អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចំនួន​ប្រជាជន​ចិនធ្លាក់ចុះ ជាលើកទី១ នៅក្នុងរយៈពេល ៦០ឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចិន ប្រទេស​ដែលមាន​ប្រជាជនច្រើនជាងគេ​ នៅក្នុងពិភពលោក​បាន​ស្គាល់​ការធ្លាក់ថយចុះ ចំនួន​ប្រជាជន ជាលើកទី១ នៅក្នុង​រយៈពេល​៦០ឆ្នាំមកនេះ។ តាមតួលេខផ្លូវការ​ ការិយាល័យ​ស្ថិតិ ជាតិ​ចិន ចុះផ្សាយ​នៅថ្ងៃ​អង្គារទី​១៧ មករា ចំនួន​ប្រជាជនជន​ចិន​បានធ្លាក់ថយចុះ​អស់ ៨សែន ៥ម៉ឺននាក់ នៅ​ឆ្នាំ ២០២២។ ចំនួន​ប្រជាជន​ធ្លាក់ថយចុះហើយ ចិន​នៅ​ឆ្នាំ ២០២២ ក៏មានកំណើន​សេដ្ឋកិច្ច តែ ៣% គឺ​ធ្លាក់ចុះទាប ជាង​ការព្យាករទុក​របស់​រដ្ឋាភិបាល។ តើ​ការធ្លាក់ថយចុះ​ចំនួន​ប្រជាជន ជា​សញ្ញា​នៃ​ការធ្លាក់ចុះ សេដ្ឋកិច្ច​របស់​មហាយក្ស​ចិន? វិបត្តិ​ប្រជាសាស្រ្ត​នឹង​ជះផលអាក្រក់អ្វីខ្លះ​លើ​សេដ្ឋកិច្ច​ចិន និង​សេដ្ឋកិច្ច​ពិភពលោក

អ្នកដំណើរចាកចេញពីរថភ្លើងក្រោមដី​នៅទីក្រុង​ប៉េកាំង នៅថ្ងៃទី ១៤វិច្ឆិកា ២០២២
អ្នកដំណើរចាកចេញពីរថភ្លើងក្រោមដី​នៅទីក្រុង​ប៉េកាំង នៅថ្ងៃទី ១៤វិច្ឆិកា ២០២២ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

ការិយាល័យស្ថិតិជាតិ​ចិន​បាន​ចេញផ្សាយ​តួលេខផ្លូវការ​នៅថ្ងៃអង្គារ ដែលថា ចំនួន​ប្រជាជន​ចិន​បាន​ធ្លាក់ចុះ អស់​៨សែន ៥ម៉ឺននាក់ នៅ​ឆ្នាំ ២០២២។ នៅប្រទេស​ចិន ផ្ទុយពី​ការសង្ឃឹមគិតទុក​របស់​រដ្ឋអំណាច កំណើត​ទារក​គឺ​បាន​ចាប់ផ្តើម​ថយ​ធ្លាក់ចុះ តាំង​ពី​ពេល​គេ​បិទបញ្ចប់​នយោបាយ​កូនទោល។ ជាក់ស្តែង អត្រា​កំណើត​ទារក​បាន​ធ្លាក់​ចុះ ៤ឆ្នាំ ជាប់​ៗគ្នា គិត​ចាប់តាំង​ពី​ឆ្នាំ ២០១៩។ ក្នុង​ឆ្នាំ ២០១៩ ចំនួន​កំណើត​ទារក​មាន ១៤លាន ៦សែន ៥ម៉ឺននាក់។ នៅឆ្នាំ ២០២០ កំណើតទារក​មានត្រឹម​ ១២លាននាក់ បន្ទាប់មកគឺ ជាង  ១០លាននាក់ (១០លាន ៦សែន ២ម៉ឺននាក់) ក្នុង​ឆ្នាំ ២០២១។ នៅ​ឆ្នាំ ២០២២ កំណើតទារកក៏​បាន​បន្ត​ធ្លាក់ចុះ អស់​១លាន ទៀត មកនៅ​ត្រឹម ៩​លាន ៥សែននាក់។

ទោះ រដ្ឋ​បិទបញ្ចប់​នយោបាយ​កូនទោល និង​លើកទឹកចិត្ត ឲ្យ​គ្រួសារ​មានកូន​ដល់​ទៅ ៣នាក់ មែន​ប៉ុន្តែ អត្រា​កំណើត​ទារកនៅតែ​ធ្លាក់ថយចុះ។ ហេតុផលនោះគឺ​ប្រជាជន​ចិន​នៅតែមាន​ទម្លាប់​មានកូនតិច។ ម្យ៉ាងដោយសារ​តែជីវភាពឡើងថ្លៃ ការចំណាយមានកាន់តែច្រើន​សម្រាប់ការរស់នៅប្រចាំថ្ងៃ បូកផ្សំនឹងការចំណាយខ្ពស់សម្រាប់​ការរៀនសូត្រ​របស់កូនក្មេង គូស្រករវ័យក្មេង​របស់ចិន មិន​ប្រាថ្នា​ចង់​បាន​កូនច្រើន ជាង​១នាក់ ចំណែក ស្រ្តីចិន​សម័យថ្មី ដែល​បាន​រៀនសូត្រជ្រៅជ្រះ ធ្វើការ​កាន់តំណែងធំ រវល់​នឹង​មុខជំនួញ រឹតតែ​គ្មានពេលមកនឹកគិត​ចង់​បង្កើតគ្រួសារ នៅផ្ទះមើលកូន ដូចស្រ្តីចិន​ជំនាន់មុន។

នៅ​ឆ្នាំ ២០២២ ​ចិន​មានកូនក្មេងកើត ជាង ៩លាន ៥សែននាក់ ប៉ុន្តែ ចំនួន​មនុស្ស​ស្លាប់ វិញ គឺ​មាន​ដល់​ទៅ ១០លាន ៤សែននាក់។ ដោយសារ​តែ​អត្រា​កំណើត​ទារក​មាន​តិចជាង​អត្រាមរណៈ ទើប​ចិន​មាន​ចំនួន​ប្រជាជន​ធ្លាក់ចុះ អស់ ៨សែន ៥ម៉ឺននាក់។

របាយការណ៍​អង្គការសហប្រជាជាតិ៖ ចិនដែលមាន​ប្រជាជន​១៤០០លាននាក់ នឹងត្រូវ​ឥណ្ឌាវ៉ាដាច់ នៅឆ្នាំ ២០២៣

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ នៅ​ចុងឆ្នាំ​២០២២​ ​បង្ហាញ​ ថា  ជាមួយ​អត្រា​កំណើន​ប្រជាជន នៅប្រទេស​ឥណ្ឌា និង​ការធ្លាក់ចុះនៃ​ចំនួន​កំណើត​ទារក​នៅប្រទេស​ចិន នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ  ឥណ្ឌា​នឹងអាច​​វ៉ាដាច់​ចិន ដើម្បី​ក្លាយជា​ប្រទេស​ដែល​មានប្រជាជន​ច្រើនជាងគេ​បំផុត​នៅក្នុង​ពិភពលោក។ ត្រូវ​ឥណ្ឌា វ៉ាដាច់ ចិន​ដែល​មាន​ប្រជាជន​ប្រមាណ ១ពាន់ ៤រយនាក់ ទំនង​នឹងអាច​​មាន​ប្រជាសាស្រ្ត​ថេរ មិនកើន ហើយ​ក៏មិនថយចុះ នៅពេល​ដែល​ចំនួន​មនុស្សកើត ស្មើគ្នា​នឹង​ចំនួន​មនុស្ស​ស្លាប់។

ប៉ុន្តែ នៅពេល​ដែល​ការិយាល័យ​ស្ថិតិចិន បង្ហាញ ចំនួនប្រជាជន​ធ្លាក់ចុះ អស់​ជាង ៨សែននាក់ ដោយសារតែ ចំនួន​មនុស្ស​ស្លាប់ ច្រើនជាង ចំនួនកំណើត​ទារក គេ​ក៏ត្រូវ​ភ្ញាក់ផ្អើល ព្រោះថា នេះ​ជា​លើកទី១ នៅ​ប្រវត្តិប្រទេស​ចិន នៅក្នុង​រយៈពេល ៦០ឆ្នាំមកនេះ។ គេ​ចាំបានថា ចំនួន​ប្រជាជន​ចិន​បាន​ធ្លាក់ចុះ នៅពេល​ចុងក្រោយ​បំផុត គឺនៅ​អំឡុង​ឆ្នាំ ១៩៦០ និង​ឆ្នាំ ១៩៦១ នៅពេល​ចិន​ជួបគ្រោះទុរ្ភិក្ស មនុស្ស​ស្លាប់​ដោយ​អត់បាយ ដោយសារ​តែនយោបាយ​ខុសឆ្គង​របស់បក្ស​កុម្មុយនិស្ត។

បើតាម​អ្នកជំនាញ​ប្រជាសាស្រ្ត ការធ្លាក់ចុះ ចំនួនប្រជាជន​ចិន នឹង​មានបន្តបន្ទាប់ ពីពេលនេះ រហូត​ដល់ចុងសវត្សរ៍។ តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារ ព័ត៌មានបារាំង ដែលបាន​ដកស្រង់​ការសិក្សា​របស់​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​សង្គម​នៅ​ទីក្រុង​សៀងហៃ អត្រាថយចុះ នៃ​ចំនួន​ប្រជាជន​ចិន​នឹងមានជា​មធ្យម ​ប្រមាណ ១,១%​ក្នុងមួយឆ្នាំៗ។

ដោយសារ​តែចំនួន​ប្រជាជន​ធ្លាក់ចុះ​ជារៀងរាល់ឆ្នាំ អ្នកជំនាញ​ប្រជាសាស្រ្ត​វាយតម្លៃថា ចិន​នឹង​អាច​មាន​ប្រជាជន​ប្រមាណ ៥៧៨លាននាក់ប៉ុណ្ណោះ នៅឆ្នាំ ២១០០ គឺធ្លាក់ថយចុះ អស់​ជិត ៨០០លាននាក់ ពីពេល​នេះ ដល់​ចុងសតវត្សរ៍។

តើការធ្លាក់ថយចុះ ចំនួន​ប្រជាជន​នឹង​អាច​ជះផលវិបាកអ្វីខ្លះ ទៅលើ​សេដ្ឋកិច្ច​ចិន?

មាន​ចំនួន​ប្រជាជន​ថយចុះ ចិន​ដែល​កំពុង​ប្រឈម​នឹង​កំណើន​មនុស្ស​ចាស់ ហើយ​និង​ការ​ធ្លាក់​ចុះ​នៃ​មនុស្ស​សកម្ម ត្រូវ​ប្រឈម​នឹង​ផលវិបាក​ពីរ គឺ​ហានិភ័យ​នៃ​ការធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច និងកំណើន​តម្រូវការ​ថវិកា​ដើម្បី​ចិញ្ចឹម​មនុស្សចាស់ ដែល​មាន​កាន់តែ​ច្រើន​ឡើងៗ។

នៅថ្ងៃអង្គារ​ទី ១៧​មករា ចិន​ទទួល​ដំណឹងអាក្រក់​ផ្ទួនៗគ្នា។ មាន​ចំនួន​ប្រជាជន​ធ្លាក់​ចុះជាលើកទី១ហើយ ​ចិនមានកំណើនសេដ្ឋកិច្ចទាប នៅ​ឆ្នាំ ២០២២។ តាមតួលេខផ្លូវការ​របស់​រដ្ឋអំណាចចិន កំណើន​សេដ្ឋកិច្ច​របស់​ចិន នៅ​ឆ្នាំ ២០២២ មាន​ត្រឹម​៣% គឺទាបជាងការកំណត់ដៅទុក របស់​បក្ស​កុម្មុយនិស្ត​ចិន ដែលមានប្រមាណ ៥,៥%។ ចិន​មាន​កំណើនសេដ្ឋកិច្ច​៣% គឺ​គ្រាន់បើជាង​មហាអំណាច​ដទៃទៀត នៅក្នុងពិភពលោក ប៉ុន្តែ ជាមួយ​កំណើនសេដ្ឋកិច្ច​ត្រឹម ៣% នេះជាលើកទី១ នៅក្នុង​រយៈពេល ៤០ឆ្នាំ មកនេះ ដែលចិន​មាន​អត្រាកំណើនសេដ្ឋកិច្ច​ដ៏ទាប។

នយោបាយកូវីដសូន្យ ដែលបានទៅ​បិទខ្ទប់​សកម្មភាព​សេដ្ឋកិច្ច ហើយ​និង​ការផ្ទុះឆ្លងរាលដាល​ជំងឺកូវីដ នៅ​ក្រោយ ការប្រកាស​បិទបញ្ចប់​វិធានការរឹតបន្តឹង​កូវីដ​នៅ​ដើមខែធ្នូ​កន្លងទៅ ជាហេតុផល​សំខាន់​ដែលធ្វើ​ឲ្យ​ចិន​មិនបាន​ទទួលកំណើន​សេដ្ឋកិច្ច​តាម​ការដៅទុក​របស់​បក្សកុម្មុយនិស្ត។

ដោយសារ​តែ​នយោបាយកូវីដសូន្យ ការរឹតបន្តឹង​លើ​ការផ្តល់ឥណទាន​នៅក្នុង​វិស័យអចលនទ្រព្យ ការចំណាយសាធារណៈកប់ពពក ដើម្បី អនុវត្ត​នយោបាយ​កូវីដ បូកផ្សំ​នឹង​បរិយាកាស​សេដ្ឋកិច្ច​អាប់អួរ​នៅក្នុងពិភពលោក​ជាទូទៅ ដោយសារ​សង្រ្គាមនៅអ៊ុយក្រែន ចិន​ពិបាកនឹងអាចមានកំណើនសេដ្ឋកិច្ច​ខ្ពស់ ដូចកាល​មុនសម័យកូវីដ។ ធនាគារពិភពលោក​បាន​ព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់ចិន នឹងមាន​ប្រមាណ ៤,៣%​ប៉ុណ្ណោះ នៅឆ្នាំ នេះ ឆ្នាំ ២០២៣។

កំណើនសេដ្ឋកិច្ច​ដ៏​ទាប​នៅឆ្នាំ ២០២២ បានធ្វើ​ឲ្យ​ចិន​លែង​ជាង​ក្បាលម៉ាស៊ីនអូសទាញ​សេដ្ឋកិច្ច​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ