោបាយ​ក្នុងរដ្ឋនីមួយៗ យកទៅ​គោរព​អនុវត្តតាម​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ