អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល បានសម្លាប់មេក្លោងថ្មីម្នាក់ទៀត របស់​​ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា

ការបាញ់ប្លោងគ្រាប់រវាងអ៊ីស្រាអែល និង​ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន​តំបន់​ហ្កាហ្សា បាន​​កក្រើកយ៉ាងហិង្សា​ ចាប់តាំងពីថ្ងៃ​អង្គារមក​។​ កងទ័ពអ៊ីស្រាអែល បានអះអាងថា កាលពីយប់ថ្ងៃសុក្រ គេបានសម្លាប់មេក្លោងថ្មីម្នាក់ទៀត របស់​ក្រុមជីហាតអ៊ីស្លាម នៅ​តំបន់ហ្កាហ្សា ដែលជាក្រុម​ភេរវកម្ម​។ គិតមកត្រឹមពេលនេះ ការផ្ទុះអាវុធនេះ បាន​បណ្តាល​ឲ្យ​ស្លាប់មនុស្ស៣៣នាក់នៅខាងប៉ាឡេស្ទីន និង​ខាងអ៊ីស្រាអែលមានជនស៊ីវីល​ម្នាក់ស្លាប់។

ប្រជាជនប៉ាឡេស្ទីន ដង្ហែរសប​ជនឈ្មោះ Abdelhaleim Najjar ដែលជាសមាជិក​ក្រុមជីហាតអ៊ីស្លាម ស្លាប់​ដោយការវាយ​ប្រហារ​របស់​អ៊ីស្រាអែល។ ហ្កាហ្សា ថ្ងៃទី ១២ ឧសភា ២០២៣
ប្រជាជនប៉ាឡេស្ទីន ដង្ហែរសប​ជនឈ្មោះ Abdelhaleim Najjar ដែលជាសមាជិក​ក្រុមជីហាតអ៊ីស្លាម ស្លាប់​ដោយការវាយ​ប្រហារ​របស់​អ៊ីស្រាអែល។ ហ្កាហ្សា ថ្ងៃទី ១២ ឧសភា ២០២៣ AP - Fatima Shbair
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​ដែលកងទ័ពអ៊ីស្រាអែលហៅឈ្មោះថា ​ជា “ប្រតិបត្តិការបង្ការ” បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយ​កងទ័ពអ៊ីស្រាអែល បាន​វាយ​ប្រហារចំនួន​២៥៤គោលដៅ នៅតំបន់ហ្កាហ្សា ក្នុងនោះមាន​គោលដៅយុទ្ធសាស្ត្រ ទីតាំងលាក់ខ្លួនឬស្តុកអាវុធ និងគោលដៅជាបុគ្គល។ យប់ថ្ងៃសុក្រ ​មេក្លោងរបស់​ក្រុម​​ជីហាតអ៊ីស្លាមម្នាក់ទៀត​ ត្រូវបាន​កងទ័ពអ៊ីស្រាអែលសម្លាប់នៅតំបន់ហ្កាហ្សា ពោលគឺសរុបពីថ្ងៃអង្គារមក អ៊ីស្រាអែលបានសម្លាប់មេក្លោងក្រុម​នេះ ចំនួន​៦នាក់​ហើយ។​

ដោយឡែក យោងតាម​អាជ្ញាធរសុខាភិបាល​ប៉ាឡេស្ទីនប្រចាំតំបន់ហ្កាហ្សា គិតពីថ្ងៃអង្គារមក គឺមីស៊ីលរបស់អ៊ីស្រាអែល​ បានផ្តាច់ជីវិត​មនុស្សចំនួន​៣៣នាក់ ក្នុងនោះមានទាំងជនស៊ីវីល កុមារ និង​ក្រុមប្រដាប់អាវុធ សមាជិក​របស់ក្រុមជីហាតអ៊ីស្លាម និង​ក្រុម​សមរភូមិប្រជាជនរំដោះប៉ាឡេស្ទីន​ផងដែរ។

ជាការឆ្លើយតបវិញ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បានបាញ់ប្លោងរ៉ុកកែតជាច្រើនគ្រាប់ ទៅលើទីក្រុងធំៗនៅអ៊ីស្រាអែល​។ យោងតាមកងទ័ពអ៊ីស្រាអែល គ្រាប់រ៉ុកកែតបាញ់ចេញពីតំបន់ហ្កាហ្សា មានចំនួន៩៧៣គ្រាប់ ក្នុងនោះ ២៩៦គ្រាប់​ត្រូវបាន​ប្រព័ន្ធខែលមីស៊ីលអ៊ីស្រាអែលស្ទាក់កំទេចបាន​។ គ្រាប់រ៉ុក​កែតមួយគ្រាប់ បានធ្លាក់ចំអាគារផ្ទះប្រជាជន នៅ Rehovot ខាងត្បូងក្រុងទែលអាវីវ បណ្តាលឲ្យ​ស្លាប់មនុស្សម្នាក់ និងរបួស​៥នាក់។

សូមបញ្ជាក់ថា ប្រទេសជាច្រើនដែល​ស្និទ្ធនឹងសំណុំរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន បានអំពាវនាវឲ្យ​បិទបញ្ចប់ អំពើហិង្សាបាញ់ប្លោង​គ្រាប់ប្រមាណជិត១សប្តាហ៍​មកនេះ។ ប្រភពពីភាគីប៉ាឡេស្ទីន បានឲ្យដឹងថា អេហ្ស៊ីបកំពុងតែព្យាយាម​សម្រុះសម្រួល ស្នើឲ្យភាគីទាំងសងខាង​ ​ទទួលយក​កិច្ចព្រមព្រៀងឈប់បាញ់​ ដែលអេហ្ស៊ីបជាអ្នក​តាក់តែង​​។ ដោយឡែក ប្រភពពីក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា​ ដែល​អ៊ីស្រាអែល អាមេរិក និងអឺរ៉ុប ចាត់ទុកថាជាក្រុម​ភេរវកម្ម​នោះ បានអះអាងថា ភាគី​គេអាចទទួលយក​កិច្ចព្រមព្រៀងឈប់បាញ់ គឺទាល់តែអ៊ីស្រាអែល យល់ព្រមឈប់សម្លាប់​មនុស្ស​នៅតំបន់ហ្កាហ្សា និងតំបន់ស៊ីសហ្សកដានី​​តទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ