អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើគេត្រូវព្រួយបារម្ភពីផលវិបាកនៃការដួលរលំធនាគារ SVB របស់អាមេរិក​ដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅអាមេរិក លោកប្រធានាធិបតី ចូ បៃដិន​ព្យាយាម​និយាយ​ធានា​ពីភាពរឹងមាំ​របស់​ប្រព័ន្ធធនាគារអាមេរិក នៅក្រោយ ធនាគារចំនួន​៣ របស់អាមេរិក ដួលរលំ​បន្តបន្ទាប់គ្នា កាលពីប៉ុន្មានថ្ងៃមុននេះ។ ការដួលរលំ​ធនាគារ ឈ្មោះ SVB (Silicon Valley Bank) ​ដែល​ជា​ធនាគារ​ដ៏ធំមួយ នៅ​អាមេរិក កាលពីថ្ងៃ​សុក្រ សប្តាហ៍មុន បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​អាមេរិក​សម្រេចចិត្ត​បិទធនាគា និង​យកទ្រព្យ​របស់ធនាគារ​មកដាក់ក្រោមការចាត់ចែង​បណ្តោះអាសន្ន ដើម្បី​ស្តារទំនុកចិត្ត និង​ដើម្បីរំងាប់ក្តីបារម្ភ​របស់សាធារណជន។ នៅថ្ងៃ​ចន្ទទី ១៣ មីនា លោកចូ បៃដិន​បាន​ប្រកាស​ចេញមុខ​ធានា​លើលុយតម្កល់របស់អតិថិជនធនាគារ។ ប៉ុន្តែ ទោះមានការចេញមុខធានា​ពីប្រធានាធិបតីអាមេរិក ទីផ្សារ​ហិរញ្ញវត្ថុអន្តរជាតិ​នៅតែ​បន្តរំជើបរំជួល​ដោយសារ​ការដួលរំលំធនាគារSVB ដែលអាច​បង្កើតជា​ក្តីបារម្ភ ពីវិបត្តិឆ្លងរាលដាលតគ្នា។ តើ​វិបត្តិធនាគារ​អាមេរិកលើកនេះ នឹង​អាច​ ឆ្លងរាលដាល​ទៅកន្លែងផ្សេង ឬ​ឆ្លងរីកមុក ក្លាយជា​ទៅជា​វិបត្តិធំ ដូចកាល​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល កាល​ពី​ឆ្នាំ២០០៨​ដែរឬទេ?

ធនាគារអាមេរិក SVB (Silicon Valley Bank) ជាធនាគារជាប់ចំណាត់ថ្នាក់ទី​១៦ និងមានទ្រព្យសកម្ម ២០០​ពាន់លានដុល្លារ បាន​ដួលរលំ​តែមួយប៉ព្រិចភ្នែក កាលពីថ្ងៃសុក្រ​ទី ១០​មីនា ២០២៣
ធនាគារអាមេរិក SVB (Silicon Valley Bank) ជាធនាគារជាប់ចំណាត់ថ្នាក់ទី​១៦ និងមានទ្រព្យសកម្ម ២០០​ពាន់លានដុល្លារ បាន​ដួលរលំ​តែមួយប៉ព្រិចភ្នែក កាលពីថ្ងៃសុក្រ​ទី ១០​មីនា ២០២៣ REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្និសីទ​កាសែត កាលពីថ្ងៃ​ច័ន្ទម្សិលមិញ លោកប្រធានាធិបតី ចូ បៃដិន​បានព្យាយាម​ធានា​ភាពរឹងមាំ របស់ប្រព័ន្ធធនាគារ​អាមេរិក នៅចំពោះមុខ​ក្តីបារម្ភរបស់​សាធារណជន​ដែលខ្លាចថា ការដួលរលំ​ធនាគារ​ SVB នឹង​អាច​ឆ្លង​រាលដាល​ទៅកាន់​ធនាគារដទៃទៀត នៅអាមេរិក។នៅចំពោះមុខ​ការដួលរលំធនាគារ​អាមេរិក ដល់ទៅ​៣ នៅប៉ុន្មាន​ថ្ងៃមកនេះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានធានា​អះអាងថា ប្រព័ន្ធធនាគារ​អាមេរិក​រឹងមាំ និងមាន​សុវត្ថិភាព។ ដូច្នេះ ប្រជាជន​អាមេរិក​អាច​ទុកចិត្ត​លើ​ប្រព័ន្ធធនាគារ​អាមេរិក។ តាម​ប្រធានាធិបតីអាមេរិក គេនៅតែអាច​ទៅបើកយកសាច់ប្រាក់ពីធនាគារ នៅរាល់ពេល​គេ​ត្រូវការ។

ប៉ុន្តែ យ៉ាងណាក៏ដោយ ពាក្យធានា​របស់ប្រធានាធិបតីអាមេរិក និងការលូកដៃ​របស់​អាជ្ញាធរ​អាមេរិក ដើម្បី ចូលទៅគ្រប់គ្រង​ទ្រព្យ​របស់​ធនាគារ SVB ដែលបាន​ដួលរលំ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្នុងគោលដៅ ស្តារទំនុកចិត្តលើ​ប្រព័ន្ធធនាគារអាមេរិក និងដើម្បីបញ្ចៀស​ការសម្រុក​ទៅដកលុយ​ពីធនាគារ នៅតែ​មិនទាន់​ទៅ​រំងាប់​ក្តីបារម្ភ​របស់​អ្នកវិនិយោគ។

តាំង​ពីថ្ងៃ​ចន្ទ រហូតដល់​ថ្ងៃ​អង្គារនេះ តម្លៃ​ភាគហ៊ុន​នៅលើ​ទីផ្សារ នៅ​ស្ទើរតែ​គ្រប់​កន្លែង​នៅ​ទូទាំង​ពិភពលោក នៅតែ​ធ្លាក់​ចុះ​ខ្លាំង​នៅឡើយ ជាពិសេស ភាគហ៊ុន​របស់​ធនាគារ។ នៅអាមេរិកផ្ទាល់ តម្លៃភាគហ៊ុន​របស់​ធនាគារធំ​បានធ្លាក់ចុះ​អស់​ជាងពាក់កណ្តាល ចំណែក តម្លៃភាគហ៊ុន របស់ធនាគារ​អាល្លឺម៉ង់ ធ្លាក់ចុះ ជាង ១០%។

ហេតុអ្វី​អាជ្ញាធរ​អាមេរិក​បណ្តែត​បណ្តោយ​ឲ្យធនាគារ​ដ៏ធំ​ដួលរលំ​ ក្នុងរយៈពេល​តែ ប៉ុន្មានថ្ងៃ?

ការដួលរលំ​ធនាគារ​SVB​ដែល​មាន​ទ្រព្យសកម្ម​ដល់​ទៅ ២០០ពាន់លានដុល្លារ ក្នុងរយៈពេល​តែ​មួយប៉ព្រិចភ្នែក​បានធ្វើ​ឲ្យចោទសួរ​ពី​កំហុសឆ្គង​ក្នុងការគ្រប់គ្រង​ទាំង​ពី​ខាងធនាគារផ្ទាល់ និងពីខាង​អាជ្ញាធរ​អាមេរិក។

Silicon Valley Bankហៅកាត់ដោយខ្លី​ថា​ធនាគារ​ SVBជាធនាគារ​ដែល​រកស៊ី​ភាគច្រើន​ជាមួយ​ក្រុមហ៊ុន​ប្រភេទ Startup នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ អ្វីដែល​គេ​ស្តីបន្ទោស​ទៅលើ​ធនាគារ នៅត្រង់ថា ធនាគារមួយនេះ ធ្វើការរកស៊ី​តែ​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា ដោយ​មិនព្រម ពង្រីក​ប្រភពទុន​របស់ខ្លួន ពី​វិស័យ​ផ្សេង​ទៀត។ ក្រុមហ៊ុន​បច្ចេកវិទ្យាStartup ថ្មីថ្មោង អាចទទួលជោគជ័យ ក៏ឆាប់ ប៉ុន្តែ ក៏ជួបបញ្ហា​ប្រឈម​ងាយៗដែរ។

ម្យ៉ាង ធនាគារ​ចាត់ចែង​មិនត្រូវ​ពីលំហូរសាច់ប្រាក់​របស់ខ្លួន។ នៅពេល​អតិថិជន​របស់ធនាការ​ភាគច្រើន ដែលជា​ក្រុមហ៊ុន​Startup ឧស្សាហ៍​ត្រូវការ​សាច់ប្រាក់​សម្រាប់​អភិវឌ្ឍ វិនិយោគ​លើ​គម្រោងការ​របស់ខ្លួន ធនាគារ SVB បែរជា​យកលុយ​របស់​អតិថិជន​ទៅទិញមូលប័ត្រ​បំណុល​រយៈពេលវែង​របស់​រតនាគារជាតិអាមេរិក។ ប្រឈមនឹង​តម្រូវការ​សាច់ប្រាក់​ដើម្បី​បើក​ឲ្យ​អតិថិជន​នេះ ធនាគារ SVB ​ក៏​បានលក់​ចេញ​មូលបត្រ​​ទាំង ២១ពាន់លាន​ដុល្លារ ដោយ​សុខចិត្ត​ខាត​លុយ​រហូត​ដល់​ទៅ ១,៨ពាន់លាន​ដុល្លារ។

មួយវិញទៀត ការដួលរលំភ្លាមៗ ធនាគារ​អាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី ១៦ នៅអាមេរិក ឆ្លុះបញ្ចាំងផងដែរ ពីការគ្រប់គ្រង ខ្វះចន្លោះ​របស់​អាជ្ញាធរ​អាមេរិក។ នៅ​ក្រោយ​វិបត្តិហិរញ្ញវត្ថុ ឆ្នាំ ២០០៨ ដែល​បណ្តាល​ធនាគារ​ដែលធ្វើជំនួញចំបង​ជាមួយ វិស័យ​អចលនទ្រព្យ អាជ្ញាធរអាមេរិក​បាន​ចេញច្បាប់រឹតបន្តឹង​ប្រព័ន្ធ​ធនាគារអាមេរិក។

ជាក់ស្តែង ច្បាប់​បាន​ចាប់តម្រូវ​ឲ្យ​ធនាគារត្រូវ​ដាក់កំហិត​ឲ្យ​អតិថិជន ដែលមាន​ប្រាក់តម្កល់​ច្រើនបំផុត ២៥ម៉ឺនដុល្លារ ត្រូវ​តែមាន​ការធានា​រ៉ាប់រ៉ង​ពីអាជ្ញាធរ។ ប៉ុន្តែ អតិថិជន​ភាគច្រើន​របស់​ធនាគារ​SVB មាន​ប្រាក់តម្កល់ ដល់ទៅ រាប់លាន ដោយ​គ្មាន​ប័ណ្ណ​ធានារ៉ាប់រង។ ហើយ​អាជ្ញាធរ​ក៏មិន​បានតាមដាន​យកចិត្តទុកដាក់ពីរឿងនេះ។

នៅត្រង់ចំណុចនេះ រដ្ឋបាលលោក​ចូ បៃដិន​បាន​ទម្លាក់កំហុស​ទៅលើ​រដ្ឋបាលអាមេរិក​មុន​របស់​លោកដូណាល់ ត្រាំ ដែលបាន​បន្ធូរបន្ថយច្បាប់​គ្រប់គ្រងធនាគារអាមេរិក។ តាម​ច្បាប់​ថ្មី​របស់​រដ្ឋបាលលោកដូណាល់ ត្រាំ រាល់ធនាគារធំៗ​ដែលមាន​ទ្រព្យសកម្ម​ចាប់ពី ២៥០ពាន់លាន​ឡើងទៅ ទើបស្ថិតក្នុងបញ្ជី​តាមដាន មើល​របស់​អាជ្ញាធរ។ ចៃដន្យ ធនាគារ SVB រួចផុត​ពីសំនាញ់តាមដាន​របស់​អាជ្ញាធរ ព្រោះវា​ទ្រព្យសកម្ម ២០០​ពាន់លានដុល្លារ។

វិបត្តិ​ធនាគា​អាមេរិក​នឹង​​អាចឆ្លង​រាលដាល បង្កជា​វិបត្តិសកល ដូច​វិបត្តិហិរញ្ញវត្ថុ​ឆ្នាំ ២០០៨?

ដោយសារ​ធនាគារ​SVB ស្ថិតក្នុង​ក្រុមធនាគារមធ្យម ហើយ​វា​ធ្វើជំនួញចំបង​តែ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Startup គេ​វាយតម្លៃថា វិបត្តិធនាគារ​នៅអាមេរិក​ទំនង​នឹង​មិន​បង្ក​ហានិភ័យ​ធំដុំ ហើយវា​កើតមាន​តែ​នៅទឹកដីអាមេរិក ដោយ​មិន​ឆ្លងរាលដាល​ទៅដល់​ធនាគារធំៗ​នៅប្រទេស​ដទៃ​ទៀត ដែលមាន​ប្រព័ន្ធ​គ្រប់គ្រងរឹងមាំ។

ប៉ុន្តែ ហានិភ័យ សូន្យ​ក្នុង​វិបត្តិធនាគារ​គ្មាននោះទេ ព្រោះថា នៅពេល​គេ​និយាយ​ពីធនាគារ គេ​និយាយ​ពីទំនុកចិត្ត។ បើសិន អតិថិជន​លែងទុកចិត្ត ហើយ​ចេះតែ​ភ័យខ្លាច ថា ធនាគារ​មួយអាច​ដួលរលំគ្រប់ពេលវេលា នោះ​អតិថិជន​អាច​ភ័យស្លន់ស្លោ លែង​មានហេតុផល និង​គិត​តែ​សម្រុក​ទៅដកសាច់ប្រាក់ ចេញពីធនាគារ។ អ្វីដែលគេ​បារម្ភនៅពេលនេះ គឺ​ការភ័យខ្លាច គ្មាន​ហេតុផល​របស់​អតិថិជន ដែលទៅសម្រុកដកសាច់ប្រាក់ ដែល​ជាមូលហេតុ​ចំបង​ធ្វើ​ឲ្យ​ធនាគារ​មួយអាច​ដួលរលំដោយងាយ។

ប្រព័ន្ធ​ធនាគារ​អាមេរិក​មិនរង្គោះរង្គើ ប៉ុន្តែ វិបត្តិធនាគារ​SVB កំពុង​បង្កហានិភ័យ​ដល់វិស័យ​Startup

នៅក្រោយ​ការអន្តរាគមន៍​លូកដៃ​របស់អាមេរិក ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ការដួលរលំធនាគារSVB ក្លាយទៅជា​វិបត្តិរាលដាល​ឆ្លងទៅធនាគារ​ដទៃទៀត គេ​បារម្ភថា ធនាគារ​កណ្តាល​អាមេរិក​នឹង​អាច​ផ្អាក​ការដំឡើងការប្រាក់ ដែលជា​នយោបាយ​របស់​ធនាគារ​កណ្តាល​អាមេរិក​ដើម្បី​កាត់បន្ថយ​អត្រាអតិផរណា។

គេបារម្ភថា បើសិន ធនាគារកណ្តាលអាមេរិក ឈប់​ដំឡើង​អត្រាការប្រាក់ នោះសេដ្ឋកិច្ច​អាមេរិក​នឹង​ដើរថយក្រោយ។ បើសិន​សេដ្ឋកិច្ច​អាមេរិកផ្តាសាយ នឹង​វា​នឹង​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ដទៃទៀត មិនថា នៅអឺរ៉ុប និងអាស៊ី។

មួយវិញទៀត បើទោះជា​ធនាគារ​កណ្តាលអាមេរិក សម្រេច​ផ្អាក​ការដំឡើង​ការប្រាក់មែន ដើម្បីជួយដោះស្រាយ​បញ្ហា​របស់ធនាគារ​មែន ប៉ុន្តែ វា​នឹង​មិនទៅ​ជួយ​ដោះស្រាយ​បញ្ហាភ្លាមៗ របស់​អតិថិជន ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​Startup​នោះទេ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​Startup​ជាអ្នករងគ្រោះ មុនគេ ដោយសារ​វិបត្តិ​ធនាគារSVB។ ពួកគេ​មួយ​ចំនួន​អាច​ត្រូវ​បិទទ្វារ កាត់បន្ថយ​បុគ្គលិក ឬ​ឈប់ធ្វើ​គម្រោង​ស្រាវជ្រាវ​ថ្មីៗ ដោយសារ​តែ​ធនាគារ​របស់ពួកគេ​ត្រូវ​ក្ស័យធន បិទទ្វារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ