អានតួអត្ថបទ

ចំនួន​ជីហាត​ថយ​នៅស៊ីរី​និង​អ៊ីរ៉ាក់ ទៅ​ឡើង​នៅ​លីប៊ី

មិនអាច​ធ្វើ​ដំណើរ​ទៅ​ស៊ីរី ឬ​ទៅ​អ៊ីរ៉ាក់ ព្រោះ​ត្រូវ​ប្រឈម​នឹង​ការ​វាយប្រហារ​ផ្លូវ​អាកាស​ផង និង​ទម្លាក់​គ្រាប់​បែក​ផង ជនជីហាត​អ៊ីស្លាម បាន​រក​ឃើញ​ទិសដៅ​ថ្មី​គឺ​ប្រទេស លីប៊ី។ ប្រទេស​ដែលបាន​និង​​កំពុង​ស្គាល់​ភាព​វឹកវរ​ ទើប​ត្រូវ​បាន​ពួក​យុទ្ធជន​​អ៊ីស្លាម​ជ្រុលនិយម​ នាំ​គ្នា​សម្រុក​​ទៅ​ផ្តុំ​កម្លាំង​គ្នា​កាន់​តែ​ច្រើន​ឡើង។ ចំនួន​ជន​ជីហាត បាន​កើន​ឡើង​ទ្វេ​មួយ​ជា​ពីរ​នៅ​លីប៊ី !

អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ឆ្លៀត​ឱកាស​វឹកវរ​នយោបាយ​នៅ​លីប៊ី​ដើម្បី​តាំង​ទី​នៅ​ តំបន់​ជិត​ Tripoli និង​ Misrata
អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ឆ្លៀត​ឱកាស​វឹកវរ​នយោបាយ​នៅ​លីប៊ី​ដើម្បី​តាំង​ទី​នៅ​ តំបន់​ជិត​ Tripoli និង​ Misrata REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ថយចំនួន​​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់​មែន (ពី ៣៣០០០នាក់​មក ១៩០០០ ទៅ​២៥០០០) ប៉ុន្តែ​ចំនួន​យុទ្ធជន​ជីហាត​​បាន​ងាក​ទៅ​កើន​ឡើង​ឥត​ឈប់​នៅ​លីប៊ី ! បើតាម​​រដ្ឋ បាល​អាមេរិក​ វត្តមាន​ជន​ជីហាត​ផ្តាច់​ខ្លួន​ជ្រុលនិយម បាន​កើន​ឡើង​ដល់​ទៅ ៥​ពាន់​នាក់​លីប៊ី ​ទល់​នឹង​ពីរ​ឬ​បី​ពាន់​នាក់ប៉ុណ្ណោះ​ កាលពី​ស្ថិតិ​ប៉ាន់​ស្មាន​លើក​មុន។

តួលេខ​ផ្តល់ដោយ​​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អាមេរិក​សុំ​មិន​បញ្ចេញ​ឈ្មោះ​នេះ​ធ្លាក់​មក​ជួន​ចំពេល​ដែល​​អាជ្ញាធរ​អាមេរិក​ទើប​បាន​ប្រកាស​បញ្ជាក់​ ថា​លីប៊ី​បាន​ក្លាយ​ជា​សមរភូមិ និង​ជា​ជម្រក​ថ្មី ​ដ៏​ទាក់ទាញ​របស់​ពួក​ជីហាត។ ការ​ពង្រីក​ខ្លួន​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ មាន​ល្បឿន​លឿន​និង​ខ្លាំង ដែល​ជា​គួរ​ឱ្យ​ព្រឺ​ខ្លាច​បំផុត។ នេះ​បើ​តាមអ្នក​វិភាគ​ម្នាក់​ដែល​ធ្លាប់​ជា​អតីត​ភ្នាក់ងារ​ចារកិច្ច​CIA។

អង្គការ​រដ្ឋ​អ៊ីស្លាមបាន​ទទួល​បរាជ័យយ៉ាងធ្ងន់ធ្ងរ ​ ជា​បន្ត​បន្ទាប់ និងគួរ​ឱ្យ​កត់​សម្គាល់​ នៅ​ស៊ីរី និង​អ៊ីរ៉ាក់ ក្រោម​ប្រតិបត្តិការ​ផ្លូវ​អាកាសរបស់​ក្រុម​សម្ព័ន្ធមិត្ត​អន្តរជាតិ ប៉ុន្តែ​ក៏​​បាន​ងាក​ទៅរក​ដែនដី​ថ្មី ដណ្តើម​គ្រប់​គ្រង​តំបន់​ភាគ​ខាង​កើត​ក្រុង​ទ្រីប៉ូលី​របស់​លីប៊ី ព្រោះ​ជា​ប្រទេស​ដែល​កំពុង​ញាំញី​ដោយ​សង្គ្រាម​ស៊ីវិល​និង​ភាព​វឹកវរ​នយោបាយ។

ប៉ុន្តែ​ពេលនេះ អាមេរិក​និង​សម្ព័ន្ធ​មិត្ត​ដែល​ត្រៀម​ជា​ស្រេច​នឹង​ធ្វើ​សកម្មភាព មិន​ទាន់​លើក​ឡើង​អំពី​លទ្ធភាព​ធ្វើ​អន្តរាគមន៍​យោធា​នៅ​លីប៊ី​ទេ ដោយ​រង់​ចាំ​លទ្ធផល​នៃ​ការ​ចរចា​បង្កើត​រដ្ឋាភិបាល​ប្រទេស​នេះ​សិន។ ក្រុមប្រឹក្សា​ប្រធានាធិបតី​លីប៊ី​កំពុង​ពិភាក្សាស្នើ​​បង្កើត​រដ្ឋាភិបាល​ថ្មី ស្រប​តាម​កិច្ចព្រមព្រៀង​​នយោបាយ​ដឹកនាំ​ដោយ​អង្កការ​សហប្រជាជាតិ ដើម្បីនាំ​លីប៊ី​ចេញពី​ភាព​វឹកវរ។

ម្យ៉ាង​វិញ​ទៀត ការ​បង្ហើប​​អំពី​តួលេខ​នៃ​ជន​ជីហាត​នៅ​លីប៊ី​ពេល​នេះ ក៏​មក​ពី​អាមេរិក​ចេតនា​ចង់​ដាក់​សម្ពាធ​លើ​​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​ ដែល​នឹង​ត្រូវ​រៀប​ចំ​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការពារ​ជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​ នៅ​ទីក្រុង​ព្រុចសែល។ រដ្ឋមន្ត្រី​​ទាំង​២៦​ប្រទេស​ និង​រដ្ឋាភិបាល​អ៊ីរ៉ាក់ ត្រូវ​​រិះរក​វិធី​​រួម​សម្រាប់​បើក​យុទ្ធនាការ​យោធា​​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​និង​ស្វែង​រក​មធ្យោបាយ​វាយ​ប្រហារ​ឱ្យ​កាន់​តែ​សន្ធាប់​ឡើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ