អានតួអត្ថបទ
សង្គ្រាម​អ៊ុយក្រែន

សង្គ្រាម​អ៊ុយក្រែន ៖ លោកហ្សេឡេនស្គី បរិហារទង្វើ​របស់​យោធា​​​រុស្ស៊ីថា​ជាសកម្មភាព​បែប​​​​ភេរវកម្ម

សង្គ្រាម​នៅអ៊ុយក្រែន​ទំនង​ជា​មិន​អាច​បញ្ចប់​បាន​ដោយ​ងាយៗ​ទេ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​តួកគី ដោយ​សំអាង​ទៅលើ​ជំនួយ​របស់​ក្រុម​លោក​ខាង​លិច​និង​ភាព​ដាច់​ខាត​របស់​រុស្ស៊ី។ រុស្ស៊ី​ដែល​បាន​បន្ត​វាយប្រហារ​យ៉ាង​សន្ធាប់​ទៀត​លើទីប្រជុំ​ជន​​ក្រុង​ឃែរស៊ុន Kherson ​ភាគខាង​ត្បូងប្រទេស​​ និង​ក្រុង​បាក់មូត​ Bakhmout ភាគ​ខាង​កើត​អ៊ុយក្រែន នៅថ្ងៃសៅរ៍ទី ២៤​ធ្នូ​នេះ។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​៨នាក់ និង​របួស​ជាង​២០នាក់។ ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​បរិហារ​ការ​​វាយប្រហារលើផ្សារ​កណ្តាល​ក្រុង​​បែប​នេះ​ថាជា​ទង្វើ​ដ៏​ឃោរឃៅ។

គ្រាប់​ផ្លោង​រុស្ស៊ី​បាញ់​លើ​ក្រុង​ឃែរសុន ថ្ងៃទី ២៤ ធ្នូ ២០២២
គ្រាប់​ផ្លោង​រុស្ស៊ី​បាញ់​លើ​ក្រុង​ឃែរសុន ថ្ងៃទី ២៤ ធ្នូ ២០២២ © Ukrainian Presidential Press Service/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

​“ថ្ងៃ​សៅរ៍ ពេលព្រឹក មួយថ្ងៃ​មុន​ណូអែល ទីប្រជុំ​ជន​​ក្រុង​ឃែរសុន ដែល​មិនមែន​ទីតាំងយោធា​សោះ បាន​រង​ការ​វាយប្រហារ​ពី​សំណាក់​យោធា​រុស្ស៊ី។ នេះ​មិនមែន​ជា​ការ​ធ្វើ​សង្គ្រាម​ទេ គឺ​ជា​ការ​សាបព្រោះ​អំពី​ឃោរឃៅ គឺ​សម្លាប់​ដើម្បី​បំភ័យ និង​ដើម្បី​សប្បាយ”។ នេះ​ជា​សារកំហឹង​របស់​ប្រធានាធិបតី​អ៊ុយក្រែន​បង្ហោះ​ក្នុង​ប្រព័ន្ធសង្គម ដោយ​បាន​ចាត់​ទុក​ជា​ថ្មី ទង្វើ​របស់​យោធា​រុស្ស៊ី ថា​ជា​សកម្មភាព​បែប​ភេវកម្ម។

អមដោយ​រូបភាព​នៃការ​ខូចខាតដោយ​គ្រាប់ផ្លោង​​រុស្ស៊ី លោក​ហ្សេឡេនស្គី បាន​បន្ថែមថា នេះជា​​ជីវិត​ពិត​របស់​អ៊ុយក្រែន និងពលរដ្ឋ​អ៊ុយក្រែន តាំងពី​១០​ខែ​នៃ​សង្គ្រាម​មក។

បើ​តាម​ប្រភព​អ៊ុយក្រែន ការវាយប្រហារ​រុស្ស៊ី​មក​លើផ្សារ​មួយ​កណ្តាល​​ក្រុង​ឃែរសុន នៅព្រឹក​ថ្ងៃសៅរ៍​ទី​២៤​ធ្នូ​ ចំពេល​មាន​មនុស្សម្នា​ច្រើន បាន​សម្លាប់​ជីវិត​ជនស៊ីវិល​៨នាក់ និង​របួស៥៨នាក់ ក្នុងនោះ​១៧នាក់ជា​របួស​ធ្ងន់​ខ្លាំង។ ស្នូរ​សំឡេង​គ្រាប់​ផ្លោង​​នៅ​បន្ត​ឮលាន់​រងំ​នៅឡើយ នៅពេល​ថ្ងៃ។ នេះ​បើ​តាម​សហការី​របស់​​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP។

ក្រុង​ឃែរសុនបាន​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ទាហាន​រុស្ស៊ី​អស់​រយៈពេល​៨ខែ និង​ទើប​ត្រូវ​បាន​ទាហាន​អ៊ុយក្រែន​រំដោះ​បាន​ពី​រុស្ស៊ីវិញ​ នៅថ្ងៃទី ១១​វិច្ឆិកា។ ប៉ុន្តែ​ឃែរសុន​តែង​រង​ការ​ទម្លាក់​គ្រាប់​បែក​ ជា​ញឹក​ញយ​ពី​សំណាក់​យោធា​រុស្ស៊ី ជា​ពិសេស​លើ​ទីតាំង​ផលិត​ថាមពល។ កាលពី​ថ្ងៃសុក្រ​ រុស្ស៊ី​បាន​ដៅ​វាយប្រហារ​ឃែរសុន​ចំនួន​៧៤​ដង​ ស្លាប់​មនុស្ស​៥នាក់ និង​របួស​២២នាក់។ នេះ​បើ​តាម​ប្រភព​អាជ្ញាធរ​មូលដ្ឋាន។

នៅក្រុងបាក់មូត ​ប៉ែក​ខាង​កើតប្រទេស​វិញ ទាហាន​រុស្ស៊ី​ធ្វើការ​វាយប្រហារស្ទើរ​​ជា​ប្រចាំ។ ហើយបើ​តាម​ប្រធានាធិបតី​ហ្សេឡេស្គី​ដដែល ​ទី​ប្រជុំ​ជន​ក្រុង​រងការ​ផ្លោង​ទម្លាក់​គ្រាប់​បែក​ជា​ច្រើន​លើក​ច្រើន​សា។ រុស្ស៊ី​​ប៉ុនប៉ង​ដណ្តើមកាន់​កាប់​ក្រុង​នេះ​តាំងពីរដូវ​ក្តៅ​មក​មិន​បាន​សម្រេច។

ប្រឈម​នឹងការ​វាយលុក​របស់​រុស្ស៊ី ក្រុងកៀវ​បាន​ទាមទារ​តាំង​ពី​ជា​ច្រើន​សប្តាហ៍​មក​ហើយ សុំ​ជំនួយហិរញ្ញវត្ថុ​និង​​យោធា​បន្ថែម​ពី​លោក​ខាង​លិច។ កាលពីថ្ងៃសុក្រ​ សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ច្បាប់​ថវិកា​ផ្តល់​៤៥ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន។ ចំណែក​ហូឡង់​បាន​ប្រកាស​ផ្តល់​​​២៥០០​លាន​អឺរ៉ូ សម្រាប់​ឆ្នាំ ២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ