អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

អាមេរិក​​មាន​អ្នក​​ផ្ទុក​ជំងឺ​អេបូឡា​ជា​លើក​ដំបូង​ក្នុង​ប្រទេស

អ្នក​ជំងឺ​ម្នាក់ ទើប​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​លីបេរីយ៉ា ត្រូវ​បាន​បញ្ជូន​ទៅមន្ទីរពេទ្យ ក្រុង​ ដាឡាស រដ្ឋ​តិចសាស់ហើយ ! ឯ​ម្នាក់​ទៀត​ ធ្វើ​ដំណើរ​មក​ពី​ប្រទេស​សៀរ៉ាឡេអូន​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តាម​ដាន​ត្រួត​ពិនិត្យ​ នៅ​វ៉ាស៊ីនតោន។ ​ករណី​បុគ្គលទាំង​ពីរ​គ្មាន​ទំនាក់ទំនង​នឹងគ្នា។ ប៉ុន្តែ​ អាជ្ញាធរ​អាមេរិក​​មិន​ធ្វេស​ប្រហែស​ឡើយ​ ! មជ្ឈមណ្ឌលជាតិ​​ត្រួត​ពិនិត្យ​និង​ការ​ពារ​ជំងឺ ដែល​មាន​ទីស្នាក់ការ​នៅ​ក្រុង​អាត្លង់តា បាន​រៀប​ចំ​សន្និសីទ​កាសែត​ភ្លាម​ ដើម្បី​ពន្យល់​បំភ្លឺ​អំពី​ករណី​​ជំងឺ​​អេបូឡា​លើ​ទឹកដី​អាមេរិកនេះបង្ក​ភាព​​ព្រួយ​បារម្ភ​ដល់​ប្រជាពលរដ្ឋ​ទាន់​។

វេជ្ជបណ្ឌិតFriedenនាយក​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​ការពារ​ជំងឺ​នៅ​ក្រុង​អាត្លង់តា ធ្វើ​សន្និសីទ​កាសែត​ស្តីពី​ករណី​អេបូឡា​ទី​មួយ​ក្នុង​​ទឹកដី​សហរដ្ឋ
វេជ្ជបណ្ឌិតFriedenនាយក​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​ការពារ​ជំងឺ​នៅ​ក្រុង​អាត្លង់តា ធ្វើ​សន្និសីទ​កាសែត​ស្តីពី​ករណី​អេបូឡា​ទី​មួយ​ក្នុង​​ទឹកដី​សហរដ្ឋ REUTERS/Tami Chappell
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ក្រុមគ្រូពេទ្យ​នៃ​មជ្ឈមណ្ឌល​​ត្រួត​ពិនិត្យ​និង​ការពារ​សុខភាព ការ​ផ្តល់​ព័ត៌មាន​បាន​កាន់​តែ​ច្រើន កាន់​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អាមេរិក​ទុក​ចិត្ត​និង​បញ្ចៀស​ភាព​ស្លន់​ស្លោ។ រហូត​មកទល់​នឹង​ពេល​នេះ មាន​ពល​រដ្ឋ​អាមេរិក​ផ្ទុក​ជំងឺ​អេបូឡា​បី​នាក់​ហើយ បាន​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ ប្រកប​ដោយ​ជោគជ័យ ៖ ពីរ​នាក់​គឺ​ជា​គ្រូពេទ្យ ​និងម្នាក់​ទៀត ជា​ជំនួយការ​សុខាភិបាល​ ធ្វើ​ការ​នៅ​ក្នុង​តំបន់គ្រោះថ្នាក់​​នៃ​ទ្វីប​អាហ្វ្រិក​ មាន​អេបូឡា​​​រាត​ត្បាតខ្លាំង។

ប៉ុន្តែ​សម្រាប់​ករណី​អ្នក​ជំងឺ​អេបូឡា​ទីមួយ​ ធ្វើ​រោគ​វិនិច្ឆ័យ​​រក​ឃើញ​នៅ​លើ​ទឹក​ដី​អាមេរិក​នេះ គឺ​ជា​អ្នក​ដំណើរ​ មកពី​ប្រទេស​លីបេរីយ៉ា ដើម្បី​មក​លេង​គ្រួសារ​នៅ​សហរដ្ឋ​ និង​មិន​មែន​ជាអ្​នក​ធ្វើការ​ក្នុង​ផ្នែក​សុខាភិបាល​អ្វី​ទេ។ អ្នក​ជំងឺ​រូប​នោះ​បាន​មក​ដល់​ទឹកដី​អាមេរិក​នៅ​ថ្ងៃ​ទី ២០ កញ្ញា មាន​បញ្ចេញ​អាការៈ​សញ្ញា​រោគ​ ៦​ថ្ងៃ​ក្រោយ ពោលគឺ​នៅ​ថ្ងៃ​ទី ២៦​កញ្ញា និង​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ ព្រម​ដាក់​បង្ឃាំង​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ថ្ងៃ​ទី​២៨ កញ្ញា។

ក្រុម​គ្រួសារ​និង​គ្រប់​បុគ្គល​ដែល​បាន​ជួប​រូប​អ្នក​មាន​ផ្ទុក​អេបូឡា ក្នុង​អំឡុង​ពេល​មួយ​សប្តាហ៍​នេះ ត្រូវ​ស្ថិត​ក្រោម​ការ​តាមដាន​វេជ្ជសាស្ត្រ​ទាំង​អស់។ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​បាន​អះអាង​​ជា​ផ្លូវការ​ ថា​គ្មាន​គ្រោះ​រោគរាត​ត្បាត​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ទេ។ យ៉ាងណា​ក៏​ដោយ ក៏​មជ្ឈមណ្ឌល​មិន​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ស៊ី​ជម្រៅ​ឡើយ ដោយ​ត្រូវ​គោរព​ការ​សម្ងាត់​សុខភាព​របស់​បុគ្គល និង​មិន​បាន​ប្រកាស​ឈ្មោះ​ជើង​យន្តហោះហើរ​ដែល​អ្នក​ជំងឺអេបូឡា​​នោះ​បាន​ជិះចេញ​ពី​លីបេរីយ៉ា​មក​កាន់​សហរដ្ឋ​អាមេរិក​​ទេ ព្រោះ​ខ្លាច​អ្នក​ដំណើរ​ស្លន់​ស្លោ​សម្រុក​រត់​ចូល​មន្ទីរពេទ្យ​។ អ្នក​ដំណើរ​រួម​យន្តហោះ​មិន​អាច​ឆ្លង​អេបូឡា​ឡើយ ព្រោះ​ដរាប​ណា​ជំងឺ​នេះ​មិន​ទាន់​ផ្តល់​រោគ​សញ្ញា គឺ​គ្មាន​ទេ​ការ​ចម្លង​រោគ។

ករណី​​​អេបូឡា​លើ​ទឹក​ដី​អាមេរិក​នេះ ដូច​ជា​បាន​ដាស់​សតិ​​មនុស្ស​គ្រប់រូប និង​រំលឹក​ដល់​អាជ្ញាធរ​អាមេរិក​ថា​ រោគរាត​ត្បាត​អេបូឡា​មិន​មែន​មាន​នៅ​តែ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច​ទេ តែ​ដើម្បី​ទប់​ស្កាត់​ត្រូវ​ធ្វើ​ជា​លក្ខណៈ​អន្តរជាតិ។ សម្រាប់​ពេ​ល​នេះ ទាហាន​អាមេរិក​ចំនួន​១៧០០​នាក់​ ក្នុង​ចំណោម​៣០០០នាក់​ បាន​ទៅ​ដល់​តំបន់​រង​គ្រោះ​ហើយ។ ពួក​គេ​មាន​បន្ទុក​កសាង​មន្ទីរពេទ្យ​ជនបទ​ដែល​​លីបេរីយ៉ា ខ្វះខាត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ