អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល៖ ​​ ​បាតុកម្មដ៏ធំសម្បើម​ ប្រឆាំងនឹងរដ្ឋាភិបាល​ដែល​ចង់កែប្រែប្រព័ន្ធយុត្តិធម៌

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីរសប្តាហ៍​មកហើយនៅអ៊ីស្រាអែល ដែល​ប្រជាពលរដ្ឋ​ងើបឈរ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ និង​បិទ​ផ្លូវ​ខ្លះ​ផង។ យប់​ថ្ងៃ​សៅរ៍​ ​បាតុករ​បាន​កើនឡើង​ដល់​ចំនួន​ជាង​ ១០ ម៉ឺននាក់​។​ នេះ​ពីព្រោះតែ​ពួក​គេ​មិន​សប្បាយ​ចិត្ត​ចំពោះ​គម្រោងការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​អ៊ីស្រាអែល ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​រដ្ឋាភិបាល​ចម្រុះមា​ននិន្នាការ​ស្តាំ​និយម​ជ្រុល។ ប្រធានាធិបតី​អ៊ីស្រាអែល​អំពាវនាវឲ្យ​ទម្លាក់​ចោល​គម្រោង​ពិភាក្សានេះ ក៏​ប៉ុន្តែ ប្រធានរដ្ឋ​សភា​ បាន​បើកភ្លើងខៀវ​ឲ្យ​ផ្តើម​ពិភាក្សា​ច្បាប់​ចាប់ពីថ្ងៃអាទិត្យ​ ទី​១២មីនា​​។​​

នៅក្រុង​ Tel Avil នាថ្ងៃ​សៅរ៍ អ្ន​កចូលរួម​បាតុកម្ម គឺច្រើន​ជាង​សព្វ​មួយ​ដង​។ ​
នៅក្រុង​ Tel Avil នាថ្ងៃ​សៅរ៍ អ្ន​កចូលរួម​បាតុកម្ម គឺច្រើន​ជាង​សព្វ​មួយ​ដង​។ ​ REUTERS - ILAN ROSENBERG
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍ អ្ន​កចូលរួម​បាតុកម្ម គឺច្រើន​ជាង​សព្វ​មួយ​ដង​។ តើ​មកពីហេតុអ្វី​?​

បាតុកម្មសម្តែង​ក្តីមិន​សប្បាយ​ចិត្តចំពោះរដ្ឋាភិបាល​អ៊ីស្រាអែល គឺ ​ផ្ទុះ​ឡើង​ច្រើន​សប្តាហ៍​មកហើយ​ ១០សប្តាហ៍​ជាប់ៗ​គ្នា។ អ្នកសារព័ត៌មាន​បរទេស សង្កេតឃើញថា ពីរសប្តាហ៍​ចុងក្រោយ​នេះ សន្ទុះ​បាតុកម្ម​ គឺកាន់តែ​ខ្លាំង និងមាន​ចំនួន​អ្នក​ចូលរួម​ កាន់តែ​ច្រើន។ បាតុកម្ម​នៅ​ថ្ងៃសៅរ៍ គឺ ច្រើន​កន្លែងណាស់ នៅ​តាម​បណ្តា​ទីក្រុង​សំខាន់ៗ​។

នគរបាល​អ៊ីស្រាលអែល មិន​បញ្ជាក់​ប្រាប់​ពី​ចំនួន​បាតុករ​ទេ ក៏ប៉ុន្តែ​ បណ្តា​​កាសែត​អ៊ី​ស្រាអែល​នៅ​ក្នុង​ស្រុក ផ្សាយ​ថា នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស មាន​បាតុករ​ជាង​១ម៉ឺននាក់ នៅ​ខាង​ជើង ជាង​៥ម៉ឺននាក់ ហើយបូក​និង​បាតុករ​​នៅ​ក្រុង​ Tel Avil ទៀត  ជា​សរុស​ប្រមាណ ​​ជាង​១០ម៉ឺននាក់​ឯណោះ ដែល​ចុះ​ផ្លូវ​តវ៉ា​នៅ​ល្ងាច​និង​យប់​​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ។ នេះព្រោះតែ​សមាជិកសភា​ ​​បើកសវនាពិភាក្សា នៅ​ថ្ងៃអាទិត្យ​នេះ។​

ប្រធាន​រដ្ឋ​សភា Knesset បាន​កំណត់​របៀបវរៈ​​ ចំពោះ​ពង្រាង​ច្បាប់​កែប្រែប្រព័ន្ធ​តុលាការ​នេះ​ ជជែក​ពិភាក្សាជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ​ដល់​ថ្ងៃ​អង្គារ៍ ​​ហើយ​គ្រោង​នឹង​បោះឆ្នោត​​សម្រេចអនុម័ត​ នៅ​ថ្ងៃទី​២មេសា។​ ៣សប្តាហ៍​ខាងមុខនេះ។​​

ផ្ទុយទៅវិញ ប្រធានាធិបតីអ៊ីស្រាអែល​ លោក​ Isaac Herzog បាន​អំពាវនាវ​ឲ្យ​រដ្ឋ​សភា​ ទម្លាក់​​ចោល​​កិច្ចពិភាក្សា​ពី​​​កំណែទម្រង់​ប្រព័ន្ធ​តុលាការ នោះ​ចោលទៅ។ នេះក៏ព្រោះតែ​លោក​ប្រធានាធិបតី​ ចាត់ទុកថា «ពង្រាង​ច្បាប់នេះ គំរាម​កំហែង​ដល់​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​​ប្រជាធិបតេយ្យ​»។​ ក៏ប៉ុន្តែ សម្តី​​និង​ទឹកមាត់​របស់​​ប្រមុខរដ្ឋអ៊ីស្រាអែល​ មិន​ប្រៃទេ ព្រោះតួនាទី​ប្រធានាធិបតី​​ មិន​សូវ​មាន​អំណាច​ទេ ​នៅ​អ៊ីស្រាអែល។​

​តើ​គម្រោង​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​នេះ មាន​អ្វី​មិន​ល្អ ដែល​ធ្វើ​ឲ្យ​ប្រជាជន​មិន​សប្បាយ​ចិត្ត និង​បះបោរ​ប្រឆាំង​យ៉ាងដូច្នេះ​?​

ចំណុច​មិន​ល្អ ក្នុង​​​ពង្រាង​ចង់​កែប្រែប្រព័ន្ធ​យុត្តិធម៌អ៊ីស្រាអែល​ គឺ​ក្រុម​ពលរដ្ឋ​បាតុករ​យល់ឃើញថា  រដ្ឋាភិបាលចម្រុះអ៊ីស្រាអែល ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ចង់​កាត់​បន្ថយ​អំណាច​តុលាការ​កំពូល​​ និង​ចង់​​ត្រួត​ត្រា​ចៅក្រម។ នេះគឺ​តាម​រយៈ​ការ​ផ្តល់​សិទ្ធ​អំណាច​ឲ្យ ​រដ្ឋសភា តែង​តាំង​ចៅក្រម​តុលាការ​កំពូល​ និង​តែង​តាំង​ទីប្រឹក្សា​ច្បាប់​សម្រាប់​រដ្ឋាភិបាល​។​ រដ្ឋសភា ដែលគណបក្ស​ស្តាំ​និយម​និង​ស្តាំនិយម​ជ្រុល​ រួមគ្នា មាន​សំឡេង​ភាគច្រើន គឺ​ច្បាស់​ជា​នឹង​ជ្រើត​តាំង​ចៅក្រមណា ​ដែល​មាន​និន្នាការ​​របស់​ក្រុម​ខ្លួន ជា​​មិនខាន។ ហេតុនេះ គឺ​ធ្វើ​ឲ្យ​​ តុលាការ​កំពូល​ នឹងលែងក្លាយ​ជាស្ថាប័ន​ឯករាជ្យ​ ដូ​ចពីមុន​ទៀត​ហើយ។​

ម្យ៉ាង​វិញទៀត អ្ន​កតាម​ដាន​ស្ថានការណ៍​នៅអ៊ីស្រាអែល​ វិភាគ​ឃើញថា​ នាយករដ្ឋមន្ត្រី​ លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ កាន់អំណាច​យូរ​ជាង​គេ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​អ៊ីស្រាអែល ហើយ​ក៏​ជាប់​ពាក់​ព័ន្ធ​នឹងសំណុំ​រឿង​ពុករលួយ និង​ការ​រំលោភ​អំណាច​ជាច្រើនជាងគេ​ដែរ​​ នៅក្នុង​អាណត្តិដឹកនាំ​ពី​មុនៗ​។ នៅ​ក្នុង​អាណត្តិ​ចាស់​ លោក ណេតាន់យ៉ាហ៊ូ ​ក៏ត្រូវ​ជាប់រង​ការ​ចោទប្រកាន់​ និងមាន​រឿង​ក្តីក្តាំ​ជាច្រើន​ តាម​ផ្លូវ​តុលាការ។​ អាស្រ័យ​ហេតុ​ដូច្នេះ​ ពេល​នេះ ពេល​ឡើង​កាន់​អំណាចរដ្ឋ​ជាថ្មី លោក​ចង់​ជម្រះ​បញ្ជី​ជាមួយ​បណ្តា​ចៅក្រម និង​រដ្ឋអាជ្ញា ​ដែល​ហ៊ាន​កាត់​ក្តី​ និង​ហ៊ាន​ចោទប្រកាន់​លើរូប​លោក។​

សំណុំ​រឿង​តុលាការ​កំពូលអ៊ីស្រាអែល​ ទំនង​ជា​មិនមែន​មាន​ត្រឹមតែ​រឿង​បុគ្គល​នាយករដ្ឋមន្ត្រី​តែមួយ​មុខ​ទេ។

តុលាការកំពូលអ៊ីស្រាអែល ត្រូវ​ប្រជាពលរដ្ឋ​អ៊ីស្រាអែល ផ្តល់​ទំនុ​ក​ចិត្ត​ខ្លាំង ថា​ជា​ស្ថាប័ន​ជម្រះ​ក្តី​ឯករាជ្យ​ ហើយ​កន្លង​មក ថែមទាំង​ហ៊ាន​ស្តី​បន្ទោស​រដ្ឋាភិបាល ​ជុំវិញ​នយោបាយអាណានិគមកិច្ច ទៀត​ផង។ កន្លងទៅ សេចក្តី​សម្រេច​ចិត្ត​របស់​តុលាការ​កំពូល ផ្ទុយ​ពី​​ការ​ចង់​បាន​របស់​បន្ទាន់​នយោបាយ​របស់​រដ្ឋាភិបាល​។ នេះជារឿង​មួយ។

រឿងមួយ​ទៀត ចំពោះ​គម្រោង​កែប្រែច្បាប់​វិស័យ​យុត្តិធម៌​នៅលើកនេះ គឺ​អ្ន​កវិភាគស្ថានការណ៍​​ចាប់អារម្មណ៍​ពី​វត្តមាន​របស់​ក្រុម​អង្គការ​ វេទិកា​ Kohelet Policy Forum ដែល​នៅ​ពីក្រោយ​​គម្រោង​ការកែប្រែច្បាប់​ និងដែល​ជា​អ្នក​ជួយ​ជំរុញ​អ្នក​តំណាងរាស្ត្រ​និងសមាជិក​រដ្ឋាភិបាល​ពួក​ស្តាំ​និយម។ កាលពី​ឆ្នាំ២០២១ កាសែត​និន្នាការ​ឆ្វេង​និយម​នៅអ៊ីស្រាអែល Haaretz បាន​ស៊ើប​អង្កេត​និង​ធ្វើសេចក្តីរាយការណ៍ថា អង្គការ វេទិកា Kohelet Policy Forum នេះ គឺ​ទទួល​ការ​ផ្តត់ផ្គង់​លុយកាក់​ដោយ​ពួកគាំទ្រ​​បក្ស​សាធារណរដ្ឋនៅសហរដ្ឋ​អាមេរិក។ ពោល​គឺ​សេដ្ឋី​អាមេរិក ដើមកំណើត​ជ្វីហ្វ ដែល​ជា​មនុស្ស​ជាតិនិយមជ្វីហ្វ​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ