អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទស្សនកិច្ចរបស់​រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកនៅចិននឹងអាចជួយស្តារ​ទំនាក់ទំនងសេដ្ឋកិច្ច​ដ៏ប្រេះស្រាំ​រវាង​ចិន និងអាមេរិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ អាមេរិក លោកស្រី Janet Yellen បានធ្វើដំណើរ​ទៅដល់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ដើម្បី​ធ្វើ​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​នៅ​ប្រទេស​ចិន។ ទស្សនកិច្ចជាច្រើនថ្ងៃ​របស់​រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក នៅទីក្រុង​ប៉េកាំង ធ្វើឡើង នៅក្នុងកាលៈទេសៈដែល​ចិន និងអាមេរិក​ចាប់ផ្តើម​ឈ្លោះគ្នា ក្នុងរឿងបច្ចេកវិទ្យាមួយទៀត បន្ថែម​ពីលើជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។ ភាគីចិន​វិញ ស្វាគម​ទស្សនកិច្ច​រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក ជាមួយ​ការប្រកាស​បិទខ្ទប់ ការនាំចេញ​លោហៈកម្រ ពីរប្រភេទ ដែល​ចាំបាច់​សម្រាប់​ផលិតសឺមីកុងឌុចទ័រ។

មន្រ្តីជាន់ខ្ពស់​របស់ក្រសួង​ហិរញ្ញវត្ថុចិនទទួល​លោកស្រី Janet Yellen រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកដែលធ្វើដំណើរ​ទៅដល់​ទីក្រុង​ប៉េកាំង នៅថ្ងៃព្រហស្បតិ៍ទី ៦​កក្កដា២០២៣ សម្រាប់ទស្សនកិច្ច​៤ថ្ងៃ​នៅប្រទេស​ចិន​
មន្រ្តីជាន់ខ្ពស់​របស់ក្រសួង​ហិរញ្ញវត្ថុចិនទទួល​លោកស្រី Janet Yellen រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកដែលធ្វើដំណើរ​ទៅដល់​ទីក្រុង​ប៉េកាំង នៅថ្ងៃព្រហស្បតិ៍ទី ៦​កក្កដា២០២៣ សម្រាប់ទស្សនកិច្ច​៤ថ្ងៃ​នៅប្រទេស​ចិន​ AP - Pedro Pardo
ផ្សាយពាណិជ្ជកម្ម

តាំង​ពីចូល កាន់តំណែង​ជា​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក កាលពី​ដើមឆ្នាំ ២០២១ នេះជាលើកទី១ ដែល​លោកស្រី Janet Yellen ធ្វើដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​ចិន។ នៅក្នុង​វេលា​មួយ​ដែល​ទំនាក់ទំនង​សេដ្ឋកិច្ច​អាមេរិក ចិន កំពុង​ល្អក់កករ វឹកវរ​ខ្លាំង ទស្សនកិច្ច​របស់​លោកស្រីរដ្ឋមន្រ្តីហិរញ្ញវត្ថុ​អាមេរិក នៅទីក្រុង​ប៉េកាំង កំពុង​ត្រូវគេ​តាមដាន​ខ្លាំង។

នៅមុនលោកស្រី Janet Yellen ធ្វើដំណើរ​ទៅដល់​ទៅក្រុង​ប៉េកាំង ក្រសួងហិរញ្ញវត្ថុ​អាមេរិក​បាន​ចុះផ្សាយ​ថា គោលដៅ​នៃ​ទស្សនកិច្ច​របស់​លោកស្រី Janet Yellen នៅទីក្រុង​ប៉េកាំង ដើម្បីដោះដូរយោបល់រវាងភាគីចិន អាមេរិក ដើម្បី​ជៀងវាស​ការយល់ច្រលំគ្នា និង​ដើម្បី​ពង្រីកសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ក្នុងផ្នែក​សេដ្ឋកិច្ច វិបត្តិប្រាក់បំណុល និង​បញ្ហា​អាកាសធាតុ។

ទស្សនកិច្ចផ្លូវរដ្ឋ​របស់​រដ្ឋមន្រ្តីហិរញ្ញវត្ថុ អាមេរិក​នៅប្រទេស​ចិន ធ្លាប់ត្រូវ​បាន​គេ​គ្រោងទុក​ជាយូរមកហើយ ប៉ុន្តែ ត្រូវ​បាន​ពន្យារពេលជាបន្តបន្ទាប់ ដោយសារ​ទំនាក់ទំនងការទូតអាមេរិកនិង​ចិន ចេះតែ​តានតឹង ដោយសារ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់អាមេរិក​នៅ​តៃវ៉ាន់ និងចុងក្រោយ គឺ​រឿងអាមេរិក បាញ់ទម្លាក់​បាឡុង​ចារកិច្ច ដែលធ្វើ​ចិន​ខឹងក្តៅក្រហាយ។

លោកស្រី Janet Yellen​អាច​ធ្វើដំណើរទស្សនកិច្ច​ទៅប្រទេស​ចិន នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​ប្រមុខការបរទេសអាមេរិក លោកអង់តូនី ប្លីងកិន ជាអ្នកបើកផ្លូវ​ធ្វើទស្សនកិច្ច​នៅទីក្រុង​ប៉េកាំង កាលពី​ប៉ុន្មាន​សប្តាហ៍មុន។

តាម​ក្រសួងហិរញ្ញវត្ថុ​អាមេរិក នៅក្នុងទស្សនកិច្ច​រយៈពេល ៤ថ្ងៃ ដែលត្រូវ​ចប់​នៅថ្ងៃអាទិត្យ លោកស្រី Janet Yellen​នឹង​ជួបពិភាក្សាជាមួយ​នាយករដ្ឋមន្រ្តី​ចិន លោក លី ឈាំង និងជួប​ប្រធានក្រុមហ៊ុន​នៅប្រទេស​ចិន។ ក្រសួង​ហិរញ្ញវត្ថុអាមេរិក​បានសង្កត់ធ្ងន់​ពី​ជំហរ​របស់​លោកស្រី​រដ្ឋមន្រ្តីហិរញ្ញវត្ថុ ដែលចង់​បានទំនាក់ទំនង​សេដ្ឋកិច្ច​ល្អ​ជាមួយ​ចិន។

ផ្ទុយពី​រដ្ឋមន្រ្តីសេដ្ឋកិច្ច​មុនៗ​របស់​អាមេរិក លោកស្រី Janet Yellen ដែលធ្លាប់ធ្វើ​ជា​ប្រធាន​ធនាគារ​កណ្តាលអាមេរិក​មានទស្សនវិស័យ​ទូលំទូលាយ​សម្រាប់​ទំនាក់ទំនង​ចិន អាមេរិក។ នៅ​ខែ​មេសា​កន្លងទៅ លោកស្រី​ធ្លាប់​អះអាងថា អាមេរិក​មិនបាន​ព្យាយាម​ដោះដៃ លែងពឹងពាក់​លើ​សេដ្ឋកិច្ច​របស់​ចិន។ ការចែកផ្លូវគ្នា​រវាង​អាមេរិក និងចិន ជាគ្រោះមហន្តរាយ​សម្រាប់​មហាអំណាចទាំងពីរ និងធ្វើឲ្យ​ពិភពលោក​ទាំងមូល​ត្រូវ​រង្គោះរង្គើ។

នៅមុនធ្វើទស្សនកិច្ចរបស់​លោកស្រី Janet Yellen នៅប្រទេស​ចិន អាមេរិក​បានបញ្ជាក់ពីសារៈសំខាន់ដែលចិន និងអាមេរិក​ត្រូវ​ទទួលខុសត្រូវ និងពិភាក្សាពីចំណុច​គាំង ចំណុចដែលធ្វើ​ឲ្យប្រទេសទាំងពីរព្រួយបារម្ភ និងធ្វើការរួមគ្នា ដើម្បី​ដោះស្រាយវិបត្តិសកល ដូចជា​វិបត្តិអាកាសធាតុ និង​វិបត្តិប្រាក់បំណុលរបស់​ប្រទេស​ក្រីក្រ។

ទោះជា​លោកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុ​អាមេរិក​មាន​ជំហរ​មិនសូវ​តឹងតែង​ជាមួយចិន ប៉ុន្តែ គេ​មិនប្រាកដថា នៅក្នុង​ទស្សនកិច្ច​នៅ​ចិន លើក​នេះ លោកស្រីនឹង​អាចជួយ​ស្រោចស្រង់​ទំនាក់ទំនង​ចិន និងអាមេរិក ឲ្យបាន​ល្អប្រសើរ​ជាងមុន​ប៉ុន្មានទេ ព្រោះថាទី១ ចិននិងអាមេរិកមានចំណុចតានតឹងនឹងគ្នា​ច្រើនយ៉ាង។ ទី២​លោកស្រី​គ្មានអំណាច​អ្វីច្រើន និង​ត្រូវ​ដើរតាមគោល​នយោបាយ​របស់​សេតវិមាន។ តាម​ក្រសួងហិរញ្ញវត្ថុអាមេរិក នៅប្រទេស​ចិន លោកស្រី Janet Yellen នឹង​និយាយ​ពីសកម្មភាពធ្វើជំនួញមិនស្មោះត្រង់ ជាពិសេស​នៅក្នុងរឿង​ដែល​ចិនចាត់វិធានការដាក់ពិន័យ និង​បង្កឧបសគ្គដល់​ក្រុមហ៊ុន​អាមេរិក​ដើម្បី​ចូលទៅទីផ្សារ​នៅប្រទេស​ចិន។

ចិន និងអាមេរិក​ខ្វែងគំនិតគ្នា​ក្នុងសំណុំរឿងច្រើន

កំពុងមានជម្លោះពាណិជ្ជកម្ម​នឹងគ្នា មហាអំណាច​ចិន និង​អាមេរិក​កំពុង​ផ្តើមជម្លោះ​មួយទៀតនឹងគ្នា នោះ គឺ​ជម្លោះ​បច្ចេកវិទ្យា។

-សឺមីកុងឌុចទ័រ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិក​បានដាក់ឈ្មោះក្រុមហ៊ុន​ចិន មួយចំនួន ទៅក្នុងបញ្ជីខ្មៅ ដើម្បី​ឈប់​ឲ្យក្រុមហ៊ុនទាំងនោះអាច​ចូលទិញ ប្រើ​សឺមីកុងឌុចទ័រ។ ជាក់ស្តែង នៅ​ខែ​តុលា​ឆ្នាំមុន ក្រោម​ក្រោមហេតុ​ផល​សន្តិសុខ​ជាតិ សហរដ្ឋ​អាមេរិក​ក៏​បាន​ប្រកាសត្រួត​ពិនិត្យ​ជា​ថ្មី ​ការ​នាំ​ចេញសឺមីកុងឌុចទ័រ ដើម្បី​កំរិត​ការទិញ​និង​កុំ​ឱ្យ​ចិន​អាច​យក​ទៅប្រើ​សម្រាប់​អភិវឌ្ឍ​កម្មវិធី​យោធា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ចិន​​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង។

-របាំងពន្ធ

ជម្លោះពាណិជ្ជកម្ម ដែលបន្សល់ទុកតាំងពីអាណត្តិប្រធានាធិបតី​ដូណាល់​ត្រាំ។ រហូតមកដល់ពេលនេះ រដ្ឋបាល​លោកចូ បៃដិន​នៅតែមិនព្រមលុបចោល​របាំងពន្ធគយ ដែលលោកដូណាល់ត្រាំ ធ្លាប់​បាន​អនុវត្ត ដើម្បី​សងសឹក​នឹង​ចិន ដែលលោកត្រាំ​ចោទប្រកាន់​ថា រំលោភកម្មសិទ្ធិបញ្ញា កេងចំណេញលើ​ក្រុមហ៊ុនអាមេរិក។ តាម​វិទ្យាស្ថាន អាមេរិក Peterson PIIE ការដំឡើងពន្ធរបស់អាមេរិក​ទៅលើ​ទំនិញនាំចូល​ពីចិន​បានកើនឡើង​ដល់​១៩% ដែលជា​កម្រិតមួយខ្ពស់ ៦ដងបើប្រៀបធៀបរយៈពេល​មុនមានជម្លោះពាណិជ្ជកម្ម។

ចិន​វិញ​បានដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក ដល់​២០%។ ជាលទ្ធផល ការនាំចូលផលិតផល​អាមេរិក ជាពិសេស រថយន្ត និងយន្តហោះ​ទៅប្រទេស​ចិន​បានធ្លាក់ដាំដូងចុះ មិនងាយនឹង​ស្រោចស្រង់​ឲ្យដូច​សភាពដើម។ នៅពេល​ចិនព្យាយាម​បង្វែរ​ការនាំចូល​ទំនិញកសិកម្ម ពីប្រទេស​ដទៃ ដោយលែង​ចង់​ពឹងផ្អែក​លើ​អាមេរិក តទៅទៀត អាមេរិក​នៅតែ​ត្រូវការ​ចិន ដែលជា​ទីផ្សារធំ​សម្រាប់ផលិតផលកសិកម្ម​អាមេរិក ជាពិសេស សណ្តែកសៀង។

-បច្ចេកវិទ្យា និង​បរិយាកាស​ធ្វើជំនួញ

អាមេរិក​បាន​ដាក់ទណ្ឌកម្មលើ​ក្រុមហ៊ុន​ហួវៃ និង​ក្រុងហ៊ុន​TikTok​ដែល​អាមេរិក​សង្ស័យ​ថា ជាភ្នែកត្រចៀក​របស់​ចិន ដើម្បី​ស៊ើបយកការណ៍​សម្ងាត់​ជាតិ​របស់អាមេរិក។ ចិន វិញ​បាន​សងសឹក ដោយថ្មីៗនេះ បាន​ចេញបម្រាម ហាម​មិនឱ្យ​ក្រុមប្រតិបត្តិករចិនដែល​​មាន​ទិន្នន័យ​រសើបៗ​មួយ​ចំនួន ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​ផលិត​សឺមីកុងឌុចទ័រ​អាមេរិក Micron ដោយមូលហេតុ​សន្តិសុខជាតិ។

ជាការសងសឹកវិញ រដ្ឋបាលលោកចូ បៃដិន នៅ​ខែ​មិថុនា​កន្លងទៅ​ទើបបាន​ចេញច្បាប់​រឹតបន្តឹង​ការវិនិយោគ​របស់​ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិក នៅប្រទេស​ចិន។

ចំនុចចុងក្រោយគឺ​រឿងវិបត្តិប្រាក់បំណុល ព្រោះថា អាមេរិក​តែងទាមទារ​ឲ្យ​ចិន ដោះស្រាយ​រឿងប្រាក់បំណុល​របស់​ប្រទេស​ក្រីក្រ ជាពិសេស​នៅអាហ្រ្វិក ព្រោះថា​ចិន​ជា​ប្រទេស​ម្ចាស់បំណុលធំជាងគេ​នៅក្នុងពិភពលោក។ អ្នកជំនាញ​វាយតម្លៃថា នៅប្រទេស​ចិន លោកស្រី​រដ្ឋមន្រ្តីហិរញ្ញវត្ថុ​ទំនង​នឹងលើកនិយាយរឿងនេះ​ជាមួយភាគីចិន។

ចិនស្វាគមរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក ជាមួយ​ការប្រកាសហាមនាំចេញ​លោហៈកម្រពីរដែលចាំបាច់សម្រាប់ផលិត​សឹមីកុងឌុចទ័រ

នៅថ្ងៃ​ចន្ទ​ចិន​បាន​ប្រកាស​ហាមការនាំចេញ លោហៈកម្រពីរប្រភេទ គឺ gallium និង germaniumដែល​ដើរតួនាទី​ចាំបាច់សម្រាប់​ធ្វើ​បន្ទះសឺមីកុងឌុចទ័រ។ ចំណាត់ការ​របស់​ចិន នៅប៉ុន្មានថ្ងៃមុន​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកនៅ​ចិន បញ្ជាក់ថា ចិន ហាក់គ្មាន​ចេតនាបន្ទន់ជំហរ​របស់ខ្លួន និងចង់​ដាក់សម្ពាធលើ​អាមេរិក នៅក្នុងការពិភាក្សាចិន អាមេរិក។

តាម​អ្នកនាំពាក្យ​របស់​ក្រសួងសេដ្ឋកិច្ច​ចិន វិធានការ​ហាមការនាំចេញ លោហៈកម្រពីរ ធ្វើឡើង សុវត្ថិភាពសន្តិសុខជាតិ និង​ដើម្បី​ឆ្លើយតប​នឹងអាមេរិក​ដែល​ចង់​បិទខ្ទប់ មិនចង់ឲ្យ​ចិនទទួលបាន​សឺមីកុងឌុចទ័រ និង​បច្ចេកវិទ្យាទំនើបដទៃទៀត។ “ទង្វើរបស់អាមេរិក​មិនត្រឹមតែ​ប៉ះពាល់សិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន ប៉ុន្តែវា​បំផ្លាញផលប្រយោជន៍​របស់​ប្រទេស និងតំបន់ជាច្រើន។ សកម្មភាពរបស់អាមេរិក​នឹង​ទៅ​បន្ទុចបង្អាក់ ការដោះដូរផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម​នៅក្នុងពិភពលោក ហើយនៅទីបំផុតនឹង​ត្រូវ​ទៅឆេះបំផ្លាញអាមេរិកខ្លួនឯង” នេះជា​ប្រសាសន៍​របស់​លោកស្រី Shu Jueting អ្នកនាំពាក្យ​របស់ក្រសួង​ពាណិជ្ជកម្មចិន។

តាមអ្នកនាំពាក្យ​ចិនខាងលើ ចាប់តាំង​ពីខែ​សីហា​ខាងមុខ រាល់ការនាំចេញ​លោហៈកម្រពីរប្រភេទ​គឺ​ត្រូវ​ឆ្លងកាត់ការអនុញ្ញាត​ពីអាជ្ញាធរ។ ចិនជា​ប្រទេសមានលោហៈកម្រ ច្រើនជាងគេ ដែលគេត្រូវ​ការចាំបាច់​សម្រាប់​ផលិត​បន្ទះ​សឺមីកុង​ឌុចទ័រ។ សឺមីកុងឌុចទ័រនេះ  ជា​ស្នូល​នៃ​សេដ្ឋកិច្ច​សម័យ​ទំនើប មាន​ប្រើ​ក្នុង​ស្ទើរ​គ្រប់​ម៉ាស៊ីន​អេឡិចត្រូនិច​ទាំងអស់ ដូច​ជា អំពូល​ភ្លើងLED​ ម៉ាស៊ីន​បោកខោអាវ កុំព្យូទ័រ រថយន្ត ​ទូរស័ព្ទ និងបច្ចេកវិទ្យាយោធា។

រដ្ឋមន្រ្តីហិរញ្ញវត្ថុ​អាមេរិកទៅ​ប្រទេស​ចិន ដើម្បី​ត្រៀមរៀបចំ​ជំនួបកំពូលលោកចូ បៃដិន និងលោកស៊ី ជីនពីង

ទស្សនកិច្ច​របស់​លោកស្រី រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក​ក៏អាច​ជាចំណុច​វិជ្ជមានព្រោះវាបង្ហាញ​ពីសញ្ញាដែលថា  មហាអំណាច​អាមេរិក​និង​ចិន នៅតែ​ពិភាក្សា​គ្នា។ ម្យ៉ាង គេវាយតម្លៃថា ដំណើរទស្សនកិច្ច​របស់​រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក​ទៅចិន លើកនេះ អាច​ជា​ការបើកផ្លូវ​ឲ្យមានជំនួបកំពូល រវាង​លោកប្រធានាធិបតីអាមេរិក និង​ប្រធានាធិបតី​ចិន។ ទោះជា​មិន​បន្ថយ​ដៃ នៅក្នុងរឿងដាក់សម្ពាធ​លើ​ចិន លោក​ចូ បៃដិន​ផ្ទាល់ធ្លាប់​និយាយរួចហើយថា លោកសង្ឃឹម​ជួប​ពិភាក្សាជាមួយ​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ក្នុងពេលឆាប់ៗ​ខាងមុខ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ