អានតួអត្ថបទ

អ.ស.ប.៖ចំនួនមនុស្សក្នុងលោកនឹងឡើងដល់ ៨ ០០០លាននាក់នៅថ្ងៃទី១៥ វិច្ឆិកា

នាយកដ្ឋាន​ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ​សហប្រជាជាតិ​បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ចំនួន​ប្រជាជន​ក្នុង​លោក។ របាយការណ៍​បាន​ប្រមើលមើល​ថា ចំនួន​ប្រជាជន​ក្នុង​លោក​នឹង​កើន​ដល់ ៨ ០០០លាននាក់​នៅ​ថ្ងៃទី១៥ វិច្ឆិកា​ខាង​មុខ និង​ថា ឥណ្ឌា​នឹង​មាន​ប្រជាជន​ច្រើន​ជាង​ចិន​នៅ​ឆ្នាំ ២០២៣។

ចំនួនមនុស្សក្នុងលោកនឹងឡើងដល់ ៨ ០០០លាននាក់នៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ ២០២២។
ចំនួនមនុស្សក្នុងលោកនឹងឡើងដល់ ៨ ០០០លាននាក់នៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ ២០២២។ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

នៅ​មុន​ដំណាច់​ឆ្នាំ ២០២២ ចំនួន​ប្រជាជន​សរុប​ក្នុង​លោក​នឹង​ឡើង​ដល់ ៨ ០០០លាននាក់ ពោល​មាន​ការ​កើន​ឡើង​ចំនួន ៥ ៥០០លាននាក់​បើ​គិត​តាំង​ពី​ឆ្នាំ ១៩៥០។ តែ​នាយកដ្ឋាន​ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ​សហប្រជាជាតិ​មិន​ភ្លេច​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា អត្រា​កំណើន​ប្រជាជន​ក្នុង​លោក​សព្វថ្ងៃ​តាំង​ពី​ឆ្នាំ ១៩៥០ មាន​សង្វាក់​យឺត​ខ្លាំង​ណាស់។ យឺត​ខ្លាំង​ព្រោះ​នៅ​ឆ្នាំ ២០៣០ ចំនួន​ប្រជាជន​សរុប​ក្នុង​លោក​អាច​នឹង​មាន​ប្រមាណ​ជា ៨ ៥០០លាននាក់ និង​មាន​ប្រមាណ​ជា ៩ ៧០០លាននាក់​នៅ​ឆ្នាំ ២០៥០។

បន្ទាប់​មក​នៅ​ក្នុង​រង្វង់​ឆ្នាំ ២០៨០ ចំនួន​ប្រជាជន​សរុប​ក្នុង​លោក​នឹង​អាច​មាន​ប្រមាណ ១០ ៤០០លាននាក់ ហើយ​ចំនួន​នេះ​អាច​នឹង​បន្ត​នៅ​ឋេរ​រហូត​ដល់​ឆ្នាំ ២១០០។ តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ដដែល ខណៈ​ដែល​អត្រា​កំណើត​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន កំណើន​អត្រា​កំណើត​ជាង​ពាក់​កណ្តាល​នៅ​ក្នុង​លោក​ត្រូវ​បាន​គេ​រង់ចាំ​នា​ទសវត្សរ៍​ខាង​មុខ​នៅ​ក្នុង​ប្រទេស​ចំនួន ៨ រួម​មាន​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ អេហ្ស៊ីប អេត្យូពី ឥណ្ឌា នីហ្សេរីយ៉ា ប៉ាគីស្ថាន ហ្វីលីពីន និង​ប្រទេស​តង់ហ្សានី។

តែ​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​មិន​ភ្លេច​បញ្ជាក់​ថា​នៅ​ឆ្នាំ ២០២៣ ឥណ្ឌា​នឹង​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​ចិន​ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​លោក។ ខណៈ​ដែល​ផែនដី​កំពុង​ត្រៀម​ទទួល​មនុស្ស ៨ ០០០លាននាក់​នៅ​ថ្ងៃទី១៥ វិច្ឆិកា​ខាង​មុខ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គូទែរស៍​បាន​​ចេញ​ផ្សាយ​សេចក្តីប្រកាសព័ត៌មាន​មួយ​ដោយ​ផ្តោត​សំខាន់​លើ​ពីរ​ចំណុច ទី១ លោក​បាន​រម្លឹក​ពី​ការ​ទទួល​ខុសត្រូវ​ចែករំលែក​រួម​របស់​មនុស្សលោក​ក្នុង​ថែរក្សា​ភពផែនដី និង​ជា​ពេលវេលា​ដើម្បី​គិតគូរ​លើ​ចំណុច​ដែល​មនុស្សលោក​មិន​បាន​គោរព​តាម​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក និង​ទី២ លោក​បាន​ចាត់​ទុក​ជា​ឱកាស​ដែល​ត្រូវ​សាទរ​ពី​ភាពចម្រុះ​របស់​មនុស្សលោក ការ​ទទួល​ស្គាល់​មនុស្សជាតិ​ទូទៅ និង​ការ​ត្រេកត្រអាល​លើ​ភាព​រីកចម្រើន​នៅ​ក្នុង​វិស័យ​សុខាភិបាល​ដែល​បាន​ចូលរួម​កាត់​បន្ថយ​នូវ​អត្រា​មរណៈ​របស់​មាតា និង​ទារក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ