អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិនបើក​សមយុទ្ធ ដើម្បីហាត់សម​ចូលឡោមព័ទ្ធ​កោះតៃវ៉ាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចិន​ប្រកាស​បើក​សមយុទ្ធ​រយៈពេល​៣ថ្ងៃ ដោយចាប់ផ្តើម នៅថ្ងៃ​សៅរ៍នេះ នៅ​ក្នុង​បរិបទ​នៃភាពតានតឹងខ្លាំង រវាង​ចិន និង​កោះតៃវ៉ាន់។ សមយុទ្ធ​របស់ចិន​នឹង​មាន​រួមបញ្ចូល​ការបាញ់គ្រាប់កាំភ្លើងពិត​នៅច្រកសមុទ្រ​តៃវ៉ាន់ នៅថ្ងៃ​ចន្ទ​ដើមសប្តាហ៍ក្រោយ។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​កងទ័ព​រំដោះប្រជាជន​ចិន។ សមយុទ្ធរបស់​ចិនធ្វើឡើង​នៅ៣ថ្ងៃ​ក្រោយ ចិនបាន​ចេញមុខ​ព្រមាន និង​គំរាម​តៃវ៉ាន់ ពីរឿង​ដែល​ប្រធានាធិបតីតៃវ៉ាន់ ចូលជួប​ប្រធានសភាអាមេរិក។ នៅថ្ងៃសៅរ៍នេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃអ៊ីងវេន ដែលបាន​ធ្វើដំណើរ​ត្រលប់ចូលប្រទេស​វិញ បាន​និយាយ​បរិហារ​រិះគន់​នយោបាយពង្រីកអំណាចផ្តាច់ការ​របស់ចិន និង​ចាត់ទុក​សមយុទ្ធ​របស់​ចិន ថា ជាការគំរាមកំហែង​ស្ថិរភាព និង​សន្តិសុខ​នៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក។

កប៉ាល់ចម្បាំងចិន​បាញ់​ទៅលើគោលដៅ​ក្នុង​លំហាត់សឹក នៅ​ក្បែរកោះ Matsu ដែល​ស្ថិតក្រោមការគ្រប់គ្រងរបស់តៃវ៉ាន់ ប៉ុន្តែ ដែលស្ថិតនៅក្បែរ​ខេត្ត​ Fujian របស់​ចិន នៅ​ថ្ងៃទី ៨​មេសា ២០២៣
កប៉ាល់ចម្បាំងចិន​បាញ់​ទៅលើគោលដៅ​ក្នុង​លំហាត់សឹក នៅ​ក្បែរកោះ Matsu ដែល​ស្ថិតក្រោមការគ្រប់គ្រងរបស់តៃវ៉ាន់ ប៉ុន្តែ ដែលស្ថិតនៅក្បែរ​ខេត្ត​ Fujian របស់​ចិន នៅ​ថ្ងៃទី ៨​មេសា ២០២៣ REUTERS - THOMAS PETER
ផ្សាយពាណិជ្ជកម្ម

កងទ័ពចិន​បាន​ប្រកាស​បើកសមយុទ្ធ​បីថ្ងៃ ចាប់ផ្តើម​នៅថ្ងៃ​សៅរ៍​នៅច្រកសមុទ្រ​តៃវ៉ាន់។ សមយុទ្ធរបស់​ចិន ដែលធ្វើឡើង​នៅ​៣ថ្ងៃ​ក្រោយ ដែលប្រធានាធិបតីតៃវ៉ាន់​ចូលជួបពិភាក្សា​ជាមួយ​ប្រធានសភាអាមេរិក ដោយ​មិន​ខ្វល់​ពីការគំរាមព្រមាន​របស់ចិនដីគោក។ដើម្បី​បង្ហាញ​កំហឹង​ក្រេវក្រោធ ដែល​ឃើញ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ត្សៃអ៊ីងវេន ធ្វើដំណើរទៅជួប ប្រធានសភាអ្នកតំណាងរាស្រ្តអាមេរិក ចិនធា្លប់​បង្ហាញ​សាច់ដុំ​យោធា កាលពីថ្ងៃ​ព្រហស្បតិ៍ និងថ្ងៃ​សុក្រ ដោយ​បាន​បញ្ជូន​នាវាចម្បាំង និង​ឧទ្ធម្ភាចក្រ​ប្រឆាំង​នាវាមុជទឹក នៅចរាចរ នៅជុំវិញ​តៃវ៉ាន់។

នៅចំពោះមុខ​នយោបាយផ្គើន របស់ប្រធានាធិបតី​តៃវ៉ាន់ ដែលមិន​ខ្វល់​ពីការគំរាម ព្រមាន​របស់​ចិន ដោយ​ជំនះទៅជួប ប្រធានសភាអាមេរិក ចិន​មាន​តែបន្ត​យុទ្ធសាស្រ្ត​បង្ហាញសាច់ដុំយោធា ដាក់​តៃវ៉ាន់។ ចិន​បាន​បញ្ជូន​នាវាចម្បាំង​សរុប​ចំនួន ៤ គ្រឿង និង​ឧទ្ធម្ភាគចក្រ​ប្រឆាំង​នាវាមុជទឹក​ទៅបើកព័ទ្ធជុំវិញ ​កោះ​តៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដើម្បីសំដែង​ការខឹងសម្បារ​របស់ខ្លួន ប្រឆាំង​នឹង​ជំនួបប្រធានាធិបតី​តៃវ៉ាន់ និង​ប្រធានសភាងអ្នកតំណាងរាស្រ្ត​អាមេរិក ដែលជា​បុគ្គលមានអំណាច​ធំទី​៣​នៅអាមេរិក បន្ទាប់ពី​អនុប្រធានាធិបតី។

លោកស្រី ប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវេន ក៏បាន​វិលត្រលប់​ចូលប្រទេស​វិញ តាំងពីថ្ងៃសុក្រ ដូច្នេះ ភាពតានតឹង​ក៏គួរតែធ្លាក់ថយចុះតាមនោះដែរ ប៉ុន្តែ វា​មិនអីចឹងឯណា។ ទើបតែត្រលប់​ដល់​តៃវ៉ាន់ នៅថ្ងៃ​សុក្រ លោកស្រី​ប្រធានាធិបតីត្សៃអ៊ីងេវន​បាន​ទទួលជួប នៅថ្ងៃ​សៅរ៍នេះ គណៈប្រតិភូអាមេរិកសភាអាមេរិក ដែលដឹកនាំ​ដោយ​លោក Michael McCaul អ្នកទទួលខុសត្រូវ​រឿងលក់អាវុធអាមេរិក​ទៅ​ឲ្យ​បរទេស។ នៅក្នុងជំនួប ក្នុងទីក្រុង​តៃប៉ិ នៅថ្ងៃ​សៅរ៍នេះ លោក Michael McCaul បាន​អះអាងថា អាមេរិក​នឹង​ប្រឹងប្រែង​បញ្ជូនសព្វាវុធ ដែលតៃវ៉ាន់​បាន​កុម្ម៉ង់ទិញ ឲ្យ​បាន​ឆាប់រហ័សបំផុត។

តាម​លោក Michael McCaul សភាអាមេរិក​នឹង​ប្រឹងប្រែង​អស់សមត្ថភាព​ដើម្បីជំរុញ​ការលក់សព្វាវុធ​ឲ្យ​តៃវ៉ាន់ និង​បណ្តុះបណ្តាលកងទ័ពតៃវ៉ាន់​ឲ្យចេះប្រើអាវុធ​អាមេរិក ក្នុង​គោលដៅសន្តិភាព ប៉ុន្តែ មិនមែន​ក្នុងគោលដៅ​សង្រ្គាម។

វត្តមាន​របស់​គណៈប្រតិភូ​សភាអាមេរិក​នៅ​តៃវ៉ាន់ ជាពិសេស​អ្នកទទួលខុសត្រូវ​ផ្នែកលក់អាវុធ​ទៅ​ឲ្យតៃវ៉ាន់ ប្រាកដ​ណាស់​ដុតកំហឹង​របស់​ចិន ព្រោះ​ថា ប្រធានាធិបតីតៃវ៉ាន់ និង​សភា​អាមេរិក ជួបគ្នា​មិនអស់ចិត្ត​នៅ​ទឹកដីអាមេរិក ប៉ុន្តែ បន្ត​មកជួបគ្នា នៅតៃវ៉ាន់ទៀត។

សម្រាប់ អ្នកនាំពាក្យ​កងទ័ពចិន លោក​Shi Yi សមយុទ្ធ​លើកនេះ ជាសារ​ព្រមាន ដាស់តឿន​របស់​ចិន ដែល​ប្រឆាំង​ការឃុបឃិតគ្នា​របស់​ក្រុមបំបែកខ្លួន ដែល​ចង់ទាមទារ​ឲ្យឯករាជ្យភាព​ឲ្យតៃវ៉ាន់ ជាមួយកម្លាំងទ័ពបរទេស។

ចិនធ្វើលំហាត់សឹកបែបចូលឡោមព័ទ្ធតៃវ៉ាន់

សមយុទ្ធ​រយៈពេល ៣ថ្ងៃ ដែលមាន​ឈ្មោះថា ការរួបរួមដាវដ៏មុតស្រួច United sharp Sword នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់ថ្ងៃ​ចន្ទ ថ្ងៃ​ដែល​កងទ័ពចិន​បាញ់គ្រាប់កាំភ្ហើងពិតៗ នៅ​ខេត្ត​Fujian ខេត្ត​ដែលស្ថិតចំពីមុខ កោះតៃវ៉ាន់។ នៅក្នុង​សមយុទ្ធ ចិន​នឹងប្រើ​នាវាចម្បាំង កប៉ាល់​បាញ់មីស៊ីល យន្តហោះចម្បាំង យន្តហោះចាក់សាំង​លើអាកាស និង​ប្រព័ន្ធរំខាន​ការចាប់សញ្ញា។

សមយុទ្ធ​លើកនេះ​គ្មានទ្រង់ទ្រាយធំ ដូច​សមយុទ្ធ កាលពីខែ សីហា ឆ្នាំ មុន នៅពេល​ចិន​បើកសមយុទ្ធ​បាញ់​គ្រាប់មីស៊ីល​ជាច្រើនគ្រាប់ ដើម្បី​ប្រឆាំង​ទស្សនកិច្ច​របស់​ប្រធានសភា​អ្នកតំណាងរាស្រ្ត​អាមេរិក លោកស្រី ណាន់ស៊ី ពេឡូស៊ី នៅកោះតៃវ៉ាន់។ កាលណោះ​គ្រាប់មីស៊ីល មួយចំនួន​របស់​ចិន នៅបាន​ទៅហោះរំលង ប្រទេស​ជប៉ុន រហូត​បង្ក​ឲ្យមានការដំឡើងសំឡេងដាក់គ្នា និង​ភាពតានតឹង​មួយរយៈ នៅក្នុងតំបន់។

ទោះសមយុទ្ធ​លើកនេះ គ្មានទ្រង់ទ្រាយធំ ដូចឆ្នាំមុន ប៉ុន្តែ វា​ខុសប្លែក​បន្តិចត្រង់ថា វាមិនមែន​ត្រឹម​សំដែង​កំហឹងក្រេវក្រោធ​របស់​ចិន។ តាមទូរទស្សន៍ចិន​ដែលដកស្រង់​សេចក្តីថ្លែងការណ៍​របស់កងទ័ព​ចិន សមយុទ្ធ​របស់​កងទ័ពចិន ដែលធ្វើឡើង​នៅ​ភាគខាងជើង ខាងកើត និង​ខាងត្បូង​តៃវ៉ាន់ ផ្តោត​សំខាន់​លើ​សមត្ថភាព​របស់​កងទ័ព​ចិន ដើម្បី​វាយ​ចូលគ្រប់គ្រង​ដែនអាកាស ដែនសមុទ្រ និង​ព័ត៌មាន ដើម្បី ចូលឡោមព័ទ្ធ​កោះតៃវ៉ាន់។ សម្រាប់អ្នកវិភាគកងទ័ព​ចិន ដោយធ្វើលំហាត់សឹក ក្នុង​រូបភាព​វាយឡោមព័ទ្ធ​តៃវ៉ាន់ ចិន​ចង់បង្ហាញ​ថា កងទ័ពចិន​ត្រៀមខ្លួន ជានិច្ច ក្នុងករណីដែល​មានការញុះញង់​ជាប់ជានិច្ច​របស់​តៃវ៉ាន់ ដើម្បី​ដោះស្រាយ​បិទបញ្ចប់​បញ្ហា​កោះតៃវ៉ាន់។

តៃវ៉ាន់ថ្កោលទោស​សមយុទ្ធបង្កហេតុរបស់ចិន

តាមក្រសួងការពារជាតិ​តៃវ៉ាន់ ចិន​បញ្ជូន​នាវាចម្បាំង ៨គ្រឿង និង​យន្តហោះចម្បាំង ៤២គ្រឿង ដែលក្នុងនោះ ២៩គ្រឿង​បាន​​ហោះរំលោភចូល​ដែនអាកាស​របស់តៃវ៉ាន់ នៅថ្ងៃ​សៅរ៍នេះ។ ក្រសួងការពារ​ជាតិតៃវ៉ាន់​បាន​និយាយ​ថា តៃវ៉ាន់​តាមដាន​ជានិច្ច​សកម្មភាព​យោធា​របស់​ចិន និង​បាន​ចាត់វិធានការ​តបវិញ ដោយ​មានហេតុផល​បំផុត។

ប្រតិកម្ម​តបនឹង​សមយុទ្ធរបស់​ចិន ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃអ៊ីងវេន ដែល​ទើប​ធ្វើដំណើរ​ត្រលប់ចូលប្រទេសកាលពីថ្ងៃសុក្រ បាន​និយាយ​បរិហារ​រិះគន់​នយោបាយ​ពង្រីកអំណាចផ្តាច់ការ​របស់ចិន និង​ចាត់ទុក​សមយុទ្ធ​របស់​ចិន ថា ជាការគំរាមកំហែង​ស្ថិរភាព និង​សន្តិសុខ​នៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក។

នៅក្នុងសន្និសីទកាសែត នៅថ្ងៃ​វិលត្រលប់​ពីទស្សនកិច្ច​នៅអាមេរិក លោកស្រី​ប្រធានាធិបតីតៃវ៉ាន់អះអាងថា តៃវ៉ាន់ទុក​ឲ្យសហគមន៍អន្តរជាតិ​ឃើញស្គាល់​សាមគ្គីភាព របស់​ប្រជាជន​តៃវ៉ាន់ នៅចំពោះមុខ​ការគំរាមកំហែង ដាក់សម្ពាធ​របស់​ចិន។

តើ​គេ​គួរព្រួយបារម្ភ​ពី​ការធ្វើសមយុទ្ធ​បាញ់គ្រាប់ពិត​របស់​ចិន?

នៅមុន​ធ្វើសមយុទ្ធ​បាញ់គ្រាប់ពិតៗ ភាគី​ចិន​បានអំពាវនាវ​រួចហើយ ឲ្យ​រាល់​កប៉ាល់ដឹកជញ្ជូន​ទាំងអស់ ផ្អាក​ការធ្វើដំណើរចរាចរ នៅច្រកសមុទ្រតៃវ៉ាន់ នៅ​ថ្ងៃ​ចន្ទ។ គ្រប់ក្រុមហ៊ុនដឹកជញ្ជូន មិនថា ផ្លូវទឹក និង​ផ្លូវអាកាស​ប្រហែលត្រូវ​ស្តាប់តាម បើសិន​គេ​ចង់​ជៀស មិនជួបបញ្ហា ដូចកាលពី​ឆ្នាំមុន ដែលត្រូវ​ស្លន់ស្លោរ​ដោយសារ​សមយុទ្ធ​បាញ់គ្រាប់មីស៊ីល​របស់​ចិន នៅក្នុង​តំបន់សមុទ្រ​តៃវ៉ាន់។

នៅក្នុង​សមយុទ្ធ កាលពី​ខែសីហាឆ្នាំមុន ដើម្បីប្រតិកម្ម​ប្រឆាំង​នឹង​ទស្សនកិច្ច​របស់​ប្រធានសភាអ្នកតំណាងរាស្រ្ត​អាមេរិក​នៅតៃវ៉ាន់ ចិន​ធ្លាប់​បាញ់គ្រាប់មីស៊ីលពិតៗ ដែល​បានទៅរំខាន ដំណើរគោចរ​របស់​កប៉ាល់សមុទ្រ និង​យន្តហោះដឹកអ្នកដំណើរ។

ម្យ៉ាង ទោះទឹកសមុទ្រ​តៃវ៉ាន់​អាច​រំជួលដោយសារ​រលកកប៉ាល់ចម្បាំង​របស់​ចិន ដែលត្រូវចូលរួម​ក្នុងសមយុទ្ធលើកនេះ ប៉ុន្តែ នៅម្តុំកោះក្បែរ​ខេត្ត​Fujian ដែល​ចិនត្រូវ​ធ្វើសមយុទ្ធ គឺ​មិន​រំជើបរំជួល ដោយសារ​ការប្រកាស​ធ្វើសមយុទ្ធ។ នៅ​លើ​កោះ Pingtanរបស់​ចិនដែល​នៅជិត​កោះតៃវ៉ាន់ជាងគេ អ្នកទេសចរ​ចិននៅតែ​ដើរកំសាន្តធម្មតា​នៅតាមឆ្នេរកំពង់ផែរ ដោយ​គ្មានបារម្ភពីរឿងសំឡេងគ្រាប់កាំភ្លើង​នៅក្នុងសមយុទ្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ