អានតួអត្ថបទ
ចិន-រថយន្តអគ្គិសនី

ចិន៖ អ្នកបើកឡាន​កាន់តែច្រើនទៅៗ នាំគ្នាបង្ហាញ​ចេតនាចង់ទិញ​រថយន្តអគ្គិសនី

នៅប្រទេស​​ចិន ក្នុង​សប្តាហ៍​នេះ បណ្តាក្រុមហ៊ុន​​រថយន្ត​អគ្គិសនីបាន​នាំគ្នា​ជួប​ជុំ​បង្អួត​បច្ចេកវិទ្យា​រថយន្តថ្មី​ៗ​ទំនើប​ៗ​​របស់ខ្លួន នៅ​ទីក្រុង​ប៉េកាំង។​ ទីផ្សារ​រថយន្ត​អគ្គិសនីក្នុងស្រុកចិន កំពុងតែ​មាន​ការប្រកួត​ប្រជែង​ខ្លាំង។​ ការ​ស្ទង់មតិ​ថ្មី​ចុងក្រោយ​ បង្ហាញឲ្យ​ឃើញថា​ ​ចំនួនអ្នក​ប្រើ​​​រថយន្ត​អគ្គិសនីនៅចិន កាន់​កើនឡើងៗ​ ជាលំដាប់ ជារៀងរាល់​ឆ្នាំ​។ ទិដ្ឋភាពនេះ ផ្ទុយ​ខុស​ពី​នៅប៉ែក​ខាង​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក​​។ ​

ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​អគ្គិសនី ឆ្នាំ​២០២៤ រៀបចំធ្វើ​នៅរដ្ឋធានីប៉េកាំង បន្ទាប់ពី​ខកខាន​អស់​៤ឆ្នាំ តាំងពី​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដមក។
ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​អគ្គិសនី ឆ្នាំ​២០២៤ រៀបចំធ្វើ​នៅរដ្ឋធានីប៉េកាំង បន្ទាប់ពី​ខកខាន​អស់​៤ឆ្នាំ តាំងពី​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដមក។ © AP
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​អគ្គិសនី ឆ្នាំ​២០២៤ រៀបចំធ្វើ​នៅរដ្ឋធានីប៉េកាំង បន្ទាប់ពី​ខកខាន​អស់​៤ឆ្នាំ តាំងពី​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដមក។ នៅចិន ​អ្នក​ប្រើ​​​រថយន្ត​អគ្គិសនី កាន់​កើនឡើងៗ​ ជារៀងរាល់​ឆ្នាំ​។ ទីប្រឹក្សាហិរញ្ញវត្ថុ​និង​​ស្រាវជ្រាវ​ទីផ្សារ​ AlixPartners មូលដ្ឋាន​នៅ​ក្រុង​ប៉ារីស បង្ហាញឲ្យដឹង​ថា នៅប្រទេស​ចិន ក្នុង​ឆ្នាំនេះ​ អ្នក​ប្រើ​រថយន្ត ចំនួន ៩៧% បាន​ឆ្លើយថា​ត្រៀមខ្លួន​ស្រេច ដើម្បីទិញ​រថយន្ត​អគ្គិសនី, ឆ្នាំ​២០១៩ មានតែ​៧៣% ហើយឆ្នាំ​​២០២១ ឡើង​ដល់៨៥%​។ ពោល​គឺកើន​ឡើងជា​លំដាប់​។

ចំណែក​នៅ​​អឺរ៉ុប អ្នក​ប្រើ​រថយន្ត បង្ហាញ​ចេតនាចង់​ទិញ​រថយន្តអគ្គិសនី ត្រឹមតែ​ ៤៣% ឡើងត្រឹម​តែ​២% បើធៀប​នឹង​ឆ្នាំ២០២១។​ រីឯ នៅ​អាមេរិក មាន​ចំនួន ៣៥% ដូច​គ្នា​​នឹង​៣ឆ្នាំមុនដដែល។​ នេះបើតាម​ការ​ស្ទង់​មតិ ធ្វើតាម​អនឡាញ ចន្លោះ​ថ្ងៃទី​​២៨​មីនា និងថ្ងៃទី​​១០មេសា ដោយ​មាន​មនុស្ស​ ៩ ពាន់នាក់​ចូលរួម​ផ្តល់​ចម្លើយ នៅក្នុងរង្វង់ប្រទេស​ចំនួន ៨ ៖ ចិន បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក អ៊ីតាលី អង់គ្លេស ជប៉ុន និង ឥណ្ឌា។​

បើតាម​ទិន្នន័យ​របស់​ភ្នាក់ងារ​ហិរញ្ញវត្ថុអាមេរិក​ Bloomberg,  នៅ​ប្រទេស​ចិន​​ មាន​ក្រុម​ហ៊ុន​សហគ្រាស​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ប្រមាណ ១២៩ ក្នុង​ចំណោម​នោះ មានតែ ជាង ២០ ក្រុមហ៊ុន​ប៉ុណ្ណោះ ដែល​អាច​លក់​ឡា​នរបស់ខ្លួន ដាច់​ដល់​កម្រិត​ថ្នាក់ជាតិ។

ក្នុងឱកាស​ពិព័រណ៍​រថយន្ត​អគ្គិសនីនៅ​ប៉េកាំង​ គ្រានេះ គេឃើញ​មាន​ក្រុមហ៊ុន​ចិន​ល្បីៗ តួយ៉ាង ក្រុមហ៊ុន BYD (Build your dreams) ស្នាក់ការ​នៅ Shenzhen ប៉ែកខាងត្បូង​ចិន​ ដែល​បាន​លក់​ឈ្នះ​វ៉ាដាច់​ក្រុមហ៊ុន​តេស្លា​អាមេរិក​ នៅក្នុង​​ត្រីមាស​ទី​៤ ឆ្នាំទៅមិញ។ នៅ​សាល​ពិព័រណ៍​ប៉េកាំង​ ក៏មាន​ដែរ ក្រុមហ៊ុន Li Auto ស្នាក់កណ្តាល​នៅប៉េកាំង, ក្រុមហ៊ុន​ឡាន​ NIO, CATL , Shenxing Plus, XPeng, US7​ ។ល។ ដែល​ពួក​គេ​ប្រកួត​ប្រជែងដេញជើង​គ្នាសម្បើមណាស់។ ខ្លះខំ​រក​មធ្យោបាយ​បច្ចេកវិទ្យាថ្មី ធ្វើ​ម្តេចឲ្យ​ឡាន​របស់ក្រុមហ៊ុនខ្លួន ​ស៊ីភ្លើងតិច ហើយ​សាកថ្មអគ្គិសនីឆាប់​ចូល​ឆាប់ពេញ។ ខ្លះទៀតពឹតប្រឹង​ខាងបច្ចេកវិទ្យា​សិ​ប្បនិមិត្តដែល​ជួយ​អ្នក​បើកបរ ហើយ​និង​ ច្នៃ​ដាក់​ចម្រៀង​ខារ៉ា​អូខេ​។​ ​ក្រុម​ហ៊ុន​តូយូតាយីពុន ដែល​បានពួត​ដៃ​សហការជាមួយ​ក្រុម​ហ៊ុន​រថយន្តចិន Tencent ក៏​បាន​ជំរុញ​ទំនើបកម្ម​ផលិតឡាន​ ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​សប្បនិមិត្ត បាន​ធ្វើ​ឲ្យ​អ្ន​កប្រើប្រាស់រថ​យន្ត​ជនជាតិចិន ជញ្ជក់មាត់​សរសើរ​និងរង់​ចាំទិញ។

ផ្ទុយខុស​ពី​ទីផ្សារ​រថយន្ត​អគ្គិសនី នៅ​អឺរ៉ុប​ និង​នៅ​អាមេរិកដែល​ហាក់​នៅ​គាំងទ្រឹង​ ប៉ុន្តែ​​នៅ​អាស៊ី ពិសេស​នៅ​ចិន កំពុង​តែ​ប្រកួត​ប្រជែង​ខ្លាំង។ បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​បារាំងAFP, នៅស្រុក​ចិន អ្នក​និយមប្រើរថយន្ត មាន​ជំនក់​ចិត្ត​ ចង់​សាក​ឡាន​ថ្មីៗ ប្លែកៗ និងនិយម​​​ចង់​ដូរឡាន ប្រហាក់ប្រហែល​នឹង​ដូច​ដូរ​ទូរសព្ទដៃ ដូរ​កុំព្យូទ័រ​ ដូច្នោះ​ដែរ​​។

កត្តាចម្បង១​ដែល​ពលរដ្ឋ​នៅក្នុងស្រុក​ចិន​និយម​ប្រើរថយន្ត​​អគ្គិសនី ​ព្រោះតែ​តម្លៃ​ថោក​។ តម្លៃថោក ព្រោះតែ​ក្រុមហ៊ុន​ផលិត​ឡាន​ បាន​ទទួល​ជំនួយ​ឧបត្ថម្ភធន​ពីរដ្ឋអំណាច​ចិន។ ការ​ឧបត្ថម្ភធននេះ ត្រូវសហរដ្ឋអាមេរិក​ថ្កោលទោស​រិះគន់ចិន​​ ពិសេស​ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្មីៗនេះ របស់លោកស្រី ចានែត យេលែន ​​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​អាមេរិក ​ប៉េកាំង កាលពីពេលថ្មីៗ។ ចំពោះការ​​ឧបត្ថម្ភធន​ពីសំណាក់​រដ្ឋអំណាច​ចិនក្នុងវិស័យ​ឧស្សាហកម្ម​ផលិត​រថយន្តអគ្គិសនី, ប្រទេស​បារាំង ក៏​មិន​សប្បាយ​ចិត្តដែរ។ បារាំង​បានរៀបចំ​​ដាក់​សំណើ​ច្បាប់​ទៅ​សហភាព​អឺរ៉ុប ដើម្បី​ដាក់ពិន័យ​យកពន្ធ​នាំចូល​ឲ្យ​ច្រើន  បើ​ឡាន​ចិន​នាំចូល​ទឹកដីអឺរ៉ុប៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ