អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នីហ្សេ៖ មេអង្គរក្ស​ប្រធានាធិបតីជាអ្នកនៅពីក្រោយរដ្ឋប្រហារ និងប្រកាសតាំងខ្លួនជា​ប្រមុខរដ្ឋថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេស​នីហ្សេ អ្នកផ្តួចផ្តើម​គំនិត​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល និង​ចាប់ដាក់ឃុំ ប្រធានាធិបតី លោក​ម៉ូហាម៉េដ បាហ្ស៊ូម បាន​ចេញមុខ​ប្រកាស​តាំងខ្លួនជា​ប្រមុខដឹកនាំ​ថ្មី ចាប់តាំងពីថ្ងៃ​ព្រហស្បតិ៍។ មេដឹកនាំ​របបសឹកនីហ្សេ ដែលជាមេគំនិត ដណើ្តមអំណាច​ពីប្រធានាធិបី គ្មានអ្នកណាក្រៅពី​លោក​អាប់ឌូរ៉ាហាម៉ាន់ ចានី ដែលជា​ប្រធានអង្គរក្សរបស់​ប្រធានាធិបតី។ នៅក្នុងការថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ នៅយប់ថ្ងៃ​សុក្រម្សិលមិញ លោក​អាប់ឌូរ៉ាហាម៉ាន់ ចានី បាន​ប្រកាស​តាំងខ្លួន​ជា​ប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រោចស្រង់មាតុភូមិ នៅមុន​ការប្រកាស​របស់​ពួកយោធា​នីហ្សេ ដែល​គាំទ្រ​ឲ្យ​លោក​ធ្វើជា​ប្រមុខដឹកនាំ​ថ្មី​របស់​នីហ្សេ។ រដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ចេញមកពីការបោះឆ្នោត នៅ​នីហ្សេ បានទាក់ទាញ​ឲ្យ​មាន​ប្រតិកម្ម​ថ្កោលទោស​ពីសហគមន៍​អន្តរជាតិ មិនថា ប្រទេស​លោកខាងលិច និងថ្នាក់ដឹកនាំ​អាហ្វ្រិក។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃ​សុក្រ ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខ​របស់សហភាពអាហ្វ្រិក​បានទាមទារ​ឲ្យ​ពួកយោធា​នីហ្សេដោះលែង​ប្រធានាធិបតី និង​ត្រលប់ចូលទៅ​បន្ទាយវិញ ក្នុង​រយៈពេល ១៥ថ្ងៃ។ ចំណែក​អាមេរិក​បាន​ប្រកាស​គំរាម​កាត់ផ្តាច់ជំនួយ ក្នុងខណៈពេល​បារាំងដែលជាដៃគូ របស់​នីហ្សេ សម្រាប់​ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម​នៅ​តំបន់សាហែល នៅអាហ្វ្រិក ប្រកាស​បើកកិច្ចប្រជុំសន្តិសុខ​បន្ទាន់ ដើម្បីនិយាយ​ពី​ស្ថានការណ៍​នៅនីហ្សេ។ តើអ្វីទៅជា​ហេតុផល​ដែល​ជំរុញឲ្យមាន​ការធ្វើរដ្ឋប្រហារ​នៅ​នីហ្សេ ដែលជាប្រទេស​កំពុង​ស្ងប់ស្ងាត់ និង​ជា​ដៃគូសំខាន់​របស់​ប្រទេស​លោកខាងលិច?

នៅថ្ងៃសុក្រ ទី ២៨ កក្កដា ២០២៣លោក អាប់ឌូរ៉ាហាម៉ាន់ ចានី ដែល​មេកងអង្គរក្សប្រធានាធិបតី​បាន​ចេញមុខតាមកញ្ចក់ទូរទស្សន៍ ប្រកាសតាំងខ្លួន ជា​ប្រធានក្រុមប្រឹក្សា​ជាតិដើម្បីស្រោចស្រង់មាតុភូមិ ជា​ប្រមុខរដ្ឋថ្មីរបស់នីហ្សេ
នៅថ្ងៃសុក្រ ទី ២៨ កក្កដា ២០២៣លោក អាប់ឌូរ៉ាហាម៉ាន់ ចានី ដែល​មេកងអង្គរក្សប្រធានាធិបតី​បាន​ចេញមុខតាមកញ្ចក់ទូរទស្សន៍ ប្រកាសតាំងខ្លួន ជា​ប្រធានក្រុមប្រឹក្សា​ជាតិដើម្បីស្រោចស្រង់មាតុភូមិ ជា​ប្រមុខរដ្ឋថ្មីរបស់នីហ្សេ AP
ផ្សាយពាណិជ្ជកម្ម

២ថ្ងៃ​ក្រោយពួកយោធា​អះអាង​ធ្វើរដ្ឋប្រហារ​ផ្តួលរំលំរដ្ឋាភិបាលស៊ីវិល និង​ចាប់ប្រធានាធិបតីដាក់ឃុំ មេក្រុម​អង្គរក្ស​ប្រធានាធិបតី លោក អាប់ឌូរ៉ាហាម៉ាន់ ចានី បាន​ចេញមុខ​តាម​កញ្ចក់​ទូរទស្សន៍ជាតិ កាល​ពីយប់ថ្ងៃ​សុក្រម្សិលមិញ និង​ប្រកាស​តាំងខ្លួន​ជា​ប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រោចស្រង់មាតុភូមិ ដែល​ជា​ក្បាលម៉ាស៊ីនថ្មី ដឹកនាំថ្មី​របស់​ប្រទេស​នីហ្សេ ក្រោយ​រដ្ឋប្រហារ។ ខុសប្លែកពី​រដ្ឋប្រហារ នៅ​ប្រទេស​ដទៃ អ្នកដែល​ធ្វើរដ្ឋប្រហារ​ទម្លាក់ប្រធានាធិបតី​នៅប្រទេស នីហ្សេ ជា​ប្រធាន​អង្គរក្សប្រធានាធិបតី ប៉ុន្តែ មិនមែន​ជាមេបញ្ជាការ​កងទ័ព។

ការធ្វើ​រដ្ឋប្រហារ​យោធា ទម្លាក់រដ្ឋាភិបាលស៊ីវិល នៅនីហ្សេ ជា​រឿងដែលគេមិននឹកស្មានដល់ នេះ​បើ​មើលទៅ​លើស្ថានការណ៍នយោបាយ​ដែលចាប់មាន​ស្ថិរភាពឡើងវិញ  នៅក្នុងអំឡុងដឹកនាំ​របស់​លោក​ប្រធានាធិបតី​លោក លោក​ម៉ូហាម៉េដ បាហ្ស៊ូម។ លោក​ប្រធានាធិបតី​បាហ្ស៊ូមដែលចេញមកពីការបោះឆ្នោត​ប្រជាធិបតេយ្យ បានព្យាយាម​បន្ធូរបន្ថយ​ភាពតានតឹងផ្ទៃក្នុង តាមរយៈ​ការដោះលែង​សកម្មជន​អ្នកនយោបាយ​ប្រឆាំង​ជាដើម។

រឿងដែលគេមិននឹកស្មានដល់មួយទៀត គឺ​អ្នកនៅពីក្រោយ​ការធ្វើរដ្ឋប្រហារ និងប្រកាស​តាំង​ខ្លួន​ជា​ប្រមុខដឹកនាំថ្មី​របស់​នីហ្សេ គឺ​ជា​មេក្រុមកងអង្គរក្ស​ដែល​តាមពិត​មាន​នាទី​ជា​អ្នកការពារ​សន្តិសុខឲ្យ​លោក​ប្រធានាធិបតី​បាហ្ស៊ូម​រហូតមក។ នៅថ្ងៃ​ពុធទី ២៧កក្កដា មេកងអង្គរក្ស​រូបនេះ​បាន​បញ្ជា​ឲ្យ​ចាប់ឃុំខ្លួន​ប្រធានាធិបតី​និងក្រុមគ្រួសារ ចំណែក​ក្រុមយោធា​មួយក្រុម​ដែល​អះអាងថា បានការគាំទ្រ​ពីប៉ូលិស ទាហាន និង​កងអាវុធ ប្រកាសធ្វើរដ្ឋប្រហារ ​ផ្តួលរំលំអំណាចប្រធានាធិបតី។

នៅថ្ងៃសុក្រ លោក អាប់ឌូរ៉ាហាម៉ាន់ ចានី ដែល​មេកងអង្គរក្សប្រធានាធិបតី​បាន​ចេញមុខតាមកញ្ចក់ទូរទស្សន៍ ប្រកាសតាំងខ្លួន ជា​ប្រធានក្រុមប្រឹក្សា​ជាតិដើម្បីស្រោចស្រង់មាតុភូមិ ជា​ប្រមុខរដ្ឋថ្មីរបស់នីហ្សេ។ លោក អាប់ឌូរ៉ាហាម៉ាន់ ចានី ជាមនុស្ស​មិនសូវចេញមុខច្រើនទេ ប៉ុន្តែ នៅក្នុងពិភពកងទ័ពនីហ្សេ លោក​ជាមនុស្ស​មានមុខមាត់ មានគេគោរពច្រើន ព្រោះលោកធ្លាប់​ដឹកនាំ​កងទ័ព​ជើងគោក ជើងអាកាស មុននឹង​ត្រូវ​ប្រធានាធិបតីមុនៗ​តែងតាំង​ជាប្រធានអង្គរក្ស​ការពារ​ប្រធានាធិបតីរយៈពេល ១២ឆ្នាំមកនេះ។ អ្នកស្និទ្ធ​នឹងលោកប្រធានាធិបតី បាហ្ស៊ូម ដែលកំពុង​ស្ថិតក្រោមការចាប់ឃុំ​របស់​ពួកយោធា បានថ្កោលទោស​ការធ្វើរដ្ឋប្រហារ​ដែលធ្វើឡើង​ដើម្បីប្រយោជន៍បុគ្គល ព្រោះ ថា លោក​ចានី​មានគំនិត​ធ្វើរដ្ឋប្រហារ បន្ទាប់ពី​លោក​ប្រធានាធិបតីបាហ្ស៊ូម​មានគម្រោង​កោះប្រជុំគណៈរដ្ឋមន្រ្តីដើម្បីដក​លោក​ចានី និង​កាត់បន្ថយ​ឥទ្ធិពល​របស់​ក្រុមអង្គរក្ស​ប្រធានាធិបតី។

ប៉ុន្តែ នៅក្នុងសារថ្លែង​កាលពីថ្ងៃ​សុក្រ លោក​ចានី​និយាយ​ថា រដ្ឋប្រហារ​ធ្វើឡើង ដោយសារ​តែ​ស្ថានការណ៍​សន្តិសុខ​នៅ​នីហ្សេ​កាន់តែ​ធ្លាក់ចុះ នៅចំពោះមុខការគំរាមកំហែង​របស់​ក្រុមភេរវនិយម។

ហេតុអ្វី​បារាំង​បារម្ភ យកចិត្តទុកដាក់​ ពីរឿង​ធ្វើ​រដ្ឋប្រហារ នៅ​នីហ្សេ?

គិតចាប់តាំង​ពី​ទទួលឯករាជ្យ រួចចាកផុត​ពី​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ ១៩៦០ នេះជាលើកទី ៥ ដែលនីហ្សេជួបប្រទះរដ្ឋប្រហារ​យោធា។ ប៉ុន្តែ រដ្ឋប្រហារ​នៅនីហ្សេ​លើកនេះ​ធ្វើ​ឲ្យ​បារាំង​បារម្ភខ្លាំងជាងណាទាំងអស់។ នីហ្សេ ​ជា​ប្រទេស​អាហ្វ្រិក​សំខាន់ ចុងក្រោយ ដែល​បារាំង​កំពុង​ចាប់ដៃ​សហការ​ផ្នែកយោធា នៅ​តំបន់​សាហែល នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម ដូចជា​ក្រុមជីហាតអ៊ីស្លាម ក្រុមអាល់កៃដា។ នីហ្សេ​បានក្លាយជា​មូលដ្ឋានទ័ពចុងក្រោយ​របស់​បារាំង ដែលបានបង្ខំចិត្ត​ដកទ័ព​ចេញ​ពី​ម៉ាលី និង​បួគីណាហ្វាសូ បន្ទាប់ពី​ប្រទេស​ទាំងពីរ​នេះត្រូវ​ពួកយោធាធ្វើ​រដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល។

នៅនីហ្សេ កងទ័ពបារាំង​ប្រមាណ ១៥០០​នាក់កំពុង​ប្រចាំការនៅមូលដ្ឋានទ័ព ដែលមានទីតាំង​នៅ​ព្រលានយន្តហោះ​ក្នុង​រដ្ឋធានី​របស់​នីហ្សេ។

ប្រធានាធិបតីបារាំង​ផ្ទាល់​បាន​ថ្កោលទោស ការធ្វើរដ្ឋប្រហារ និង​បាន​ទាមទារ​ឲ្យ​ពួកយោធា​ដោះលែង​ប្រធានាធិបតី លោក​បាហ្ស៊ូម ដែលជាមេដឹកនាំប្រទេស​នៅ​អាហ្វ្រិក​ដ៏កម្រ ដែលនៅបន្តរក្សា​ទំនាក់ទំនងជាមួយ​បារាំង និង​ប្រទេស​លោកខាងលិច។

នៅ​ថ្ងៃសៅរ៍ លោកប្រធានាធិបតី​ម៉ាក្រុង​ដែល​បាន​រូតរះ​ត្រលប់ពី​ដំណើរទស្សនកិច្ច​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក បាន​កោះប្រជុំ​បន្ទាន់​ក្រុមប្រឹក្សា​សន្តិសុខ​ដើម្បី​និយាយ​ពី​ស្ថានការណ៍​នៅ​នីហ្សេ។បារាំង​ត្រូវ​តែ​ខ្វល់ខ្វាយ​ពីស្ថានការណ៍​នៅនីហ្សេ មិនមែនដោយសារ​តែ​ហេតុផល​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​នៅ​សាហែលតែប៉ុណ្ណោះទេ ប៉ុន្តែ បារាំងតាមដានជាប់​ស្ថានការណ៍​ប្រែប្រួលនៅនីហ្សេ ដើម្បីហេតុផលសេដ្ឋកិច្ច ព្រោះ​បារាំង​មាន​ក្រុមហ៊ុនOrano ​ដែល​បុកគ្រឹះ​ធ្វើ​អាជីវកម្ម​ជីកយក​រ៉ែអ៊ុយរ៉ាញ៉ូម របស់​នីហ្សេ រាប់សិបឆ្នាំមកហើយ ដើម្បី រោងចក្រ​ថាមពលនុយក្លេអ៊ែរនៅបារាំង។

នីហ្សេនឹង​ជួបបញ្ហាអ្វីខ្លះ នៅក្រោយ​រដ្ឋប្រហារ?

នីហ្សេក្រោម​ការដឹកនាំ​របស់​របបសឹក ក្រោយរដ្ឋប្រហារ អាច​ស្ថិតនៅ​ឯការ ដោយសារ​តែ​ការថ្កោលទោស ពីសហគមន៍អន្តរជាតិ និង​សហភាពអាហ្វ្រិក ដែលប្រឆាំង​នឹង​ការចូលកាន់អំណាច​តាមរយៈការធ្វើរដ្ឋប្រហារ​យោធា។

បន្ទាប់ពីនេះ នីហ្សេ​ដឹកនាំ​ដោយ​មេអង្គរក្ស​ប្រធានាធិបតី លោក​ចានី កំពុងរងការគំរាមពី​សហភាពអាហ្វ្រិក និង​អាមេរិក​ដែលបាន​ព្រមាន​ពីការកាត់ផ្តាច់ជំនួយ បើសិន​កងទ័ព​មិនព្រម​ប្រគល់អំណាច​ទៅ​ឲ្យប្រធានាធិបតី​លោក​បាហ្ស៊ូមវិញ។ ប្រធានាធិបតី បារាំង​បាន​ព្រមាន​ពីគ្រោះថ្នាក់​នៃ​រដ្ឋប្រហារ​យោធា សម្រាប់​អនាគត​ប្រជាជន​នីហ្សេ ប្រទេស​នីហ្សេ និង​តំបន់ទាំងមូល

អាមេរិក គំរាមកាត់ផ្តាច់ជំនួយយោធា​សម្រាប់​នីហ្សេ បើសិន​កងទ័ពមិន​ប្រគល់អំណាច​ឲ្យប្រធានាធិបតីវិញ

បន្ទាប់ពី​ប្រកាស​ទទួលស្គាល់​តែ​លោក​ប្រធានាធិបតី បាហ្ស៊ូម ជាមេដឹកនាំ​នីហ្សេ របបសឹកនីហ្សេ ក្រសួងការបរទេស​អាមេរិក​បានព្រមានពីការកាត់ផ្តាច់ជំនួយ និង​សហប្រតិបត្តិការ​យោធា​ជាមួយ​នីហ្សេ។ នៅមុន​រដ្ឋប្រហារ​កាលពីថ្ងៃ​ពុធ នៅនីហ្សេ អាមេរិក​ធ្លាប់​ចូលរួមបណ្តុះបណ្តាល​កងទ័ព និងកងអង្គរក្ស​នីហ្សេ និង​មានទាហាន ១០០០នាក់​កំពុង​ប្រចាំការ​នៅទឹកដីនីហ្សេ។

ប៉ុន្តែ ក្រុមយោធា​នីហ្សេ ទំនង​មិនសុខចិត្ត​ប្រគល់អំណាច​ទៅ​ឲ្យប្រធានាធិបតី ដែល​គេ​ចោទថា អសមត្ថភាព ក្នុងការគ្រប់គ្រង​ប្រទេស ជាពិសេស ​បញ្ហាសន្តិសុខ និង​បញ្ហា​ពុករលួយ។ ដោយ​ហ៊ានចេញមុខ​ធ្វើរដ្ឋប្រហារ​ប៉ុណ្ណេះហើយ កងទ័ពនីហ្សេ​មិនងាយនឹង​ត្រលប់ដើរថយក្រោយ ដោយសារ​ខ្លាច​ការសម្លុត គំរាមកាត់ផ្តាច់ជំនួយ​ពី​លោកខាងលិច ព្រោះថា របបសឹក​នីហ្សេ នៅមានផ្លូវដើរផ្សេងទៀត។ ទី១ នីហ្សេ​នៅមាន​ចិន​ដែលនៅ​ចាំទិញប្រេង​របស់​នីហ្សេ ហើយ​ចិនមិនបាន​និយាយរិះគន់​ការធ្វើរដ្ឋប្រហារ។

ទី ២ នីហ្សេ​នៅអាច​ជំនួយ​ពីរុស្ស៊ី ដែលពេលនេះ ជា​គូប្រជែង សត្រូវ​របស់​អាមេរិក និង​ប្រទេស​លោកខាងលិច។ រុស្ស៊ី អាច​ជា​ប្រភពផ្គត់ផ្គង់​ស្បៀង ជីគីមី ហើយនិង​ជា​អ្នកលក់អាវុធ​ដើម្បី​ឲ្យ​កងទ័ព​នីហ្សេយកទៅប្រើសម្រាប់ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​នៅ​តំបន់​សាហែលជាប់ព្រំដែន ជាមួយម៉ាលី និង​បួគីណាហ្វាសូ

តើ​ អាច​មាន​ការលូកដៃ​របស់​រុស្ស៊ី ដូចនៅប្រទេសអាហ្វ្រិក​ជិតខាង ដូចជា​ម៉ាលី និង​បួគីណាហ្វាសូ?

នៅ​ព្រឹកថ្ងៃព្រហស្បតិ៍​ ក្រុមបាតុករ ជាច្រើនរយនាក់ ដែលគាំទ្រការធ្វើ​រដ្ឋប្រហាររបស់​ក្រុមយោធា បាន​ស្រែកជេរបារាំង បណ្តេញកងទ័ពបារាំង នៅក្នុងការជួបជុំគ្នា នៅ​ទីក្រុង​ជាច្រើន នៅ​ប្រទេសនីហ្សេ។ យោងតាមអ្នករាយការណ៍​ព័ត៌មានបារាំង AFP នៅ​ក្នុងក្បួនបាតុកម្ម គេឃើញក្រុមបាតុករនីហ្សេ លើកគ្រវីទង់ជាតិរុស្ស៊ី ស្វាគមន៍អរគុណរុស្ស៊ី​។ តាមការវិភាគខ្លះ គេសង្ស័យថា ចលាចល និង​ការធ្វើរដ្ឋប្រហារ​នៅនីហ្សេនេះ អាច​មានការលូកដៃ​របស់រុស្ស៊ី ដូចនៅ​ម៉ាលី និងបួគីណាហ្វាសូ ប្រទេស​ជាប់ព្រំដែន​នីហ្សេ ដែល​មាន​ក្រុមទាហានស៊ីឈ្នួលWagner របស់រុស្ស៊ី​កំពុងមានវត្តមានយ៉ាងសកម្ម។

ប្រធានក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ លោក​ព្រីហ្គោហ្ស៊ីន​ដែលធ្វើការបះបោរ​មិនបាន​សម្រេច​នៅម៉ូស្គូ និង​ត្រូវ​និរទេស​ខ្លួនទៅនៅ​បេឡារុស្ស បាន​និយាយ​នៅថ្ងៃ​សុក្រថា រដ្ឋប្រហារ​យោធានៅនីហ្សេផ្ទុះឡើង ដោយសារ​តែ​ប្រជាជន​នីហ្សេ​តស៊ូ ប្រឆាំង​នឹង​ច្បាប់ ដែល​អតីត​អាណានិគមនិយម​បានដៅកំណត់សម្រាប់ជីវិត​ប្រជាជននីហ្សេ។​

តើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាលស៊ីវិល​នឹងអាចប៉ះពាល់​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹងក្រុមភេរវនិយម​នៅ​តំបន់​សាហែល?

ផ្ទុយពីការបារម្ភ​របស់​បារាំង និង​អាមេរិក រដ្ឋប្រហារ​នៅនីហ្សេ​អាច​ផ្តល់​កម្លាំងដល់​បេសកកម្ម​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​នៅ​តំបន់​សាហែល ព្រោះថា មេដឹកនាំ​របបសឹក​នីហ្សេ មាន​គោលនយោបាយ​ខុសស្រឡះពី​លោកប្រធានាធិបតី​បាហ្ស៊ូម។

ដោយសារ​តែ​រដ្ឋប្រហារ​យោធា​នៅម៉ាលី និង​បួគីណាហ្វាសូ លោកប្រធានាធិបតី​បាហ្ស៊ូម នៅមុន​ពួកយោធា​ធ្វើរដ្ឋប្រហារ បាន​បែរខ្នង​ដាក់​របបសឹកម៉ាលី និង​បួគីណាហ្វាសូ ដែលតាមពិតធា្លប់ជា​ដៃគូ​សំខាន់​ដើម្បីប្រយុទ្ធ បោសសម្អាតពួកជីហាត នៅព្រំដែន​ប្រទេស​ទាំងបី នៅ​តំបន់​សាហែល។ លោក​ប្រធានាធិបតី​បាហ្ស៊ូម លែងសហការជាមួយ​របបសឹកម៉ាលី និងបួគីណាហ្វាសូ ក៏ព្រោះតែ បារាំង អាមេរិក​និង​សហភាពអាហ្វ្រិក ប្រកាស​ឈប់​គាំទ្រ​ប្រទេស​ទាំងពីរ​ដោយសារ​តែ​ការធ្វើរដ្ឋប្រហារដណ្តើមអំណាច។

ប៉ុន្តែ សម្រាប់ លោក​ចានី ប្រធានក្រុមប្រឹក្សា​ជាតិដើម្បី ស្រោចស្រង់ មាតុភូមិ កងទ័ព​ធ្វើរដ្ឋប្រហារ ដោយសារ​យល់ថា ជំហរនយោបាយ​របស់​លោកប្រធានាធិបតី នៅក្នុង​រឿង​រក្សា​សន្តិសុខ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម គ្មាន​ប្រសិទ្ធិភាព។ តាម​លោក គេ​ត្រូវ​ចាប់ដៃ​សហការ​ជាមួយ​ម៉ាលី និង​បួគីណាហ្វាសូ បើសិន​ចង់ បោសសម្អាត​ក្រុមជីហាត និងអាល់កៃដា នៅតំបន់សាហែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ