អានតួអត្ថបទ

IMF៖ឆ្នាំ ២០២៣ ជាឆ្នាំដែលអាចមានពោរពេញដោយភាពតានតឹងសង្គមក្នុងកម្រិតពិភពលោក

អគ្គនាយិកា​មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF លោកស្រី​គ្រីស្តាលីណា ហ្សកជីវ៉ា​បាន​ថ្លែង​ដោយ​ក្តីបារម្ភ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១២ មករា​ថា ឆ្នាំ ២០២៣ អាច​ជា​ឆ្នាំ​ដែល​មាន​ពោរពេញ​ដោយ​ភាព​តានតឹង​សង្គម​ក្នុង​កម្រិត​ពិភពលោក។ កំណើន​អតិផរណា កង្វះ​ការងារ ឬ​មួយ​កំណើន​អត្រា​ការប្រាក់​សុទ្ធសឹង​ជា​កត្តា​ដែល​អាច​ជា​ប្រភព​នៃ​ភាព​តានតឹង​សង្គម។ តាម​ប្រមុខ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ការ​ព្យាករណ៍​ថ្មី​ស្តីពី​កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០២៣ ក្នុង​លោក​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​បើ​ធៀប​នឹង​ការ​ព្យាករណ៍​ក្នុង​ខែ​តុលា​ឆ្នាំ ២០២២។

អគ្គនាយិកា​មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF លោកស្រី​គ្រីស្តាលីណា ហ្សកជីវ៉ា។
អគ្គនាយិកា​មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF លោកស្រី​គ្រីស្តាលីណា ហ្សកជីវ៉ា។ AP - Patrick Semansky
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ ២០២៣ ទើប​តែ​ចាប់​ផ្តើម​មិន​ទាន់​បាន ២សប្តាហ៍​ពេញលេញ​ផង IMF បាន​សម្តែង​ក្តីបារម្ភ​រួច​ជា​ស្រេច​ពី​ភាព​តានតឹង​សង្គម​នៅ​ទូទាំង​ពិភពលោក។ នៅ​ក្នុង​ន័យ​នេះ ប្រមុខ IMF លោកស្រី​គ្រីស្តាលីណា ហ្សកជីវ៉ា​បាន​លើក​ឡើង​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ប៉េរូ បូលីវី កូឡុំប៊ី និង​អង់គ្លេស។ តាម​លោកស្រី​ហ្សកជីវ៉ា ទោះ​បី​ជា​ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​ទាំង​អស់​នេះ​មាន​ហេតុផល​ខុស​គ្នា​ក៏​ដោយ​ក៏​ជា​រូបភាព​ដែល​ឆ្លុះ​បញ្ជាំង​យ៉ាង​ច្បាស់​ក្រឡែត​ពី​ភាព​តានតឹង​សង្គម។ ភាព​តានតឹង​សង្គម​ដែល​អាច​បង្ក​ចេញ​ពី​ទំនិញ​ឡើង​ថ្លៃ កង្វះ​ការងារ និង​កំណើន​អត្រា​ការប្រាក់។

ទាក់ទង​នឹង​ការ​ព្យាករណ៍​ថ្មី​ស្តីពី​កំណើន​សេដ្ឋកិច្ច​សកល​ក្នុង​ឆ្នាំ ២០២៣ ត្រូវ​បាន​ប្រមុខ IMF គូស​បញ្ជាក់​ថា មាន​ការ​ថមថយ​ខ្លាំង​បើ​ធៀប​នឹង​ការ​ព្យាករណ៍​ក្នុង​ខែ​តុលា​ឆ្នាំ​ទៅ​មិញ។ តែ​មក​ដល់​ពេល​នេះ លោកស្រី​ហ្សកជីវ៉ា​បាន​មើល​ឃើញ​ពី​ភាព​ធន់​របស់​ទីផ្សារការងារ​នៅ​ក្នុង​ប្រទេស​នីមួយៗ។ ភាព​ធន់​ដែល​កើត​ចេញ​ពី​ចំណាត់ការ​ឆាប់​រហ័ស​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​គាំទ្រ​ពលរដ្ឋ​ប្រឈម​នឹង​ការ​ឡើង​ថ្លៃ​តម្លៃ​ទំនិញ ពិសេស​ម្ហូបអាហារ និង​ថាមពល។ តាម​លោកស្រី​ហ្សកជីវ៉ា ដរាប​ណា​មនុស្ស​មាន​ការងារ​ធ្វើ ដរាប​នោះ​ពួក​គេ​មាន​លុយ​ចាយ ទោះ​បី​ជា​តម្លៃ​ទំនិញ​ថ្លៃ​ជាង​មុន​ក៏​ដោយ។

ដោយឡែក ប្រមុខ IMF បាន​ទាញ​សញ្ញាអាសន្ន​ជា​ថ្មី​ថា កំណើន​អត្រា​ការប្រាក់​នឹង​ធ្វើ​ឲ្យ​ប្រទេស​ដែល​កំពុង​ជំពាក់បំណុល​គេ​ជួប​គ្រោះមហន្តរាយ ពិសេស​ក្រុម​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង និង​ក្រុម​ប្រទេស​ក្រីក្រ។ ត្រង់​ចំណុច​នេះ លោកស្រី​ហ្សកជីវ៉ា​បាន​រម្លឹក​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​សាររើ​មើល​ឡើង​វិញ​ពី​ប្រាក់បំណុល​នេះ​ជាមួយ​ម្ចាស់​បំណុល​សំខាន់ ដូច​ជា​ចិន អារ៉ាប៊ីសាអូឌីត ឬ​មួយ​ក៏​ម្ចាស់បំណុល​ជា​វិស័យ​ឯកជន។ ចុង​ក្រោយ លោកស្រី​ហ្សកជីវ៉ា​បាន​យល់​ឃើញ​ថា ចិន​អាច​ក្លាយ​ជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​សកល​ជា​ថ្មី​ក្នុង​ឆ្នាំ ២០២៣ បើ​ចិន​មិន​បិទ​ប្រទេស​ឡើង​វិញ ឬ​មិន​ផ្លាស់ប្តូរ​នយោបាយ​ដោយសារ​កំណើន​ឆ្លង​កូវីដ១៩ ពេល​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ