អានតួអត្ថបទ
ជប៉ុន-លីបង់

លោកកាកឡូស ហ្គោន​ ធ្វើ​សន្និសីទកាសែត​នៅ​លីបង់ ចោទ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​Nissan និង​ប្រព័ន្ធ​យុត្តិធម៌​ជប៉ុន

កាលពី​រសៀលថ្ងៃពុធ ទី​៨មករា ពីទីក្រុងបេរូត ប្រទេសលីបង់ លោក កាកឡូស ហ្គោន អតីត​អគ្គនាយក​ក្រុមហ៊ុន​​រថយន្ត រឺណូ-នីសាន់ (Renault-Nissan) បានធ្វើ​សន្និសីទ​កាសែត​មួយ បន្ទាប់​ពីលោក​បាន​​រត់គេចខ្លួន ចេញពី​ការ​ឃុំឃាំង​នៅ​ប្រទេសជប៉ុន។ ជា​សន្និសីទ​កាសែត ដែល​លោកអះអាងថា លោកនឹង​និយាយ​ការពិត ពី​ការឃុបឃិត របស់​ក្រុមហ៊ុន​ Nissan ជាមួយ​នឹង​ប្រព័ន្ធតុលាការជប៉ុន ក្នុងការ​ប្រឌិតបង្កាច់បង្ខូច ចោទ​ប្រកាន់​លោក ​ដោយ​អយុត្តិធម៌។

លោក កាកឡូស ហ្គោន និយាយពន្យល់ពីភស្តុុតាងនានា ដែលលោកអះអាងថា​ គេបានប្រឌិតបំភ្លៃ។ បេរូត ថ្ងៃទី៨ មករា ​២០២០​
លោក កាកឡូស ហ្គោន និយាយពន្យល់ពីភស្តុុតាងនានា ដែលលោកអះអាងថា​ គេបានប្រឌិតបំភ្លៃ។ បេរូត ថ្ងៃទី៨ មករា ​២០២០​ REUTERS/Mohamed Azakir
ផ្សាយពាណិជ្ជកម្ម

ជាសន្និសីទកាសែត ដែលគេទន្ទឹងរងចាំជាខ្លាំង បន្ទាប់ពីលោក កាកឡូស ហ្គោន (Carlos Ghosn) បានរត់គេចពីជប៉ុន ទៅដល់ប្រទេសលីបង់ កាលពីថ្ងៃ​៣០ធ្នូ ឆ្នាំ២០១៩។

ចំពោះមុខអ្នកកាសែតបរទេសជាច្រើននាក់ នៅឯទីស្នាក់ការ សហជីព​សារព័ត៌មាន​លីបង់ លោក កាឡូស ហ្គោន បានបញ្ជាក់ថា លោកនឹងមិននិយាយអ្វីទាំងអស់ ទាក់ទិន​នឹង​ការ​រត់គេច​ខ្លួន ពី​ជប៉ុន​មក​លីបង់ ដោយ​ឆ្លងកាត់​តួកគី​នោះទេ។ លោក​មិន​និយាយ ព្រោះលោក​ចង់​ការពារ កុំឲ្យ​មាន​បញ្ហា​ដល់​អ្នក​ដែល​បាន​ជួយលោក។

នៅក្នុង​សន្និសីទកាសែត​នេះ លោក កាកឡូស ហ្គោន​ បាន​អះអាង​ថា ការ​សម្រេច​រត់គេច​ខ្លួន​​ពី​ការ​ឃុំឃាំង​នៅ​ជប៉ុននេះ គឺ​ជា​ការ​សម្រេចចិត្ត​មួយ​ដ៏​លំបាក​បំផុត ​ដែល​លោកមិនធ្លាប់ជួបប្រទះ។ តែលោកគ្មានជំរើសណាផ្សេង ក្រៅពីរត់គេចខ្លួនទេ ព្រោះ​ជម្រើស​នេះ អាចឲ្យ​លោក​ការពារខ្លួន ​និង​​ការពារ​ក្រុម​​គ្រួសារ​លោក។ លោក​អះអាង​ថា លោក​បាន​រត់គេច​ចេញពី​ប្រព័ន្ធ​តុលាការមួយ​ ដែល​លំអៀង ដែល​អយុត្តិធម៌ ​ដែល​រំលោភបំពាន​សិទ្ធិ​របស់លោក។ ការរត់គេច​ខ្លួន​មក​លីបង់​នេះ លោក​អះអាង​ថា ​គឺជា​ឱកាស ដែល​អាចឲ្យ​លោក​មាន​សេរីភាព​និយាយស្តី ​ដើម្បី​​លាងសម្អាត​កិត្តិយស ​កេរ្តិ៍ឈ្មោះ​របស់​លោក។

ថ្ងៃនេះ ជាថ្ងៃដ៏មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ខ្ញុំ។ ប្រមាណជាង១ឆ្នាំមកហើយ ដែលខ្ញុំរងចាំថ្ងៃនេះ ចាប់ពីថ្ងៃដែលខ្ញុំ ត្រូវបានគេបំបែក ចេញពីក្រុមគ្រួសារខ្ញុំ ពីមិត្តភ័ក្តខ្ញុំ និងពីបុគ្គលិករបស់ ក្រុមហ៊ុន Renault Nissan និង Mitsubishi។ខ្ញុំមិនបានស្គាល់សេរីភាពភាពទេ តាំងតែពីខែវិច្ឆិកាឆ្នាំ២០១៨មក។ វាជារឿងចាំបាច់ណាស់ ដែលខ្ញុំត្រូវនិយាយអំពី លក្ខខណ្ឌដ៏លំបាកទាំងឡាយ ដែលគេបានធ្វើមកលើខ្ញុំ យ៉ាងអយុត្តិធម៌។ ហេតុដូច្នេះហើយ បានជាឱកាសថ្ងៃនេះ មានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ។ថ្ងៃនេះ ខ្ញុំនឹងមិននិយាយរៀបរាប់ ថាខ្ញុំរត់គេចពីជប៉ុនដោយរបៀបណាខ្លះនោះទេ បើទោះបីខ្ញុំដឹងថា អ្នកទាំងអស់គ្នាចង់ដឹងណាស់ក៏ដោយ។ អ្វីដែលខ្ញុំនឹងនិយាយ គឺខ្ញុំនិយាយអំពីមូលហេតុ។ មូលហេតុដែលបង្ខំឲ្យខ្ញុំគ្មានជំរើសណាផ្សេង ក្រៅតែពីរត់គេខ្លួន។នេះជាលើកទីមួយហើយ តាំងតែពីពេលគេចាប់ខ្លួនខ្ញុំ ដែលខ្ញុំអាចមានសិទ្ធិនិយាយ ការពារខ្លួនខ្ញុំបាន ដោយសេរី ហើយអាចឆ្លើយសំណួររបស់អ្នកទាំងអស់គ្នាបាន។

01:33

ប្រសាសន៍លោក កាកឡូស ហ្គោន ពេល​បើក​សន្និសីទកាសែតនៅបេរូត ប្រែសម្រួល​ដោយ ម៉ម ពិសី

លោកកាកឡូស ហ្គោន បានលើកឡើងថា បទចោទប្រកាន់មកលើរូបលោក ដែល​គេ​ដាក់នៅ​ចំពោះមុខ​រដ្ឋអាជ្ញា​ជប៉ុន គឺជា​ការ​ប្រឌិត​ទាំងស្រុង។ លោក​កាកឡូស ហ្គោន ​បានចោទ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ Nissan​ របស់​ជប៉ុន ថា​បាន​ឃុបឃិត​គ្នា ​ជាមួយ​មន្ត្រី​តុលាការ​​ជប៉ុន ដើម្បី​ "វាយបំបាក់"លោក បង្ខំ​ឲ្យលោក​សារភាព នូវ​កំហុស​ដែល​លោក​​មិនបាន​សាង​ទាល់តែ​សោះ។ ទាំងនេះ​ ក៏​ព្រោះ​តែ Nissan ​ច្រណែន​នឹង​រូបលោក ​​​ព្រមទាំង​ច្រណែន​នឹង​ឥទ្ធិពល​​ របស់​​ក្រុមហ៊ុន​​Renault ទៅលើ​ក្រុមហ៊ុន​ Nissan៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ