អានតួអត្ថបទ
អាមេរិក-សេដ្ឋកិច្ច

ប្រឈម​នឹង​អតិផរណា​កាន់តែ​ខ្លាំង​ ធនាគារ​កណ្តាល​​អាមេរិក​ដំឡើង​អត្រា​ការប្រាក់​នាំមុខ

អត្រាអតិផរណានៅសហរដ្ឋអាមេរិក បាន​កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន បើគិតក្នុងរវាង​៤០ឆ្នាំចុងក្រោយនេះ។ តួលេខចុងខែ​ឧសភាកន្លងទៅ បង្ហាញថាអតិផរណាមានកម្រិតកើនឡើង ដល់ទៅ​៨,៦% ក្នុងរយៈពេល​មួយឆ្នាំចុងក្រោយ។ ប្រឈមនឹងបញ្ហានេះ កាលពីថ្ងៃ​ពុធ ទី​១៥មិថុនា ធនាគារកណ្តាលអាមេរិក បានសម្រេច​ដំឡើងអត្រាការប្រាក់នាំមុខ ក្នុងកម្រិតខ្ពស់បំផុតដែរ បើគិតចាប់ពីឆ្នាំ​១៩៩៤មក។

ទង់ជាតិអាមេរិក នៅមុខ​ New York Stock Exchange ក្រុងញូយ៉ក
ទង់ជាតិអាមេរិក នៅមុខ​ New York Stock Exchange ក្រុងញូយ៉ក AP - John Minchillo
ផ្សាយពាណិជ្ជកម្ម

ធនាគារកណ្តាលសហរដ្ឋអាមេរិក បានសម្រេចដំឡើងអត្រាការប្រាក់នាំមុខ ដល់ទៅ​ ០,៧៥ ពិន្ទុ។ នៅចំពោះមុខអ្នកកាសែត លោក Jerome Powell អគ្គទេសាភិបាលធនាគារកណ្តាលអាមេរិក​ បានទទួលស្គាល់ថា​ការដំឡើងលើកនេះ គឺមានកម្រិតធំណាស់ មិនធ្លាប់មានទេ គិតចាប់ពីឆ្នាំ​១៩៩៤មក។ ចាប់ពីពេលនេះទៅ អត្រាការប្រាក់នាំមុខ មានកម្រិតចន្លោះពី ១,៥០ ទៅ ១,៧៥% ទៅតាមប្រភេទកម្ចី។

បន្ថែមពីនេះ លោក Jerome Powell បានអះអាងថា នៅក្នុងកិច្ចប្រជុំរវាង​ចុងខែកក្កដា គឺធនាគាកណ្តាល អាចនឹងសម្រេចដំឡើងអត្រាការប្រាក់នាំមុខនេះបន្ថែមទៀត។ កម្មវត្ថុរបស់ធនាគារកណ្តាល គឺធ្វើយ៉ាងណា ទាញទំលាក់អត្រាអតិផរណា ឲ្យ​ធ្លាក់មកនៅត្រឹម​២%វិញឲ្យ​បាន​។

គួរកត់សំគាល់ថា​ នេះគឺជាលើកទី៣ បើគិតពីដើមឆ្នាំ​មក ដែលធនាគារកណ្តាល​អាមេរិក បានដំឡើងអត្រាការប្រាក់នាំមុខ​។ អត្រាអតិផរណានៅអាមេរិក បានឡើងស្រឺតស្រឺត រហូតដល់ ៨,៦% កាលពី​ចុងខែឧសភាកន្លងទៅ ដែលនេះគឺជាកម្រិតអតិផរណាខ្ពស់បំផុត ក្នុងរវាង​៤០ឆ្នាំចុងក្រោយនេះ។ មន្ត្រីធនាគារកណ្តាលអាមេរិកខ្លះ បានលើកឡើងថា គេរំពឹងថា នៅចុងឆ្នាំ​២០២២នេះ អត្រាអតិផរណា អាចនឹងធ្លាក់មកត្រឹម ៥,២%។ យោងតាមការព្យាករណ៍របស់ធនាគារកណ្តាលអាមេរិក ឆ្នាំ​២០២២នេះ អាមេរិកអាចមានកំណើនសេដ្ឋកិច្ចត្រឹមតែ ១,៧% ខណៈអត្រាអ្នកអត់ការងារធ្វើ អាចកើនឡើងបន្តិច ប្រមាណជា​៣,៧%។

ធនាគារកណ្តាល​អាមេរិក បាន​លើកឡើងថា អត្រាអតិផរណាកើនខ្ពស់​បច្ចុប្បន្ននេះ បាន​ឆ្លុះបង្ហាញ​នូវ ភាពមិនសមមាត្រ រវាងការផ្តល់ឲ្យ និ​ង​តម្រូវការ ដែលវាស្ថិតក្នុងបរិបទនៃវិបត្តិ បង្កឡើងជំងឺឆ្លងកូវីដ១៩ ព្រមទាំងការឡើងថ្លៃប្រេងឥន្ធនៈ ព្រមទាំង​តម្លៃ​ទំនិញទូទៅ។ ស្ថាប័ននេះ បានបន្ថែមថា សង្គ្រាម​ឈ្លានពាន​ដែលរុស្ស៊ីកំពុងធ្វើនៅអ៊ុយក្រែន បានធ្វើ​ឲ្យកើនអតិផរណា និង​មកបន្ថែមទំងន់បន្ទុកលើសេដ្ឋកិច្ចពិភពលោក ហើយវិធានការបិទខ្ទប់បង្កាកូវីដនៅចិន ប៉ុន្មានខែមកនេះ ក៏បានធ្វើឲ្យរាំងស្ទះដល់បណ្តាញផ្គត់ផ្គង់ទំនិញពិភពលោកដែរ​។

គួរបញ្ជាក់ថា មានការព្រួយបារម្ភផងដែរ ថាសេដ្ឋកិច្ចអាមេរិក អាចនឹងដើរឈានចូលក្នុងវិបត្តិ ប្រសិនបើធនាគារកណ្តាល​អាមេរិក ដំឡើងអត្រាការប្រាក់នាំមុខខ្ពស់ជ្រុលពេក។ ការប្រាក់ខ្ពស់ នឹងធ្វើឲ្យ​ស្ថាប័នហិរញ្ញវត្ថុ កាត់បន្ថយ​ការផ្តល់កំចី ធ្វើឲ្យ​គម្រោងវិនិយោគ បោះទុន និង​ការ​ចំណាយ​នានា ត្រូវ​រាំងស្ទះ។ លោក Gregory Daco អ្នកជំនាញសេដ្ឋកិ​ច្ច នៅ EY-Pathernon បានលើកឡើងថា សេដ្ឋកិច្ចអាមេរិកកំពុងតែ​ដើរ ឈានចូលទៅក្នុងវិបត្តិ​សេដ្ឋកិច្ច កម្រិតស្រាល នៅរវាងចុងឆ្នាំ២០២២ និងដើម​ ២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ