អានតួអត្ថបទ

ប្រទេស ​G7 អំពាវនាវ​ឲ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឧស្ម័ន និង​ជំរុញ​ការ​ផលិត​ថាមពលកកើតឡើងវិញ

ថ្ងៃសៅរ៍​ទី​១៥មេសា ប្រទេស​​សេដ្ឋកិច្ច​ជឿន​លឿន​ G៧ បាន​យល់​ព្រម​គ្នា​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឧស្ម័ន​ ហើយ​និង​ជំរុញ​ឲ្យ​បង្កើន​ការ​ផលិត​ថាមពល​អគ្គិសនី​ ចេញពី​ថាមពល​ស្អាតកកើតឡើងវិញ​។ ទន្ទឹម​នឹង​គ្នា​នេះ ប្រទេស​ G៧ មូលមាត់​គ្នា​ចូលរួម​កាត់​បន្ថយឲ្យ​បាន​លឿន​ឆាប់​​នូវ​ការ​បញ្ចេញ​ផ្សែង​ ហើយ​និង​សន្យាប្តេជ្ញា​មិន​​សាងសង់​រោងចក្រ​ថាមពល​ធ្យូងថ្ម បន្ថែមទៀត​ទេ​។ ទាំង​នេះ បើ​យោង​តាម​ការ​ប្រកាស​ឲ្យដឹង​ពីសំណាក់​រដ្ឋមន្ត្រី​ថាមពល​បារាំង ដែល​បាន​​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ G៧ នៅ​ប្រទេស​ជប៉ុន។

នៅទីក្រុង​សាពូរ៉ូ បណ្តារដ្ឋមន្ត្រី​ វិស័យ​ថាមពល និង វិស័យ​បរិស្ថាន នៃ ប្រទេស​G៧   ជួប​ជុំ​ពិភាក្សា​គ្នា​ ស្តី​ពី ​បរិស្ថានអាកាស និង​ថាមពល​​ នាថ្ងៃសៅរ៍អាទិត្យ​ ទី​១៥-១៦មេសា​។​
នៅទីក្រុង​សាពូរ៉ូ បណ្តារដ្ឋមន្ត្រី​ វិស័យ​ថាមពល និង វិស័យ​បរិស្ថាន នៃ ប្រទេស​G៧   ជួប​ជុំ​ពិភាក្សា​គ្នា​ ស្តី​ពី ​បរិស្ថានអាកាស និង​ថាមពល​​ នាថ្ងៃសៅរ៍អាទិត្យ​ ទី​១៥-១៦មេសា​។​ REUTERS - KYODO
ផ្សាយពាណិជ្ជកម្ម

​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ G ៧ ប្តេជ្ញាចិត្ត​បន្ថយ​ការ​ប្រើ​ឧស្ម័ន កាត់កាត់​បន្ថយ​និងសន្សំថាមពល ​ហើយ ​ជំរុញ​ការ​ផលិត​ថាមពល​ស្អាត។ សេចក្តីនេះ គឺត្រូវ​បង្ហើប​ឲ្យដឹងតាមរយៈ អ្នក​ស្រី Agnès Pannier-Runacher រដ្ឋមន្ត្រី​ថាមពល​បារាំង និងបញ្ជាក់​ទៀត​ថា ​នេះគឺជាវិធានការ​​ឆ្លើយ​តបទៅ​នឹង​វិបត្តិ​អាកាសធាតុ។ ​អ្នកស្រី​រដ្ឋមន្ត្រី​បារាំង​បាន​​ប្រាប់​ទៅកាន់​បណ្តាញ​សារព័ត៌មាន​ យ៉ាងដូច្នេះ​ នៅទីក្រុង​សាពូរ៉ូ ប៉ែក​ខាង​ជើង​ប្រទេស​ជប៉ុន។ នៅជប៉ុន ជាទីដែល​ បណ្តារដ្ឋមន្ត្រី​ វិស័យ​ថាមពល និង វិស័យ​បរិស្ថាន នៃ ប្រទេស​G៧  បាន​ជួប​ជុំ​ពិភាក្សា​គ្នា​ ស្តី​ពី ​បរិស្ថានអាកាស និង​ថាមពល​​ នាថ្ងៃសៅរ៍អាទិត្យ​ ទី​១៥-១៦មេសា​។​

ចំណែក​ការណ៍ដែលប្រទេស​ G៧ មូលមាត់​គ្នា​ចូលរួម​កាត់​បន្ថយ បញ្ចេញ​ផ្សែង​ ឲ្យ​បាន​លឿន​ឆាប់​​ ហើយ​និង​សន្យាប្តេជ្ញា​មិន​​សាងសង់​រោងចក្រ​ថាមពល​ធ្យូងថ្មបន្ថែមទៀត គឺត្រូវ​រដ្ឋមន្ត្រី​ថាមពល​បារាំង វាយតម្លៃ​ខ្ពស់​ថា ​នេះ​ជាលើកទី១ហើយ​ដែល​ប្រទេស​ទាំងនេះ ហ៊ាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​បែបនេះ។​ក៏ប៉ុន្តែ អ្នក​ស្រី​រដ្ឋមន្ត្រីសង្កត់ធ្ងន់ដែរថា នៅ​ខណៈពេល​នេះ​ ប្រទេស​ទាំង៧ នៅមិនទាន់​ស្របគ្នាទេ ចំពោះ​ការ​កំណត់​កាលបរិច្ឆេទ​នៅ​ពេល​ណា​ឲ្យ​ប្រាកដ​នៅ​ឡើយទេ​។​​

ប្រភព​ស្និទ្ធ​នឹង​កិច្ចប្រជុំ​ក៏​បាន​បញ្ជាក់​ប្រាប់ទីភ្នាក់ងារ​បារាំង​អាអេហ្វប៉េ ថា គោល​បំណង​របស់​បណ្តា​រដ្ឋមន្ត្រី​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​G៧ រំពឹង​ថា​នឹង​បង្កើន​សមត្ថភាព​​ផលិតថាមពលស្អាត ចេញពី​ថាមពល​កកើត​ឡើង​វិញ ដូចជា​ពន្លឺ​និង​ខ្យល់។ ក្នុង​នោះ​ ពន្លឺ​ព្រះ​អាទិត្យ​ យ៉ាងហោចឲ្យបាន​​ ១ ថេរ៉ាវ៉ាត់ ហើយផលិត​​ថាមពល​ពី​ខ្យល់​សមុទ្រ​ ឲ្យ​បាន​ ១៥០ ជីហ្គាវ៉ាត់ ចាប់ពីពេល​នេះ​ទៅ​ឆ្នាំ​២០៣០។​

ចំពោះប្រទេស​ជប៉ុន នា​ឪកាសធ្វើ​សុន្ទរកថា​បើក​កិច្ចប្រជុំ​ រដ្ឋមន្ត្រី​​ក្រសួង​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​ Yasutoshi Nishimura បានប្រកាស​ថា ប្រទេស​សេដ្ឋកិច្ច​ជឿន​លឿន មិនត្រឹម​តែ​ត្រូវ​កាត់​បន្ថយ​ការ​បញ្ចេញផ្សែង​ ក្នុង​រង្វង់​ប្រទេស​ទាំង​៧​នោះទេ​ ប៉ុន្តែ ត្រូវ​ជំរុញ​ឲ្យ​កាត់​បន្ថយ​ផ្សែង​​ជាទូទៅ​នៅក្នុង​ពិភពលោក ហើយ​ពិសេស​ក៏​ត្រូវ​ជួយ​គាំទ្រ​ប្រទេស​ក្រីក្រ នៅក្នុង​ដំណើរ​នេះដែរ​​។

ក្នុង​ន័យ​នេះ រដ្ឋមន្ត្រី​ជប៉ុន​ ចង់​សង្កត់​ធ្ងន់​លើការ​ចូល​រួម​វិភាគ​ទាន បង្កើត​មូលនិធិ​​​កញ្ចប់​ថវិកា សម្រាប់​ជួយ​ដល់​ប្រទេស​ក្រីក្រ និងជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ ក្នុងយន្តការ​កាត់​បន្ថយការ​បញ្ចេញ​ផ្សែង​។ ការបញ្ចេញ​ផ្សែង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស និង​កំណើន​កម្តៅ​ផែនដី៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ