អានតួអត្ថបទ

កាតា​ ចុះ​កិច្ចព្រមព្រៀង​បង្កើត​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ម្លៃ ៤៧០លាន​ដុល្លារ​

ប្រទេសកាតា កាលពីថ្ងៃអាទិត្យ ទី១៩​ មករា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យដំបូងបង្អស់របស់ខ្លួន។ គម្រោងការនេះ មានតម្លៃជាទឹកប្រាក់សរុបប្រមាណជា ៤៧០ លានដុល្លារ។ តាមការឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលកាតា រោងចក្រថាមពលកកើតឡើងវិញនេះ អាចនឹងបំពេញតម្រូវការថាមពលបានរហូតដល់ ១ ភាគ ១០ នៃតម្រូវការថាមពលចាំបាច់បំផុតនៅទូទាំងប្រទេស។

ទីក្រុងដូហា ប្រកាតា ក្នុងឆ្នាំ២០១៧។
ទីក្រុងដូហា ប្រកាតា ក្នុងឆ្នាំ២០១៧។ ®SilviaCeli/RFI
ផ្សាយពាណិជ្ជកម្ម

រោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យនេះមានឈ្មោះថា អាល់ ខាសាអា (Al-Kharsaah) គ្រោងនឹងសាងសង់ នៅលើទីតាំងក្បែរដ្ឋធានីដូហា ក្នុងទំហំ ១០ គីឡូម៉ែត្រក្រឡា។ វា គឺជាគម្រោង កើតចេញមកពីការវិនិយោគរួមគ្នារវាងកាតា ជាមួយក្រុមហ៊ុនតូតាល់ របស់បារាំង និងក្រុមហ៊ុនជប៉ុន។ ដំណើរការផលិត គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២ មុនការប្រកួតបាល់ទាត់ពិភពលោក។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងដូហា កាលពីថ្ងៃម្សិលមិញ រដ្ឋមន្ត្រីក្រសួងថាមពលកាតា លោកសាអាដ កាអាប៊ី (Saad al-Kaabi) បាននិយាយថា រោងចក្រ អាចនឹងមានលទ្ធភាពផលិតថាមពលបានប្រមាណជា ៨០០ មេហ្កាវ៉ាត់ និង ១០ ភាគរយនៃតម្រូវការខ្ពស់បំផុតក្នុងប្រទេស។

បើតាមការឱ្យដឹងពី ខាងក្រុមហ៊ុនបារាំង ថាមពលក្នុងចំនួន ៨០០ មេហ្កាវ៉ាត់នេះ នឹងក្លាយជារោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេបង្អស់មួយ សាងសង់ដោយក្រុមហ៊ុនតូតាល់របស់បារាំង។

គួរជម្រាបជូនថា កាតា គឺជារដ្ឋមួយដែលរស់ពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័ន។ នៅមួយរយៈពេលចុងក្រោយនេះ កាតា បានបោះទុនវិនិយោគ ក្នុងតម្លៃទឹកប្រាប់រាប់ពាន់លានដុល្លារ ក្នុងគម្រោងផលិតថាមពលដើរដោយថាមពលពន្លឺព្រះអាទិត្យ និងនុយក្លេអ៊ែរ។

តែទោះជាយ៉ាងណាក៏ដោយ មានក្រុមអ្នករិះគន់មួយចំនួនលើកឡើងថា រដ្ឋាភិបាលកាតា មានភាពយឺតយ៉ាវច្រើន ក្នុងការបង្កើតគម្រោងថាមពលកកើតឡើងវិញ ដោយហេតុថា អេមីរ៉ាតអារ៉ាប់រួម ដែលជាប្រទេសក្បែរខាង មានរោងចក្រថាមពលនុយក្លេអ៊ែរ និងបានប្រកាសចាប់ផ្តើមដំណើរការក្នុងរយៈពេលប៉ុន្មានខែទៀតតែប៉ុណ្ណោះ។ នេះ មានន័យថា អេមីរ៉ាតអារ៉ាប់រួម នឹងក្លាយទៅជាប្រទេស មានរ៉េអាក់ទ័រនុយក្លេអ៊ែរប្រតិបត្តិការដំបូងគេបង្អស់ហើយ នៅក្នុងតំបន់អារ៉ាប់។

ព្រមជាមួយគ្នានេះ ក្រុមអ្នករិះគន់ បានលើកឡើងថា ការញៀននឹងប្រេង គឺជារឿងពិបាកនឹងជៀសវាងខ្លាំងណាស់ ពីព្រោះម្យ៉ាង ប្រទេសផ្គត់ផ្គង់ប្រេងមានច្រើនគរគោក។ ម្យ៉ាងវិញទៀត ដើម្បីអាចផលិតថាមពលកកើតឡើងវិញបាន គេចាំបាច់ត្រូវការចំណាយថវិកាវិនិយោគច្រើនសម្បើមខ្លាំងណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ