អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

សមត្ថកិច្ច​​អ៊ីស្រាអ៊ែលពង្រឹងសន្តិសុខកាន់តែខ្លាំង ក្រោយ​ផ្ទុះការវាយ​ប្រហារ​ហិង្សា​ផ្ទួនៗ

កាលពីល្ងាច​ថ្ងៃសុក្រទី​៧មេសា​​ មានការវាយ​ប្រហារ​២​បាន​កើតឡើងនៅអ៊ីស្រាអែល មួយនៅ​ក្រុងទែលអាវីវ បណ្តាល​ឲ្យ​ស្លាប់​មនុស្សម្នាក់ និង​មួយទៀតនៅតំបន់ស៊ីហ្សកដានី បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២នាក់។ ក្នុង​អំឡុងពេល​នៃបុណ្យ​ប៉េសា ប្រពៃណីជ្វីហ្វនេះ សមត្ថកិច្ច​អ៊ីស្រាអែលបាន​ប្រកាស​បង្កើនការពង្រឹងសន្តិសុខជាខ្លាំង​ ដើម្បីទប់ទល់ចំពោះការវាយ​ប្រហារផ្សេងទៀត​។ គួរកត់សំគាល់ថា ការផ្ទុះអំពើហិង្សា​ដ៏តានតឹងបំផុតនេះ គឺបន្ទាប់ពី​សមត្ថកិច្ចអ៊ីស្រាអែល បាន​ចូលទៅបង្ក្រាប​យ៉ាងហិង្សា ទៅលើ​ក្រុមជនជ្រុលនិយម​ប៉ាឡេស្ទីន ដល់​ក្នុងវិហារឥស្លាមអាល់អាក់សា ជាទីសក្ការៈនៅក្រុងហ្សេរុយសាឡឹម។

នរគរបាលអ៊ីស្រាអែល ក្នុងក្រុមសង្គ្រោះបន្ទាន់ កំពុងស្ថិត​នៅ​កន្លែងកើតហេតុវាយ​ប្រហារដោយរថយន្ត នៅក្រុងទែលអាវីវ ថ្ងៃទី ៧ មេសា ២០២៣
នរគរបាលអ៊ីស្រាអែល ក្នុងក្រុមសង្គ្រោះបន្ទាន់ កំពុងស្ថិត​នៅ​កន្លែងកើតហេតុវាយ​ប្រហារដោយរថយន្ត នៅក្រុងទែលអាវីវ ថ្ងៃទី ៧ មេសា ២០២៣ AP - Oren Ziv
ផ្សាយពាណិជ្ជកម្ម

យប់ថ្ងៃសុក្រ ម៉ោងប្រមាណ៩និង​៣៥នាទី បុរសម្នាក់បានបើករថយន្តបុកអ្នកដំណើរ នៅតាមបណ្តោយ​មហាវិថី Kaufmann ក្នុងក្រុងទែលអាវីវ មុននឹងរេចង្កូត​បត់ក្រឡាប់ផ្ងារ។ យោងតាមសមត្ថកិច្ចអ៊ីស្រាអែល ករណីវាយប្រហារនេះ បាន​ផ្តាច់ជីវិតអ្នកទេសចរជនជាតិអ៊ីតាលី ភេទប្រុសម្នាក់​អាយុ៣៦ឆ្នាំ និង​បានបណ្តាល​​ឲ្យ​​មនុស្សរបួសចំនួន​យ៉ាងហោច៧នាក់។

ផ្អែកតាមសមត្ថកិច្ចអ៊ីស្រាអែលដដែល នរគបាលម្នាក់ដែលស្ថិតនៅក្បែរ​​កន្លែងកើតហេតុ បានចូលអន្តរាគមន៍​ភ្លាមៗ ដោយ​បានបាញ់សម្លាប់​អ្នក​រថយន្តនោះ នៅពេល​ឃើញជននោះប្រុងនឹង​ចាប់យកអាវុធមកបន្តការវាយប្រហារ។ ជនដៃដល់​ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅតំបន់ Kfar Kassem ដែលជាតំបន់ជនជាតិអារ៉ាប់ ស្ថិតនៅភាគកណ្តាលអ៊ីស្រាអែល។​

មុនហេតុការណ៍​នេះ​កើតឡើងបន្តិច នៅតំបន់ស៊ីហ្សកដានីឯណោះ មានការបាញ់រះមួយ​បង្កឡើងដោយ​ជនប៉ាឡេស្ទីន​ ធ្វើទៅលើរថយន្តរបស់​ប្រជាជនអ៊ីស្រាអែលដែលកំពុងបើកបរ។ នារីវ័យ​១៦ឆ្នាំ និង​២០ឆ្នាំ ២នាក់​បងប្អូនបានត្រូវគ្រាប់កាំភ្លើងស្លាប់ ខណៈស្ត្រីជាម្តាយ​រងរបួសធ្ងន់។ 

ក្រោយ​ការ​វាយ​ប្រហារផ្ទួនៗគ្នា ក្នុងអំឡុងពេល​បុណ្យ​ប៉េសាប្រពៃណីជ្វីហ្វនេះ លោក​នាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ បាន​ចេញបញ្ជាឲ្យ​សមត្ថកិច្ច​អ៊ីស្រាអែល ទាំងនគរបាល ទាំងកងទ័ព​​ បើក​ប្រតិបត្តិការ​ប្រុងប្រៀប និង​ការពារសន្តិសុខយ៉ាងម៉ដ្ឋចត់បំផុត។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ គ្រាប់រ៉ូកែតជាង​៣០គ្រាប់ ត្រូវបាន​បាញ់ចេញពីភាគខាងត្បូងលីបង់ ឆ្ពោះ​មក​ទឹកដីខាងជើងអ៊ីស្រាអែល បណ្តាលឲ្យ​មនុស្សរបួសម្នាក់ និង​ខូចខាតទ្រព្យសម្ភារៈមួយចំនួន។ កងទ័ពអ៊ីស្រាអែល បាន​ឆ្លើយតបវិញដោយ​បាន​បាញ់​ប្លោងគ្រាប់កំទេចទីតាំងចំនួន​៣ របស់​ក្រុម​ហាម៉ាស​ស្ថិតនៅខាងត្បូងលីបង់​។ ដោយឡែក ដោយ​ចង់​ចូលរួម​សម្រួលភាពតានតឹង កងទ័ព​លីបង់អះអាងថាខ្លួនបាន​ទៅរុះរើ ទីតាំង​ប្រុុងបាញ់គ្រាប់រ៉ូកែតផ្សេងទៀត របស់ក្រុមជ្រុលនិយម ស្ថិតនៅភាគខាងត្បូង។

សូមបញ្ជាក់ថា អំពើហិង្សារបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន បាន​ផ្ទុះកក្រើកឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលនេះ បន្ទាប់ពី​សមត្ថកិច្ចអ៊ីស្រាអែល បានសំរុកចូលទៅក្នុងវិហារ អាល់អាក់សាក្រុងហ្សេរុយសាឡឹម​ ដែលជាទីសក្ការៈលំដាប់ទី​៣នៃសាសនាឥស្លាម​​។ យោងតាមរូបភាពជាច្រើនតាមបណ្តាញសង្គម​ គេឃើញសមត្ថកិច្ចអ៊ីស្រាអែល ចូលទៅដេញវាយ​បំបែក​ជនប៉ាឡេស្ទីន និង​មានការគុប​​គ្រាប់​បែកផ្សែង យ៉ាងហិង្សាបំផុត នៅក្នុងព្រះវិហារ​ដ៏សក្ការៈនេះ។ ក្រុមហាម៉ាសប៉ាឡេស្ទីនចាត់ទុកទង្វើនេះ ថាជាបទឧក្រិដ្ឋដ៏ធ្ងន់បំផុតរបស់អ៊ីស្រាអែល។ យ៉ាងណាក៏ដោយ​ សមត្ថកិច្ចអ៊ីស្រាអែលអះអាងថា ប្រតិបត្តិការរបស់ខ្លួនគឺដើម្បីបំបែងហ្វូង​ជនជ្រុលនិយមដ៏ហិង្សា ដែលប្រមូលកម្លាំងគ្នា​នៅ​ក្នុងព្រះវិហារអាល់អាកសា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ