អានតួអត្ថបទ
ស៊ូដង់

ស៊ូដង់៖ស្ថានការណ៍នៅក្រុងខាទុំកំពុងបន្តដុនដាបដោយគ្មានឧត្តមសេនីយណាម្នាក់សុខចិត្តទម្លាក់អាវុធចុះ

នៅ​ក្នុង​ប្រទេស​ស៊ូដង់ ថ្ងៃ​ព្រហស្បតិ៍ ទី២០ មេសា​នេះ​ឈាន​ចូល​ដល់​ថ្ងៃទី៥ នៃ​ការ​វាយប្រហារ​ផ្លូវអាវុធ​រវាង​កម្លាំង​របស់​ឧត្តមសេនីយ​ពីរ​រូប​ក្នុង​ទីក្រុង​ខាទុំ។ តុល្យការ​បណ្តោះអាសន្ន​ផ្តល់​ដោយ​ស្ថានទូត​បស្ចិមលោក​ប្រចាំ​ក្រុង​ខាទុំ​នា​ថ្ងៃ​ពុធ ទី១៩ មេសា​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២៧០នាក់ និង​របួស​ជិត ៣ ០០០នាក់។ ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ និង​អ្នក​របួស​ដែល​នឹង​អាច​មាន​ច្រើន​ជាង​នេះ ក្រុង​ខាទុំ​លែង​មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់ ហើយ​គ្រប់​មន្ទីរពេទ្យ​កំពុង​ជោរជន់​ដោយ​អ្នក​របួស​ពី​ការ​ទម្លាក់​គ្រាប់បែក​ដោយ​ទ័ព​អាកាស និង​ការ​ផ្លោង​គ្រាប់កាំភ្លើង​ត្បាល់​ពី​កម្លាំង​ប្រដាប់អាវុធ​របស់​ឧត្តមសេនីយ​គូបដិបក្ខ។ ក្នុង​ចំណោម​មន្ទីរពេទ្យ​ដែល​កំពុង​ជោរជន់​ខ្លាំង​ដោយ​អ្នក​របួស​ក៏​មាន​មន្ទីរពេទ្យ​ឯកជន Royal Care International មួយ​ដែរ។ លោក​សាលម៉ាន អូម៉ារ គ្រូពេទ្យ​ម្នាក់​ដែល​បម្រើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន Royal Care International បាន​រៀបរាប់​ពី​ស្ថានការណ៍​ដែល​ពិបាក​ទ្រាំ និង​សង្ឃឹម​ថា ភាគី​ជម្លោះ​ទាំង​ពីរ​នឹង​បាន​ដឹង និង​បាន ឮ ពី​ទុក្ខភ័យ​របស់​ប្រជាជន​ស៊ូដង់។

នៅស៊ូដង់ ស្ថានការណ៍នៅក្រុងខាទុំកំពុងបន្តដុនដាបដោយគ្មានឧត្តមសេនីយណាម្នាក់សុខចិត្តទម្លាក់អាវុធចុះ។
នៅស៊ូដង់ ស្ថានការណ៍នៅក្រុងខាទុំកំពុងបន្តដុនដាបដោយគ្មានឧត្តមសេនីយណាម្នាក់សុខចិត្តទម្លាក់អាវុធចុះ។ AP - Abdullah Moneim
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​មិន​គិត​ថា ស្ថានការណ៍​នឹង​ប្រសើរ​ឡើង​ទេ ប្រសិន​បើ​ភាគី​ជម្លោះ​ទាំង​ពីរ កងទ័ព និង​កម្លាំង​គាំទ្រ​រហ័ស SFR បន្ត​ប្រឈម​មុខ​ផ្លូវអាវុធ​ដាក់​គ្នា​នោះ។ គ្មាន​នរណា​ម្នាក់​អាច​ដេក​បាន​ឡើយ។ ខ្ញុំ​មិន​បាន​បិទ​ភ្នែក​តាំង​ពី ៥ថ្ងៃ​មក​ហើយ។ ជានិច្ចកាល ខ្ញុំ​តែង​សំឡឹង​មើល​ផ្ទះ​របស់​ខ្ញុំ​ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មន្ទីរពេទ្យ​ដែល​ខ្ញុំ​ធ្វើ​ការ​ដើម្បី​ធានា​ថា គ្រួសារ​របស់​ខ្ញុំ​នឹង​មិន​ជួប​បញ្ហា​អ្វី​ទាំង​អស់។

នៅ​ពេល​ដែល​គេ​ឮ​សំឡេង​ផ្ទុះ​ភ្លាម គេ​បាន​លើក​ទូរស័ព្ទ​តេ​រក​ក្រុមគ្រួសារ ឬ​មនុស្សជំនិត​ដើម្បី​ចង់​ដឹង​ថា គ្មាន​នរណា​ម្នាក់​កើត​អី​ទេ។ នេះ​ហើយ​ជា​ជីវិត​របស់​ប្រជាជន​ស៊ូដង់​នៅ​ពេល​នេះ។ គេ​មិន​ដឹង​ថា​តើ​ស្ថានការណ៍​របៀប​នេះ​នឹង​បិទបញ្ចប់​នៅ​ពេល​ណា​ទេ។ យើង​សង្ឃឹម​ថា ឧត្តមសេនីយ​ទាំង​ពីរ​នាក់​ដែល​កំពុង​ឈ្លោះ​គ្នា​នឹង​ឮ​ការ​អំពាវនាវ​របស់​យើង​ឲ្យ​បញ្ឈប់​នូវ​អ្វី​ដែល​ពួក​គេ​ទាំង​ពីរ​កំពុង​ធ្វើ​ពេល​នេះ ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត។

យើង​មិន​ខ្វល់ខ្វាយ​ពី​រឿង​នយោបាយ​ទេ។ តម្រូវការ​ខ្លាំង​នៅ​ចំពោះ​មុខ​ពេល​នេះ គឺ​មនុស្សធម៌។ មាន​មនុស្សចាស់ មាន​អ្នក​រងរបួស និង​មាន​អ្នក​ជំងឺ។ គេ​ឃើញ​មាន​សាកសព​ពាសវាល ពាសកាល​នៅ​តាម​ផ្លូវ។ មនុស្ស​មិន​អាច​ចេញ​ពី​ផ្ទះ​ដើម្បី​ទៅ​ប្រមូល​យក​សាកសព​ទាំង​នេះ​ទៅ​កប់​បាន​ទេ ព្រោះ​ខ្លាច​គេ​សម្លាប់។ វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់។ យើង​ត្រូវ​ការ​ឲ្យ​មាន​ការ​បិទបញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ឱ្យ​បាន​ឆាប់​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ