អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើអ៊ីស្រាអែលផ្តើមសងសឹកអ៊ីរ៉ង់ដែលបាញ់ដ្រូននិងមីស៊ីលកាលពីសប្តាហ៍មុន ឬយ៉ាងណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក បាន​រាយការណ៍ថា​​ អ៊ីស្រាអែល​​បាន​វាយប្រហារទៅ​អ៊ីរ៉ង់ សំដៅមជ្ឈមណ្ឌល​នុយក្លេអ៊ែរ ហើយនិង​ព្រលាន​យន្តហោះ​អ៊ីរ៉ង់ នៅថ្ងៃសុក្រ​ទី​១៩មេសា និងថា​ ការវាយប្រហារ​ផ្លូវ​អាកាសនេះ​ជាការសងសឹក​​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​របស់​អ៊ីរ៉ង់​លើអ៊ីស្រាអែល កាលពី​ថ្ងៃទី​១៣-១៤មេសា​។ ផ្ទុយទៅវិញ ភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​មួយ​ចំនួន​ ព្យាយាម​អះអាង​ថា គ្មាន​ការ​វាយប្រហារ​អ្វីឡើយលើ​ទឹក​ដីអ៊ីរ៉ង់​ ហើយ​សារព័ត៌មាន​​ខ្លះទៀត បញ្ជាក់ថា មាន​សំឡេង​ផ្ទុះ តែ​គ្មានការ​ខូច​ខាត​អ្វីទេ។  អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ​ចេញមុខ​អះអាង​ថា ​សេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយអាមេរិក ​ពុំត្រឹមត្រូវទេ។ ចំណែកឯ  ​​រដ្ឋាភិបាល​អ៊ីស្រាអែល​ រក្សា​ភាព​ស្ងៀមស្ងាត់​​​ ដោយ​មិន​បញ្ជាក់ថា​ជាស្នាដៃ​ខ្លួន ហើយ​ក៏មិ​ន​បដិសេធ​ចោល​ដែរ​។

នៅអ៊ីរ៉ង់ មានសំឡេងផ្ទុះ៣ នៅលើអាកាស ក្នុងខេត្ត អ៊ីស្បាហាំង ប៉ែកកណ្តាលប្រទេស។
នៅអ៊ីរ៉ង់ មានសំឡេងផ្ទុះ៣ នៅលើអាកាស ក្នុងខេត្ត អ៊ីស្បាហាំង ប៉ែកកណ្តាលប្រទេស។ © via REUTERS - WANA (Agence de presse de l'Asie de l'Ouest)
ផ្សាយពាណិជ្ជកម្ម

​​នៅអ៊ីរ៉ង់ ​មាន​សំឡេង​ផ្ទុះ​៣ នៅលើអាកាស​ ក្នុង​​ខេត្ត​ អ៊ីស្បាហាំង​ ប៉ែក​កណ្តាល​ប្រទេសអ៊ីរ៉ង់​។ ​​ ទីតាំងនោះ ជាមូលដ្ឋានយោធា​អ៊ីរ៉ង់ Qahjavarestan  និង​កន្លែង​​​​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម ផលិត​ថាមពល​នុយក្លេអ៊ែរ​ របស់​អ៊ីរ៉ង់ ហើយ​និងមាន​​ព្រលាន​យន្តហោះផង​។​ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាមេរិក ជាច្រើន​សុទ្ធតែអះអាងព្រមគ្នាថា មីស៊ីលអ៊ីស្រាអែលជាច្រើនគ្រាប់ វាយប្រហារទៅលើមូលដ្ឋានយោធាអ៊ីរ៉ង់ ជាការសងសឹក​។​ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាមេរិក CNN និង ទីភ្នាក់ងារព័ត៌មានអូស្ត្រាលី ABC News ។ ​ទន្ទឹម​នឹង​សំឡេង​ផ្ទុះ​នោះ ប្រព័ន្ធ​រ៉ាដាររបស់​ក្រសួង​ការពារជាតិ​ស៊ីរី ក៏ផ្តល់​ដំណឹង​ព័ត៌មាន​ពីការ​វាយប្រហារ​លើ​ដែន​អាកាស​អ៊ីរ៉ង់ដែរ​​។

កាសែតអាមេរិក The New York Times ​បានស្រង់​ប្រភពពី​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​ ដែល​​បញ្ជាក់ថា មានការ​វាយប្រហារ​ផ្លូវ​អាកាស បង្កឡើង​ពី​យន្តហោះ​ដ្រូន​តូចៗ​ ហើយ​ទំនង​ជា​បញ្ជាហោះចេញ​ពី​ទឹកដីអ៊ីរ៉ង់​ខ្លួន​ឯង​។ ​ប្រព័ន្ធ​ខែល​ការពារដែន​អាកាស​និងនៅព្រំដែន​​ គ្មាន​ចាប់​សញ្ញា​ពីការ​វាយប្រហារ​ហោះហើរ​ឆ្លងព្រំដែន​នោះដែរ។ កាសែត​អាមេរិក​មួយទៀត The Washington Post បាន​ស្រង់ប្រភព​ពី​ មន្ត្រី​អ៊ីស្រាអែល​ ដែល​សុំ​លាក់​ឈ្មោះ ទៅប្រកាស​ឲ្យដឹង​ថា ការវាយប្រហារលើកនេះ ជាការ​សងសឹក​ចំពោះ​ទង្វើ​គឃ្លើន​របស់អ៊ីរ៉ង់​ដែល​បាញ់ប្រហារ​តាម​ផ្លូវ​អាកាស ទៅលើ​អ៊ីស្រាអែល​កាលពីថ្ងៃទី​១៣​មេសា ហើយ​និង​បញ្ជាក់ទៀតថា អ៊ីស្រាអែល​ មា​នសមត្ថភាព​វាយ​បក​តបត​ខ្លាំងណាស់ និង​ អាច​បញ្ជាការ​វាយប្រហារ​ចេញពី​ទឹកដី​អ៊ីរ៉ង់​តែម្តង​។​

អ្នក​តំណាង​រាស្ត្រ​អ៊ីស្រាអែល​មួយ​រូប លោកស្រី​ Tally Gotliv  មកពី​បក្ស​កាន់អំណាច​លីគួដ របស់​លោកនាយករដ្ឋមន្ត្រី​ បេនចាមិន នេតាន់យ៉ាហ៊ូ បាន​កោត​សរសើរ​តាម​បណ្តាញ​សង្គម​X ដោយ​សម្តែង​ក្តី​មោទនភាព​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ​ ថា អ៊ីស្រាអែល​ពិត​ជា​ខ្លាំង​ក្លា​ ខ្លាំងពូកែមែន​។

មូលដ្ឋានយោធាអ៊ីរ៉ង់ Qahjavarestan  និងជាកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ផលិតថាមពលនុយក្លេអ៊ែរ របស់អ៊ីរ៉ង់។
មូលដ្ឋានយោធាអ៊ីរ៉ង់ Qahjavarestan និងជាកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ផលិតថាមពលនុយក្លេអ៊ែរ របស់អ៊ីរ៉ង់។ © Studio graphique FMM

កាសែតជាច្រើនអះអាងថាគ្មានការវាយប្រហារទេ ហើយពិសេស សារព័ត៌មានអ៊ីរ៉ង់ខ្លួនឯងតែម្តង

ទីភ្នាក់ងារព័ត៌មានReuters របស់អង់គ្លេស បានប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ប្រកាសនៅថ្ងៃសុក្រថា សំឡេងផ្ទុះនៅខេត្តអ៊ីស្បាហាំង​ បណ្តាលមកពីការបើកដំណើរការប្រព័ន្ធការពារដែនអាកាសតែប៉ុណ្ណោះ និងបញ្ជាក់ទៀតថា គ្មានការវាយប្រហារមីស៊ីលណាមួយលើអ៊ីរ៉ង់នោះឡើយ។

ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់​មួយឈ្មោះថា Tasnim ​​​អះអាងថា បាន​ទទួល​ព័ត៌មាន​ពី​ប្រភព​ច្បាស់​ការ និង​គួរ​ឲ្យ​ទុកចិត្ត​បាន ដែល​បញ្ជាក់ថា​ អ៊ីរ៉ង់គ្មាន​​រង​ការ​វាយប្រហារ​ពីកម្លាំង​​បរទេស ណា​ឡើយ​​។

ជាការ​ពិត ​ការផ្ទុះ​​នោះ ព្រោះតែ​មាន​ការ​បាញ់​កម្ទេច​កូន​យន្តហោះ​ដ្រូន​​តូចៗ និង​មិន​មែន​ជា​មីស៊ីល​ឡើយ។ មេបញ្ជាអ៊ីរ៉ង់ Siavosh Mihandoust ប្រចាំ​នៅ​ខេត្ត​ អ៊ីស្បាហាំង ត្រូវ​បណ្តាញ​ព័ត៌មាន​អ៊ីរ៉ង់​ ស្រង់​សម្តី​អះអាងថា អ៊ីរ៉ង់​គ្មាន​ខូច​ខាតអ្វីឡើយ។​

ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់​មួយទៀត ឈ្មោះថា Irna ក៏សង្កត់ធ្ងន់ដែរថា ​ នៅ​ខេត្ត​ អ៊ីស្បាហាំង​ មាន​សុខសុវត្ថិភាពល្អ និង​​គ្មាន​សញ្ញាណ​គ្រោះថ្នាក់អ្វី​បាន​ប្រកាស​ឲ្យដឹង​ និងគួរ​ឲ្យ​ខុស​ប្រក្រ​តី​សោះ។ ​​ ព្រលាន​យន្តហោះ​នៅ​ក្នុង​ខេត្ត​វិញ គ្រាន់តែ​បាន​ផ្អាក​ដំណើរ​ការ​មួយ​រយៈ​ខ្លីប៉ុណ្ណោះ ហើយ​​បាន​ចាប់ផ្តើម​ដំណើរ​ការ​ឡើងវិញ​។​

ជាផ្លូវការ​ ទាំង​រដ្ឋាភិបាល​​អ៊ីស្រាអែល និងទាំង​ទីបញ្ជាការ​យោធា​អ៊ីស្រាអែល​ គ្មាន​បញ្ជាក់ ហើយ​ក៏​មិនច្រាន​ចោលថាជា​​ស្នាដៃ​របស់ខ្លួនដែរ​។ ចំណែកភាគី​សហរដ្ឋ​អាមេរិក​ រដ្ឋមន្រ្តីក្រសួងការបរទេស លោក អង់តូនី ប្ល៊ីងកិន បាន​អះអាងប្រាប់អ្នក​កាសែត​ថា សហរដ្ឋអាមេរិក​គ្មាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ផ្ទុះ​​នៅ​អ៊ីរ៉ង់​សោះឡើយ។ ប្រមុខការទូត​អាមេរិក សូម​មិន​អត្ថាធិប្បាយ​ទៅលើ​ព័ត៌មាន​ដែលបណ្តាផ្សព្វផ្សាយ​អាមេរិកបាន​ចុះ​ផ្សាយឡើយ​​។ លោក អង់តូនី ប្ល៊ីងកិន គ្រាន់តែ​សង្កត់ធ្ងន់ថា សហរដ្ឋ​អាមេរិក​និងក្រុម​ប្រទេស​ហ្សេ៧ នឹង​សហការគ្នា ក្នុងគោល​បំណង​តែ១ ជំរុញឲ្យ​ស្ថានការណ៍​បានធូរស្រាល​​ទៅវិញ​។

​ភាគី​អ៊ីរ៉ង់ ទាំង​រដ្ឋាភិបាលក្រុង​តេហេរ៉ង់​ និង​ទាំង​ថ្នាក់ដឹកនាំ​របបឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ក៏រក្សាភាព​ស្ងៀមស្ងាត់​​។  ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​ប៉ែក​ឥសាន​ប្រទេស​ នៅថ្ងៃសុក្រ ទី​១៩មេសា ប្រធានាធិបតីអ៊ីរ៉ង់ នៅអេប្រាហ៊ីម រ៉ៃស៊ី បានថ្លែងសុន្ទរកថា១តែពុំបានលើកឡើងសូម្បីតែមួយម៉ាត់សោះអំពីហេតុការណ៍​ផ្ទុះ​។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ អះអាងបន្ថែម​ថា ព័ត៌មានសេចក្តីរាយការណ៍របស់បណ្តាញផ្សព្វ​ផ្សាយ​អាមេរិក ​ពុំត្រឹមត្រូវទេ។​

សហគមន៍អន្តរជាតិ អំពាវនាវ​ឲ្យ​បញ្ឈប់​ល្បែង​សងសឹក​គ្នា​ដ៏គ្រោះថ្នាក់

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ AIEA របស់​អង្គការ​សហប្រជាជាតិ បាន​ថ្លែងអំពាវនាវ​ឲ្យ​ភាគីនីមួយៗ​បង្កើន​ភាព​អត់ធ្មត់​។ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ AIEA បាន​ទាក់ទង​សហការី​នៅមូលដ្ឋាន​ ហើយ​និង​បាន​បញ្ជាក់ថា គ្មាន​ការ​ខូច​ខាត​អ្វី​ពិត​មែន​នៅ​ទីតាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ នៅ​ខេត្តអ៊ីស្បាហាំង​​។ ទោះជា​យ៉ាង​នេះក្តី AIEA ​ព្រមាន​ថា​ កុំឲ្យ​កើត​មាន​រឿង​បែបនេះ​បន្តទៀត ហើយ​និង​ថា មិនត្រូវ​យក​កន្លែង​ចម្រាញ់​ថាមពល​បរមាណូ និងមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ដូច្នេះ ជា​ផ្ទាំងស៊ីប ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​សោះឡើយ ព្រោះ​វា​ជា​មហាគ្រោះថ្នាក់​ធ្ងន់។​

ប្រធានគណៈកម្មការ​សហភាព​អឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បាន​ប្រកាស​ឲ្យ​ភាគី​ទាំងឡាយ​ទាំងពួង​​នៅតំបន់​​ដើមបូព៌ា​ ត្រូវ​នៅ​ឲ្យ​ស្ងៀម​ កុំ​បង្ក​សកម្មភាព​ថ្មី​អ្វី​ថែមទៀត​។ អ៊ីតាលី ប្រធាន​ផ្លាស់វេន​ប្រទេស​មាន​សេកិច្ច​ជឿន​លឿន ហ្សេ៧ តាមរយៈ​រដ្ឋមន្ត្រីការបរទេស​ បាន​ស្នើឲ្យ​គ្រប់​ភាគី​ជៀសវៀងឲ្យ​បាន​ នូវ​ការប្រឈម​មុខ​ដាក់​គ្នា និងត្រូវ​​បន្ធូរ​បន្ថយ​ស្ថានការណ៍​ កុំឲ្យធ្លាក់​​ដុប​ដាប​ជ្រុល​ជាង​នេះ។​

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរស៍ តាមរយៈ​អ្នក​នាំពាក្យ បានថ្កោលទោស​ការវាយប្រហារ​សងសឹក​គ្នានៅក្នុង​តំបន់ដើមបូព៌ា ​ និង​អំពាវនាវ​ឲ្យ​បញ្ចប់​ល្បែង​សងសឹក​គ្នាទៅវិញទៅមក ​មិន​ចប់មិនចេះហើយ​និង​ដ៏​គ្រោះថ្នាក់នេះ​ចោលទៅ។

ប្រទេស​ចិន​ តាមរយៈ​អ្នក​នាំពាក្យ​ការទូត​ចិន លីន ឈាន់ បាន​អះអាងថា ចិនជំទាស់​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​ជំរុញ​ឲ្យ​ស្ថានការ​ណ៍​ធ្លាក់​ក្នុង​ភាព​តានតឹង​កាន់តែខ្លាំង ហើយរដ្ឋអំណាច​​ចិន​នឹង​បន្ត​ដើរតួ​​ជួយ​បន្ធូរ​ភាព​តាន​តឹង​។ រដ្ឋាភិបាលក្រុង​ប៉េកាំង ក៏​​អំពាវនាវ​​ពលរដ្ឋ​ខ្លួន​ដែល​ស្នាក់​នៅ​អ៊ីរ៉ង់​ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។​

ចំណែក​រុស្ស៊ី អ្នក​នាំពាក្យ​វិមាន​ក្រេមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាន​ប្រកាស​លើកទឹកចិត្ត​ឲ្យ​ភាគី​ជម្លោះ​ ខំប្រឹង​អត់ធ្មត់​សង្កត់​ចិត្ត​ និង​កុំ​បង្ក​ការ​ញុះញ៉ុង​បង្កស្ថានភាព​ឲ្យ​ក្តៅ​ធ្ងន់ធ្ងរ​ឡើយ​។ ឆ្លៀត​ពេល​នេះ  រុស្ស៊ី ដែលជាមិត្ត​ជិត​​ស្និទ្ធ​នឹង​អ៊ីរ៉ង់ បាន​បង្ហើរផ្ញើ​សារទៅកាន់អ៊ីស្រាអែល ថា​ អ៊ីរ៉ង់​គ្មាន​ចង់​ឲ្យ​សភាព​ការណ៍ ធ្លាក់​ជ្រុល​ទៅធ្ងន់ធ្ងន់​ទេ ​៕​

លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ AIEA របស់អង្គការសហប្រជាជាតិ។
លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ AIEA របស់អង្គការសហប្រជាជាតិ។ © France 24

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ