អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកអេប្រាហ៊ីម រៃស៊ីធ្វើដំណើរទៅប៉េកាំងដើម្បីពង្រឹងទំនាក់ទំនងជាមួយ​មហាអំណាចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេស​ចិន ប្រធានាធិបតីអ៊ីរ៉ង់ លោក​អេប្រាហ៊ីម រ៉ៃស៊ី​ ​ចាប់ផ្តើមនៅថ្ងៃអង្គារ​ទី ១៤ កុម្ភៈ ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល៣ថ្ងៃ ទៅតាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​ចិន។ អមដោយ​គណៈប្រតិភូជាន់ខ្ពស់ ដែលមានតាំង​ពីរដ្ឋមន្រ្តី និង​អ្នកជំនួញអ៊ីរ៉ង់ លោកប្រធានាធិបតី អេប្រាហ៊ីម រ៉ៃស៊ី គ្រោងចូលជួប ពិភាក្សា​ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង នៅថ្ងៃ​នេះ នៅទីក្រុង​ប៉េកាំង។ ទស្សនកិច្ច​របស់ប្រធានាធិបតី​អ៊ីរ៉ង់ នៅប្រទេស​ចិន កើតឡើង​ចំពេល​ដែល​អ៊ីរ៉ង់ និង​ចិន សុទ្ធតែ​កំពុង​ជាប់​តានតឹង​ជាមួយ​ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក។ អ៊ីរ៉ង់ និង​ចិន​អាច​ចាប់ដៃ​គ្នា ដើម្បី បង្កើត​ខែល​ប្រឆាំង​លោកខាងលិច ឬ​ក៏យ៉ាងណា?

ប្រធានាធិបតីអ៊ីរ៉ង់ លោក​អេប្រាហ៊ីម រ៉ៃស៊ីធ្វើទស្សនកិច្ចផ្លូវរដ្ឋ ៣ថ្ងៃ​នៅប្រទេស​ចិន។ លោកប្រធានាធិបតី ស៊ី ជីនពីង​បាន​ចាប់ដៃទទួលប្រធានាធិបតីអ៊ីរ៉ង់ នៅថ្ងៃអង្គារ​ទី ១៤ កុម្ភៈ ២០២៣
ប្រធានាធិបតីអ៊ីរ៉ង់ លោក​អេប្រាហ៊ីម រ៉ៃស៊ីធ្វើទស្សនកិច្ចផ្លូវរដ្ឋ ៣ថ្ងៃ​នៅប្រទេស​ចិន។ លោកប្រធានាធិបតី ស៊ី ជីនពីង​បាន​ចាប់ដៃទទួលប្រធានាធិបតីអ៊ីរ៉ង់ នៅថ្ងៃអង្គារ​ទី ១៤ កុម្ភៈ ២០២៣ VIA REUTERS - WANA NEWS AGENCY
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតីអ៊ីរ៉ង់ លោក​អេប្រាហ៊ីម រ៉ៃស៊ី​បានធ្វើដំណើរ​ទៅដល់​ទីក្រុង​ប៉េកាំង នៅព្រឹកព្រលឹម​ថ្ងៃ​អង្គារ​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​៣ថ្ងៃ។ ប្រធានាធិបតីអ៊ីរ៉ង់​ធ្វើដំណើរ​ទៅប្រទេស​ចិន ដោយនាំយកគណៈប្រតិភូ ដ៏ច្រើន​សន្ធឹកសន្ធាប់។

គិត​ចាប់តាំង​ពី​ចូលកាន់តំណែង នៅអ៊ីរ៉ង់ នៅ​ខែ​សីហា​ឆ្នាំ ២០២១ ជាលើកទី១ ដែល​លោក​ប្រធានាធិបតីអ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី​ទើបធ្វើដំណើរ ទៅប្រទេស​ចិន។ លោកអេប្រាហ៊ីម រ៉ៃស៊ី​ក៏ជា​ប្រធានាធិបតីអ៊ីរ៉ង់ លើកដំបូងដែរ ដែលមេដឹកនាំ​ចិន​អញ្ជើញ​ឲ្យធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ​នៅប្រទេស​ចិន នៅក្នុង​រយៈពេល ២០ឆ្នាំ​ចុងក្រោយនេះ។

ប្រធានាធិបតី​អ៊ីរ៉ង់ មុន គឺ​លោក ហាសាន់ រូហានី​បាន​ធ្វើដំណើរ​ទៅប្រទេស​ចិន កាលពី​ឆ្នាំ ២០១៨ ដើម្បី​ចូលរួម​ក្នុងកិច្ចប្រជុំ​សហប្រតិបត្តិការសៀងហៃ ប៉ុន្តែ មិនមែន​ក្នុងក្របខ័ណ្ឌ ទស្សនកិច្ចផ្លូវរដ្ឋនៅចិននោះទេ។

លោកអេប្រាហ៊ីម រ៉ៃស៊ីវិញ លោក​ធ្លាប់​ជួប​ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង ផ្ទាល់ ជាលើកទី១ កាលពី​ខែ កញ្ញា​ឆ្នាំមុន នៅក្រៅក្របខ័ណ្ឌ​កិច្ចប្រជុំ​របស់អង្គការសហប្រតិបត្តិការ​សៀងហៃនេះដែរ ប៉ុន្តែ ដែល​រៀបចំ នៅ​ប្រទេស​អ៊ូប៊ែរគីស្ថាន។ នៅក្នុងជំនួបកំពូល នៅ​ពេលនោះ មេដឹកនាំ​អ៊ីរ៉ង់​បានស្នើសុំ​ឲ្យពង្រឹង​ទំនាក់ទំនងសេដ្ឋកិច្ច​ជាមួយ ប្រទេសចិន ជាពិសេស នៅក្នុងផ្នែក ប្រេង ថាមពល ការដឹកជញ្ជូន កសិកម្ម និងការវិនិយោគ។

ចិន​ជា​ប្រទេស​ដៃគូ ទិញប្រេងដ៏​សំខាន់​របស់​អ៊ីរ៉ង់ ខណៈពេល​ដែលវិស័យនាំចេញប្រេង​របស់​អ៊ីរ៉ង់ ត្រូវ​រឹតត្បិត​ មិនអាច​នាំចេញ​ទៅលក់​នៅបរទេស ដោយសារ​គំនាបទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក។ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ​មាន​ទំហំទឹកប្រាក់ប្រហាក់ប្រហែលគ្នា។ ឧទាហរណ៍ នៅ​ក្នុង​រយៈពេល​១០ខែមកនេះ ការនាំចេញរបស់អ៊ីរ៉ង់ ទៅប្រទេស​ចិន មានទំហំទឹកប្រាក់ ១២,៦​ពាន់លាន​ដុល្លារ ចំណែក ការនាំចូលទំនិញចិន ទៅអ៊ីរ៉ង់ មានទឹកប្រាក់ ១២,៧ពាន់លាន​ដុល្លារ។

ទោះចិន​ជា​ប្រទេសដៃគូសេដ្ឋកិច្ច​សំខាន់របស់អ៊ីរ៉ង់ ប៉ុន្តែ អ៊ីរ៉ង់ ស្ថិតនៅក្រោយ​អាហ្វហ្កានីស្ថាន និងតួកគី ទៅទៀត បើនិយាយ​ពីទំហំវិនិយោគ​របស់ចិន។ នៅអ៊ីរ៉ង់ ចិន​បាន​វិនិយោគទឹកប្រាក់​ប្រមាណ ១៦២លាន​ដុល្លារ ប៉ុណ្ណោះ ទៅក្នុង​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់ នៅក្នុង​ឆ្នាំទី១​នៃអាណត្តិ​របស់​ប្រធានាធិបតី​លោក​អេប្រាហ៊ីម រ៉ៃស៊ី។

ធ្វើដំណើរ​ជាលើកទី១ ទៅប្រទេសចិន នៅសប្តាហ៍នេះ លោក​ប្រធានាធិបតី​រ៉ៃស៊ី ដែល​អមដោយ​ប្រធានធនាគារកណ្តាល និង​រដ្ឋមន្រ្តីក្រសួងសំខាន់ៗ ដូចជា ក្រសួង​ពាណិជ្ជកម្ម ក្រសួងថាមពល ក្រសួង ដឹកជញ្ជូន កសិកម្ម ជាដើម នឹងធ្វើជា​អធិបតី លើ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន ជាមួយ​ភាគីចិន។

តាម​ជំនួយការ​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ ដែល​ទទួលបន្ទុកកិច្ចការនយោបាយ នៅក្នុង​អំឡុងទស្សនកិច្ចរបស់​លោករ៉ៃស៊ី ​នៅ​ប្រទេស​ចិន ភាគីអ៊ីរ៉ង់ និងភាគីចិន​នឹង​ពិភាក្សា​ធ្វើ​ឲ្យ​ចប់ កិច្ចព្រមព្រៀង សម្រាប់រយៈពេល ២៥ឆ្នាំ ដែលប្រទេសទាំងពីរបាន​ចុះហត្ថលេខា​ជាមួយគ្នា កាលពី ២ឆ្នាំមុន។ កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្រ្ត និង​ពាណិជ្ជកម្ម​រយៈពេល ២៥ឆ្នាំ ដែលផ្តោត​ទៅលើ​ផ្នែកថាមពល សន្តិសុខព័ត៌មានវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ មានតែ​នៅលើ​ក្រដាស តែប៉ុណ្ណោះ នៅ​រយៈពេល ២ឆ្នាំមកនេះ។

ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​នៅប្រទេស​ចិន ធ្វើឡើង​នៅក្នុង​កាលៈទេសៈ​មួយ ដែល​អ៊ីរ៉ង់​កំពុង​រង​ការចោទប្រកាន់​ពីអាមេរិកថា បាន​បញ្ជូន ដ្រូន និង​បង្កើន​សហប្រតិបត្តិការ​យោធា​ជាមួយ រុស្ស៊ី ដែលកំពុង​ធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។

ចិន​វិញ មិនបាន​ចូលរួមថ្កោលទោស​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន និង​មិនបាន​ចូលរួម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី ដូចប្រទេស​លោកខាងលិច ប៉ុន្តែ ចិន​អះអាងថា ខ្លួនបដិសេធ​មិនបញ្ជូនសព្វាវុធ​ជួយ​រុស្ស៊ី។

ចិនចង់អូសទាញ​អ៊ីរ៉ង់​ឲ្យនៅក្នុងអង្គការ​SCO និង BRICS

កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្រ្ត និង​ពាណិជ្ជកម្ម​រយៈពេល ២៥ឆ្នាំ ដែល​ចិន​បាន​ចុះហត្ថលេខា​ជាមួយអ៊ីរ៉ង់ កាលពី​ឆ្នាំ ២០២១ ជាផ្នែកមួយនៃ​យុទ្ធសាស្រ្ត​ពង្រឹង​ផ្លូវមួយ ខ្សែ​ក្រវ៉ាត់មួយ ដែលលោក​ប្រធានាធិបតីស៊ី ជីនពីង​បាន​ប្រកាស​បង្កើតឡើង នៅពេល​ចូលកាន់តំណែង​ដំបូង នៅឆ្នាំ ២០១៣។

ជាមួយ​អ៊ីរ៉ង់ ដែល​កំពុង​ឯកោរ​ ដោយសារ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក ចិន​សំឡឹង​ឃើញ​សម្ព័ន្ធមិត្ត​មួយទៀត ដែល​ចិន​ដែលអាច​ជួយឲ្យចិន​មាន​កម្លាំង ​ប្រឈមទប់ទល់​នឹង​អាមេរិក។

ដើម្បី​ប្រមូលកម្លាំង​ទប់ទល់​ក្រុមលោកខាងលិច ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម ហ្សេ ៧​ជាដើម ដែលនាំមុខ ដោយ​អាមេរិក ចិន​បាន​ចេញមុខ​ពង្រឹង​បក្សសម្ព័ន្ធមួយទៀត គឺ SCO អង្គការ​សហប្រតិបត្តិការ​សៀងហៃ និង​BRICS។ ដើម្បី​ជំរុញ​ឲ្យ​បក្សសម្ព័ន្ធ​ដែលចិន​ជាអ្នកផ្តួចផ្តើមគំនិតបង្កើតឡើង ចិន​បានជំរុញ គាំទ្រ អ៊ីរ៉ង់​បានបាន​​ក្លាយជា​សមាជិកទី​៩ របស់​អង្គការ​សហប្រតិបត្តិការសៀងហៃ នៅ​ឆ្នាំ ២០២១។ ឥលូវនេះ ចិន​កំពុងបញ្ចុះបញ្ចូល​ឲ្យ​សមាជិកដទៃទៀត របស់​BRICS ដែលមាន​ឥណ្ឌា រុស្ស៊ី ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង យល់ព្រម​ទទួល​យក​អ៊ីរ៉ង់ជា​សមាជិកមួយទៀត។ គោលដៅ​របស់​ចិន គ្មានអ្វីក្រៅពីប្រមែប្រមូល ប្រទេស​ដែលជា​សត្រូវ​របស់អាមេរិក ឲ្យមកនៅក្នុងក្រុមខ្លួននោះទេ។

ចិន និងអ៊ីរ៉ង់ មិនមែន​ល្អូកល្អឺននឹងគ្នា​គ្រប់រឿង

ទណ្ឌកម្ម​របស់អាមេរិក និង​ទំនាក់ទំនង​មិនសូវរលូន​សហភាព​អឺរ៉ុប បានធ្វើ​ឲ្យ​ចិន ក្លាយជាដៃគូ មិន​ខ្វះបាន​របស់​អ៊ីរ៉ង់។ ប៉ុន្តែ មិនមែនមានន័យ​ថា អ៊ីរ៉ង់​យល់ស្រប ជាមួយ​ចិន​គ្រប់​រឿង​នោះទេ។ ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី អ៊ីរ៉ង់ លោក​អេប្រាហ៊ីម រ៉ៃស៊ី​ទៅចិន ធ្វើឡើង​នៅ​តែ ២ខែក្រោយ អ៊ីរ៉ង់​បាន​កោះហៅ​ឯកអគ្គរដ្ឋទូតចិន​នៅ​តេហេរ៉ង់ ដើម្បី សំដែង​ការមិន​សប្បាយចិត្ត​របស់អ៊ីរ៉ង់ ទាក់ទង​នឹង​ជំហរចម្រូងចម្រាស​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ពេល​លោក ធ្វើទស្សនកិច្ច​នៅ​ប្រទេស​អារ៉ាប់ កាលពីខែ​ធ្នូ។ នៅក្នុងជំនួបកំពូលជាមួយ​មេដឹកនាំអារ៉ាប់ លោក​ស៊ីជីនពីង​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍រួម ដែលនៅក្នុងនោះ មានការអំពាវនាវ​ឲ្យ​មេដឹកនាំ​អារ៉ាប់ចរចា​ជាមួយភាគី អ៊ីរ៉ង់ ស្តីពី​ជម្លោះដណ្តើម​កោះ នៅច្រកសមុទ្រ Ormuz។

អ៊ីរ៉ង់​មិន​សប្បាយចិត្ត​ដែលឃើញ​ចិន​លូកដៃ​ក្នុង​រឿងនេះ ព្រោះថា កោះ​ទាំងបី ដែលអេមីរ៉ាត អារ៉ាប់រួម ទាមទារ​ចង់បាន ជា​កម្មសិទ្ធិគ្រប់គ្រង​ដោយ​អ៊ីរ៉ង់ តាំង​ពី​ឆ្នាំ ១៩៧១មកម្ល៉េះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ