អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖អន្តោប្រវេសន៍ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនជាប្រធានបទនៃទស្សនកិច្ចរបស់លោកបៃដិននៅម៉ិកស៊ិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី៨ មករា​នេះ ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​លើកទី១ នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក។ អន្តោប្រវេសន៍ គ្រឿងញៀន និង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ប្រធានបទ​ស្នូល​នៃ​ទស្សនកិច្ច​របស់​លោក​បៃដិន​នៅ​ម៉ិកស៊ិក។ គួរ​បញ្ជាក់​ថា ក្រៅ​ពី​ជា​ដៃគូ​ចម្បង​របស់​អាមេរិក ម៉ិកស៊ិក​ក៏​កំពុង​ធ្វើ​ឲ្យ​អាមេរិក​ឈឺ​ក្បាល​ខ្លាំង​នឹង​លំហូរ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ និង​គ្រឿងញៀន ពិសេស​ថ្នាំញៀនសំយោគ​មរណៈ​ឈ្មោះ fentanyl។

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន
ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន © AFP
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​ផ្លូវការ​លើកទី១ របស់​លោក​បៃដិន​នៅ​ម៉ិកស៊ិក​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​អាទិត្យ ទី៨ មករា។ តែ​មុន​នឹង​ឆ្លង​ចូល​ទឹកដី​ម៉ិកស៊ិក លោក​បៃដិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក El Paso ដែល​ស្ថិត​នៅ​ប៉ែកខាងត្បូង​រដ្ឋ Texas។ ជម្រើស​ទៅ​កាន់​ស្រុក El Paso របស់​លោក​បៃដិន​មិន​មែន​ជា​ជម្រើស​ចៃដន្យ​ទេ ព្រោះ​ទី១ ស្រុក​នេះ​មាន​ខ្សែព្រំដែន​ជាប់​ជាមួយ​ប្រទេស​ម៉ិកស៊ិក ហើយ​ខ្សែព្រំដែន​ជាប់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​មាន​ប្រវែង​ដល់​ទៅ ៣ ១០០គីឡូម៉ែត្រ និង​ទី២ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក El Paso របស់​លោក​បៃដិន​មាន​គោលដៅ​រំងាប់​ការ​រិះគន់​របស់​ក្រុម​ប្រឆាំង​ដែល​ថា លោក​បៃដិន​មិន​ដែល​បាន​ដាក់​ជើង​ជាន់​នៅ​តាម​ព្រំដែន​ជាមួយ​ម៉ិកស៊ិក​ក្នុង​រយៈពេល​នៃ​កាន់​តំណែង​ចំនួន ២ឆ្នាំ​កន្លង​ទៅ។

បន្ទាប់​មក គឺ​នៅ​ថ្ងៃ​ចន្ទ ទី៩ មករា​ទើប​លោក​បៃដិន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ម៉ិកស៊ីកូ​ដើម្បី​ជួប​សមភាគី​ម៉ិកស៊ិក​លោក​អង់ដ្រេ ម៉ានុយអែល ឡូប៉េ អូប្រាដ័រ។ បន្ទាប់​មក​ទៀត​នៅ​ថ្ងៃ​អង្គារ ទី១០ មករា លោក​បៃដិន​នឹង​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ត្រីភាគី​អាមរិក ម៉ិកស៊ិក និង​កាណាដា​ដោយ​មាន​វត្តមាន​នាយករដ្ឋមន្រ្តី​កាណាដា​ផ្ទាល់​លោក​ហ្សូសស្តាំង ទ្រុយដូ។ គួរ​រម្លឹក​ថា កិច្ចប្រជុំកំពូល​ត្រីភាគី​អាមរិក ម៉ិកស៊ិក និង​កាណាដា​នេះ​ទើប​ត្រូវ​បាន​លោក​បៃដិន​រៀបចំ​ឲ្យ​មាន​ឡើង​វិញ​ក្នុង​ឆ្នាំ ២០២១ ក្រោយ​ពី​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​លុបចោល​ក្នុង​ឆ្នាំ ២០១៦។

អន្តោប្រវេសន៍​កំពុង​បន្ត​ជា​រឿង​ស្មុកស្មាញ​រវាង​អាមេរិក និង​ម៉ិកស៊ិក

នៅ​សឹង​គ្រប់​រដ្ឋបាល​អាមេរិក​ទាំង​អស់ មិន​ថា​រូប​ប្រធានាធិបតី​ចេញ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ឬ​គណបក្ស​សាធារណរដ្ឋ​ទេ អន្តោប្រវេសន៍​បាន កំពុង និង​បន្ត​ជា​ឆ្អឹង​ទទឹង ក រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ និង​ពេល​ខ្លះ​បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​រវាង​គ្នា​ទៀត​ផង។ គេ​ពិត​ជា​នៅ​ចាំ​បាន​មិន​ភ្លេច​នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ លោកត្រាំ​បាន​សម្រេច​សាងសង់​ជញ្ជាំង​ប្រវែង ១ ៦០០គីឡូម៉ែត្រ​នៅ​តាម​ព្រំដែន​ជាមួយ​ម៉ិកស៊ិក​ដើម្បី​ទប់​លំហូរ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់។ ទីបំផុត មាន​ជញ្ជាំង​ប្រវែង​ប្រមាណ​តែ​ជាង ៧០០គីឡូម៉ែត្រ​ដែល​បាន​សាងសង់​រួច ព្រោះ​លោក​បៃដិន​បាន​បញ្ឈប់​ការ​សាងសង់​នោះ​វិញ​ក្នុង​ខែ​មករា ឆ្នាំ ២០២១ នៅ​ពេល​លោក​ចូល​កាន់​តំណែង។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ច្បាប់​ក្នុង​ការ​បណ្តេញ​ជនអន្តោប្រវេសន៍​ឆ្លង​ព្រំដែន​ម៉ិកស៊ិក​ចូល​អាមេរិក​ដែល​លោក​ត្រាំ​បាន​អនុម័ត​ក្នុង​សម័យ​កូវីដ១៩​កំពុង​បន្ត​អនុវត្ត​មក​ដល់​សព្វថ្ងៃ។ ថ្មីៗ​នេះ តុលាការកំពូល​បាន​សម្រេច​ឲ្យ​បន្ត​អនុវត្ត​ច្បាប់​មួយ​នេះ ខណៈ​ដែល​លោក​បៃដិន​កំពុង​គិតគូរ​ពី​គម្រោង​កំណែទម្រង់​ទ្រង់ទ្រាយ​ធំ​លើ​បញ្ហា​អន្តោប្រវេសន៍។ គួរ​បញ្ជាក់​ថា គ្រាន់​តែ​ក្នុង​ឆ្នាំ ២០២២ មាន​ការ​ឃាត់​ខ្លួន​ជនអន្តោប្រវេសន៍​ខុស​ច្បាស់​នៅ​ព្រំដែន​ម៉ិកស៊ិក​ជាង ២លាននាក់ ហើយ​សព្វថ្ងៃ​នេះ លំហូរ​ហាក់​មិន​បាន​ស្ងប់ស្ងាត់​ទេ។

ដូច្នេះ​វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​លោក​បៃដិន​ត្រូវ​រិះរក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់​បំផុត ប្រសិន​បើ​លោក​ចង់​ឈរ​ឈ្មោះ​អាណត្តិ​ថ្មី។ ចូរ​កុំ​ភ្លេច​ថា ប្រធានរឿង​អន្តោប្រវេសន៍​ជា​អាវុធនយោបាយ​មួយ​ដែល​ក្រុម​អ្នកសាធារណរដ្ឋ​ប្រើ​ដើម្បី​ប្រឆាំង​នឹង​ក្រុម​អ្នកប្រជាធិបតេយ្យ​ក្នុង​រយៈពេល​នៃ​ការ​កាន់​តំណែង​របស់​លោក​បៃដិន​ចំនួន ២ឆ្នាំ​កន្លង​ទៅ​នេះ។

ថ្នាំញៀន fentanyl ជា​សោកនាដកម្ម​នៅ​អាមេរិក

ប្រធានរឿង​ក្តៅ និង​ចម្រូងចម្រាស​មួយ​ទៀត​រវាង​អាមេរិក និង​ម៉ិកស៊ិក គឺ​ទាក់ទង​នឹង​គ្រឿងញៀន ពិសេស​សារធាតុ​ញៀន​ឈ្មោះ fentanyl ដែល​កំពុង​បង្ក​សោកនាដកម្ម​ខ្លាំង​នៅ​អាមេរិក។ Fentanyl ជា​ថ្នាំញៀនសំយោគ​មរណៈ​ដែល​ត្រូវ​បាន​ពួកជួញដូរគ្រឿងញៀន​លាយ​ផ្សំ​ជាមួយ​នឹង​ថ្នាំញៀន​ផ្សេង​ទៀត ពិសេស​សារធាតុគីមី​មក​ពី​ចិន​ដើម្បី​បង្កើន​ឥទ្ធិពល និង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​ញៀន​ខ្លាំង​ជាង​ថ្នាំញៀន​ផ្សេង​ទៀត។ Fentanyl ដែល​មាន​ឥទ្ធិពល​ពី ៣០ដង​ទៅ ៥០ដង​ខ្លាំង​ជាង​ថ្នាំញៀន​ហេរ៉ូអ៊ីន​ត្រូវ​បាន​ផលិត ចែកចាយ និង​គ្រប់គ្រង​ដោយ​ក្រុម​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ម៉ិកស៊ិក។

ជា​រៀងរាល់​ឆ្នាំ​នៅ​អាមេរិក មាន​អ្នក​ស្លាប់​ដោយ​ប្រើ​ថ្នាំញៀន fentanyl ច្រើន​ខ្លាំង​ណាស់។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០២១ ចំនួន​អ្នក​ស្លាប់​ដោយ​ប្រើ​គ្រឿងញៀន​លើស​កម្រិត​ទាំង ១០៨ ០០០នាក់ មាន ២ភាគ៣​ស្លាប់​ដោយ​ប្រើ​ថ្នាំញៀន fentanyl។ យោង​តាម​ទីភ្នាក់ងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​អាមេរិក បរិមាណ​ថ្នាំញៀន fentanyl ដែល​រឹបអូស​បាន​ក្នុង​ឆ្នាំ ២០២២ មាន​ចំនួន​ច្រើន​ជាង​ចំនួន​ដែល​គ្រប់គ្រាន់​ដើម្បី​សម្លាប់​ពលរដ្ឋ​អាមេរិក​ទាំង​អស់​ទៅ​ទៀត។ នេះ ស បញ្ជាក់​ឲ្យ​ឃើញ​ពី​លំហូរ Fentanyl ចូល​អាមេរិក​យ៉ាង​ច្រើន​សម្បើម​ដែល​មិន​អាច​គ្រប់គ្រង​បាន។

ដូច្នេះ នេះ​ជា​ប្រធានរឿង​បន្ទាន់​មួយ​ដែល​លោក​បៃដិន​ត្រូវ​ជជែក​ជាមួយ​សមភាគី​ម៉ិកស៊ិក​ដើម្បី​រក​វិធានការ​ទប់ស្កាត់។ ក្រៅ​ពី​អន្តោប្រវេសន៍ និង​គ្រឿងញៀន​ដែល​ជា​ប្រធានបទ​ក្តៅ និង​រសើប នៅ​មាន​រឿង​ការ​ប្រែប្រួល​អាកាសធាតុ។ ការ​និយាយ​រឿង​នេះ​ក៏​ដោយសារ​នៅ​ក្នុង​សន្និសីទអន្តរជាតិ​ស្តីពី​អាកាសធាតុ COP២៧ រៀបចំ​ក្នុង​ប្រទេស​អេហ្ស៊ីប​ក្នុង​ឆ្នាំ ២០២២ អាមេរិក និង​ម៉ិកស៊ិក​បាន​ប្រកាស​នូវ​គម្រោង​វិនិយោគ​លើ​ថាមពល​បៃតង​ដែល​មាន​ទឹកប្រាក់ ៤៨ ០០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ