អានតួអត្ថបទ
អ៊ីរ៉ង់-អាមេរិក-អ៊ីស្រាអែល

អ៊ីរ៉ង់៖ អាយ៉ាតូឡា ​អាលីខាមឺណី ចោទ​អាមេរិក​​និង​​អ៊ីស្រាអែល ថា​ជា​​អ្នក​​​ពន្យុះ​​​​ឲ្យ​​​មាន​បាតុកម្ម​​​​ហិង្សា

ប្រមាណជាង២សប្តាហ៍​មកហើយ​ ដែលប្រជាជន​អ៊ីរ៉ង់ ជាពិសេសយុវជន​សិស្សនិស្សិត​ បាន​ធ្វើ​បាតុកម្ម​នៅតាម​ទីក្រុង​ធំៗ ដើម្បីទាមទារសិទ្ធិសេរីភាព ប្រឆាំងចំពោះអំណាចនយោបាយ​​អ៊ីស្លាម​ផ្តាច់ការ​។ បាតុកម្ម​​ដែល​​បាន​ផ្ទុះឡើង ក្រោយ​ការស្លាប់ស្ត្រីអ៊ីរ៉ង់ម្នាក់ ឈ្មោះ Mahsa Amini ដែលត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន ដោយចោទថា​មិនបានស្លៀកពាក់ និង​ទទូលក្រណាត់លើក្បាល ​ឲ្យ​បានត្រឹមត្រូវ។ ​នៅថ្ងៃអង្គារ​នេះ មគុទេសន៍​សាសនាកំពូល របស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលីខាមឺណី បាន​ប្រកាសចោទប្រកាន់ថា ចលនាបាតុកម្ម​ហិង្សានេះ គឺជាស្នាដៃ របស់​អាមេរិក និ​ងអ៊ីស្រាអែល។

នរគបាលអ៊ីរ៉ង់ក្នុងឯកសណ្ឌានស៊ីវីល​ ជិះម៉ូតូដេញវាយ​បំបែកបាតុករ ដែល​មកជុំគ្នាស្រែកតវ៉ា ទាមទារសិទ្ធិសេរីភាព ក្រោយការស្លាប់របស់ស្ត្រីឈ្មោះ Mahsa Amini ។ ក្រុងតេហេរ៉ង់ ថ្ងៃទី១៩ កញ្ញា ២០២២
នរគបាលអ៊ីរ៉ង់ក្នុងឯកសណ្ឌានស៊ីវីល​ ជិះម៉ូតូដេញវាយ​បំបែកបាតុករ ដែល​មកជុំគ្នាស្រែកតវ៉ា ទាមទារសិទ្ធិសេរីភាព ក្រោយការស្លាប់របស់ស្ត្រីឈ្មោះ Mahsa Amini ។ ក្រុងតេហេរ៉ង់ ថ្ងៃទី១៩ កញ្ញា ២០២២ via REUTERS - WANA NEWS AGENCY
ផ្សាយពាណិជ្ជកម្ម

ខ្ញុំសូមនិយាយ​ដោយ​ច្បាស់តែម្តង ថា អំពើកុបកម្ម​ អសន្តិសុខទាំងនេះ​ គឺជាស្នាដៃ របស់សហរដ្ឋអាមេរិក និង​របស់​ពួកអ៊ីស្រាអែល ព្រមទាំងមានការចូលរួមជួយ ពីពួកអ៊ីរ៉ង់ក្បត់ជាតិឯង ដែលរស់​នៅក្រៅប្រទេសផង។ នេះគឺជាសម្តី​លើកឡើង របស់​មគុទេសន៍សាសន៍កំពូលអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមឺណី ដែលបានចេញប្រតិកម្ម​ជាលើកទីមួយ ទាក់ទិននឹង​បាតុកម្ម​ហិង្សា ដែលកំពុងតែផុសផុលខ្លាំងនៅអ៊ីរ៉ង់​ ប្រមាណ​ជាង​២សប្តាហ៍​មកនេះ​។ នៅលើទំព័រ Twitter អាយ៉ាតូឡា អាលី ខាមឺណី បាន​អះអាងថា អាមេរិកមិនចង់ឃើញអ៊ីរ៉ង់រឹងមាំ ហើយ​ឯករាជ្យនោះទេ។​

សូមរំលឹកថា បាតុកម្ម​ កុបកម្ម​នៅអ៊ីរ៉ង់ បាន​ផ្ទុះឡើង បន្ទាប់ពី​ស្ត្រីអ៊ីរ៉ង់ម្នាក់ឈ្មោះ Mahsa Amini អាយុ២២ឆ្នាំ បាន​ស្លាប់កាលពីថ្ងៃ​ទី​១៦​កញ្ញា ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន ដោយចោទថាមិន​បាន​ស្លៀក​ពាក់និង​គ្របទទូលក្រណាត់លើក្បាល​ ឲ្យ​បានត្រឹមត្រូវទៅតាមច្បាប់កំណត់។ ការស្លាប់របស់​ស្ត្រីរូបនេះ បាន​ធ្វើឲ្យ​ប្រជាជនអ៊ីរ៉ង់​ជាពិសេស គឺស្ត្រីតែម្តង បានចូលរួម​ចុះផ្លូវធ្វើបាតុកម្ម​ ប្រឆាំងចំពោះអំណាចអ៊ីស្លាមផ្តាច់ការ ដែល​បំបិទសិទ្ធិ កៀបសង្កត់​ស្ត្រី ក្នុងនឹម​ប្រពៃណីចាស់គំរិល​ដ៏តឹងតែងបំផុត​។ ចលនាបាតុកម្មនេះ ក៏បានទទួលការគាំទ្រផុសផុលខ្លាំង​ នៅតាម​បណ្តាប្រទេសផ្សេងៗដែរ មិនថាប្រទេសក្បែរខាងអ៊ីរ៉ង់ និងនៅអឺរ៉ុប។

នៅយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទ ដើមសប្តាហ៍នេះ កុបកម្ម​នៅ​តែផុសផុលខ្លាំង ជាពិសេសនៅតាម​សកលវិទ្យាល័យធំៗមួយចំនួន នៅ​ក្រុងតេហេរ៉ង់ និង​នៅក្រុង​អ៊ីស្ប៉ាអង់ជាដើម។ សមត្ថកិច្ចអ៊ីរ៉ង់ បានប្រើកាំភ្លើងបាញ់គ្រាប់ដែក និង​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ខណៈនិស្សិតជាច្រើននាក់ បានស្រែក​ពាក្យថា “ស្ត្រី ជីវិត សេរីភាព”។ បណ្ដាញ​ព័ត៌មានអ៊ីរ៉ង់​​ Mehr បានចុះផ្សាយថា ក្រុមនិស្សិត​ សុខចិត្ត​ស្លាប់ ចៀសជាងទទួលរងនូវការមាក់ងាយ។

យោងតាមអង្គការ​ Iran Human Rights ដែលមានមូលដ្ឋាន​នៅក្រុងអូស្លូ គឺ​យ៉ាងហោចណាស់មានមនុស្ស​ស្លាប់ចំនួន​៩២នាក់ ដោយ​ការបង្ក្រាប​យ៉ាងហិង្សាបំផុតរបស់សមត្ថកិច្ចអ៊ីរ៉ង់ ក្នុងរវាងជាង២សប្តាហ៍​មកនេះ។ ក្នុងចំណោម​បាតុករដែលគេចាប់ខ្លួន ក្រសួងចារកិច្ចអ៊ីរ៉ង់អះអាងថា មាន​ជនប្រទេសចំនួន៩នាក់ ក្នុងនោះមាន​បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និង​ប៉ូឡូញ ជាដើម។ ចំណាត់​ការធម៌ក្តៅរបស់​របបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់ ទៅ​លើ​ការ​ធ្វើបាតុកម្មទាមទារសិទ្ធិសេរីភាព ​របស់ប្រជាពលរដ្ឋនេះ ត្រូវបាន​​រដ្ឋាភិបាលអាមេរិក អង់គ្លេស​ និងកាណាដា ជាដើម ប្រកាសថ្កោលទោសជាខ្លាំង។ រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេសបានកោះហៅ​អគ្គរដ្ឋទូតអ៊ីរ៉ង់ទៅសាកសួរ ចំណែកកាណាដាវិញ បានអនុម័ត​វិធានការទណ្ឌកម្មថ្មីមួយ សំដៅលើ​មេដឹកនាំអ៊ីរ៉ង់ ដោយ​ចោទថារបបនេះ ធ្វើបាបស្ត្រីជាលក្ខណៈ​ប្រព័ន្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ