អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្នុងពេលតែ១ថ្ងៃ អាមេរិកបាញ់​ទម្លាក់​វត្ថុ​ហោះ​ចំនួន២ ក្នុងដែនអាកាស​អាមេរិក និងកាណាដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

មេដឹកនាំអាមេរិក និងកាណាដា កាលពីថ្ងៃ​សៅរ៍ម្សិលមិញ បានរួមគ្នា ​បញ្ជា​ឲ្យ​គេ​បាញ់ទម្លាក់ វត្ថុរាងស៊ីឡាំង​មួយ ដែល​ហោះ​ក្នុង​ដែនអាកាស​កាណាដា។ តាម​រដ្ឋមន្រ្តីការពារ​ជាតិកាណាដា យន្តហោះ ចម្បាំង​អាមេរិក​ប្រភេទ F22 បាន​បាញ់ទម្លាក់​វត្ថុហោះ នៅភាគពាយ័ព្យ​ប្រទេស​កាណាដា ក្បែរ​អាឡាស្កា របស់​អាមេរិក។ គេ​អាច​និយាយ​បាន​ថា ក្នុងរយៈពេល ១ថ្ងៃ យន្តហោះចម្បាំង​អាមេរិក F22 បាន​បាញ់ទម្លាក់ វត្ថុហោះមិនដឹងអត្តសញ្ញាណ​ដល់ពីរគ្រឿង ក្នុង​ដែនអាកាស​អាមេរិកខាងជើង។ តើ​វត្ថុហោះ​ដែល​អាមេរិក និងកាណាដា រួមគ្នា​បាញ់​ទម្លាក់​នៅថ្ងៃ​សៅរ៍ម្សិលមិញ មានជាប់ពាក់ព័ន្ធ​នឹង​បាឡុងចារកម្ម​របស់ចិន និង​វត្ថុ​ដែលអាមេរិក​បាញ់ទម្លាក់កាលពីថ្ងៃ​សុក្រដែរឬទេ?

រូបថតផ្តល់ដោយ​កងទ័ពជើងអាកាសអាមេរិក​បង្ហាញ​យន្តហោះចម្បាំង​ប្រភេទ F22ដែលអាមេរិក​បញ្ជូនទៅបាញ់ទម្លាក់​បាឡុងចារកម្ម​ចិន និងវត្ថុហោះ ក្នុងដែនអាកាស​កាណាដា កាលពីថ្ងៃសៅរ៍ទី ១១​កុម្ភៈ ២០២៣
រូបថតផ្តល់ដោយ​កងទ័ពជើងអាកាសអាមេរិក​បង្ហាញ​យន្តហោះចម្បាំង​ប្រភេទ F22ដែលអាមេរិក​បញ្ជូនទៅបាញ់ទម្លាក់​បាឡុងចារកម្ម​ចិន និងវត្ថុហោះ ក្នុងដែនអាកាស​កាណាដា កាលពីថ្ងៃសៅរ៍ទី ១១​កុម្ភៈ ២០២៣ AP - Airman 1st Class Mikaela Smith
ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេលតែ ២៤ម៉ោង យន្តហោះចម្បាំង​អាមេរិក​បាញ់ទម្លាក់​វត្ថុហោះ ដែល គេ​មិនស្គាល់​អត្ថសញ្ញាណ ដលទៅ​២គ្រឿង។ នៅថ្ងៃ​សៅរ៍ វត្ថុហោះ ក្នុង​ដែនអាកាស​របស់​កាណាដា ក្បែរព្រំដែនជាមួយអាមេរិក ត្រូវ​បាញ់ទម្លាក់ ក្នុងប្រតិបត្តិការរួមគ្នា​រវាង​កងទ័ពអាមេរិក និងកងទ័ពកាណាដា។

តាមរដ្ឋមន្រ្តីការពារ​ជាតិកាណាដា វត្ថុហោះ ដែល​យន្តហោះ​ចម្បាំង​អាមេរិក​បាញ់ទម្លាក់ កាលពីថ្ងៃ​សៅរ៍ មានទម្រង់រូបរាង​ជា​ស៊ីឡាំង និង​មាន​ទំហំតូចជាង បាឡុង​ចារកម្ម​របស់​ចិន ដែលអាមេរិក​បាញ់ទម្លាក់ កាលពីថ្ងៃ​សុក្រ​សប្តាហ៍មុន។ ទាំងមន្រ្តីកាណាដា និងអាមេរិក មិនបានលម្អិត​ទេ ថា តើ​វត្ថុហោះ ដែល​គេ​បាញ់ទម្លាក់​នៅថ្ងៃ​សៅរ៍ នៅក្នុង​ដែនអាកាស​របស់កាណាដា ដូចគ្នា​នឹង​វត្ថុ​ដែលអាមេរិក​បាញ់ទម្លាក់​នៅ​អាឡាស្កា​កាលពីថ្ងៃ​សុក្រម្សិលម្ង៉ៃដែរឬទេ។ នៅថ្ងៃសៅរ៍ យន្តហោះអាមេរិក​ទើបបាញ់​ទម្លាក់​វត្ថុ​ហោះមួយគ្រឿង​ដែលមានទំហំ ប៉ុនឡាន គឺ​តូចជាង បាឡុងចារកម្ម​របស់​ចិន ដែលមាន ទម្ងន់រាប់តោន និងកំពស់ ៦០ម៉ែត្រ។

តាម​អ្នកនាំពាក្យ​របស់មន្ទីរបញ្ចកោណ បញ្ជាការដ្ឋានការពារដែនអាកាស​អាមេរិកខាងជើង ដែលប្រមូលផ្តុំ​ដោយ​កងទ័ព​អាមេរិក និងកាណាដា បាន​តាមដាន ចាប់​បាន​សញ្ញា​វត្ថុហោះ នៅក្នុង​ដែនអាកាស ភាគខាងជើង ឆៀងខាងលិច របស់កាណាដា តាំង​ពីយប់​ថ្ងៃសុក្រ ពោល​គឺ​នៅប៉ុន្មានម៉ោង​ក្រោយ អាមេរិក​បាញ់ទម្លាក់​វត្ថុហោះ នៅ​អាឡាស្កា។ នៅថ្ងៃ​សៅរ៍ ទៅតាមការបញ្ជា​រួមគ្នា របស់​ប្រធានាធិបតីអាមេរិក និង​នាយករដ្ឋមន្រ្តី​កាណាដា យន្តហោះចម្បាំងអាមេរិក​បាន​បាញ់​ទម្លាក់ ​វត្ថុហោះ នៅតំបន់​ភ្នំ Yokun របស់​កាណាដា ដែល​ស្ថិតនៅចម្ងាយ​១៦០គីឡូម៉ែត្រ​ពីព្រំដែនអាមេរិក។

ក្នុងរយៈពេល​១សប្តាហ៍ នេះជាលើកជា៣ ដែល​យន្តហោះអាមេរិក​ចេញធ្វើប្រតិបត្តិការ​បាញ់ទម្លាក់ បាឡុងចារកម្ម និង​វត្ថុហោះ គ្មានអត្តសញ្ញាណ។

រដ្ឋមន្រ្តីការពារជាតិកាណាដា៖​វត្ថុហោះ គ្រោះថ្នាក់ គំរាមកំហែង​យន្តហោះស៊ីវិល

ផ្ទុយពី​បាឡុង ចារកម្ម​របស់ចិន ដែល​អាមេរិក​រង់ចាំពេលជាច្រើនថ្ងៃ មុននឹង​បាញ់ទម្លាក់​នៅ​រដ្ឋCaroline ខាងជើង វត្ថុហោះ ដែលមានទំហំ តូច ត្រូវ​ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្រ្តី​កាណាដា ឯកភាពគ្នា បញ្ជា​ឲ្យ​គេ​បាញ់ទម្លាក់ភ្លាមៗ ទៅតាម​សំណើ​របស់​កងទ័ព​ប្រទេស​ទាំងពីរ។

តាម​រដ្ឋមន្រ្តីការពារ​ជាតិកាណាដា លោកស្រី Anita Anand  គេចាំបាច់​ត្រូវ​ចាត់វិធានការ បាញ់ទម្លាក់​វត្ថុហោះ ក្នុងដែនអាកាសកាណាដា ដើម្បី​សុវត្ថិភាព​យន្តហោះដឹកអ្នកដំណើរ។ ផ្ទុយពី បាឡុងចារកម្ម​ចិនដែល​ហោះ​ក្នុង​កំពស់​ដ៏ខ្ពស់ វត្ថុហោះ កាលពីថ្ងៃ​សៅរ៍ ស្ថិតនៅ​កំពស់​១២ ២០០ម៉ែត្រ ពីផែនដី ដែល​ជា​កំពស់​ហោះហើរ របស់​យន្តហោះ​ស៊ីវិល យន្តហោះ​ដឹកអ្នកដំណើរ។ តាមប្រមុខការពារ​ជាតិ​កាណាដា វត្ថុរូបរាងស៊ីឡាំង បាន​ហោះ​ចូល​ដោយខុសច្បាប់ ក្នុងដែនអាកាស​របស់កាណាដា និង​អាច​បង្កគ្រោះថ្នាក់ ដល់​យន្តហោះ​ស៊ីវិល។ ដូច្នេះ គេចាំបាច់​ត្រូវ​បាញ់ទម្លាក់ភ្លាមៗ។

ទាំងអាមេរិក និង​កាណាដា​មិនបាន​បញ្ជាក់ថា តើ​វត្ថុហោះដែល គេបាញ់ទម្លាក់ម្សិលមិញ និង​ម្សិលម្ង៉ៃ មាន​ជាប់ពាក់ព័ន្ធ​គ្នា​ដែរឬយ៉ាងណានោះទេ។ នៅក្នុង​សន្និសីទកាសែត កាលពីថ្ងៃ​សៅរ៍ រដ្ឋមន្រ្តីការពារ​ជាតិ​កាណាដា លោកស្រី Anita Anand  មានការប្រុងប្រយ័ត្ន មិនទាន់​ហ៊ាន​អះអាង​ថា វត្ថុហោះ ដែលគេ​មិនទាន់​កំណត់អត្តសញ្ញាណ មានជាប់ពាក់ព័ន្ធ​នឹង​បាឡុង ចារកម្ម​ចិន ដែលអាមេរិក​បាញ់ទម្លាក់ កាលពី ១សប្តាហ៍មុន។ តាម​លោកស្រី​រដ្ឋមន្រ្តីការពារជាតិកាណាដា នៅ​បន្ទាប់ពី​ចុះ​ទៅ​ប្រមូល​បំណែក​របស់​វា គេត្រូវការ​ពេលវេលា​ស្រាវជ្រាវ វិភាគសិន មុន​នឹងអាច​កំណត់ ប្រភព អ្នក​ដែល​បញ្ជូន​វត្ថុទៅ​ហោះ ក្នុង​ដែន​អាកាស​កាណាដា។

អាមេរិក​ថា ចិន​បញ្ជូនយ៉ាងហោច បាឡុងចារកម្ម ចំនួន ២០ ទៅយកការណ៍សម្ងាត់​នៅទ្វីបទាំង​៥ ក្នុងពិភពលោក

នៅក្រោយ​បាញ់ទម្លាក់ បាឡុង​របស់​ចិន អាមេរិក​បាន​បញ្ជាក់​ថា បាឡុង​របស់​ចិន ដែលហោះរំលោភចូលដែនអាកាស​របស់អាមេរិក និងដែលអាមេរិក​បាញ់ទម្លាក់កាលពីថ្ងៃ​សុក្រសប្តាហ៍ មុន គឺ​ជា​បាឡុង ស៊ើបយកការណ៍​សម្ងាត់ អំពីទីតាំង​យុទ្ធសាស្រ្តរបស់យោធាអាមេរិក ​ពោលគឺ មិនមែន​បាឡុង ដែល​មានគោលដៅ ស៊ីវិល​ដើម្បីសិក្សា​អាកាសធាតុ ដូចការអះអាង​របស់​ចិន។

តាម​មន្រ្តី ដែលដកស្រង់សំដីដោយ​ទូរទស្សន៍ CNN បាឡុង​ចារកម្មចិន ដែលហោះចូល​ក្នុងដែនអាកាសអាមេរិក ស្ថិតក្នុង​ចំណោម បាឡុង​ចារកម្ម យ៉ាងហោចណាស់ ២០ ដែលកងទ័ព​ចិន បាន​បញ្ជូនចេញ​ទៅ​ស៊ើបការណ៍សម្ងាត់ តាំង​ពី​ឆ្នាំ ២០១៨ នៅ​ទ្វីបទាំង ៥ ក្នុងពិភពលោក ដែលនៅក្នុង​នោះ ពាក់កណ្តាល ត្រូវ​បញ្ជូន​ ទៅ​អាមេរិក​ខាងជើង។ បាឡុង​ផ្សេងទៀត ត្រូវ​ចិន​បញ្ជូន​ទៅហោះពីលើ​ដែនអាកាស​របស់​ជប៉ុន វៀតណាម ឥណ្ឌា តៃវ៉ាន់ និង​ហ្វីលីពីនជាដើម ដែលសុទ្ធសឹងជាប្រទេស​មានផលរមាស់ជាមួយចិន។

កន្លងមក អាមេរិក​ផ្ទាល់​ធ្លាប់ចាប់បាន​សញ្ញា បាឡុងប្រភេទនេះ​របស់ចិន ចំនួន​៤​ដែរ ដែលហោះ ពីលើ​រដ្ឋតិចសាស់ និង​ប៉ុន្តែ មិនដែលបានបាញ់ទម្លាក់​ដូចលើកនេះទេ។ មន្រ្តីយោធា​អាមេរិក ម្នាក់ដែល​សុំមិនបញ្ចេញឈ្មោះ បាន​និយាយ​ប្រាប់​កាសែត​ក្នុងស្រុកថា គេ​នឹង​សើរើ មើលឡើងថា ហេតុអ្វី​បានជា នៅក្នុងអាណត្តិប្រធានាធិបតីមុន មានការថ្លោះធ្លោយ បណ្តោយ​ឲ្យ​បាឡុង​ចិន ហោះរំលោភចូលដែនអាកាសអាមេរិក និង​​គ្មានការចាត់វិធានការ​អ្វីសោះ។

បាឡុង​ចារកម្ម​ចិន ដែលមាន​បំពាក់​បច្ចេកវិទ្យាទំនើប មាន​សមត្ថភាព​អាចចាប់​ថត​យកបាន​​ការសន្ទនា តាមទូរស័ព្ទ នៅអាមេរិក បាន​ហោះ​ពីលើ​ទីតាំង​យោធា​សំខាន់ៗ​របស់អាមេរិក ដូចជា​កន្លែងបាញ់មីស៊ីលអន្តរជាតិ​របស់អាមេរិក​នៅរដ្ឋ​ម៉ុងតាណាជាដើម។

តាមអ្នកជំនាញផ្នែកការពារ​ដែនអាកាស​ចិន អាមេរិក បើទោះបីជា​អាមេរិក បាញ់ទម្លាក់ បាឡុង ឬ វត្ថុហោះដែលអាច​ស៊ើបការណ៍សម្ងាត់​របស់អាមេរិក ក៏អាមេរិក​មិនអាច​ធ្វើអ្វីបានដែរ ព្រោះថា រាល់ព័ត៌មាន​សម្ងាត់ ដែល​វត្ថុហោះ និង​បាឡុងថតយកបាន គឺបានបញ្ជូន​ ទៅដល់​ប៉េកាំង រួចរាល់អស់​ទៅហើយ។

ប្រទេសច្រើន​ដែល​ប្រើ​បាឡុង​ចារកម្ម

ក្រៅពី​ចិន គឺ​មានអាមេរិក អ៊ីស្រាអែល រុស្ស៊ី ដែលអភិវឌ្ឍ ប្រើ​បាឡុង សម្រាប់ ​ស៊ើបយកការណ៍សម្ងាត់ ព្រោះថា វា​ជាមធ្យោបាយ​ដែលមាន​តម្លៃ​ថោក បើប្រៀបធៀបនឹង​ផ្កាយរណប។ ម្យ៉ាង គេ​កម្រ​នឹង​អាច​ចាប់សញ្ញាបាននៅក្នុងរ៉ាដា បើប្រៀបធៀប​នឹង​យន្តហោះ ឬ​វត្ថុហោះស៊ើបការណ៍សម្ងាត់ផ្សេងទៀត ព្រោះ​វា​ហោះ នៅពីលើ​កំពស់​ហោះ របស់​យន្តហោះស៊ីវិល ប៉ុន្តែ នៅក្រោម​គន្លងវិថី​របស់ផ្កាយរណប។

លេច​ចេញរូបរាង​នៅអំឡុង​សតវត្សរ៍ទី ១៨ នៅពេលទាហាន​បារាំង​បញ្ជូន​បាឡុង​ទៅស៊ើបយកការណ៍លើ​ទីតាំង​យោធា​របស់​សត្រូវ បាឡុង​ធ្លាប់ត្រូវ​ប្រទេសមហាអំណាច​យោធា ​អភិវឌ្ឍ​ប្រើ​កាន់តែ​ច្រើន តាំង​ពី​សម័យ​សង្រ្គាមត្រជាក់ ដើម្បីលួចស៊ើបយកការណ៍គ្នា​ទៅវិញទៅមក។

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ