អានតួអត្ថបទ
បេឡារុស-រុស្ស៊ី

អ្នកជំនាញ៖ជំហររបស់បេឡារុសចំពោះរុស្ស៊ីមិនមែនជារឿងងាយស្រួល និងបង្កប់ដោយហានិភ័យចំពោះខ្លួនឯង

នៅ​ក្នុង​ប្រទេស​បេឡារុស ប្រធានាធិបតី​លោក​អាឡិចសង់ លូកាឆេនកូ​បាន​ថ្លែង​ក្នុង​ថ្ងៃ​សុក្រ ទី៣១ មីនា​ថា បេឡារុស​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ឲ្យ​រុស្ស៊ី​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្រ្ត​បន្ថែម​ពី​លើ​អាវុធ​នុយក្លេអ៊ែរ​តាក់តិក។ លោក​លូកាឆេនកូ​បាន​ថ្លែង​ដូច​នេះ​នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ។ ដោយ​បាន​តាំង​ខ្លួន​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹកមិនលេច​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន លោក​លូកាឆេនកូ​បាន​ចេញ​មុខ​ព្រមាន​បស្ចិមលោក​ដែល​កំពុង​ព្យាយាម​កម្ទេច​បេឡារុស និង​រុស្ស៊ី​ពី​ខាង​ក្នុង និង​ពី​ខាង​ក្រៅ។ ការ​ថ្លែង​របស់​លោក​លូកាឆេនកូ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ពូទីន​បាន​ប្រកាស​ពី​គម្រោង​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​តាក់តិក​នៅ​លើ​ទឹកដី​បេឡារុស។ គួរ​បញ្ជាក់​ថា បេឡារុស​ដែល​បាន​ដឹកនាំ​ដោយ​លោក​លូកាឆេនកូ​តាំង​ពី​ឆ្នាំ ១៩៩៤ ជា​សម្ព័ន្ធមិត្ត​តែ​មួយ​គត់​របស់​រុស្ស៊ី​នៅ​អឺរ៉ុប។ លោក​នីកូឡា ទែនស្ហឺ អ្នកជំនាញ​យុទ្ធសាស្រ្ត និង​ជា​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​នយោបាយ​ក្រុង​ប៉ារីស​បាន​យល់​ឃើញ​ថា ជំហរ​របស់​ប្រធានាធិបតី​បេឡារុស​មិនមែន​ជា​រឿង​ងាយស្រួល និង​បង្កប់​ដោយ​ហានិភ័យ​ចំពោះ​ខ្លួន​ឯង។

ប្រធានាធិបតី​បេឡារុស លោក​អាឡិចសង់ លូកាឆេនកូ (រូបស្តាំ) និង​សមភាគីរុស្ស៊ី​​លោក​ពូទីន។
ប្រធានាធិបតី​បេឡារុស លោក​អាឡិចសង់ លូកាឆេនកូ (រូបស្តាំ) និង​សមភាគីរុស្ស៊ី​​លោក​ពូទីន។ AP - Pavel Bednyakov
ផ្សាយពាណិជ្ជកម្ម

« ការ​ដែល​លោក​អាឡិចសង់ លូកាឆេនកូ​បាន​យល់ព្រម​ឲ្យ​រុស្ស៊ី​ដាក់​ពង្រាយ​អាវុធនុយក្លេអ៊ែរ​តាក់តិក​លើ​ទឹកដី​បេឡារុស​នា​ពេល​កន្លង​ទៅ​នេះ លោក​លូកាឆេនកូ​បាន​រំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩០ ផង និង​រំលោភបំពាន​លើ​អនុស្សរណៈ​ក្រុង​ប៊ុយដាប៉ែស​ឆ្នាំ ១៩៩៤ ផង។ ក្រៅ​ពី​ការ​បំពាន​ទាំង​ពីរ​ខាង​លើ​ដោយ​ខុស​ច្បាប់ លោក​លូកាឆេនកូ​ក៏​បាន​លួចបន្លំ​សន្លឹកឆ្នោត​នៅ​ក្នុង​បោះឆ្នោត​ខ្លួន​ឯង​ដែរ។

ការ​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្រ្ត និង​តាក់តិក​លើ​ទឹកដី​បេឡារុស លោក​អាឡិចសង់ លូកាឆេនកូ​កំពុង​មាន​ជំហរ​មួយ​ដែល​លោក​ចាំ​បាច់​ត្រូវ​តែ​បំពេញ​ចិត្ត បំពេញ​ថ្លើម​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន។ តែ​លោក​លូកាឆេនកូ​ខ្លួន​ឯង​ក៏​បាន​ដឹង​ដែរ​ថា គាត់​កំពុង​ស្ថិត​នៅ​ក្នុង​ជម្រើស​ដែល​សឹង​តែ​មិន​អាច​ទៅ​រួច។ ឬ​មួយ​លោក​លូកាឆេនកូ​បន្ត​រក្សា​ភាព​ស្មោះស្ម័គ្រ ស៊ូស្លាប់ រស់​របស់​គាត់​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន។

ឬ​មួយ​ក៏​លោក​លូកាឆេនកូ​សម្រេច​មិន​គាំទ្រ​លោក​ពូទីន ១០០% និង​ហ៊ាន​ចេញ​មុខ​ប្រឆាំង​លោក​ពូទីន​បន្តិច។ ក្នុង​ករណី​នេះ លោក​ពូទីន​អាច​សម្រេច​បោះបង់​ចោល​លោក​លូកាឆេនកូ។ ផ្ទុយ​ទៅ​វិញ បើ​លោក​លូកាឆេនកូ​សន្យា​សហការ​ជាមួយ​លោក​ពូទីន​ខ្លាំង​ជ្រុល ហើយ​បើ​រុស្ស៊ី​ចាញ់​សង្រ្គាម​នៅ​អ៊ុយក្រែន​នោះ លោក​លូកាឆេនកូ​ក៏​ដឹង​ថា​អំណាច​របស់​លោក​ក៏​នៅ​មិន​យូរ​ដែរ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ