អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី​Wagner​បែរទិសចេញពីអ៊ុយក្រែនទៅតទល់នឹងអំណាចយោធា​នៅរុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅព្រឹកថ្ងៃ​សៅរ៍ទី ២៤មិថុនា មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ Wagner ដែល​ធ្លាប់ជួយ​ប្រយុទ្ធ​កងទ័ព​រុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន កំពុង​លើកគ្នា ត្រលប់​​ចូល​ទឹកដី​រុស្ស៊ី សំដៅ​ម៉ូស្គូ ដើម្បី​ផ្តួល​អំណាច​មេដឹកនាំ​យោធា​រុស្ស៊ី។ នៅព្រឹកថ្ងៃ​សៅរ៍នេះ រដ្ឋាភិបាល​ម៉ូស្គូ​ប្រកាស​ចាត់វិធានការ​ប្រឆាំង​ភេរវកម្ម។ នៅក្នុង​សារតាមទូរទស្សន៍​ទៅកាន់ប្រជាជន​រុស្ស៊ី លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន​បាន​ចោទប្រកាន់ ការប៉ុនប៉ង​របស់​ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរ ថា ជា​ទង្វើក្បត់ជាតិ ក្បត់ប្រជាជន​រុស្ស៊ី។ ប្រធានាធិបតី​រុស្ស៊ី​នៅបាន​ព្រមានដាក់ពិន័យ​រាល់​អ្នកដែល​ចូលរួម​ជាមួយ​ក្រុមកម្លាំងបះបោរ ក្រុមដែលបំពាក់​អាវុធ​ឲ្យ​ក្រុមឧទ្ទាម នៅរុស្ស៊ី។ ហេតុអ្វីបាន​ជា​ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី​ងាកបែរ គោលដៅ​មក​វាយប្រហារ​រដ្ឋអំណាច​យោធា​រុស្ស៊ី​នៅពេលនេះ?

មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ លោក​អេវហ្គីនី ព្រីហ្គោហ្ស៊ីន​និយាយនៅក្នុងវីដេអូ​នៅពេល​ចូលកាន់កាប់ទីក្រុង​រុស្ស៊ី Rostov-on-Don,ដែលជាទីតាំងយោធា​ដ៏សំខាន់របស់រុស្ស៊ី សម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន។
មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ លោក​អេវហ្គីនី ព្រីហ្គោហ្ស៊ីន​និយាយនៅក្នុងវីដេអូ​នៅពេល​ចូលកាន់កាប់ទីក្រុង​រុស្ស៊ី Rostov-on-Don,ដែលជាទីតាំងយោធា​ដ៏សំខាន់របស់រុស្ស៊ី សម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន។ AP
ផ្សាយពាណិជ្ជកម្ម

ស្ថានការណ៍​នៅ​រុស្ស៊ី​បាន​ប្រែប្រួលខ្លាំង នៅព្រឹកថ្ងៃ​សៅរ៍នេះ បន្ទាប់​ពី​ក្រុមទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ​បែរ​ទិសដៅ​ប្រយុទ្ធ ចេញ​ពី​ទឹកដី​អ៊ុយក្រែន សំដៅ ប្រទេសរុស្ស៊ី។ នៅក្នុងសារវីដេអូ តាមតេឡេក្រាម មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ លោក​អេវហ្គីនី ព្រីហ្គោហ្ស៊ីន​និយាយ​ថា ទាហានវ៉ាក់ណែ​បាន​ឆ្លងព្រំដែន​អ៊ុយក្រែន​ចូលទៅរុស្ស៊ី ដើម្បី ផ្តួលមេដឹកនាំយោធា​រុស្ស៊ី។ លោកប្រធានាធិបតី​រុស្ស៊ី បានប្រកាសចាត់ទុក​មេក្រុមទាហាន​វ៉ាក់ណែថា ក្បត់ជាតិ។

ម៉ូស្គូ​បាន​ចាត់វិធានពង្រឹងសន្តិសុខ​តាំងពី​យប់ថ្ងៃ​សុក្រម្សិលមិញ នៅខណៈពេល​ដែល​មេទាហានស៊ីឈ្នួល​វ៉ាក់ណែ ប្រកាស​បែរទិស​ប្រយុទ្ធ ទៅ​ផ្តួល​មេដឹកនាំ​យោធា នៅក្នុងទឹកដីរុស្ស៊ី។ នៅ​ព្រឹកថ្ងៃ​សៅរ៍នេះ មេក្រុមទាហានស៊ីឈ្នួល វ៉ាក់ណែ លោក អេវហ្គីនី ព្រីហ្គោហ្សីន​បាន​ប្រកាស​នៅក្នុង​សារវីដេអូ​តេឡេក្រាមថា ទាហានស៊ីឈ្នួល​វ៉ាក់ណែ​បាន​ឆ្លងព្រំដែន​ចេញពី​អ៊ុយក្រែន ទៅក្នុងទឹកដី​រុស្ស៊ី។ តាម​មេក្រុមទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ កងកម្លាំង​របស់ខ្លួន​បាន​ចូល​កាន់កាប់​ទីក្រុង Rostov-on-Don ដែលជា​ទីតាំង​បញ្ជាការដ្ឋាន​ដ៏ធំ​របស់​រុស្ស៊ី សម្រាប់​ធ្វើសង្រ្គាមនៅអ៊ុយក្រែន។ តាម​មេក្រុមវ៉ាក់ណែ ការចូលកាន់​នៅទីក្រុង​ Rostov-on-Don ប្រព្រឹត្ត​ទៅ​ដោយ​ស្រួល គ្មានការប្រយុទ្ធគ្នា បន្ទាប់ពី​ទាហាន​រុស្ស៊ីយល់ព្រម​ទម្លាក់អាវុធ។ ទាហានស៊ីឈ្នួលវ៉ាក់ណែ​និយាយដែរថា ពួកគេ​បាន​ចូលកាន់កាប់​មូលដ្ឋានទ័ពរុស្ស៊ីផ្សេងទៀត​នៅទីក្រុង​Voronezh ដែលស្ថិតនៅចម្ងាយ ៥០០គីឡូម៉ែត្រពីរដ្ឋធានីម៉ូស្គូ។ នៅមុននេះ ​ទីភ្នាក់ងារព័ត៌មាន​Reuters បាន​បង្ហាញ​ក្បួនរថយន្ត​ដែល​មានដឹក​របស់រថក្រោះ​របស់​ក្រុមទាហាន​វ៉ាក់ណែ នៅ​ម្តុំ​ទីក្រុង​Voronezh សំដៅ​ទីក្រុង​ម៉ូស្គូ។

ប្រធានាធិបតីរុស្ស៊ី លោកពូទីនវិញ បាន​ចេញមុខនៅទូរទស្សន៍ជាតិរុស្ស៊ី  ប្រកាស​ចាត់ទុក​ទង្វើ​របស់​មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ​ថា ជាការក្បត់ជាតិ ក្បត់ប្រជាជន និង​ជា​កាំបិត​ចាក់ពី​ក្រោយខ្នង​ប្រជាជនរុស្ស៊ី។ សម្រាប់​លោកពូទីន ទង្វើក្បត់​របស់​ទាហានស៊ីឈ្នួល​វ៉ាក់ណែ ដែលកើតឡើង​ដោយសារ​មហិច្ឆតា​ហួសមាឌ និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ផលប្រយោជន៍បុគ្គល កំពុង​ក្លាយជា​ការគំរាមកំហែងដ៏គ្រោះថ្នាក់​សម្រាប់​រុស្ស៊ី។ មេដឹកនាំ​រុស្ស៊ី ទទួលស្គាល់ស្ថានការណ៍លំបាក បន្ទាប់ពីក្រុមទាហាន​វ៉ាក់ណែ វាយចូលកាន់កាប់​ទីក្រុង​ Rostov-on-Don។ លោកពូទី​បាន​ព្រមានផងដែរ ស្ថានការណ៍​លើកនេះ អាច​រុញច្រានរុស្ស៊ីឲ្យ​​ធ្លាក់ក្នុង​សង្រ្គាមស៊ីវិល។ យ៉ាងណាក៏ដោយ លោក​បាន​សន្យា​ថា នឹង​មិន​ឲ្យមានរឿងហ្នឹងកើតឡើងបានទេ ព្រោះលោក​បានបញ្ជារួចហើយ​ឲ្យគេ​ចាត់គ្រប់វិធានការ​ដាក់ពិន័យរាល់​ពួកបះបោរ ដើម្បីស្តារស្ថានការណ៍​ក្នុងប្រទេស​ឡើងវិញ។

ពី​ដៃគូ​ប្រយុទ្ធ ទៅជា​ជនក្បត់ជាតិ

ក្រុម​ទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ​ជា​ដៃគូប្រយុទ្ធ​ដ៏សំខាន់​របស់​កងទ័ពរុស្ស៊ី នៅក្នុង​សមរភូមិ​អ៊ុយក្រែន។ ទាហានវ៉ាក់ណែផ្ទាល់​ក៏បានទទួល​អាវុធ​ពីកងទ័ពរុស្ស៊ី ដើម្បីប្រយុទ្ធ​នៅអ៊ុយក្រែនដែរ។ មេដឹកនាំ​ក្រុមវ៉ាក់ណែផ្ទាល់ធ្លាប់ជា​មេចុងភៅ និងជា​មនុស្សជំនិត​នឹង​លោកពូទីន។ ដូច្នេះ គ្មានអ្នកណានឹកស្មានដល់​ថា ក្រុមទាហាន​ស៊ីឈ្នួលរុស្ស៊ី​វ៉ាក់ណែ​អាចក្លាយ​ជាក្រពើ ងាកក្បាល​មកខាំរដ្ឋអំណាច​រុស្ស៊ីនោះទេ។

ប៉ុន្តែ មានផ្សែងគឺ​មានភ្លើង។ មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ លើកទ័ព​សំដៅ​ម៉ូស្គូ នៅពេលនេះ គឺ​ជាលទ្ធផល​នៃ​ជម្លោះ​ពាក្យសំដី ភាពតានតឹង​គ្នា​ជាយូរមកហើយ រវាងមេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ លោក​ព្រីហ្គោហ្សីន ហើយ​និងរដ្ឋមន្រ្តីការពារជាតិ​រុស្ស៊ី លោក​ស៊ែរហ្គេយ ស្ហូហ្គុយ។ នៅថ្ងៃ​សុក្រ ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរុស្ស៊ី​បានប្រកាស​បើកការស៊ើបអង្កេត​ទៅលើ​លោកព្រីហ្គោហ្សីន ក្នុងបទសង្ស័យថា លោក​បំពាក់អាវុធ​ឲ្យក្រុមឧទ្ទាមដើម្បីធ្វើការបះបោរប្រឆាំង​រដ្ឋអំណាចរុស្ស៊ី។

កន្លងមក មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ រិះគន់ មិនសំចៃមាត់ និយាយប្រមាថ​ទាំង​មេបញ្ជាការកងទ័ពរុស្ស៊ី ទាំង​រដ្ឋមន្រ្តីការពារ​ជាតិ​រុស្ស៊ី ថា អសមត្ថភាព គ្មាន​យុទ្ធសាស្រ្ត​ប្រយុទ្ធ​នៅ​ក្នុងសមរភូមិ​អ៊ុយក្រែន។

នៅប៉ុន្មាន​ខែ​មុននេះ លោកព្រីហ្គោហ្ស៊ីន​នៅបាន​ចោទប្រកាន់​រដ្ឋមន្រ្តីការពារ​ជាតិ​រុស្ស៊ី​ថា មានចេតនា​មិនផ្តល់អាវុធ​ឲ្យទាហាន​វ៉ាក់ណែ។ មិនតែប៉ុណ្ណោះ នៅបាន​លបបាញ់​ឆ្មក់ពីក្រោយ បាញ់​សម្លាប់ ទាហានស៊ីឈ្នួល​វ៉ាក់ណែ​នៅក្នុងសមរភូមិអ៊ុយក្រែន។ សម្រាប់​មេក្រុមទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ គោលដៅ​របស់​ខ្លួន​នៅ​រុស្ស៊ី គឺដើម្បីទាមទារ​យុត្តិធម៌ ​ទម្លាក់​មេដឹកនាំយោធា ដែល​បាញ់សម្លាប់​ប្រជាជនស៊ីវិល ដែល​និយាយ​កុហក បោកប្រាស់ប្រជាជនរុស្ស៊ី​ឲ្យធ្វើសង្រ្គាមនៅអ៊ុយក្រែន ដើម្បី​តែ​ផលប្រយោជន៍​របស់ខ្លួន។

​មេក្រុមទាហាន​ស៊ីឈ្នួល​រុស្ស៊ី វ៉ាក់ណែ​ព្រហើន​លើកទ័ពទៅ​វាយ​ទម្លាក់​មេដឹកនាំយោធារុស្ស៊ី

តាម​មេក្រុមវ៉ាក់ណែ លោក​ព្រីហ្គោហ្ស៊ីន ទាហានវ៉ាក់ណែទាំងអស់ ប្រមាណ ២៥០០០នាក់ ត្រៀមស្លាប់ នៅក្នុងការប្រយុទ្ធ ដើម្បីជាតិ​មាតុភូមិ ដើម្បី ទម្លាក់​មេដឹកនាំ​យោធា និង​មិនព្រម​ទម្លាក់អាវុធ​តាមការបញ្ជា​របស់លោកពូទីន។

មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែមានអំណួតខ្លាំង ហ៊ាន​ចេញមុខ​តទល់​នឹង​កងទ័ពរុស្ស៊ី ព្រោះដោយមកពីគិតថា ក្រុមខ្លួន​ជា​ទាហានអាជីព មានបទពិសោធន៍​ក្នុងការធ្វើ​សង្រ្គាម មិនខ្លាចស្លាប់​បើប្រៀបធៀប​នឹង​កងទ័ពរុស្ស៊ី។ ក្រុមវ៉ាក់ណែ​កាន់តែ​អាងយ៉ាង នៅបន្ទាប់ពីពួកគេ​មានស្នាដៃ វាយយកបាន​ទីក្រុង​ប៉ាក់ម៉ូត ដែល​កងទ័ពរុស្ស៊ី​បរាជ័យ មិនអាច​វាយដណ្តើម​ពីកងទ័ពអ៊ុយក្រែន នៅ១ខែមុននេះ។

តាមភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក នៅមុនធ្វើសង្រ្គាមនៅអ៊ុយក្រែន ទាហានស៊ីឈ្នួល​វ៉ាក់ណែ ធ្លាប់ធ្វើសង្រ្គាមសម្រាប់​រុស្ស៊ី នៅ​ប្រទេស​ស៊ីរី លីប៊ី និង​នៅប្រទេស​អាហ្វ្រិកមួយចំនួន ដូចជា​ម៉ាលី​ជាដើម ជាទីដែលក្រុមនេះ កំពុង​ជួយគាំទ្រ​រដ្ឋាភិបាល​សឹកម៉ាលី ជាថ្នូ​នឹង​ការគ្រប់គ្រង​កន្លែងធ្វើអាជីវកម្ម​រ៉ែ ដើម្បីបំពេញកេស​ប្រាក់​របស់​ក្រុមវ៉ាក់ណែ។ នៅពេលកំពុងល្បីធ្វើសង្រ្គាម​នៅ​អ៊ុយក្រែន ក្រុមហ៊ុន​វ៉ាក់ណែ បើកទីស្នាក់ការ​របស់ខ្លួន​នៅទីក្រុង​រុស្ស៊ី Saint Petersbourg និង​រើសបញ្ចូល​ពួកអ្នកទោស ដើម្បីធ្វើជាទាហាន​ប្រយុទ្ធ​ក្នុងសមរភូមិអ៊ុយក្រែន។

អំណាច​របស់​លោកពូទីន​អាច​រង្គោះរង្គើ​ដោយសារ​ការងើបបះបោរ​របស់​មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី?

មេក្រុម​ទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ​និយាយ​ថា ខ្លួន​មិន​ធ្វើរដ្ឋប្រហារ ប៉ុន្តែ មាន​គោលដៅ ចង់​ទម្លាក់​មេដឹកនាំយោធា​រុស្ស៊ី តែប៉ុណ្ណោះ ដោយ​គ្មានពាក់ព័ន្ធ​នឹង​លោកពូទីន។ ប៉ុន្តែ ជាមួយកម្លាំងទ័ពមិនដល់​៣ម៉ឺននាក់ នៅចំពោះមុខ​លោកពូទីន ដែលបាន​ទទួល​ការគាំទ្រ​ពី​មេដឹកនាំ​សភារុស្សី មេដឹកនាំសាសនា និង​មេដឹកនាំ​នៅតំបន់ឆេឆិន ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ​មិនសង្ឃឹមថា ​នឹងអាចវាយបំបែកក្រុម​របស់លោកពូទីន។

យ៉ាងណាក៏ដោយ ជម្លោះផ្ទៃក្នុង​រុស្ស៊ី​នៅពេលនេះ អាច​ជះផលអាក្រក់​ដល់​យុទ្ធសាស្រ្ត​សង្រ្គាម​របស់​រុស្ស៊ី​នៅអ៊ុយក្រែន។ កងទ័ពរុស្ស៊ី​មួយចំនួន​អាច​បាក់ទឹកចិត្ត ហើយ​លែងចង់​គាំទ្រ​ថ្នាក់ដឹកនាំរុស្ស៊ី​ធ្វើសង្រ្គាម​នៅអ៊ុយក្រែន ទៅទៀត។

សើច​លើគំនរទុក្ខអ្នកដទៃ

គ្រប់គ្នា​ជាពិសេស អ៊ុយក្រែន កំពុងតាមដាន​ស្ថានការណ៍នៅរុស្ស៊ី ព្រោះថា កាបែកបាក់ផ្ទៃក្នុង​ជា​អំណោយផល​ល្អសម្រាប់​ភាគី​អ៊ុយក្រែន នៅក្នុង​ការប្រយុទ្ធដណ្តើមទឹកដី​របស់ខ្លួន​ពី​កងទ័ពរុស្ស៊ី។

តាមអាជ្ញាធរ​តំបន់ភាគខាងកើតអ៊ុយក្រែន ដែលគាំទ្រ​ដោយ​រុស្ស៊ី គ្រាន់តែ កើតមាន​រឿង ទាហានស៊ីឈ្នួល​វ៉ាក់ណែ លើកទ័ព​សំដៅ​ម៉ូស្គូ ទាហាន​អ៊ុយក្រែន​បាន​វាយសម្រុក ចង់ចូលកាន់កាប់ទីក្រុង​បាក់ម៉ូដ​វិញ នៅថ្ងៃ​សៅរ៍នេះ។

ចំណែក​អឺរ៉ុប អាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស ដែលជួយអ៊ុយក្រែនធ្វើសង្រ្គាមប្រឆាំង​រុស្ស៊ី​និយាយ​ថា គេកំពុងតាមដាន​ស្ថានការណ៍​នៅរុស្ស៊ី​ដោយ​កៀកបំផុត ព្រោះថា បើសិនស្ថានការណ៍ធ្លាក់ចុះអាក្រក់ នៅរុស្ស៊ីដូចជា សង្រ្គាមស៊ីវិល ឬ​អសន្តិសុខ នោះ​វាជារឿង​មិនល្អ​នោះទេសម្រាប់ពិភពលោក។ រុស្ស៊ីជា​ប្រទេស​ដែល​មាន​ក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេ នៅក្នុងពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ