អានតួអត្ថបទ
ចិន-អាមេរិក

ចិនហាមមិន​ឱ្យ​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​អាមេរិក Micron ដោយហេតុផល​សន្តិសុខ

ជម្លោះ​និង​ការ​ប្រកួត​ប្រជែង​រវាង​ចិន​និ​ងអាមេរិក បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​ថ្មី​មួយ​ទៀត ពាក់ព័ន្ធ​នឹង​វិស័យ​យុទ្ធសាស្ត្រ សឺមីកុងឌុចទ័រ​។ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ប៉េកាំង បាន​ចេញ​បម្រាមលែង ឱ្យក្រុមប្រតិបត្តិករ​មាន​ទិន្នន័យ​រសើបៗ​មួយ​ចំនួន ទិញ​​ផលិតផល​របស់​ក្រុមហ៊ុនផលិត​សឺមីកុងឌុចទ័រ​អាមេរិក Micron ដោយ​មូលហេតុ​​សន្តិសុខ។

MICRON-CHIPS/JAPAN
MICRON-CHIPS/JAPAN REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

ផលិតផល​​របស់​ក្រុមហ៊ុន​Micron ចោទ​ជា​បញ្ហា​ធំ​ដល់​សន្តិសុខ​នៃ​បណ្តាញ​សំខាន់ៗ ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​បណ្តាញ​ផ្គត់ផ្គង់ និង​សន្តិសុខ​ជាតិ​របស់​ចិន។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​ស្ថាប័ន​គ្រប់គ្រង​សន្តិសុខ​អ៊ីនធ័រនែត​ចិន ដោយ​អំពាវនាវ​ឱ្យ​​ក្រុមហ៊ុន​ក្នុង​វិស័យ​រសើបៗ​នៅ​ចិន​ទាំងអស់ ត្រូវ​ឈប់​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​Micron ពោល​គឺ​រាប់​តាំងពី​ក្រុមហ៊ុន​ក្នុង​វិស័យ​ដឹកជញ្ជូន​ដល់​វិស័យ​សុខាភិបាល។​

​ដំណើរ​បែប​បទ​ប្រឆាំង​នឹង​ក្រុមហ៊ុន​អាមេរិកនេះ​ ធ្លាប់​ត្រូវ​បាន​ចិន​ប្រកាស​​ឱ្យ​ដឹង​តាំងពី​ដើម​ខែ​មេសា ថា​ជា​វិធានការ​ធម្មតា​សម្រាប់​ការពារ​សន្តិសុខ​ជាតិ​ ប្រឈម​នឹង​ហានិភ័យ​ជា​យថាហេតុ​ណាមួយ។

មាន​មូលដ្ឋាន​នៅ​រដ្ឋ​Idaho ភាគ​ពាយ័ព្យ​សហរដ្ឋ​អាមេរិក ​Micron ដែល​ត្រៀម​លក្ខណៈ​ជា​ស្រេច​នឹង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ចិន ​ជា​ក្រុមហ៊ុនផលិត​សឺមីកុងឌុចទ័រលំដាប់​ទីបួន​ពិភពលោក។ ក្នុង​ឧស្សាហកម្ម​នេះ ក្រុមហ៊ុន​​មាន​ចំណែក​លើ​ទីផ្សារពិភពលោក​​ប្រមាណ​ពី​២០ទៅ ២៥% ហើយ​១០%​នៃ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ប្រចាំឆ្នាំ​២០២២​ហូរ​មក​ពី​ចិន។ ប៉ុន្តែ​ផលិត​ផល​មួយភាគ​ធំ​របស់​ក្រុមហ៊ុន​ដែល​លក់​នៅ​ចិន ត្រូវ​បាន​ទិញ​ដោយផលិតករ​​បរទេស​។ ដូច្នេះ​គេមិន​ដឹង​ថា​​តើ​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​ចិន​​ម្សិលមិញ អាច​ពាក់ព័ន្ធ​ដល់​ការ​ ​លក់​របស់​ក្រុម​​បរទេសនេះ​​ដែរ​ឬអត់ទេ។

ក្រោមហេតុ​ផល​សន្តិសុខ​ជាតិ សហរដ្ឋ​អាមេរិក​ក៏​បាន​ប្រកាស​កាលពី​ខែ​តុលា​ឆ្នាំ​២០២២ ត្រួត​ពិនិត្យ​​ជា​ថ្មី ​ការ​នាំ​ចេញសឺមីកុងឌុចទ័រ ដើម្បី​កំរិត​ការ​ទិញ​និង​កុំ​ឱ្យ​ចិន​​ផលិត​យក​ទៅប្រើ​ក្នុង​កម្មវិធី​យោធា​។ បន្ទាប់​ពី​អាមេរិក​និង​ហូឡង់ កាលពី​ចុង​ខែ​មីនា ជប៉ុន​ក៏​បាន​ប្រកាស​ចេតនា​ចង់​កំរិត​ការ​នាំ​ចេញ​សម្ភារៈ​បរិក្ខា​ផលិត​សឺមីកុងឌុចទ័រ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ចិន​​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង។

ក្នុង​រយៈ​ពេល​១០ឆ្នាំ​ចុងក្រោយ​នេះ ដើម្បី​ឈប់​រំពឹង​លើការ​​នាំ​ចូល​ពី​បរទេស ​ចិន​បាន​ចំណាយ​រាប់​ពាន់​លាន​ដុល្លារក្នុង​ឧស្សាហកម្ម​សឺមីកុងឌុចទ័រ។ នៅ​ឆ្នាំ​២០២១ ចិន​បាន​នាំ​ចូល​សឺមីកុងឌុចទ័រ​ ក្នុង​តម្លៃ​ជាង​៤៣០​ពាន់​លាន​ដុល្លារ​ ពោល​គឺ​ច្រើន​ជាង​ចំណាយ​ទិញ​ប្រេង​ទៅ​ទៀត។ បន្ទះ​សឺមីកុង​ឌុចទ័រ​ ជា​ស្នូល​នៃ​សេដ្ឋកិច្ច​សម័យ​ទំនើប មាន​ប្រើ​ក្នុង​ស្ទើរ​គ្រប់​ម៉ាស៊ីន​អេឡិចត្រូនិច​ទាំងអស់ ដូច​ជា អំពូល​ភ្លើងLED​ ម៉ាស៊ីនបោកខោអាវ រថយន្ត ឬ​ទូរស័ព្ទ​ ។ល។ និង​។ល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ