អានតួអត្ថបទ
អ៊ីស្រាអែល

ប្រជាជនអ៊ីស្រាអ៊ែល ​ធ្វើបាតុកម្ម​ប្រឆាំងរដ្ឋាភិបាលសាសនាស្តាំនិយមជ្រុល​ របស់​លោកណេតាន់យ៉ាហ៊ូ

កាលពីយប់ថ្ងៃសៅរ៍ ទី​១៤មករា ប្រជាជនអ៊ីស្រាអែល ជាច្រើនម៉ឺននាក់ បានជួបជុំគ្នាធ្វើបាតុកម្ម នៅតាមទីក្រុងធំៗ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល សាសនាស្តាំនិយមជ្រុល ដឹកនាំដោយ​លោក​ណេតាន់យ៉ាហ៊ូ។ គំរោងធ្វើកំណែទម្រង់ លើវិស័យ​តុលាការ ដែល​រដ្ឋាភិបាល​នេះចង់ធ្វើ បានធ្វើ​ឲ្យ​ប្រជាជនអ៊ីស្រាអែល មានការព្រួយបារម្ភ ថារបបប្រជាធិបតេយ្យអ៊ីស្រាអែល នឹងរង្គោះរង្គើ ព្រោះ​នាយករដ្ឋមន្ត្រីនឹងក្តាប់អំណាចពេញដៃ។​ ជាងនេះទៀត រដ្ឋាភិបាល​ស្តាំនិយ​មជ្រុលនេះ ត្រូវបាន​មតិប្រជាជនគិតថា​ មានគោលនយោបាយ​ រើសអើងជាតិសាសន៍ បែងចែកសង្គម និង​បង្កជម្លោះជាមួយ​ប៉ាឡេស្ទីន​។

ប្រជាជនអ៊ីស្រាអែល ជុំគ្នាធ្វើបាតុកម្ម​ប្រឆាំងរដ្ឋាភិបាល​ស្តាំសាសនានិយមជ្រុលរបស់​លោក​ណេតាន់យ៉ាហ៊ូ។ ក្រុង Tel Aviv ថ្ងៃទិ ១៤ មករា ២០២៣​
ប្រជាជនអ៊ីស្រាអែល ជុំគ្នាធ្វើបាតុកម្ម​ប្រឆាំងរដ្ឋាភិបាល​ស្តាំសាសនានិយមជ្រុលរបស់​លោក​ណេតាន់យ៉ាហ៊ូ។ ក្រុង Tel Aviv ថ្ងៃទិ ១៤ មករា ២០២៣​ AP - Oded Balilty
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រជាជនបានមកជួបជុំគ្នា នៅវេលាម៉ោង៩យប់ នៅទីលាន Habima កណ្តាល​ក្រុងទែលអាវីវ។ មនុស្ស​ភាគច្រើនមកទាំងគ្រួសារ មានកូនតូចៗផង ដៃទទូលឆ័ត្រ ក្រោម​ដំណក់ទឹកភ្លៀងជោកជាំ។ នេះបើ​ផ្អែកតាម​ការបញ្ជាក់​ពី​អ្នក​រាយ​ការណ៍ព័ត៌មានបារាំង AFP ដែលនៅទីតាំងផ្ទាល់។

យោងតាម​ប្រភព​ពីនគរបាល​អ៊ីស្រាអែល នៅទែលអាវីវ មានប្រជាជន​យ៉ាងហោច ៨ម៉ឺននាក់ បានមកចូលរួមធ្វើ​បាតុកម្ម​។ ការជួបជុំធ្វើបាតុកម្ម​ក៏មានផងដែរ​ នៅទីក្រុងហ្សេរុយសាឡឹម ខាងមុខនិវេសនដ្ឋាន លោកប្រធានាធិបតី ​Issac Herzog និ​ងមុខផ្ទះលោក​ណាតាន់យ៉ាហ៊ូ នាយ​ករដ្ឋមន្ត្រីអ៊ីស្រាអែល​។

សូមបញ្ជាក់ថា ចលនាបាតុកម្មដ៏ធំកក្រើកនេះ ត្រូវបានបំផុសបំផុលដោយ​ អង្គការប្រឆាំងអំពើពុករលួយ ដោយ​មានការចូលរួមពី​ក្រុម​គណបក្សនយោបាយកណ្តាល និងឆ្វេងនិយមអ៊ីស្រាអែល។ លោកអតីរដ្ឋមន្ត្រីការពារជាតិ Benny Gantz និង​លោក​អតីតរដ្ឋមន្ត្រីការបរទេស Tzipi Livni ក៏មានវត្តមានចូលរួមដែរ។ សំណេរលើផ្ទាំងបដា អំពាវនាវឲ្យ​ស្រោចស្រង់​លទ្ធិប្រជាធិបតេយ្យ​​អ៊ីស្រាអែល ត្រូវបានគេសរសេរព្រោងព្រាត ។ បាតុករខ្លះ បានទាមទារឲ្យ​លោកណេតាន់យ៉ាងហ៊ូ ដែល​ប្រឡាក់ប្រឡូសដោយ​រឿងអាស្រូវពុករលួយ ត្រូវតែចុះចេញពីតំណែង។

លោកស្រី Ayala Procaccia អតី​តចៅក្រមតុលាកំពូលអ៊ីស្រាអែល បានកាន់មីក្រូហ្វូន ថ្លែងទៅកាន់​ក្រុមបាតុករថា ប្រជាជនអ៊ីស្រាអែល មិនអាច​ទទួលយកបានជាដាច់ខាត នូវការបំផ្លាញ​របបនយោបាយប្រជាធិបតេយ្យ ដែលមានតាំងតែពីឆ្នាំ​១៩៤៨។ កាលៈទេសៈពេលនេះ គឺជា​ពេល​ដែល​ពលរដ្ឋ ត្រូវរួមគ្នាការពារ​តម្លៃមនសិកា របស់អ៊ីស្រាអែល​។

គួររំលឹកថា នៅអ៊ីស្រាអែលគ្មានរដ្ឋធម្មនុញ្ញទេ។ ដូច្នេះ គឺ​​អំណាចតុលាការ ដែលជាបង្អែកធំ ក្នុង​ការរក្សាតុល្យភាពអំណាច ទប់​មិនឲ្យ​អំណាចនីតិប្រតិបត្តិ​​ប្រើអំណាច​ផ្តាច់ការ។ ក៏ប៉ុន្តែ កាលពីថ្ងៃទី​៤មករា រដ្ឋាភិបាលចម្រុះស្តាំនិយមជ្រុល ដឹកនាំដោយ​លោកណេតាន់យ៉ាហ៊ូ បានបង្ហាញ​គម្រោង​ធ្វើកំណែទម្រង់ ប្រព័ន្ធតុលាការ ដែល​ក្រុមអ្នករិះគន់បាន​ហៅថា ជាផែនការ​ប្រមូលអំណាចក្តាប់ក្នុងដៃ តាមរយៈការកាត់បន្ថយតួនាទី និងអំណាចរបស់​ប្រព័ន្ធយុត្តិធម៌​។ ក្រុមបាតុករ ចាត់ទុក​រដ្ឋាភិបាលលោកណេតាន់យ៉ាហ៊ូ មានទំនោរកាន់តែផ្តាច់ការ រើសអើសផ្លូវភេទ បែង​ចែក​សង្គម។ ជាពិសេសនោះ រដ្ឋាភិបាលស្តាំនិយមជ្រុលនេះ​ ត្រូវប្រជាជនភាគច្រើន ចោទថាបានធ្វើ​សកម្មភាព​ដាក់​អាណានិគមលើដែនដី​ប៉ាឡេស្ទីន បង្កជម្លោះជាតិសាសន៍និងសាសនា ធ្វើឲ្យ​អ៊ីស្រាអែល និងប៉ាឡេស្ទីន គ្មានថ្ងៃមានសន្តិភាពនឹងគ្នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ