អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

របាយការណ៍​របស់​មូលនិធិ IMF៖ ពិភពលោក​ជៀសផុត​ពី​វិបត្តិសេដ្ឋកិច្ច​ដើរថយ​ក្រោយ នៅ​ឆ្នាំ​២០២៣

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទោះ​ជួបវិបត្តិ​ថាមពល ដោយសារ​សង្រ្គាមអ៊ុយក្រែន ពិភពលោកឆ្នាំ ២០២៣អាច​ជៀស​រួចផុត​ពីវិ​បត្តិសេដ្ឋកិច្ច​ដើរថយក្រោយ។ នៅក្នុង​របាយការណ៍ ចេញផ្សាយ​ នៅ​ថ្ងៃ​អង្គារ​ទី​៣១​មករា មូលនិធិ​រូបិយវត្ថុអន្តរជាតិ IMF បាន​បង្កើន​ការព្យាករ​កំណើន​សេដ្ឋកិច្ចពិភពលោក ឆ្នាំ សម្រាប់​ឆ្នាំ ២០២៣ ដល់​២,៩% ប៉ុន្តែ មិនមែន ២,៧%​ដូច​ដែល​មូលនិធិធ្លាប់បានវាយតម្លៃ កាលពី​ខែ​តុលា​ឆ្នាំមុន។ តាម​មូលនិធិ IMF បន្ទាប់ពីមាន​កំណើន ៣,៤% នៅ​ឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ ២០២៣ មានត្រឹម ២,៩% មុន​នឹង​កើនឡើង ឡើងវិញ ដល់​៣,១% នៅ ឆ្នាំក្រោយ។

កប៉ាល់ដឹកកុងតឺណែ​នៅ​កំពង់ផែOakland រដ្ឋ​កាលីហ្វ័នីញ៉ា
កប៉ាល់ដឹកកុងតឺណែ​នៅ​កំពង់ផែOakland រដ្ឋ​កាលីហ្វ័នីញ៉ា AP - Ben Margot
ផ្សាយពាណិជ្ជកម្ម

របាយការណ៍ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​បង្ហាញថា ពិភពលោក​ជៀសរួចផុត​ពីវិបត្តិសេដ្ឋកិច្ច​ដើរថយក្រោយ នៅឆ្នាំ ២០២៣។ នៅក្នុង​របាយការណ៍​ចេញផ្សាយ​នៅថ្ងៃអង្គារនេះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បានព្យាករ កំណើន​សេដ្ឋកិច្ច​ពិភពលោក សម្រាប់​ឆ្នាំ ២០២៣ ដែល​មាន​ប្រមាណ ២,៩% ពោល​គឺ មិនមែន ២,៧% ដូចការព្យាករទុក កាលពី​ខែ​តុលា​ឆ្នាំមុន។

ដោយ សើរើ​ការព្យាករ​ដែល​ខ្លួន​ធ្លាប់​បាន​កត់ត្រា​ទុក កាលពី​ខែ​តុលា​ឆ្នាំមុន មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាន​ផ្តល់​ក្តីសង្ឃឹមថ្មី​ស្តីពី​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ ក្តីសង្ឃឹម​នៅត្រង់ថា ផ្ទុយពីការបារម្ភ​ដែល​ថា ពិភពលោក​អាច​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដើរថយក្រោយ នៅឆ្នាំ​២០២៣​នេះ របាយការណ៍​របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​បាន​បង្ហាញ​ថា សម្រាប់​ឆ្នាំ ២០២៣ ពិភពលោក នឹង​មាន​កំណើនសេដ្ឋកិច្ច​ល្អប្រសើរ​ជាង​ការរំពឹងទុក។

ជាការពិតដែលថា កំណើនសេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ ២០២៣ នឹង​មានត្រឹម ២,៩% ពោល​គឺ​នៅទាបជាង​ឆ្នាំ ២០២២ ដែលមាន​៣,៤% ប៉ុន្តែ យ៉ាងហោចណាស់ វា​នៅតែ​ល្អ គ្រាន់បើជាង ២,៧% ដែល​មូលនិធិរូបិយវត្ថុអន្តរជាតិធ្លាប់​បាន​ព្យាករទុក​កាលពី​ខែ​តុលា។ កំណើនសេដ្ឋកិច្ច​ពិភពលោក​ចាប់​ល្អប្រសើរ​ឡើងវិញ នៅ​ឆ្នាំ ក្រោយ ជាមួយ​អត្រាកំណើន ៤,៣%។

មាន​ហេតុផល​មួយចំនួន​ដែលធ្វើ​ឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិ IMF វាយតម្លៃថា ពិភពលោក​អាច​ជៀសរួចផុតពីវិបត្តិសេដ្ឋកិច្ច​ដើរថយក្រោយនៅឆ្នាំនោះ។ ទី១ គឺសេដ្ឋកិច្ច​របស់​អាមេរិក អឺរ៉ុប និងចិន ដែលជា​ក្បាលម៉ាស៊ីន​របស់​សេដ្ឋកិច្ចសកល នៅតែ​រឹងមាំ អាច​ធន់ តស៊ូ នឹង​វិបត្តិ​នៅត្រីមាស​ចុងក្រោយ របស់​ឆ្នាំ ២០២២។ តាម​IMF ផ្ទុយពីការរំពឹងទុក ការវិនិយោគឯកជន ការចំណាយ​សម្រាប់ការទិញប្រើប្រាស់​បានកើនឡើងគួរ​ឲ្យ​កត់សំគាល់ នៅអឺរ៉ុប នៅអាមេរិក នោះក៏មក​ពី​​វិធានការផ្តល់ជំនួយ​អន្តរាគមន៍​របស់រដ្ឋ​សម្រាប់​ទប់ទល់​តម្លៃថាមពល​ដែល​ឡើង​ថ្លៃ ដោយសារ​វិបត្តិសង្រ្គាម​នៅអ៊ុយក្រែន។

ទី​២ គឺ ឧស្សាហកម្ម សេដ្ឋកិច្ច​ចិន ដែល​ចាប់ផ្តើម​បើកទ្វារសកម្មភាពឡើងវិញ នៅក្រោយ ចិន​បោះបង់ចោល​គោលនយោបាយកូវីដសូន្យ ឈប់បិទខ្ទប់​ប្រទេស​តទៅទៀត។ តាម​របាយការណ៍​របស់​មូលនិធិរូបិយវត្ថុអន្តរជាតិ កំណើនសេដ្ឋកិច្ច​របស់​ចិន ដែលមាន​ប្រមាណ ៥,២% នៅឆ្នាំនេះ ជា​ចលករសំខាន់ សម្រាប់​រុញច្រាន​កំណើនសេដ្ឋកិច្ច​សកល។

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF​វាយតម្លៃថា អតិផរណា​នឹង​ធ្លាក់ថយ​ចុះ មក​នៅ​ត្រឹម ៦,៦% នៅ​ឆ្នាំ២០២៣ បន្ទាប់​ពី​ឡើង​ខ្ពស់​ខ្លាំង ដល់​៨,៨% នៅឆ្នាំ ២០២២។ តាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF គោលនយោបាយ​របស់​ធនាគារ​កណ្តាល​នឹង​បន្ត​ទម្លាក់អត្រា​អតិផរណា​នៅក្នុងពិភពលោក ឲ្យ​នៅ​ត្រឹម ៤,៣%​នៅឆ្នាំ​ក្រោយ។

អង់គ្លេសជាប្រទេសតែមួយគត់​របស់ ហ្សេ ២០ ដែលមានសេដ្ឋកិច្ច​ដើរថយក្រោយ

ពិភពលោក​ជៀសរួចផុត​ពីវិបត្តិសេដ្ឋកិច្ច ប៉ុន្តែ មិនមែន​គ្រប់ប្រទេស​សុទ្ធតែ​មានកំណើន​សេដ្ឋកិច្ច​វិជ្ជមាននោះទេ។ នៅក្នុង​របាយការណ៍ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​បង្ហាញថា អង់គ្លេស​ជា​ប្រទេស​អ្នកមាន​តែមួយគត់​ដែលត្រូវ​ជួបវិបត្តិសេដ្ឋកិច្ច​ដើរថយក្រោយ នៅឆ្នាំនេះ។

នៅក្នុង​របាយការណ៍​របស់​មូលនិធិរូបិយវត្ថុអន្តរជាតិ គេ​បាន​លើកយកករណីពិសេស​របស់​អង់គ្លេស ព្រោះថា អង់គ្លេស​ជា​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​តែមួយគត់​ដែលជួបវិបត្តិសេដ្ឋកិច្ច​ដើរថយក្រោយ​នៅឆ្នាំនេះ។ កំណើនសេដ្ឋកិច្ច​អវិជ្ជមាន ២ត្រីមាស​ជាប់គ្នា នៅ​ចុងឆ្នាំ ២០២២​នឹង​ធ្វើឲ្យ​ផលិតផល​ក្នុងស្រុកសរុប​របស់អង់គ្លេស​មានតែ​០,៦%​ប៉ុណ្ណោះ​នៅឆ្នាំ នេះ។ សេដ្ឋកិច្ច​អង់គ្លេស​ដើរថយក្រោយ ដោយសារ​តែ នយោបាយ​ដំឡើង​អត្រាការប្រាក់ និង​នយោបាយ​រឹតបន្តឹង​ថវិកា ចំណាយ​របស់​រដ្ឋាភិបាល​អង់គ្លេស។

អង់គ្លេស​ជួបវិបត្តិសេដ្ឋកិច្ច​ដើរថយក្រោយ ខុសផ្ទុយស្រឡះ​ពី​អាល្លឺម៉ង់ ដែលគេ​ធ្លាប់​ព្យាករទុកថា នឹង​អាច​ជួបវិបត្តិ​សេដ្ឋកិច្ច​ដើរថយក្រោយ​នៅឆ្នាំនេះ។ តាម​មូលនិធិរូបិយវត្ថុអន្តរជាតិ អាល្លឺម៉ង់​និងអ៊ីតាលី រួចផុត​ពីវិបត្តិសេដ្ឋកិច្ច​ដើរថយក្រោយ ដោយ​មកពី​ប្រទេស​ទាំងពីរនេះ​ចាត់វិធានការ ដោះស្រាយ​បញ្ហា​ថាមពល ប្រកប ប្រសិទ្ធិភាព និងទាន់ពេលវេលា បើទោះបីជាឈប់ទិញប្រេង និងឧស្ម័ន​ពីរុស្ស៊ីដោយសារ សង្រ្គាមអ៊ុយក្រែន។

ក្នុងករណី​រុស្ស៊ី ប្រទេស​លោកខាងលិច នឹង​ត្រូវ​ខកចិត្ត​ខ្លាំង ព្រោះថា ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​លោកខាងលិច ដូចជា​ការឈប់ទិញ ព្រមទាំងការកំណត់បញ្ចុះតម្លៃប្រេង និងឧស្ម័នរបស់​រុស្ស៊ី មិនបានធ្វើ​ឲ្យ​រុស្ស៊ី ជួបវិបត្តិសេដ្ឋកិច្ចនោះទេ។ រុស្ស៊ី នៅតែ​មានកំណើនសេដ្ឋកិច្ច ២,២%នៅ​ឆ្នាំ នេះ ព្រោះថា រុស្ស៊ី​នៅតែ​អាច​បន្តផលិត និងលក់ប្រេង​ដល់ប្រទេស​ដែល​មិនអនុវត្ត​នយោបាយដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​លោកខាងលិច។

សេដ្ឋកិច្ច​សកល​នៅ​តែ​ផុយស្រួយ

ពិភពលោក​ជៀសផុត​ពីវិបត្តិសេដ្ឋកិច្ច​ដើរថយក្រោយ នៅឆ្នាំ នេះមែន ប៉ុន្តែ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៅតែ​ដាស់តឿន​​ឲ្យ​គេប្រុងប្រយ័ត្នជានិច្ច ព្រោះ​ថា សុខភាពសេដ្ឋកិច្ច​សកល​នៅតែ​ខ្សោយ ផុយស្រួយនៅឡើយទេ បើប្រៀបធៀប​នឹង​សម័យមុន​កូវីដ។ តាម​មូលនិធិ IMF សង្រ្គាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន ដែល​អូសបន្លាយ​ពេលវេលា​នៅឆ្នាំនេះ បូកផ្សំ នឹង​វិបត្តិជំងឺកូវីដ​នៅចិន ដែល​អាចបន្ទុចបង្អាក់សកម្មភាពសេដ្ឋកិច្ច​របស់​មហាយក្សចិន នឹង​អាច​ជះឥទ្ធិពលអាក្រក់​ទៅលើ​សេដ្ឋកិច្ច​សកល។ ការដំឡើងការប្រាក់​របស់​ធនាគារ​កណ្តាល នឹងទៅដាក់បន្ទុក​លើ​ប្រទេសជាប់បំណុល ដែល​ភាគច្រើន​ជា​ប្រទេស កំពុង​អភិវឌ្ឍ ប្រទេស​ក្រីក្រ។ នេះគេ​នៅមិនទាន់​និយាយ​ពីការបែកបាក់ បែងចែកបក្សពួក ដោយសារ​ហេតុផល​ភូមិសាស្រ្តនយោបាយ ដែលជា​កត្តាសំខាន់មួយដែរ ដែល​គំរាមកំហែងកំណើន​សេដ្ឋកិច្ចសកល៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ