ចិនមានមហាសេដ្ឋីទឹកប្រាក់ជាង១លានដុល្លារ ច្រើនជាង១លាននាក់
កំណើនសេដ្ឋកិច្ច និងកំណែទម្រង់សេដ្ឋកិច្ចនៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះបានធ្វើឲ្យចំនួនមហាសេដ្ឋី នៅប្រទេសចិនកើនឡើងជាលំដាប់។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីចិន នៅក្នុងទីក្រុងប៉េកាំង ចំនួនមហាសេដ្ឋីចិនដែលមានទឹកប្រាក់ចាប់ពី១លានដុល្លារឡើងទៅ មានចំនួនកើនឡើងច្រើនជាង ១លាននាក់។ ការកើនឡើងនៅក្នុងលក្ខណៈថេរបានធ្វើឲ្យចិនក្លាយជាប្រទេសធំទីពីរ បន្ទាប់ពីអាមេរិកដែលមានមហាសេដ្ឋីសំបូរប្រាក់រាប់លានដុល្លារ ច្រើនជាងគេនៅក្នុងពិភពលោក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៦
បើតាមទស្សនាវដ្តីចិន ឈ្មោះ ហ៊ូរុន (Hurun) ដែលតែងតែស្រង់ចំនួនមហាសេដ្ឋីចិនជារៀងរាល់ឆ្នាំ អ្នកមានចិនដែលមានទឹកប្រាក់ច្រើនជាង១លានដុល្លារបានកើនចំនួន៣,៨ភាគរយ បន្ថែមទៀត បើប្រៀបធៀបនឹងឆ្នាំមុន។ ទស្សនាវដ្តីមិនបានបញ្ជាក់ចំនួនសរុបពិតប្រាកដនៃចំនួនមហាសេដ្ឋីដែលមានទឹកប្រាក់ច្រើនជាង១លានដុល្លារទេ ប៉ុន្តែ គ្រាន់តែបង្ហាញចំនួនអ្នកមាន មហាមាន ពោលគឺអ្នកដែលមានទឹកប្រាក់ច្រើនជាង១៦លានដុល្លារនៅប្រទេសចិន បានកើនដល់ចំនួនជិត៦៧ ០០០នាក់។
យោងតាមរបាយការណ៍របស់ទស្សនាវដ្តីដដែល ចំនួនមហាសេដ្ឋីចិននៅតែកើនឡើង នោះបើទោះបីជាមាននយោបាយរឹតត្បិតថវិកា និងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋាភិបាលចិនក្តី។ តាំងពីចូលកាន់តំណែងជាប្រធានាធិបតីចិនមក លោកស៊ី ជីនពីងបានចាប់អនុវត្តនយោបាយរឹតត្បិត ដែលបានប៉ះពាល់ខ្លាំងដល់ទីផ្សារផលិតប្រណិតរបស់ក្រុមអ្នកមានចិន។
ទីក្រុងសៀងហៃ និងក្វាងទុងស្ថិតនៅលំដាប់ថ្នាក់បន្ទាប់ពីទីក្រុងប៉េកាំង ខាងសំបូរអ្នកមាន មហាសេដ្ឋី។ តាមរបាយការណ៍ដដែល បើសេដ្ឋកិច្ចចិននៅតែបន្តកើនឡើង ក្នុងរយៈពេលបីឆ្នាំទៅមុខ នោះចំនួនមហាសេដ្ឋីចិន នឹងកើនដល់ជាង ១លាន ២សែននាក់ គឺជិតស្មើអាមេរិក ដែលមាន ចំនួន ១លាន ២សែន ៥ម៉ឺននាក់ នៅឆ្នាំ ២០១៤នេះ។ នៅប្រទេសចិន គេរកឃើញថា អ្នកដែលមានប្រាក់ច្រើនជាង១លានដុល្លារឡើងទៅ គឺអ្នកជំនួញ អ្នកវិនិយោគខាងទីផ្សារភាគហ៊ុន និងអ្នកគ្រប់គ្រងក្រុមហ៊ុនដែលទទួលបានប្រាក់ខែខ្ពស់កប់ពពក។
ជាមួយនឹងចំនួនមហាសេដ្ឋីច្រើនជាង១លាននាក់ ចិនវ៉ាដាច់ប្រទេសជប៉ុន និងស្ថិតនៅក្រោយប្រទេសអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែ បើនិយាយពីសមាមាត្ររបស់មហាសេដ្ឋី ទៅនឹងចំនួនសរុបរបស់ប្រជាជន ចិនស្ថិតនៅចុងបញ្ជីឆ្ងាយហៅមិនលឺ។ សហរដ្ឋអាមេរិកដែលសំបូរមនុស្សមានទឹកប្រាក់ច្រើនជាង១លានដុល្លារ បានត្រឹមស្ថិតនៅចំណាត់ថ្នាក់ទី ៧ ចំណែកចំណាត់ថា្នក់ទីមួយ សម្រាប់ប្រទេសដែលសំបូរមហាសេដ្ឋីច្រើន បើប្រៀបធៀបនឹងចំនួនប្រជាជននោះបានធ្លាក់ទៅលើប្រទេសផលិតប្រេងដ៏តូច គឺកាតា បន្ទាប់មក គឺប្រទេសស្វ៊ីស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ