អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សំណុំ​រឿង​ចិន-តៃវ៉ាន់និង​សង្គ្រាមអ៊ុយក្រែន ជា​ស្នូល​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​ហ្សេ៧

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រទេស ហ្សេ៧ កំពុងបន្តធ្វើនៅក្នុងប្រទេសជប៉ុនដោយនៅថ្ងៃអាទិត្យ ជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស។ សំណុំ​បញ្ហា​អន្តរជាតិ​ជាច្រើន ដែល ​ប្រមុខ​ការទូត​ទាំងនោះ នឹង​ជជែកគ្នា បែបយ៉ាងវិបត្តិសង្គ្រាម​ឈ្លាន​ពាន​នៅអ៊ុយក្រែន, អធិករណ៍​ថ្មីៗ​នៅ​កោះ​តៃវ៉ាន់, ការ​ឡើង​ក្តាប់​អំណាច​របស់​ពួក​តាលីបង់នៅ​អាហ្វហ្កានីស្ថាន , ការ​វាយ​ប្រហារបង្ហូរឈាម​​ថ្មីៗ​នៅ​ភូមា, ការ​សាកល្បង​សព្វាវុធ​របស់​កូរ៉េ​ខាង​ជើង រួម​ទាំង​បញ្ហា​ដ៏ចម្រូងចម្រាស់​ជុំវិញ​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា និង​ការ​បំភ្លៃ​បំភាន់​ព័ត៌មាន​។​ ក្នុង​ចំណោម​សំណុំវិបត្តិ​អន្តរជាតិ​​ទាំងនេះ គឺ​គេមើលឃើញថា​បញ្ហា​ចិន-តៃវ៉ាន់​ និងអ៊ុយក្រែន ​ជាប្រធានបទសំខាន់ខ្លាំង​។

បាតុកម្ម​នៅ​មុខ​កិច្ចប្រជុំ​​ទាមទារ​សន្តិភាព។
បាតុកម្ម​នៅ​មុខ​កិច្ចប្រជុំ​​ទាមទារ​សន្តិភាព។ REUTERS - KIM KYUNG-HOON
ផ្សាយពាណិជ្ជកម្ម

សំណុំរឿងចិន-តៃវ៉ាន់​​និង​សង្គ្រាមអ៊ុយក្រែន

សំណុំ​បញ្ហា​ពីរនេះ ពាក់​ព័ន្ធគ្នា​ខ្លាំង។ នៅអាស៊ី​ បញ្ហា​ចិន​-តៃវ៉ាន់​ នេះ ចម្រូង​ចម្រាស់ច្រើន​​ ហើយ​រឹតតែ​ត្រូវ​គេ​ចាប់អារម្មណ៍​ខ្លាំងទៀត​នោះ  គឺ​បន្ទាប់ពី​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​ ​​ដែល​ក្នុង​ដំណើរ​ទស្សនិច្ច​នៅប៉េកាំង ពីពេល​ថ្មីៗនេះ បាន​លើកឡើង​ថា «អឺរ៉ុប​មិ​នត្រូវ​លូក​ដៃ​លង់ក្នុង​វិបត្តិ​ដែល​ពុំ​មែន​ជា​បញ្ហា​របស់ខ្លួន​ទេ»។ ដែល​គេ​អាច​បកស្រាយ​បា​នថា បើ​មា​នព្រឹត្តិការណ៍​អ្វី​មួយ​នៅ​ក្នុងសំណុំ​រឿង​តៃវ៉ាន់ ​អឺរ៉ុប​មិនត្រូវ​លូកដៃទេ​។ នេះជា​​អ្វី​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើលនិងព្រួយ​ពី​បញ្ហា​តៃវ៉ាន់ ហើយ​និងធ្វើឲ្យ​ប៉ះទង្គិចដល់​សម្ព័ន្ធមិត្ត​ផ្សេងទៀតនៅបស្ចិម​ប្រទេស និង​​បង្កជាជ​ម្លោះ​ពាក្យ​សម្តី​ផង​រវាង​អតីត​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។​

ជាក់​ស្តែង​ពេលនេះ​ ប្រទេស​ជប៉ុន​ ដែល​ជាម្ចាស់​ផ្ទះ​ជំនួប​កំពូល​ថ្នាក់រដ្ឋមន្ត្រី​ហ្សេ៧ ជប៉ុន​គឺ​តែងតែ​លើកឡើង​ជាច្រើន​លើកច្រើន​សា​ពីក្តីបារម្ភ​​​ខ្លាចថា​ «តំបន់​អាស៊ី​ក្លាយ​ទៅ​ជា​អ៊ុយក្រែន​ នៅថ្ងៃ​ខាងមុខ»។ សម្តីនេះ ចេញពី​មាត់​របស់លោក ហ្វូមីអូ គីស៊ីដា​ នាយករដ្ឋមន្ត្រី​ជប៉ុន​តែម្តង​ ដែល​ទំនង​ចង់​មាន​សេចក្តីថា ព្រួយខ្លាច​ មហាយក្ស​ចិន​ ធ្វើ​សង្គ្រាម​​ប្រើ​កម្លាំង​វាយយក​កោះតៃវ៉ាន់ ដូច​ដែល ​រុស្ស៊ី​ ឈ្លាន​ពាន​យក​ដី អ៊ុយក្រែន ដូច្នោះ​ដែរ។

ហេតុដូច្នេះហើយ ជប៉ុន ដែល​ទទួល​រង​ឥទ្ធិពល​ពីសង្គ្រាម​នៅ​អ៊ុយក្រែន​ ដូច​ប្រទេស​ផ្សេងទៀតដែរ​ រដ្ឋបាល​ក្រុង​តូក្យូ​បាន​ជំរុញ​តាំង​ពី​ព្រឹត្តិការណ៍​សង្គ្រាម​ដំបូងៗម្ល៉េះ​​ ឲ្យ​អន្តរជាតិ​ដាក់​ទោសទណ្ឌកម្ម​លើ​​រុស្ស៊ី ហើយ​ជប៉ុន​ ក៏​ជួយ​ផ្តល់​ជំនួយ​សម្ភារៈ​ឲ្យកងទ័ព​​អ៊ុយក្រែន និង​ទទួល​ជន​ភៀស​ខ្លួន​អ៊ុយក្រែន​ទៀត​ផង។ មិនតែប៉ុណ្ណោះ ជប៉ុនខ្លួន​ឯង បាន​បង្កើតកម្លាំង​ទ័ព ​និង​ពង្រឹង​វិស័យ​យោធា​យ៉ាង​ច្រើន​សម្បើម​មិនធ្លាប់​មាន​ ដើម្បីការពារ​ខ្លួន​ពីការ​គំរាម​កំហែង​របស់​ ចិន​។

បញ្ហា​តៃវ៉ាន់​ ជា​ក្តី​បារម្ភ​ដែល​គេ​មើល​ឃើញ​ជាទូទៅ​ បារម្ភ​ពី​សន្តិសុខក្នុង​តំបន់ និង​ព្រួយ​ពីការ​ប៉ះទង្គិចគ្នា​រវាង​អាមេរិក​និងចិន​។ ពីម្ខាង​ រដ្ឋបាល​ចិនប៉េកាំង​ មិន​ដែល​លាក់​លៀម​នឹង​អះអាង​ថា​ តៃវ៉ាន់​ជា​ដីរបស់ខ្លួន ហើយនា​ពេល​ចុងក្រោយ​នេះ នៅផ្លូវ​​សមុទ្រ​​ ​ ចិន ​ធ្វើ​សមយុទ្ធ​ជាញឹក​ញយ។​​ ចិន​​​ ក៏​ពឹត​​តែ​បង្ខិត​កម្លាំង​យោធា​ទៅ​ក្បែរកោះតៃវ៉ាន់ ដែរ​។ ករណីនេះ​ រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ បា​នបញ្ចេញ​ការ​យល់​ឃើញនៅថ្ងៃសុក្រ​ថា ការ​ចល័តទ័ពនិង​សកម្មភាព​របស់​ចិន​នៅ​ក្បែរៗ​កោះតៃវ៉ាន់ គឺជា​សេណារីយ៉ូ​អាក្រក់​សម្រាប់​ពិភព​លោក​ទាំងមូល។

នៅម្ខាង​ទៀត សហរដ្ឋ​អាមេរិក ក៏​មិនណយ​ដែរ ក្រៅពី​ទទួល​ជួប​ជាមួយ​ប្រធានាធិបតីតៃវ៉ាន់ អាមេរិក​ ក៏រឹតតែប្រឹង​ពង្រឹង​និង​ពង្រីក​កម្លាំង​យោធា​នៅ​ហ្វីលីពីន​​ ហើយ បង្កើត​មូលដ្ឋាន​យោធា​៤ថែមទៀត នៅ​ហ្វីលីពីន ដែល​ប្រទេស​នេះ នៅកៀក​នឹង​តៃវ៉ាន់​ជា​កេ​។ មិនតែប៉ុណ្ណោះ​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក មុន​នឹង​ទៅ​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​នៅ​ជប៉ុន ក៏​បាន​ឆ្លៀត​ស្កាត់​ទៅវៀតណាម វៀតណាមដែល​គូប្រជែក​មួយ​របស់​ចិន​ ហើយ​មាន​ជម្លោះ​ស្រាប់​ជាមួយ​ចិន​ក្នុង​សំណុំ​វិបត្តិ​សមុទ្រ​ចិន​ខាងត្បូង។ ប្រមុខ​ទូត​អាមេរិក​នៅ​ហាណូយ បា​នប្រកាស​ពី​ដៃ​គូ​សហការ​ជា​យុទ្ធសាស្ត្រ​ជាមួយ​វៀតណាម​ ទៀត​ផង។

ហេតុដូច្នេះហើយ គឺជៀស​មិន​ផុត​ដែល​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន ត្រូវ​យក​មិន​ពិភាក្សា​គ្នា។​

បញ្ហា​សង្គ្រាម​អ៊ុយក្រែន​

ការ​វិវត្តថ្មី គឺ​កើត​ចេញពី​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូង​ចម្រាស​របស់​ប្រមុខ​រដ្ឋបារាំងទៅប៉េកាំង។ នៅថ្ងៃ​ទី​១៥មេសា​​ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​ប្រកាស​ឲ្យដឹង​តា​មប្រព័ន្ធតេលេក្រាម ថា​លោក​បាន​ជជែកគ្នាតាម​​ទូរសព្ទ ​ជាង១ម៉ោង​កន្លះ ​ជាមួយ​នឹង​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ ការ​ជជែកគ្នា​នេះ គឺ​ស្តីពី​ជុំវិញ​ដំណើរថ្មីៗ​របស់​លោក ​ម៉ាក្រុង ​​​ទៅប្រទេស​ចិន។ ចិន​ ដែល​គេ​មើលឃើញ​ថា​ស្និទ្ធ​នឹងរុស្ស៊ី​។​

ប្រភព​ពី​វិមាន​ប្រធានាធិបតី​បារាំង គឺ​ «ប្រមុខរដ្ឋ​អ៊ុយក្រែន​និង​បារាំង បា​នពិភាក្សា​គ្នា​ពី​​ការគម្រោង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល១​​ស្តីពី​សន្តិភាព​»។​

សារ​ស្រដៀង​គ្នា​នេះ គឺ ២ថ្ងៃមុន​នេះ ប្រធានាធិបតី​ប្រេស៊ីល លោក លូឡា ដែល​មាន​ទឹកមាត់ប្រៃ​នៅ​ក្នុង​តំបន់​អាមេរិកឡាទីន បាន​អញ្ជើញ​បំពេញទស្សនកិច្ច​នៅប្រទេស​ចិន និង​ពីទីក្រុង​ប៉េកាំង លោក​ប្រមុខ​រដ្ឋ​ប្រេស៊ីល បាន​ប្រកាស​សូម​ឲ្យ​សហរដ្ឋអាមេរិក​ឈប់​លើកទឹកចិត្ត​ឲ្យ​បន្ត​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ងាយក​មក​ចាប់​ផ្តើម​ជជែក​គ្នា​ពី​សន្តិភាព​។ ដូចគ្នា​នេះដែរ ប្រធានាធិបតីប្រេស៊ីល លោក លូឡា ក៏​បាន​ដាស់តឿន​ សហភាព​អឺរ៉ុប​ លោក​ខាង​លិច ឲ្យ​ចាប់​ផ្តើម​រក​ផ្លូវ​ចរចា​បញ្ចប់​សង្គ្រាម​អ៊ុយក្រែន។

​សញ្ញាណថ្មី​ដែល​គួរ​ឲ្យភ្ញាក់​ផ្អើលមួយទៀត គឺ​ពី​ខាង​រុស្ស៊ី។ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មា​នវិទ្យុ​បារាំង​ប្រចាំ​រដ្ឋធានីម៉ូស្កូ Julian Colling បាន​រាយការណ៍​មកថា​ លោក​​Evguéni Prigojine ប្រធានក្រុមហ៊ុន​ទាហានស៊ីឈ្នួលច្បាំងរុស្ស៊ី Wagner បានប្រកាសក្នុង​សេចក្តី​ថា ការបញ្ចប់«ប្រតិបត្តិការសឹក»ជាជម្រើសល្អបំផុត។ ក្នុង​សេចក្តី​ប្រកាសនោះ គឺ​ទ័ព​រុស្ស៊ី​នៅតែប្រើគ្រប់​មធ្យោបាយ​ការពារ​ដែន​ដី​ដែល​ដណ្តើម​កាន់​កាប់​បាន។ ប៉ុន្តែ គេ​បាន​ដឹងដែរថា ភាគីរុស្ស៊ី​​បាត់បង់​កម្លាំង​ទាហាន​ ប្រមាណ​ ៣០ ម៉ឺននាក់​ដែល​ពាលី​ជីវិត​នៅ​សមរភូមិ​អ៊ុយក្រែន។ ដែល​ចំនួន​នេះ គឺជាការ​ខាត់​បង់​ធំ​ សម្រាប់​ប្រធានក្រុមហ៊ុនទាហាន​ស៊ីឈ្នួល​ច្បាំង​ Wagner ។ ​​

នៅថ្ងៃអាទិត្យ ទី​១៦មេសា​ អាជ្ញាធរអ៊ុយក្រែន បា​នប្រកាស​ថា​ឈ្លើយ​សឹក​អ៊ុយក្រេន ប្រមាណ​១៣០នាក់ ត្រូវ​រុស្ស៊ី​ដោះលែង។ ហើយ​ភាគី​រុស្ស៊ី ក៏​បញ្ជាក់ដែរ ថា​ទាហាន​ឈ្លើយ​សឹក​រុស្ស៊ី ជាង១នាក់ ត្រូវ​ខាង​អ៊ុយក្រែន​ដោះលែង​ដែរ។ នេះគឺក្នុង​ឱកាស​​បុណ្យ​សែន​ផ្នូរ​រំលឹក​វិញ្ញាណក្ខន្ធ Pâque orthodoxe​។​

សំណួរ​ដែល​អាច​ចោទ​សួរ​នៅពេល​នេះ គឺ​តាមរយៈ​ធាតុផ្សំ​ផ្សេងៗ​និងការ​វិវត្តថ្មីទាំង​នេះ តើវា​នឹង​ជំរុញ​ឲ្យ​សង្គ្រាមនៅ​អ៊ុយក្រែន​​ឆាប់ចប់ ហើយ​និង​បើក​កិច្ចពិភាក្សា​ចរចាពីសន្តិភាព​ ដែរ​ឬទេ​?​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ