អានតួអត្ថបទ
អ៊ីរ៉ង់-អ៊ីស្រាអែល

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ពី​បទ​ធ្វើ​ សកម្មភាព​បែប​ភេរវកម្ម​ លើ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​របស់​ខ្លួន

ក្រោយ​ពីបាន​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​​ ​ឧបករណ៍​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ជំនាន់​ថ្មី​ មិន​បាន​មួយ​ថ្ងៃផង មាន​ឧប្បត្តិហេតុ​មួយ​បានកើត​ឡើង​នៅ​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Natanz របស់​អ៊ីរ៉ង់​។ នៅ​ថ្ងៃអាទិត្យ​ទី ១១ មេសា​ម្សិលមិញ មាន​ការ​ដាច់​ភ្លើង​ យ៉ាង​ចម្លែក​នៅ មជ្ឈមណ្ឌលនុយក្លេអ៊ែរ​​នោះ ដែល​អ៊ីរ៉ង់​យល់​ថា​ជា​ហេតុការណ៍​​វាយប្រហារ​បែប​ភេរវកម្ម។ ​បើតាម​ក្រុង​តេហេរ៉ង់​អ្នកនៅពីក្រោយ​អំពើ​បែប​ភេរវកម្ម​នេះ គឺ​អ៊ីស្រាអែល។ អ៊ីរ៉ង់​សន្យា​ធ្វើ​ការ​សងសឹកវិញ​។

ឧបករណ៍​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម ជំនាន់​ទី ១ អ៊ីរ៉់ង់ នៃមជ្ឈមណ្ឌល​នុយក្លេអ៊ែរ ដែល​រង​ការ​ដាច់​អគ្គី​សនី​កាលពី​ថ្ងៃអាទិត្យ​ទី ១១មេសា២០២១
ឧបករណ៍​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម ជំនាន់​ទី ១ អ៊ីរ៉់ង់ នៃមជ្ឈមណ្ឌល​នុយក្លេអ៊ែរ ដែល​រង​ការ​ដាច់​អគ្គី​សនី​កាលពី​ថ្ងៃអាទិត្យ​ទី ១១មេសា២០២១ AP
ផ្សាយពាណិជ្ជកម្ម

ប្រធាន​អង្គការ​ថាមពលបរមាណូ​អ៊ីរ៉ង់ លោក អាលី អាក់បារ សាឡេហ៊ី Ali Akbar Salehi បាន​ចាត់​ទុក​សកម្មភាព​វាយប្រហារដោយ​​ផ្តាច់​ចរន្ត​អគ្គីសនី​នៅ​មជ្ឈមណ្ឌលចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ កាលពី​ល្ងាច​មិញ ថា​ជា​ទង្វើដ៏​អាក្រក់​ ​ក្នុង​បំណង​បំផ្លាញ​ផែនការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​​នុយក្លេអ៊ែរដ៏​លឿន​រហ័ស​របស់​អ៊ីរ៉ង់។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ អ៊ីរ៉ង់​បាន​ស្នើ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិមាន​ប្រតិកម្ម​ប្រឆាំង​នឹង​ទង្វើ​ “​ភេរវកម្មនុយក្លេអ៊ែរ”​ នេះ។ ប្រធាន​អង្គការ​ថាមពល​បរមាណូ​អ៊ីរ៉ង់​បាន​ព្រមាន​ធ្វើ​ការ​សង​សឹក​ ដោយ​មិន​បញ្ចេញ​ឬ​ចង្អុល​ឈ្មោះ​ថា​ជា​ទង្វើ​របស់​ប្រទេសណាទេ។

ជាការ​សង​សឹក​ឱ្យ​សមនឹង​ទង្វើ និង​ពេល​ឱកាស​ហុច​ឱ្យ។ នេះ​បើ​តាម​សំដី​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់លោក Saïd Khatibzadeh ​នៅក្នុង​សន្និសីទ​កាសែតនា​ព្រឹក​ថ្ងៃ​ចន្ទ​ទី ១២​មេសា ដោយ​​បាន​ចោទ​អ៊ីស្រាអែល​ដោយ​ប្រយោល​ថា ការ​វាយប្រហារ​នេះ ជាស្នាដៃ​របស់អ្នក​ប្រឆាំង​និង​​ចង់បំផ្លាញ​កិច្ច​ចរចា​ក្រុង​វីយ៉ែន ដើម្បី​ឱ្យ​អាមេរិក​បាន​ត្រលប់​មក​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់់វិញ។ តែ​អ៊ីរ៉ង់​នឹង​មិន​ធ្លាក់​ក្នុង​អន្ទាក់​របស់​អ៊ីស្រាអែលឡើយ។ បើ​តាមលោក Saïd Khatibzadeh ដដែល ថ្វី​បើ​អ៊ីរ៉ង់​នៅ​ពុំ​ទាន់​អាច​វាយតម្លៃ​បាន​​អំពីទំហំ​នៃ​​ការ​ខូច​ខាត​​ក៏​ដោយ ក៏​កា​រវាយប្រហារ​ដោយ​នាំ​ឱ្យដាច់​ចរន្ត​អគ្គីសនី​នៅមជ្ឈមណ្ឌល​​នុយក្លេអ៊ែរ ដើម្បី​​កម្រិត​សមត្ថភាព​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ ប៉ះពាល់​តែ​លើ​បណ្តាញ​ឧបករណ៍ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម​ជំនាន់​ទី​មួយ​ IR-1។ ម្សិលមិញ នាយក​អង្គការ​បរមាណូអ៊ីរ៉ង់​ក៏​បាន​អះអាង​ដែរ​ថា​គ្រោះ​ថ្នាក់​ដាច់​ភ្លើង​​មិន​បណ្តាល​ឱ្យ​មានការ​បាត់​បង់​ជីវិត​ របួស ឬ​ធ្លាយ​ជាតិ​ពុល​ទេ​​។

ហេតុការណ៍​ភេរវកម្មនុយក្លេអ៊ែរ​នៅ​អ៊ីរ៉ង់​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​រដ្ឋមន្ត្រីក្រសួង​ការពារអាមេរិក លោក  Lloyd Austin ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ដើម្បីពិភាក្សា​អំពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​តែម្តង។ បើតាមការ​លើក​ឡើង​របស់​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​បារាំង​នៅ​ហ្សេរុយសាឡិម Michel Paul អ៊ីស្រាអែល​ទទួលស្គាល់​ដោយ​ចុងមាត់​ចុងក​អំពី​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​វាយប្រហារ​ផ្តាច់​ភ្លើង​នៅ​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ីរ៉ង់នេះ។ សារព័ត៌មាន​ក្នុង​ស្រុក​អ៊ីស្រាអែល​ដោយលើក​យក​​ប្រភពពី​ទីភ្នាក់ងារ​ចារកិច្ច​ជា​សំអាង​បាន​បញ្ជាក់​ថា​ ការ​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ​ម្សិលមិញ​នេះ ជា​ស្នាដៃ​របស់ Mossad ​អង្គភាពចារកិច្ច​អ៊ីស្រាអែល​មួយ និង​បាន​បង្កការ​ខូចខាត​ធ្ងន់ធ្ងរខ្លាំង​ដែល​អ៊ីរ៉ង់​មិននឹកស្មានដល់ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ