អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

រុស្ស៊ី​​ប្រកាសប្រើ​មីស៊ីល​​អ៊ីពែរសូនិក ខណៈ​អាមេរិក​​ប្រកាស​ផ្តល់ប្រព័ន្ធ​ខែល​មីស៊ីលPatriot ទៅ​​​ឲ្យ​អ៊ុយក្រែន

ខណៈពេល​ដែល​សហរដ្ឋអាមេរិក បាន​ប្រកាសថានឹងផ្តល់​​ប្រព័ន្ធខែលមីស៊ីលដ៏ទំនើបរបស់ខ្លួន ឈ្មោះ Patriot មកឲ្យ​អ៊ុយក្រែន ក្នុងឱកាសដែល​លោក វ្លូឌីមៀរ ហ្សេឡេនស្គី បានទៅទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធទី​២១ធ្នូ លោក​ប្រធានាធិបតី​ពូទីនឯណោះ ក៏បាន​ប្រកាសចេញវិធានការមួយចំនួនធំ ដើម្បីពង្រឹងសមត្ថភាពកងទ័ពរុស្ស៊ី។ ក្រៅពីបន្ថែម​កម្លាំង​ទាហាន​រុស្ស៊ី ឲ្យបាន​​១លាន៥សែននាក់ លោក​ពូទីន បាន​ប្រកាស​ផងដែរ ថានឹង​​បញ្ចេញ​ឲ្យ​ប្រើ​​​​មីស៊ីល​អ៊ីពែរសូនិកដ៏ទំនើប ឈ្មោះ Zircon និងមីស៊ីលអន្តរទ្វីបផ្សេងទៀត ចាប់ពីខែមករាតទៅ។

លោក​ពូទីន ឈរនិយាយជាមួយ លោកអគ្គមេបញ្ជាការកងទ័ពជាតិរុស្ស៊ី  Valery Gerasimov (ឆ្វេង) និង​លោក រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី  Sergei Shoigu (ស្តាំ) នៅក្រោយ​ការប្រកាសពីវិធានការកងទ័ព សម្រាប់ប្រតិបត្តិការពិសេសនៅអ៊ុយក្រែន។ ក្រុងមូស្គូ ថ្ងៃទី ២១ ធ្នូ ២០២២
លោក​ពូទីន ឈរនិយាយជាមួយ លោកអគ្គមេបញ្ជាការកងទ័ពជាតិរុស្ស៊ី Valery Gerasimov (ឆ្វេង) និង​លោក រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Sergei Shoigu (ស្តាំ) នៅក្រោយ​ការប្រកាសពីវិធានការកងទ័ព សម្រាប់ប្រតិបត្តិការពិសេសនៅអ៊ុយក្រែន។ ក្រុងមូស្គូ ថ្ងៃទី ២១ ធ្នូ ២០២២ AP - Mikhail Klimentyev
ផ្សាយពាណិជ្ជកម្ម

យោងតាមការវិភាគ របស់​លោកអតីតមេបញ្ជាការកងទ័ពបារាំង ដូមីនីក ត្រាំងកង់ អ្នក​ជំនាញផ្នែក​ភូមិសាស្ត្រ និងយុទ្ធសាស្រ្តយោធា បាន​លើកឡើងថា ការដែលរុស្ស៊ី ប្រកាស​​បញ្ចេញ​មីស៊ីល​អ៊ីពែរសូនិក និង​មីស៊ីល​អន្តរទ្វីប​មក​ប្រើនៅអ៊ុយក្រែន​​នេះ​ វាគឺជាការឆ្លើយតប ទៅនឹង​ការប្រកាស​របស់​អាមេរិក​​ ដែល​ផ្តល់​​ប្រព័ន្ធខែល​មីស៊ីលPatriot មក​ឲ្យ​​អ៊ុយក្រែន​​។ តែយ៉ាងណាគ្មានអ្វី​មក​បញ្ជាក់បានទេ ថាមីស៊ីលទំនើបរបស់រុស្ស៊ីនោះអាចនឹងធ្វើឲ្យរុស្ស៊ីឈ្នះ​សង្គ្រាម នៅសមរភូមិអ៊ុយក្រែននោះឡើយ។

01:18

សម្រង់ប្រសាសន៍របស់​លោក Dominique Trinquand អតីត​មេបញ្ជការ​កងទ័ព​បារាំង ជំនាញ​​ភូមិសាស្​ត្រនិង​យុទ្ធសាស្ត្រ​កងទ័ព

"មីស៊ីលទាំងនេះ ត្រូវបាន​ភាគីរុស្ស៊ី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ ស្របពេលដែលអាមេរិក ទើបតែបានប្រកាស ថានឹង​ផ្តល់​ប្រព័ន្ធមីស៊ីលPatriot ដែលជាប្រព័ន្ធការពារផ្លូវអាកាសដ៏ទំនើបបំផុត​​ ទៅឲ្យ​អ៊ុយក្រែន។ ដូច្នេះ មានន័យថា រុស្ស៊ី​ត្រូវតែ​ត្រៀម ដាក់​សព្វាវុធដែលទំនើបបំផុតរបស់ខ្លួនដែរ ដើម្បី​អាចយកឈ្នះប្រព័ន្ធខែលមីស៊ីលPatriot របស់អាមេរិក​​។ ខ្ញុំជឿថានេះហើយ ដែល​ជាកម្មវត្ថុរបស់រុស្ស៊ី។

ខ្ញុំក៏ចង់និយាយម្តងទៀតដែរថា អ្វី​ដែល​កងទ័ពរុស្ស៊ីនឹងធ្វើនោះ​ គឺជាការវាយ​ប្រហារ កម្ទេចហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន​តែប៉ុណ្ណោះ។ កងទ័ពរុស្ស៊ី​នឹងមិនប្រើមីស៊ីលទាំងនេះ ដើម្បីប្រយុទ្ធនៅលើ​សមរភូមិដោយផ្ទាល់នោះ​ទេ ព្រោះថារហូតមកទល់ពេលនេះ កងទ័ពរុស្ស៊ី​គ្មានសមត្ថភាព​យក​ឈ្នះទេ នៅលើសមរភូមិ​។

មីស៊ីលបច្ចេកវិទ្យា​ទំនើប​បែបនេះ ជាទូទៅ​សំបូរណាស់ អាសំដី​អួត ប្រកាស​ថាអស្ចារ្យខ្លាំងក្លាសម្បើម តែសួរថាការពិតជាក់ស្តែង មីស៊ីល​ទំនើបៗ​ទាំងនេះ អាចត្រូវបានគេបាញ់ប្រើ​បានប៉ុន្មានគ្រាប់​នោះ គឺគ្មាននរណាអាចដឹងបានទេ។ ដូច្នេះតាមយោបល់ខ្ញុំ សម្រាប់ពេលនេះ វាមានតែការឃោសនាអួតតែប៉ុណ្ណោះ ពីខាងរុស្ស៊ី​ តែលទ្ធផលជាក់ស្តែង​នៅសមរភូមិ ថាបានផលយ៉ាងណា គឺមិនទាន់មានទេ។"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ