អានតួអត្ថបទ
កងទ័ពរុស្ស៊ី-នុយក្លេអ៊ែរ

អ៊ុយក្រែនវាយយក​បាន​ទីក្រុង​យុទ្ធសាស្រ្ត​ក្នុង​តំបន់​ដូណែតស៍ ដែល​រុស្ស៊ី​ទើបកាត់យក​ជាដែនដី​រុស្ស៊ី

កងទ័ព​អ៊ុយក្រែន​បាន​ប្រកាស​កាលពីថ្ងៃ សៅរ៍ម្សិលមិញ​ថា បាន​វាយរំដោះយកបានមកវិញ ទីក្រុង​យុទ្ធសាស្រ្ត លីម៉ាន់ Lyman ក្នុង​តំបន់​ដូនែតស្ក នៅ​មួយថ្ងៃ​ក្រោយ ដែល​តំបន់​នៅភាគខាងកើត​របស់​អ៊ុយក្រែនមួយនេះ ត្រូវ​បាន​រុស្ស៊ី​សម្រេច​កាត់យក​ជា​ផ្លូវការ​ជាមួយ តំបន់អ៊ុយក្រែន ចំនួន៣ របស់​អ៊ុយក្រែន ទៅដាក់​បញ្ចូល​ក្នុង​ដែនដី​រុស្ស៊ី។ ក្រសួងការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់ ការដកកងទ័ព​ចេញពី​ទីក្រុងលីម៉ាន់ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​ល្ងាច​ថ្ងៃ​សៅរ៍។

រថពាសដែកដឹកកងទ័ពអ៊ុយក្រែន នៅតំបន់​ដូនែត ភាគខាងកើត​អ៊ុយក្រែន នៅថ្ងៃទី ២៨ ខែសីហា ២០២២
រថពាសដែកដឹកកងទ័ពអ៊ុយក្រែន នៅតំបន់​ដូនែត ភាគខាងកើត​អ៊ុយក្រែន នៅថ្ងៃទី ២៨ ខែសីហា ២០២២ AP - Leo Correa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ប្រកាស​ឡោមព័ទ្ធ​ នៅព្រឹកថ្ងៃ​សៅរ៍ កងទ័ព​អ៊ុយក្រែន​បាន​អះអាង​នៅប៉ុន្មាន​ម៉ោងក្រោយថា បាន​វាយ​សម្រុកចូល​ក្នុងទីក្រុង​យុទ្ធសាស្រ្ត លីម៉ាន់ ក្នុង​តំបន់ដូនែត ដែល​ប្រធានាធិបតី​រុស្ស៊ី ទើប​ប្រកាស​ដាក់បញ្ចូល​ជាផ្លូវការ​ក្នុង​ទឹកដី​រុស្ស៊ី។

រូបភាព​វីដេអូ​បង្ហោះផ្សាយ​ដោយ​រដ្ឋមន្រ្តីការពារ​ជាតិ​អ៊ុយក្រែន បាន​បង្ហាញ ទាហាន​អ៊ុយក្រែន​២នាក់ គ្រវី និង​ដោតទង់ជាតិ​រុស្ស៊ី នៅផ្លូវចូល​ទីក្រុង​លីម៉ាន់។

លីម៉ាន់ ជាទីក្រុង​យុទ្ធសាស្រ្ត ដែល​កងទ័ព​រុស្ស៊ី​ប្រើប្រាស់​ជា​មូលដ្ឋាន​ភស្តុភារ និង​ដឹកជញ្ជូន សម្រាប់​ប្រតិបត្តិការ​កងទ័ព​នៅភាគខាងជើង​តំបន់​ដូនែត។ ការវាយដណ្តើម​យក​បាន​ទីក្រុងលីម៉ាន់ ជា​ជ័យជំនះធំមួយ​របស់​កងទ័ព​អ៊ុយក្រែន ដែលវាយដណ្តើមយក​ទឹកដី​កាន់តែច្រើន​របស់ខ្លួន ពី​កងទ័ព​រុស្ស៊ី។ ការបោះជំហានទៅមុខ របស់​កងទ័ព​អ៊ុយក្រែន នៅ​តំបន់​ដុនបាស់ ភាគ​ខាងកើត​អ៊ុយក្រែន​ជាហេតុផល​ជំរុញ​ឲ្យ​រុស្ស៊ី របស់​លោកពូទីន ប្រញាប់​ប្រកាស​ភ្ជាប់យក​ទឹកដី​ភាគខាងកើត និង​ខាងត្បូង​អ៊ុយក្រែន ជា​កម្មសិទ្ធិផ្លូវការ​របស់​រុស្ស៊ី កាលពីថ្ងៃ​សុក្រ។

តាម​អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​អ៊ុយក្រែន នៅប៉ុន្មានថ្ងៃចុងនេះ កងទ័ព​រុស្ស៊ី ប្រមាណ ពី ៥០០០ ទៅ ៥៥០០​នាក់ មានវត្តមាន នៅ​ទីក្រុង​លីម៉ាន់ ប៉ុន្តែ ទ័ព​រុស្ស៊ី​អាច​ថយចុះ ចំនួន នៅថ្ងៃ​ប្រយុទ្ធ។

នៅប៉ុន្មាន​នាទីក្រោយការប្រកាស​របស់​កងទ័ពអ៊ុយក្រែន ក្រសួងការពារ​ជាតិ​បាន​លើកឡើង​ពីការដកកងទ័ព​រុស្ស៊ី ចេញ ទីក្រុង​លីម៉ាន់។ នៅក្នុង​សេចក្តីថ្លែងការណ៍ ក្រសួងការពារ​ជាតិ​រុស្ស៊ី បាន​អះអាងថា គំរាមកំហែង​ដោយការឡោមព័ទ្ធ កងទ័ព​សម្ព័ន្ធមិត្ត​ត្រូវបាន​ដកចេញ ពីលីម៉ាន់​ដើម្បី ទៅប្រចាំការ​នៅ​ជួរសមរភូមិ​ដែល​មាន​អំណោយផលល្អប្រសើរ។

ប្រតិកម្ម​ទៅ​នឹង​បរាជ័យ​របស់​កងទ័ព​រុស្ស៊ី នៅលីម៉ាន់ ប្រធាន​តំបន់​ឆេឆេនី លោកRamzan Kadirov បាន​និយាយថា ម៉ូស្គូ​គួរ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​កម្រិតខ្សោយ នៅ​អ៊ុយក្រែន។ នៅក្នុង​សារ​តេឡេក្រាម ដែលនិយាយពី​បរាជ័យ​របស់​កងទ័ព​រុស្ស៊ី នៅលីម៉ាន់ ប្រធានតំបន់​ឆេឆេនី និយាយ​ថា រុស្ស៊ីគួរប្រើ​ចាត់វិធានការ​ខ្លាំង ដូចជា​ការអនុវត្ត​ច្បាប់​អាជ្ញាសឹក នៅតំបន់​ជាប់ព្រំដែន និង​ការប្រើអាវុធ​នុយក្លេអ៊ែរ កម្រិតទាប។

នៅពេល​ប្រកាស​កេណ្ឌទ័ពបម្រុង​មួយភាគ កាលពី​សប្តាហ៍មុន ប្រធានាធិបតី​រុស្ស៊ី ធ្លាប់​បាន​គំរាមនឹង​ប្រើប្រាស់​គ្រប់មធ្យោបាយ ដើម្បីការពារ​ដែនដីដែល​ត្រូវ​កាត់បញ្ចូល​មកជា​កម្មសិទ្ធិរុស្ស៊ី។ អតីតប្រធានាធិបតី​រុស្ស៊ី លោក​មេដវេឌេវ បានបញ្ជាក់​ថា គ្រប់​មធ្យោបាយ​ដែល​លោកពូទីនចង់សំដៅ មាន​ផងដែរ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ។ ប៉ុន្តែ នេះជា​លើកដំបូង ដែល​ថ្នាក់ដឹកនាំ​សំខាន់​របស់​រុស្ស៊ី​ម្នាក់​ទាមទារ​ឲ្យគេ​ប្រើអាវុធ​នុយក្លេអ៊ែរ វាយប្រហារ​អ៊ុយក្រែន។

គួរបញ្ជាក់ថា រុស្ស៊ី ជា​ប្រទេស​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ច្រើនជាងគេ​នៅក្នុង​លោក (នាំមុខ​អាមេរិក) និងសំបូរអាវុធ​យុទ្ធសាស្រ្ត​នុយក្លេអ៊ែរ ដែលមានកម្រិតបំផ្លាញ​ក្នុងទ្រង់ទ្រាយតូច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ