អានតួអត្ថបទ
កាណាដា-Cop25

កាណាដាចង់ធ្វើជាគំរូ ដោយប្រកាស​ផ្តល់​ប្រាក់ជំនួយដល់ប្រទេស​ក្រីក្រដើម្បី​ការពារជីវចម្រុះ

នៅកាណាដា ការចរចាដើម្បីឈានទៅរកកិច្ចព្រមព្រៀង​ដើម្បីការពារ​ប្រព័ន្ធជីវចម្រុះនៅក្នុង​ពិភពលោក​ហាក់មិនសូវបោះជំហានទៅមុខ ដោយសារ​តែការខ្វែងគំនិតគ្នា​ជុំវិញ ជំនួយហិរញ្ញវត្ថុ​សម្រាប់​ជួយប្រទេស​ក្រីក្រ។ ដើម្បី​ធ្វើជាគំរូគេ និង​ចង់លើកទឹកចិត្ត​ឲ្យ​មានការបរិច្ចាគ​ដើម្បីបុព្វហេតុការពារ​ធម្មជាតិ​នៅលើ​ផែនដី កាណាដា​ប្រទេស​ម្ចាស់ផ្ទះរៀបចំ សន្និសីទ​អន្តរជាតិ​ស្ដីពី​ជីវចម្រុះ COP១៥ ​បាន​ប្រកាស​ផ្តល់ជំនួយ​ ២៥៥លានដុល្លារ​កាណាដា ដែលស្មើនឹង​១៨៦លានដុល្លារ​អាមេរិកដើម្បីឲ្យ​ប្រទេស​ដែលមានប្រាក់ចំណូលទាប​អាច​មាន​លទ្ធភាព​ការពារ​ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។

ទីតាំង​រៀបចំសន្និសីទ​ស្តីពីការពារអភិរក្សជីវចម្រុះ Cop25នៅទិក្រុង​ម៉ុងរ៉េអាល់ប្រទេស​កាណាដាមានរយៈពេល​២សប្តាហ៍និងត្រូវបិទបញ្ចប់នៅថ្ងៃទី ១៩​ធ្នូ ២០២២
ទីតាំង​រៀបចំសន្និសីទ​ស្តីពីការពារអភិរក្សជីវចម្រុះ Cop25នៅទិក្រុង​ម៉ុងរ៉េអាល់ប្រទេស​កាណាដាមានរយៈពេល​២សប្តាហ៍និងត្រូវបិទបញ្ចប់នៅថ្ងៃទី ១៩​ធ្នូ ២០២២ REUTERS - CHRISTINNE MUSCHI
ផ្សាយពាណិជ្ជកម្ម

ជាប្រទេសម្ចាស់ផ្ទះ រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពីជីវចម្រុះ​Cop១៥​ កាណាដា​ចង់ផ្តល់​សន្ទុះដល់​ការចរចា​ ដោយ​ប្រកាស​បង្កើនជំនួយអន្តរជាតិ​សម្រាប់​ប្រទេសកំពុងអភិវឌ្ឍ។ នៅក្នុងសន្និសីទ​ដែលកំពុងប្រព្រឹត្តទៅ​នៅ​ទីក្រុង​ម៉ុងរ៉េអាល់ រដ្ឋមន្រ្តី​បរិស្ថាន​របស់​កាណាដា បាន​ប្រកាស​ថា កាណាដា​នឹង​បង្កើនប្រាក់ជំនួយ ១៨៦លានដុល្លារអាមេរិក​បន្ថែមទៀត សម្រាប់​ជួយ​ក្រុមប្រទេស​កំពុងអភិវឌ្ឍ​ ក្នុងការការពារធម្មជាតិ និង​សម្របខ្លួន​ទៅនឹង​ការប្រែប្រួលអាកាសធាតុ។ តាមរដ្ឋមន្រ្តីកាណាដា កញ្ចប់ជំនួយបន្ថែមនឹង​ធ្វើ​ឲ្យប្រាក់ជំនួយសរុប​របស់កាណាដា សម្រាប់​ការពារ​ប្រព័ន្ធជីវចម្រុះ​ កើនឡើង​ដល់​១,៥ពាន់លាន​ដុល្លារ​កាណាដា។

ការប្រកាស​ផ្តល់ជំនួយ​របស់​កាណាដា ដែលស្ថិតនៅក្នុង​ភាគីក្រុមប្រទេស​អ្នកមាន កើតមានឡើង​នៅខណៈពេល​ដែលការចរចា​ដើម្បីឈានទៅ​បង្កើតកិច្ចព្រមព្រៀង​ការពារ​ប្រព័ន្ធជីវចម្រុះនៅលើ​ផែនដី កំពុង​ជាប់គាំងខ្លាំង​ដោយសារ​សំណុំរឿង​ហិរញ្ញវត្ថុ​សម្រាប់​ប្រទេស​ក្រីក្រ។

ដូច​ការចរចា​ដើម្បីបង្កើត​កិច្ចព្រមព្រៀង​ស្តីពីអាកាសធាតុ នៅប្រទេស​អេហ្ស៊ីប កាលពីដើមខែធ្នូ ក្រុមប្រទេស​ខាងត្បូង ប្រទេស​ក្រីក្រ ជាថ្មីម្តងទៀត​បាន​ទាមទារ​ឲ្យ​ក្រុមប្រទេស​អ្នកមាន នៅខាងជើងជាអ្នកផ្តល់ជំនួយ​ឧបត្ថម្ភសម្រាប់សកម្មភាពការពារ​ប្រព័ន្ធជីវចម្រុះ។

ប្រេស៊ីល​ ឥណ្ឌា ឥណ្ឌូណេស៊ី​និង​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​បានទាមទារ​ថវិកាយ៉ាងតិច ១០០ពាន់លាន​ដុល្លារពីប្រទេស​អ្នកមាន។ នៅថ្ងៃ​ព្រហស្បតិ៍ អ្នកតំណាងក្រុមប្រទេស​អ្នកមាន ប្រមាណ ១២​ប្រទេស ដែលមានដូចជា​ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេស​នៅអឺរ៉ុប​បាន​រំលឹកថា ពួកគេ​បាន​គោរព​ការសន្យា​ដោយបាន​បង្កើន​ថវិកាជំនួយទ្វេដង​។ លើសពីនោះពួកគេប្រកាស​​ត្រៀមខ្លួន​ដើម្បីជួយប្រទេស​នៅខាងត្បូង។

ការសន្យា​របស់​ក្រុមប្រទេស​អ្នកមាន​នៅតែ​មិនទាន់​មាន​ឥទ្ធិពល ទៅបញ្ចុះបញ្ចូល​ឲ្យគេ​ចរចា​បង្កើតកិច្ចព្រមព្រៀងដ៏មានមហិច្ឆតាមួយ។ នៅពេល​សន្និសីទ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃចន្ទទី ១៩​ធ្នូ ពេលវេលា​នៃការចរចា​កាន់តែ​ខើច។ ម្យ៉ាង​ពិភពលោក​មិនមានពេលវេលាច្រើនទៀតនោះទេ ព្រោះថា ៧០%នៃប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ​នៅក្នុង​ពិភពលោក​កំពុង​រងការបំផ្លាញដោយសារ​ស្នាដៃមនុស្ស។ ប្រភទេសត្វ ជាង​១លាន​ដែលជា​ប្រភពទ្រទ្រង់​ជីវិតនៅលើ​ផែនដី​ កំពុង​ប្រឈម​នឹងការរលាយផុតពូជ។ ក្រៅពីកាតព្វកិច្ចសីលធម៌ គេ​ត្រូវ​ដឹងដែរថា ពាក់កណ្តាលនៃ​ផលិតផលក្នុងស្រុកសរុបក្នុងពិភពលោក ដែលមានប្រមាណ ៤៤ទ្រីលាន​ដុល្លារ ត្រូវ​ពឹងអាស្រ័យ​ទាំងស្រុង​លើ​អនាគត​ជីវចម្រុះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ