អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ៖គណបក្ស​ប្រជាធិបតេយ្យ​ បន្តគ្រប់គ្រង​​ព្រឹទ្ធ​សភា​បន្ទាប់​ពី​បាន​ឈ្នះ​​នៅ​រដ្ឋ​Nevada

ជា​ជោគជ័យថ្មី​​សម្រាប់​លោក​ចូបៃដិន ក្នុង​ការ​បន្ត​ដឹកនាំ​ប្រទេស​ និង​ជា​បរាជ័យ​ដ៏​ជូរចត់​សម្រាប់បក្ស​សាធារណរដ្ឋ​របស់​​ក្រុម​លោក​ដូណាល់ ត្រាំ។ នៅ​ថ្ងៃ​ទី ១២​វិច្ឆិកា​ម្សិលមិញ សារព័ត៌មាន​អាមេរិក​បាន​ប្រកាស​ផ្តល់​ជ័យ​ជំនះ​ដល់សមាជិក​​ព្រឹទ្ធសភាបក្ស​ប្រជាធិបតេយ្យ​ ​លោកស្រី​ Catherine  Cortez Masto ​នៅរដ្ឋ​នេវ៉ាដា។ ជា​អាសនៈ​ថ្មី​មួយ​ដែល​មក​បង្គ្រប់​ ឱ្យ​បក្សប្រជា​ធិបតេយ្យ​​មាន​សំឡេង​ភាគ​ច្រើន​គ្រប់គ្រាន់ នៅ​ព្រឹទ្ធ​សភា។

បក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ឆ្នោត​នៅ​រដ្ឋ​នេវ៉ាដា បាន​អាសនៈ​ព្រឹទ្ទសភា​ថែម​មួយ​ទៀត
បក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ឆ្នោត​នៅ​រដ្ឋ​នេវ៉ាដា បាន​អាសនៈ​ព្រឹទ្ទសភា​ថែម​មួយ​ទៀត AP - Gregory Bull
ផ្សាយពាណិជ្ជកម្ម

បួន​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ លទ្ធផល​បាន​បង្ហាញ​កាន់​ជាក់​ច្បាស់។ ជាមួយ​នឹង​ជោគជ័យ​នៅ​រដ្ឋ​នេវ៉ាដា បក្ស​ប្រជាធិបតេយ្យ​​មាន​​អាសនៈ​សរុប​នៅក្នុង​ព្រឹទ្ធសភា​ចំនួន ៥០ លើ​១០០។ ដូច្នេះគណបក្ស​របស់​លោក​ចូបៃដិន នឹង​បន្ត​ដឹកនាំ​សភា​ជាន់​ខ្ពស់ ព្រោះ​តាម​រដ្ឋ​ធម្មនុញ្ញ អនុប្រធានាធិបតី​ខាម៉ាឡា ហារីស ជា​មាន​អំណាច​សម្រេច អារ​កាត់​សេចក្តី​នៅក្នុង​ព្រឹទ្ធសភា។

ម្យ៉ាងទៀត បក្ស​ប្រជាធិបតេយ្យ អាច​នឹង​ទទួល​បាន​អាសនៈ​ព្រឹទ្ធសភា​មួយ​បន្ថែម​ទៀត នៅ​ក្នុង​រដ្ឋ​ចចជី ដែល​ត្រូវ​រៀប​ចំ​ការ​បោះឆ្នោត​ជុំ​ទីពីរ​នៅថ្ងៃ​ទី ៦ ធ្នូ។

ប្រធាន​ព្រឹទ្ធសភាផុត​អាណត្តិ​បក្ស​ប្រជាធិបតេយ្យ លោក Chuck  Schumer បាន​បញ្ចេញ​ប្រតិកម្ម​អបអរ​ក្រោយ​ការ​ប្រកាសលទ្ធផល​តែ​ប៉ុន្មាន​នាទី ដោយ​ឆ្លៀត​វាយប្រហារ​ដោយ​ផ្ទាល់​លើ​ក្រុម​អ្នក​សាធារណរដ្ឋ​និង​ក្រុម​ការពារ​លោក​ដូណាល់​ត្រាំ ថា ប្រជាពលរដ្ឋ​អាមេរិក​ច្រាន​ចោល​យ៉ាង​ច្បាស់​ក្រលែត​នយោបាយ​បែបប្រេះឆា ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ ​ផ្តាច់ការ​ និង​កាច​របស់​ក្រុម​អ្នកសាធារណរដ្ឋ​ត្រាំ​និយម។

ខុស​ពី​ការ​រំពឹង​ទុក ដែល​​តាម​ទម្លាប់​បក្ស​កាន់​អំណាច​មិន​សូវ​គ្មាន​ប្រៀប​សោះ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ​បក្ស​សាធារណរដ្ឋ​បាន​ទទួល​ជោគជ័យ​ យ៉ាង​មាន​កំរិត​បំផុត។ បក្សសាធារណរដ្ឋ មាន​សំឡេងភាគ​ច្រើន​ និង​ឡើ​ងគ្រប់គ្រង​​​សភាវិញ ដោយ​អាច​ចាប់​រៀបចំ​អង្កេត​សភា​ជា​ច្រើន​ប្រឆាំង​នឹង​រដ្ឋបាល​លោក​ចូបៃដិន​និងក្រុម​ជំនិត។ ប៉ុន្តែ​គ្មាន​សំឡេង​ភាគ​ច្រើន​នៅ​ព្រឹទ្ធសភា ពួកគេ​មិន​អាច​អនុម័ត​ច្បាប់​អ្វី​ចេញ មាន​ជាអាទិ៍​ច្បាប់​ស្តី​ពី​​ការ​រម្លូតកូន ឬ​ច្បាប់​អាកាសធាតុ​​ ដូច​បំណង​ទេ ហើយ​ក៏​មិន​អាច​រារាំង​ការ​តែង​តាំង​ចៅក្រម ឯកអគ្គរដ្ឋ​ទូត និង​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រដ្ឋាភិបាល​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ