អានតួអត្ថបទ
ស៊ូដង់

សង្រ្គាមនៅស៊ូដង់៖អង្គការសហប្រជាជាតិអំពាវនាវឲ្យមានបទឈប់បាញ់យ៉ាងតិច ៣ថ្ងៃ

នៅ​ក្នុង​ប្រទេស​ស៊ូដង់ ថ្ងៃ​សុក្រ ទី២១ មេសា​នេះ​ឈាន​ដល់​ថ្ងៃ​ទី៦ នៃ​ការ​ប្រឈម​មុខ​ផ្លូវអាវុធ​ដាក់​គ្នា​យ៉ាង​ហិង្សា​រវាង​កម្លាំង​របស់​ឧត្តមសេនីយ​ចំនួន​ពីរ​រូប គឺ​លោក​អាប់ឌែល ហ្វាតា អាល់ បួរ៉ាន និង​លោក​ម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ។ តុល្យការ​បណ្តោះអាសន្ន​បាន​ឲ្យ​ដឹង​ថា ការ​ប្រយុទ្ធ​គ្នា​តាំង​ពី​ថ្ងៃទី១៥ មេសា​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង ៣៣០នាក់ និង​របួស​ជាង ៣ ៣០០នាក់។ តាំង​ពី​ថ្ងៃ​ផ្ទុះ​អាវុធ​ដំបូង​មក​ដល់​ពេល​នេះ មាន​ការ​អំពាវនាវ​ពី​គ្រប់​ទិសទី​ឲ្យ​ភាគី​ជម្លោះ​ទាំង​ពីរ​ទម្លាក់​អាវុធ​ចុះ និង​ចូល​អង្គុយ​តុ ចរចា។ តែ​ការ​អំពាវនាវ​នេះ​មិន​ត្រូវ​បាន​ភាគី​ជម្លោះ​យក​ត្រចៀក​ស្តាប់​ទេ។ ជា​ថ្មី​ម្តង​ទៀត ការ​អំពាវនាវ​ដូច​គ្នា​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​កិច្ចប្រជុំ​តាម​អនឡាញ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២០ មេសា​រវាង​ថ្នាក់ដឹកនាំ​នៃ​អង្គការ​អន្តរជាតិ រួម​មាន​អង្គការសហប្រជាជាតិ សហភាពអាហ្រ្វិក សម្ព័ន្ធអារ៉ាប់ និង​អង្គការអនុតំបន់ Igad។ ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គូទែរស៍​បាន​អំពាវនាវ​ឲ្យ​មាន​បទឈប់បាញ់​យ៉ាង​តិច​ចំនួន ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​សុក្រ ទី២១ មេសា​នេះ​ទៅ​ដែល​ជា​ថ្ងៃ​ដែល​អ្នក​កាន់​សាសនា​អ៊ីស្លាម​ចូលរួម​ប្រារព្ធ​ពិធី​ស្រាយ​បួស។

ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គូទែរស៍​បាន​អំពាវនាវ​ឲ្យ​មាន​បទឈប់បាញ់​យ៉ាង​តិច​ចំនួន ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​សុក្រ ទី២១ មេសា​នេះ​នៅ​ស៊ូដង់។
ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គូទែរស៍​បាន​អំពាវនាវ​ឲ្យ​មាន​បទឈប់បាញ់​យ៉ាង​តិច​ចំនួន ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​សុក្រ ទី២១ មេសា​នេះ​នៅ​ស៊ូដង់។ REUTERS - AHMED SAAD
ផ្សាយពាណិជ្ជកម្ម

« អាទិភាព​ភ្លាមៗ​នៅ​ចំពោះ​មុខ​នេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​យ៉ាង​តិច​បំផុត​ចំនួន ៣ថ្ងៃ។ បទ​ឈប់​បាញ់​រយៈពេល ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​សុក្រ ទី២១ មេសា​ដែល​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​ស្រាយ​បួស ឬ​ពិធី​បិទបញ្ចប់​ការ​តម​អាហារ​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម។ បទ​ឈប់​បាញ់​រយៈពេល ៣ថ្ងៃ​ដើម្បី​អនុញ្ញាត​ឲ្យ​ជនស៊ីវិល​ដែល​កំពុង​ជាប់​កុន​នៅ​ក្នុង​តំបន់​ជម្លោះ​ភៀសខ្លួន​ចេញ និង​ស្វែរ​រក​ជំនួយ​ថ្នាំពេទ្យ ម្ហូបអាហារ និង​តម្រូវការ​សំខាន់ៗ​ចាំ​បាច់​ផ្សេង​ទៀត​សម្រាប់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ។

បទ​ឈប់​បាញ់​យ៉ាង​តិច​រយៈពេល ៣ថ្ងៃ​នេះ​ជា​ជំហាន​ដំបូង​ដែល​ត្រូវ​ធ្វើ​មុន​គេ ហើយ​ជំហាន​បន្ទាប់​មក គឺ​ការ​ឈាន​ទៅ​មាន​បទ​ឈប់បាញ់​ជា​អចិន្រ្តៃយ៍។ ខ្ញុំ​យល់​ឃើញ​ថា ពិធី​ស្រាយ​បួស ឬ​ពិធី​បិទបញ្ចប់​ការ​តម​អាហារ​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជា​ពេល​វេលា​ត្រឹមត្រូវ​ដើម្បី​អនុវត្ត​បទឈប់​បាញ់។ គ្រប់​ភាគី​ជម្លោះ​ទាំង​អស់​នៅ​ស៊ូដង់​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។ យើង​កំពុង​រស់នៅ​ក្នុង​ពេលវេលា​ដ៏​សំខាន់​មួយ​នៃ​ប្រតិទិន​អ៊ីស្លាម។

យើង​បាន​ទាក់ទង​ជាមួយ​ភាគី​ទាំង​អស់។ យើង​គិត​ថា វា​ពិត​ជា​អាច​ទៅ​រួច។ ក៏​ប៉ុន្តែ គ្រប់​គ្នា​ត្រូវ​រួបរួម​គ្នា​ដាក់​សម្ពាធ​ដើម្បី​ឱ្យ​បទ​ឈប់​បាញ់​ត្រូវ​បាន​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ