អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋសភាក្រោមការគ្រប់គ្រងរបស់បក្សសាធារណរដ្ឋនឹងទៅបង្កឧបសគ្គអ្វីខ្លះដល់​​រដ្ឋបាលចូ បៃដិន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅសហរដ្ឋអាមេរិក នៅជិត​​២ខែក្រោយ​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ សភាចាប់ផ្តើមនីតិកាលថ្មី​​ នៅថ្ងៃអង្គារ​ទី ៣​មករា ជាមួយ​ការចូលគ្រប់គ្រង​របស់​​គណបក្ស​សាធារណដ្ឋនៅ​សភាអ្នកតំណាងរាស្រ្ត ឬ​រដ្ឋសភា។ នៅពេល​រដ្ឋសភា​ធ្លាក់​ក្នុង​ដៃ​របស់​គណបក្ស​ប្រឆាំង រដ្ឋបាល​របស់​លោក​ចូ បៃដិន​នៅ​មាន​សង្ឃឹមខ្លះ ព្រោះថា ព្រឹទ្ធសភា​នៅ​បន្ត​ស្ថិតក្រោម​ការកាន់កាប់​របស់​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក។ ​មាន​អំណាច​គ្រប់គ្រង​​​​រដ្ឋសភា តើ​​បក្ស​សាធារណរដ្ឋដែលជា​បក្ស​ប្រឆាំង​នឹង​​ទៅបង្ក​ឧបសគ្គអ្វីខ្លះ ដល់​រដ្ឋបាល​លោក​ចូ បៃដិន?

លោកប្រធានាធិបតីអ៊ុយក្រែន​ថ្លែង​ទៅកាន់​​សភាអាមេរិក​ដែល​គ្រប់គ្រង​ដោយ​បក្ស​កាន់អំណាច បក្សប្រជាធិបតេយ្យរបស់​លោក​ចូ បៃដិន នៅថ្ងៃទី២១​ធ្នូ​​២០២២
លោកប្រធានាធិបតីអ៊ុយក្រែន​ថ្លែង​ទៅកាន់​​សភាអាមេរិក​ដែល​គ្រប់គ្រង​ដោយ​បក្ស​កាន់អំណាច បក្សប្រជាធិបតេយ្យរបស់​លោក​ចូ បៃដិន នៅថ្ងៃទី២១​ធ្នូ​​២០២២ AP - Carolyn Kaster
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបណ្តោយ​ឲ្យ​សភា​ធ្លាក់​ក្នុងកណ្តាប់ដៃគ្រប់គ្រង​ទាំងស្រុង​​របស់គណបក្ស​កាន់អំណាចចំនួន២ឆ្នាំ គណបក្ស​ប្រឆាំង បក្ស​សាធារណរដ្ឋ​ដែលទទួល​ជ័យជំនះ​នៅក្នុងការបោះឆ្នោតកណ្តាលអាណត្តិ​ កាលពីខែ​វិច្ឆិកា​កន្លងទៅ បាន​ត្រលប់​មក​គ្រប់គ្រងសភាអ្នកតំណាងរាស្រ្ត ឬ​រដ្ឋសភាអាមេរិក ជាមួយពិធីស្បថចូលកាន់តំណែង នៅថ្ងៃ​អង្គារនេះ។គណបក្ស​ប្រឆាំង បក្ស​សាធារណរដ្ឋ​មិនចង់ខាតពេលវេលាសូម្បីបន្តិច។ តាំង​ពី​ប៉ុន្មានថ្ងៃ​មុន​ពិធីស្បថចូលកាន់តំណែង​នៅ​សភាអាមេរិក​ នៅថ្ងៃអង្គារនេះ គណបក្ស​នេះ បាន​បញ្ចេញផ្សាយ​រួចហើយ កម្មវិធីនយោបាយ និងបញ្ហា​​អាទិភាពមួយចំនួន ​ដែលពួកគេ​គ្រោង​នឹង​ធ្វើ​នៅ​នីតិកាលថ្មី។ នៅ ២សប្តាហ៍ដំបូង​ ពួកគ​ចង់​ឲ្យមានការជជែក​​ពីសេចក្តីព្រាងច្បាប់​ទាក់ទង​នឹង​បញ្ហា​អន្តោប្រវេសន៍ ឧក្រិដ្ឋកម្ម ថាមពល និង​សំណុំរឿង​រំលូតកូនជាដើម។

ជារួម បក្ស​សាធារណរដ្ឋ​​ដែលមាន​សំឡេង​ភាគច្រើន​នៅរដ្ឋសភា គ្រោង​នឹង​ពិភាក្សា​​អត្ថបទ​ច្បាប់​ចំនួន​ ៨។ ដំបូង​ ពួកគេ​ចង់​ឲ្យមានការអនុម័ត​ច្បាប់ថ្មី​ដែល​នឹង​ទៅហាមឃាត់​ ប្រធានាធិបតី មិនឲ្យមាន​អំណាច ប្រើប្រាស់ប្រេងក្នុង​ស្តុកបម្រុង​របស់​រដ្ឋ បើសិនប្រធានាធិបតី​គ្មាន​ផែនការ​ច្បាស់លាស់​ដើម្បី​បង្កើនការផលិតប្រេង​នៅតាមបណ្តារដ្ឋទេនោះ។ នៅឆ្នាំមុន បក្ស​សាធារណរដ្ឋ​​​ធ្លាប់​បាន​រិះគន់ខ្លាំងៗ រដ្ឋបាល​លោក​ចូ បៃដិន​ដែល​បានចេញ​ក្រឹត្យ​បញ្ជា​ឲ្យ​គេ​ប្រើប្រេងក្នុងស្តុកបម្រុង​របស់​រដ្ឋ ដើម្បី​ដោះស្រាយ​វិបត្តិថាមពលឡើងថ្លៃ ប៉ុន្តែ ដោយ​គ្មាន​ផែនការបង្កើនការផលិតប្រេងបន្ថែម ដើម្បីធានាសុវត្ថិភាព​ថាមពល​របស់​អាមេរិក។

ដោយ​មានសំឡេងភាគច្រើន កាន់កាប់​រដ្ឋសភា គណបក្ស​សាធារណរដ្ឋ​ប្រុង​នឹង​បង្កើតផងដែរ​ច្បាប់​ដែលនឹង​ទៅ​រឹតបន្តឹង​បញ្ហា​ជនអន្តោប្រវេសន៍​ ដែលកំពុង​ក្លាយ​ជា​វិបត្តិកាន់តែ​ធ្ងន់ធ្ងរ ជាពិសេស​នៅព្រំដែនជាមួយ​ប្រទេស​​ម៉ិកស៊ិក។

គណបក្ស​ប្រឆាំង ចូលគ្រប់គ្រង​រដ្ឋសភា នឹង​អាចជា​​បញ្ហា​ចោទសម្រាប់​រដ្ឋបាល​លោក​ចូ បៃដិន?

នៅ​២ឆ្នាំដំបូងនៃការចូលកាន់អំណាច លោកប្រធានាធិបតី​ចូ បៃដិន​បាន​ដឹកនាំ​អាមេរិក ដោយ​គ្មានជួប​ឧបសគ្គ​ ព្រោះថា សភាទាំងពីរថ្នាក់ ទាំងសភាអ្នកតំណាងរាស្រ្ត និង​ព្រឹទ្ធសភា ស្ថិតនៅក្រោមការគ្រប់គ្រង​របស់​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក។ មាន​ច្បាប់​មួយចំនួន ​ដែល​​រដ្ឋបាល​របស់លោក​ស្នើឡើង ហើយត្រូវ​បាន​បោះឆ្នោត​គាំទ្រ ដោយ​គ្មានជួបការលំបាក ដូចជា​ច្បាប់ស្តីពីការស្តារអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធអាមេរិកដែលមាន​តម្លៃរាប់ពាន់​លាន​ដុល្លារ។ មុនពេល​ដែល​រដ្ឋសភា​ធ្លាក់​ក្រោមការគ្រប់គ្រង​របស់​គណបក្ស​សាធារណរដ្ឋ ​រដ្ឋបាល​លោក​ចូ បៃដិន​បាន​ឆ្លៀត​ឲ្យ​សភាទាំងពីរថ្នាក់ ដែលនៅគ្រប់គ្រងដោយ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក បោះឆ្នោត អនុម័ត​លើ​ច្បាប់​ថវិកាជាតិ ១.៧ទ្រីលាន​ដុល្លារ​សម្រាប់​ដំណើរការរដ្ឋសហព័ន្ធពីពេលនេះ រហូត​ដល់​ខែកញ្ញា​ឆ្នាំ ២០២៣។

ប៉ុន្តែ ជាមួយ​គណបក្ស​ប្រឆាំង បក្សសាធារណរដ្ឋចូលគ្រប់គ្រង​រដ្ឋសភា នៅ​ពាក់កណ្តាល​អាណត្តិ​យ៉ាងដូច្នេះ លោក​ចូ បៃដិន​លែង​សង្ឃឹមថា នឹង​អាចបង្កើតច្បាប់សំខាន់ៗ​ដូចមុន ដូចជា​ច្បាប់​ដើម្បី​ផ្តល់​ជំនួយ​ដល់ប្រទេស​អ៊ុយក្រែនជាដើម។

ចាប់តាំងពី​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន រដ្ឋបាល​លោក​ចូ បៃដិន បានជំរុញ​ឲ្យសភាអាមេរិក ដែលស្ថិតក្រោមការគ្រប់គ្រង​របស់​បក្សប្រជាធិបតេយ្យ​ និង​ដោយ​មាន​ការចូលរួម​ពីសមាជិកមួយចំនួន​របស់​បក្ស​ប្រឆាំង បោះឆ្នោត​អនុម័ត​កញ្ចប់ថវិកា ១១០ពាន់លាន​ដុល្លារ សម្រាប់ជំនួយយោធា សេដ្ឋកិច្ចនិងជំនួយ​មនុស្ស​ធម៌​នៅអ៊ុយក្រែន។ ប៉ុន្តែ រដ្ឋបាល​អាមេរិក​ពិបាក​នឹង​អាច​រដ្ឋសភាថ្មីបោះឆ្នោត​លើ​កញ្ចប់ថវិកាថ្មីសម្រាប់​អ៊ុយក្រែន ព្រោះថា គណ​បក្ស​សាធារណរដ្ឋបាន​និយាយ​ហើយថា គេ​នឹង​មិនព្រម​ផ្តល់ជំនួយ​ថ្មី​ដល់​អ៊ុយក្រែន ដោយ​ទទេៗ និងងាយស្រួលៗទៀតនោះទេ។​​​

មានសំឡេង​ភាគច្រើន​នៅ​រដ្ឋសភា គណបក្ស​សាធារណរដ្ឋនឹង​​ទៅ​រារាំង​ផែនការ​របស់​​លោក​ចូ បៃដិនដែល​ចង់​​បង្កើត​ច្បាប់ហាម​ការប្រើប្រាស់​អាវុធស្វ័យប្រវត្តិ និងការប៉ុនប៉ង​របស់​លោកបៃដិន ដើម្បី​ធ្វើកំណែទម្រង់ច្បាប់​បោះឆ្នោតដើម្បីការពារ​សិទ្ធិរបស់​ប្រជាជន​ភាគតិច​អាមេរិក។ ម្យ៉ាងទៀត ការសន្យា​របស់​លោក​ដើម្បី​បង្កើត​ច្បាប់​សហព័ន្ធ​ស្តីពីសិទ្ធិរំលូតកូន​នឹង​ត្រូវ​រលាយ​ដូច​អំបិលត្រូវទឹក ព្រោះថាសមាជិក​របស់​បក្ស​សាធារណរដ្ឋ​មួយចំនួន​ដែលមាននិន្នាការ​អភិរក្សនិយមជ្រុល ធ្លាប់ចេញមុខ​ប្រឆាំង មិន​ចង់ឲ្យមាន​ការរំលូតកូននៅអាមេរិក។

ក្រៅពី​ដាក់ជើងខ្ទាស់ មិន​ឲ្យ​គណបក្ស​កាន់អំណាចអាច​សម្រេច​បង្កើត​ច្បាប់ដោយ​ស្រួលៗ​ហើយនោះ គណបក្ស​ប្រឆាំង បក្សសាធារណរដ្ឋ​ដែល​នឹង​​មានសិទ្ធិដឹកនាំ​គណៈកម្មការ​មួយចំនួន​នៅ​រដ្ឋសភា ​នឹង​អាច​មាន​​អំណាច បើកការស៊ើបអង្កេត​ កោះហៅ​សាក្សី ទាមទារ​ឲ្យ​គេផ្តល់​ឯកសារភស្តុតាង។ គណបក្ស​សាធារណរដ្ឋ​ធ្លាប់បាន​សន្យា​ហើយថា នឹង​បើកការស៊ើបអង្កេតស៊ីជម្រៅ​ទៅលើ​ការគ្រប់គ្រង​របស់​រដ្ឋបាល​លោកចូ បៃដិន​លើ​វិបត្តិកូវីដ និងយុទ្ធសាស្រ្ត​របស់​លោក​ចូ បៃដិន ក្នុងការបញ្ជាដកទ័ព​ចេញពីអាហ្វហ្កានីស្ថាន។ បក្ស​សាធារណរដ្ឋ​បាន​សន្យា​ដែរថា នឹង​ប្រើ​អំណាច​របស់​ខ្លួននៅ រដ្ឋសភា ដើម្បី​បើកការស៊ើបអង្កេត​លើ​លោក​ចូ ហាន់ធ័រ កូនប្រុស​របស់​លោកចូ បៃដិន ដែល​ពួកគេ​ចោទថា​បាន​ប្រើប្រាស់​ឈ្មោះ​ឪពុក​ដើម្បី​ធ្វើជំនួញទាញប្រយោជន៍​នៅអ៊ុយក្រែន និង​នៅចិន។

បក្ស​សាធារណរដ្ឋ​បែកបាក់គ្នាខ្លាំង

ចូលកាន់កាប់​បានរដ្ឋសភាអាមេរិក ប៉ុន្តែ គណបក្ស​សាធារណរដ្ឋ​​នៅមិនទាន់​មានអំណាច​ខ្លាំង​ដើម្បីទៅ​បង្ក​ការរាំងស្ទះខ្លាំងដល់​កម្មវិធីនយោបាយ​របស់​លោក​ប្រធានាធិបតី​ចូ បៃដិន នោះទេ ព្រោះថា អំណាច​ខ្លាំងមួយទៀត របស់​អាមេរិក គឺ​ព្រឹទ្ធសភានៅ​តែបន្តស្ថិតក្នុងដៃ​របស់គណបក្ស​របស់​លោកចូ បៃដិន​នៅឡើយ។

ម្យ៉ាង ទោះ​ចូលគ្រប់គ្រងរដ្ឋសភា ប៉ុន្តែ គណបក្ស​សាធារណរដ្ឋ​លើកនេះ មិនសូវ​ជា​រួបរួមគ្នា​ខ្លាំង​នោះទេ។ រហូតមកដល់​ថ្ងៃ​នេះ សមាជិក​របស់​បក្ស​នៅតែមិនទាន់​ចុះសម្រុង​គ្នា លើ​បេក្ខជន​ដែលត្រូវ​​តំណាង​បក្ស និងត្រូវធ្វើជា​ប្រធានរដ្ឋសភា។

ជាក់ស្តែង លោក​Kevin McCarthy អាយុ ៥៧ឆ្នាំ ជា​បេក្ខជន​នាំមុខសម្រាប់​តំណែងប្រធានសភាអ្នកតំណាងរាស្រ្ត ប៉ុន្តែ សមាជិកបក្សសាធារណរដ្ឋ​ដែលមាននិន្នាការ​អភិរក្សនិយមមួយចំនួន ដែល​ជា​គ្នីគ្នា​របស់​អតីត​ប្រធានាធិបតី​ដូណាល់ ត្រាំ បាននិយាយ​ថា ពួកគេ​នឹង​មិនបោះឆ្នោត​គាំទ្រ​ឲ្យ​លោក McCarthy អាច​ក្លាយជាប្រធាន​រដ្ឋសភានោះទេ។ ក្រុមអភិរក្ស​និយមជ្រុល របស់​បក្ស​សាធារណរដ្ឋ​បាន​ចោទលោក​McCarthy ថា មិន​សូវ​មានជំហររឹងមាំ ការពារ​លោកដូណាល់ ត្រាំ និង​តែងមានជំហរ​ទន់ភ្លន់​ ដែល​អនុញ្ញាត​ឲ្យបក្ស​ប្រជាធិបតេយ្យ​​អាច​បញ្ចេញច្បាប់​តាម​ការចង់បាន​របស់រដ្ឋបាលលោកចូ បៃដិន។

មួយវិញទៀតដែរ នៅ​រដ្ឋសភា គណបក្ស​សាធារណ​មាន​សំឡេង​ច្រើន លើសគណបក្សប្រជាធិបតេយ្យ​តែប៉ុន្មានសំឡេងប៉ុណ្ណោះ។ គណបក្ស​សាធារណរដ្ឋ​ទទួលបាន​អាសនៈ​២២​២ ចំណែក​គណក្ស​ប្រជាធិបតេយ្យ​បាន ២១៣។ ដោយសារ​តែគណបក្ស​សាធារណរដ្ឋ​មាន​​សំឡេង​ភាគច្រើន ប៉ុន្តែស្តួចស្តើង និង​ដោយសារ​តែ​មានការបែកបាក់គ្នាផង​ នៅក្នុង​ចំណោម​សមាជិក​របស់​បក្សសាធារណរដ្ឋ រវាង​ក្រុមអភិរក្សនិយមខ្លាំង និង​ក្រុមមិនសូវ​ស្តាំនិយមខ្លាំង បក្សកាន់អំណាច គណបក្ស​ប្រជាធិបតេយ្យ សង្ឃឹមថា គេ​​នឹង​អាច​ទាក់ទាញយក​តែ​ប៉ុន្មានសំឡេង​បន្ថែម​ពី​គណបក្សសាធារណរដ្ឋ​តែប៉ុណ្ណោះ ​គឺនឹង​អាច​អនុម័តច្បាប់បានហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ