អានតួអត្ថបទ
អ៊ីរ៉ង់-ចិន

ចិនចេញមុខ​រិះគន់​សាជាថ្មីទណ្ឌកម្ម​អាមេរិកទៅលើ​អ៊ីរ៉ង់

ចិន​បាន​បញ្ជាក់សាជាថ្មី ជំហរប្រឆាំង​របស់ខ្លួន​ទៅនឹង​ការដាក់ទណ្ឌកម្ម​ឯកតោភាគី​របស់​អាមេរិក​ទៅលើ​អ៊ីរ៉ង់។ នេះជា​ការអះអាង​របស់​រដ្ឋមន្រ្តីការបរទេស​ចិន វ៉ាង យី​ នៅក្នុងជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ កាលពីសុក្រ​ទី ១៤​មករា​។ ជំនួប​រវាង​ប្រមុខការបរទេស​ចិន និង​អ៊ីរ៉ង់ ធ្វើឡើង នៅក្នុង​ឱកាស​សម្ពោធ ដាក់ឲ្យដំណើរការ​គម្រោងសហប្រតិបត្តិការ​សំដៅ​ពង្រឹងចំណង​សេដ្ឋកិច្ច និង​នយោបាយ​រវាង​ប្រទេស​ទាំងពីរ។

រដ្ឋមន្រ្តីការបរទេស​ចិន លោក​វ៉ាង យី
រដ្ឋមន្រ្តីការបរទេស​ចិន លោក​វ៉ាង យី REUTERS - ISSEI KATO
ផ្សាយពាណិជ្ជកម្ម

នៅក្នុងជំនួបប្រជុំ​ជាមួយសមភាគីអ៊ីរ៉ង់ រដ្ឋមន្រ្តីការបរទេស​ចិន លោក​វ៉ាង យី​បាន​និយាយ​បន្ទោស​​អាមេរិក​ថា ជាអ្នកទទួលខុសត្រូវសំខាន់លើ​បញ្ហាលំបាករបស់​អ៊ីរ៉ង់សព្វថ្ងៃ ព្រោះ​អាមេរិក​ជាអ្នកដកខ្លួន​ដោយ​ឯកតោភាគី ពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ នៅ​ឆ្នាំ ២០១៨។

ទៅតាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរឆ្នាំ ២០១៥ អ៊ីរ៉ង់ត្រូវ​សន្យាមិនអនុវត្ត​កម្មវិធីនុយក្លេអ៊ែរយោធា ជាថ្នូរ​នឹង​ការដកទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។ ប៉ុន្តែ នៅក្រោយ​អាមេរិក​ក្រោមរដ្ឋបាល​លោកដូណាល់ ត្រាំ ដកខ្លួន​ដោយ​ឯកតោភាគី និង​បាន​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​សាជាថ្មីលើ​អ៊ីរ៉ង់ អ៊ីរ៉ង់ក៏ចាប់ផ្តើម​រំលោភ​កិច្ចសន្យា​ដែលមាន​នៅក្នុង​កិច្ចព្រមព្រៀង​ ដូចជាត្រលប់ទៅ​ចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម​ក្នុងកម្រិតខ្ពស់ និង​ច្រើនជាងមុន។

ចិន និង​អ៊ីរ៉ង់​សុទ្ធតែ​ជាប់រងទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិកដូចគ្នា។ នៅចំពោះមុខ​រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ ប្រមុខការបរទេស​ចិនបានអះអាងថា ចិនដែលជា​ហត្ថលេខី​មួយ​នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ប្រឆាំង​ដាច់ខាត ការដាក់ទណ្ឌកម្ម​ខុសច្បាប់ ដោយ​ឯកតោភាគី លើអ៊ីរ៉ង់ ដោយយក​បញ្ហា​រំលោភសិទ្ធិមនុស្ស​មកធ្វើជាលេស។ ចិន​ប្រឆាំង​ដាច់ខាត​ការលូកដៃ​ក្នុង​កិច្ចការរបស់​អ៊ីរ៉ង់ និង​ ​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់។ នេះ​ជាប្រសាសន៍​របស់​ប្រមុខការបរទេស​ចិន ​លោក​វ៉ាង យី។

នៅថ្ងៃ​សុក្រលោក​វ៉ាងយី បានទទួលជួប​រដ្ឋមន្រ្តីការបរទេស​​អ៊ីរ៉ង់ នៅ​ខេត្ត​ធៀនស៊ូ នៅក្នុង​ឱកាស​បើកសម្ពោធ​ដាក់ឲ្យដំណើរការ​ជាផ្លូវការគម្រោងសហប្រតិបត្តិការ​សេដ្ឋកិច្ច ដែល​ប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថលេខារួមគ្នា កាលពី​ខែ​មីនា​ឆ្នាំមុន។

ទៅតាម​កិច្ចព្រមព្រៀង​រយៈពេល​២៥ឆ្នាំដែល​នឹង​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ក្លាយជាប្រទេស​ដៃគូមួយទៀត​ នៅក្នុង​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​របស់​ចិន សហប្រតិបត្តិការ​ចិន អ៊ីរ៉ង់​នឹង​ផ្តោតសំខាន់​លើ​ផ្នែក​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខភាព និង​សន្តិសុខ​ព័ត៌មានវិទ្យាជាដើម។ នៅក្នុង​ផ្នែកថាមពល ចិន​ជា​អតិថិជនទិញនាំចូលប្រេង​ធំជាងគេ​របស់​អ៊ីរ៉ង់ នៅក្នុង​ខណៈពេល​ដែលវិស័យនាំចេញប្រេង​របស់​អ៊ីរ៉ង់ត្រូវ​រឹតត្បិត​មិនអាច​នាំចេញ​ទៅលក់​នៅបរទេស ដោយសារ​គំនាបទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ