អានតួអត្ថបទ
អាមេរិក-លីប៊ី

អាមេរិក​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​ជីហាត​រដ្ឋអ៊ីស្លាម​នៅ​លីប៊ី

កាល​ពីថ្ងៃ​សុក្រម្សិលមិញ យន្តហោះចម្បាំង​របស់​អាមេរិក​បាន​បើក​ការ​វាយប្រហារ​​ទៅលើ​ទីតាំង​ដែល​គេ​សង្ស័យ​ថា​ជា​ជំរំហ្វឹកហាត់​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ នៅ​ក្នុង​ប្រទេស​លីប៊ី។ នៅ​គឺ​ជា​លើកទីពីរ​ហើយ នៅ​ក្នុង​រយៈពេល​បីខែ​កន្លងទៅនេះ ដែល​អាមេរិក​បើកការ​វាយប្រហារ​តាមផ្លូវ​អាកាស​នៅ​ក្នុង​ប្រទេស​លីប៊ី ដែល​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​កំពុងតែ​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ធំទី៣ បន្ទាប់​ពី​អ៊ីរ៉ាក់ និង​ស៊ីរី។

រណ្តៅ​ដែល​បន្សល់ទុក​ដោយ​គ្រាប់បែក ដែល​អាមេរិក​ទម្លាក់​ទៅលើ​ទីតាំង​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​លីប៊ី កាល​ពីថ្ងៃ​សុក្រ ទី១៩ កុម្ភៈ ២០១៦
រណ្តៅ​ដែល​បន្សល់ទុក​ដោយ​គ្រាប់បែក ដែល​អាមេរិក​ទម្លាក់​ទៅលើ​ទីតាំង​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​លីប៊ី កាល​ពីថ្ងៃ​សុក្រ ទី១៩ កុម្ភៈ ២០១៦
ផ្សាយពាណិជ្ជកម្ម

យោងតាម​តុល្យការ​បណ្តោះអាសន្ន​ផ្តល់​ដោយ​អាជ្ញាធរ​លីប៊ី មាន​មនុស្ស​ប្រមាណ​ជា ៤០នាក់ ត្រូវ​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​​របស់​អាមេរិក​ កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ក្នុងនោះ​​ភាគច្រើន​​គឺ​ជា​ក្រុម​ជីហាត​ដើម​កំណើត​ទុយនីស៊ី។ ក្រសួង​ការពារជាតិ​អាមេរិក​វិញ​បាន​ប្រកាស​ឲ្យដឹង​ថា នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់ ទំនងជាមាន​​មេភេរវជន​ដ៏សំខាន់​ម្នាក់ ដែល​គេ​សង្ស័យ​ថា​​ជា​មេខ្លោង​រៀបចំ​ការ​វាយប្រហារ​​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​ប្រទេស​ទុយនីស៊ី ដែល​បណ្តាល​ឲ្យ​ទេសចរ​អឺរ៉ុប​ប្រមាណ​ជា ៦០នាក់ ត្រូវ​បាត់បង់​ជីវិត កាលពីឆ្នាំ​ទៅមិញ។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា ការវាយប្រហារ​តាមផ្លូវ​អាកាស​នៅ​ក្នុង​ទឹកដី​លីប៊ី​នេះ​ត្រូវ​បាន​ធ្វើឡើង ដោយ​មាន​ការ​ជូនដំណឹង​ជាមុន​ទៅ​កាន់​អាជ្ញាធរ​លីប៊ី ក៏ប៉ុន្តែ​មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់ទេ​ថា តើ​អាជ្ញាធរ​ណាមួយ ដែល​អាមេរិក​ជូនដំណឹង ពីព្រោះ​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ លីប៊ី​មាន​រដ្ឋាភិបាល​ដល់​ទៅពីរ។ ភាព​អនាធិបតេយ្យ​ដែលកើតឡើង​តាំងពី​​ក្រោយ​បដិវត្តន៍​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​កាដាហ្វី កាល​ពីឆ្នាំ​២០១១។

គឺ​ភាព​អនាធិបតេយ្យ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​ឆ្លៀតឱកាស​មក​បោះទីតាំង ដើម្បី​យក​ទុក​ធ្វើ​ជា​មូលដ្ឋាន​ធំ ក្នុងពេល​ដែលមូលដ្ឋាន​​របស់​ពួកគេ​នៅ​អ៊ីរ៉ាក់​ និង​ស៊ីរី កំពុង​ប្រឈមមុខ​នឹង​ការ​វាយប្រហារ​ពី​សំណាក់​ប្រទេស​លោកខាងលិច។ យោងតាម​ការ​ប៉ាន់​ស្មាន​របស់​ក្រសួង​ការពារជាតិ​អាមេរិក នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ប្រមាណ​ជា ៥ពាន់​នាក់ កំពុង​បោះទីតាំង​នៅ​ក្នុង​ប្រទេស​លីប៊ី ហើយ​ពួកទាំងនេះ កំពុងតែ​ធ្វើការ​ហ្វឹកហាត់ និង​រៀបចំ​គម្រោងការណ៍​វាយប្រហារ​​នៅ​បរទេស ក្នុងនោះ​​សហរដ្ឋ​អាមេរិក ព្រមទាំង​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប​ សុទ្ធសឹង​​ជា​ចំណុចស៊ីប​ដ៏សំខាន់ៗ​របស់​ពួកគេ។

កាលពី​ពេលថ្មីៗ​កន្លងទៅនេះ លោក​អូបាម៉ា​ធ្លាប់​បាន​ប្រកាស​ឲ្យដឹង​ថា អាមេរិក​នឹង​តាម​ប្រមាញ់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​គ្រប់ទីកន្លែង ដោយ​មិន​កម្រិត​តែ​នៅ​ត្រឹមតែ​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី​នោះទេ។ បណ្តាញ​ព័ត៌មាន​អាមេរិក​វិញ​បាន​ចុះផ្សាយ​ឲ្យដឹង​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អាមេរិក និង​អង់គ្លេស​បាន​បង្កើន​​វត្តមាន​កងកុម្ម៉ង់ដូ ឲ្យ​ធ្វើ​ប្រតិបត្តិការ​សម្ងាត់​នៅ​ក្នុង​ប្រទេស​លីប៊ី ដើម្បី​ស្វែងរក​ទីតាំង​​ក្រុមជីហាតរដ្ឋអ៊ីស្លាម​ធ្វើ​ជា​ចំណុចស៊ីប​​ក្នុងការ​វាយប្រហារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ