អានតួអត្ថបទ
អាមេរិក-រុស្ស៊ី-ទាហាន

សេតវិមាន​ថា ​​ទាហាន​ស៊ីឈ្នួល​រុស្ស៊ីWagner​ទិញ​អាវុធ​ពី​កូរ៉េខាង​ជើង

សហរដ្ឋ​អាមេរិក​បាន​ទម្លាយ​ឱ្យ​ដឹង​នៅ​ថ្ងៃព្រហស្បតិ៍​ទី ២២​ធ្នូ​នេះ​ អំពី​​សន្ទុះ​អំណាច​របស់​ក្រុម​ទាហាន​​ស៊ីឈ្នួល​រុស្ស៊ី វ៉ាកណែ។ បើ​តាម​សេតវិមាន ​វ៉ាកណែ ​ដែលកំពុង​ជ្រោម​ជ្រែង​ធ្វើ​សង្គ្រាម​លើ​សមរភូមិ​នៅ​អ៊ុយក្រែនទន្ទឹម​នឹង​​​កង​កម្លាំង​យោធារដ្ឋ​​រុស្ស៊ី ​ចាប់​ផ្តើម​​​ទទួល​អាវុធ​ពី​កូរ៉េខាង​ជើង ជា​បន្ត​បន្ទាប់។

កូរ៉េខាង​ជើង​លក់​អាវុធ​ឱ្យ​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner
កូរ៉េខាង​ជើង​លក់​អាវុធ​ឱ្យ​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner AP - Darko Vojinovic
ផ្សាយពាណិជ្ជកម្ម

ក្រុម​ទាហាន​ស៊ីឈ្នួល​វ៉ាកណែបានបង់​​លុយ​រួច កូរ៉េខាង​ជើង​បាន​ផ្តើម​បញ្ជូន​សព្វាវុធ​មក​ឱ្យ​ កាលពីខែមុន នូវ​ គ្រាប់​កាំភ្លើង​ធំ និង​មីស៊ីល។ ហើយ​ ព្យុងយ៉ាង ​គ្រោង​នឹងផ្តល់​ ​អាវុធ​យុទ្ធភណ្ឌ​កាន់​តែ​​ច្រើនថែម​​ទៀត មក​ឱ្យ​ក្រុម​ទាហាន​ឯកជន​​រុស្ស៊ី។​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក John Kirbyអ្នក​នាំពាក្យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន។

បើ​តាម​អ្នក​នាំពាក្យ​ដដែល​នេះ​ ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី វ៉ាកណែ បាន​បញ្ជូន​កម្លាំងប្រមាណ​៥ម៉ឺន​នាក់​​ទៅប្រយុទ្ធ​​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ក្នុង​នោះ​១ម៉ឺននាក់​ជា​ទាហាន​ស៊ីឈ្នួល​ និង​បួនម៉ឺននាក់​ជា​ទាហាន​រើស​យក​មក​ពីពន្ធនាគារ។ ក្នុង​មួយ​ខែៗ អង្គភាព​ឯកជន​វ៉ាកណែ ​បានចំណាយ​១០០​លាន​ដុល្លារ សម្រាប់​ធ្វើ​ប្រតិបត្តិការ​នៅ​អ៊ុយក្រែន។

យោធា​រុស្ស៊ី​រំពឹង​លើ​ក្រុមវ៉ាកណែ​ក្នុង​ការ​ដឹកនាំ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ​ជា​ច្រើន នៅអ៊ុយក្រែន មាន​ជា​អាទិ៍​សមរភូមិ​នៅដុនបាស ហើយ​ក្នុង​ករណី​ជាក់ស្តែង​ខ្លះ នាយ​ទាហាន​នៃកងកម្លាំង​ជាតិ​រុស្ស៊ី ត្រូវ​ស្ថិត​នៅក្រោម​ការ​បញ្ជា​របស់​វ៉ាកណែផង។ នេះ​បើ​តាម​ការ​លម្អិត​របស់​លោក ចន គៀប៊ី​ ដែល​អះអាង​បញ្ជាក់​ទៀត​ថា កងទាហាន​ឯកជន​វ៉ាកណែ មិន​សូវ​មាន​អាវុធ​និង​គ្មាន​ការ​បង្វឹក​ត្រឹម​ត្រូវ​ ទើប​ត្រូវបាត់​បង់​យ៉ាង​ធ្ងន់ធ្ងរ​លើ​សមរភូមិ។ តាមការ​ប៉ាន់​ប្រមាណ​ មាន​យ៉ាង​ហោច​ទាហាន​វ៉ាកណែ​១ពាន់​នាក់​បាន​ស្លាប់​នៅ​អ៊ុយក្រែន​ នា​រយៈ​ពេល​ថ្មីៗ កន្លង​មក​នេះ។

ប៉ុន្តែ ​​មេដឹកនាំ​អង្គភាព​វ៉ាកណែ អេវហ្គេនី ព្រីហ្គោហ្ស៊ីន Evgueni Prigojine កំពុង​ឡើង​​ឥទ្ធិពល​កាន់​តែ ​ខ្លាំង​នៅ​វិមានក្រេមឡាំង។ ជា​មនុស្ស​គ្មាន​មេត្តា ធ្លាប់​បញ្ជូន​ទាហាន​​ទៅកាប់​​សម្លាប់​មនុស្ស​ នៅ​ស៊ីរី លីប៊ី ឬ​នៅ​អាហ្វ្រិក​កណ្តាល និង​ថ្មីៗ នៅ​សមរភូមិបាក់ម៉ូត​របស់​​អ៊ុយក្រែន ព្រីហ្កោហ្ស៊ីន​ ​គិត​តែ​ម្យ៉ាង​គឺពង្រីក​​ឥទ្ធិពលខ្លួន​ និង​​យក​ចិត្ត​ប្រធានាធិបតី​រុស្ស៊ី​ ពូទីន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​​​អ្នកនាំពាក្យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ដដែល។ 

វ៉ាស៊ីនតោន​បាន​ដាក់​ទណ្ឌកម្ម​​ប្រឆាំង​អង្គភាពវ៉ាកណែ​ពីបទ​លូក​ដៃ​​ក្នុង​ជម្លោះ​ផ្សេងនៅលើ​ពិភពលោក​ ហើយ​នឹង​បន្ថែម​ទណ្ឌកម្ម​ថ្មី​ទៀត នៅ​សប្តាហ៍​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ