អានតួអត្ថបទ
ជប៉ុន-លីបង់

លោក​កាកឡូស ហ្គោន ត្រូវ​តុលាការ​លីបង់​កោះហៅ និង​ហាម​មិនឲ្យ​ចេញ​ពី​លីបង់

មួយថ្ងៃ​បន្ទាប់​ពីបានធ្វើ​សន្និសីទ​កាសែត​នៅ​ទីក្រុង​បេរូត លោក​កាឡូស ហ្គោន ​អតីត​អគ្គនាយក​ក្រុមហ៊ុន​រថយន្ត ​Renault-Nissan ​ត្រូវបាន​តុលាការ​លីបង់ ​កោះហៅ​ឲ្យចូលខ្លួន​ទៅបំភ្លឺ​ និង​បាន​ហាម​ឃាត់​លោក ​មិនឲ្យ​ចាកចេញ​ពី​លីបង់​ជាដាច់ខាត។ ការ​កោះហៅ​នេះ ​គឺតុលាការ​លីបង់​ ធ្វើទៅ​តាម​នីតិវិធី​ស្នើ​ដោយ​នគរបាល​អន្តរជាតិ Interpol​ ដែល​ជប៉ុន​ដាក់​ពាក្យ​ប្តឹង ​ក្រោយ​ពេល​ដែល​លោក ​កាកឡូស ហ្គោន ​បានរត់​គេច​ខ្លួន​ចេញ​ពីជប៉ុន។

Former Nissan chairman Carlos Ghosn gestures during a news conference at the Lebanese Press Syndicate in Beirut, Lebanon January 8, 2020.
Former Nissan chairman Carlos Ghosn gestures during a news conference at the Lebanese Press Syndicate in Beirut, Lebanon January 8, 2020. REUTERS/Mohamed Azakir
ផ្សាយពាណិជ្ជកម្ម

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​លីបង់ ​បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី៩​មករា​ លោក កាកឡូស ហ្គោន ​ត្រូវ​បាន​តុលាកា​លីបង់​ កោះហៅ​​សួរ​នាំ ​ទាក់ទិន​នឹង​នីតិវិធី​ “កំណត់ត្រាក្រហម”​ របស់​នគរបាល​អន្តរជាតិ​Interpol។ នីតិវិធី​នេះ ​គឺ​ជប៉ុន​ជា​អ្នក​ដាក់ពាក្យ ​សុំ​អន្តរាគមន៍ ​របស់​Interpol។ យោង​តាម​ប្រភព​ដដែល ​ក្រោយការ​កោះហៅ​សាកសួរ​នេះ ​តុលាការ​លីបង់ ​បាន​សម្រេច​ ហាម​ឃាត់​ មិន​ឲ្យ​លោក ​កាកឡូស ហ្គោន​ ធ្វើ​ដំណើរ​ចាកចេញ​ពី​លីបង់​ជា​ដាច់ខាត។

គួររំលឹកថា​ លោក​កាកឡូស ហ្គោន ​អតីត​អគ្គនាយក​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង​ជប៉ុន​ Renault Nissan ​ត្រូវបាន​អាជ្ញាធរ​ជប៉ុន​ ចាប់​ឃាត់​ខ្លួន​នៅ​ខែ​វិច្ឆិកា​ឆ្នាំ២០១៨ ដោយចោទពីបទកិបកេងប្រាក់ក្រុមហ៊ុន បទបំពាន​អំណាច និងលួចបន្លំពន្ធរដ្ឋជប៉ុន។ កាលពីថ្ងៃទី៣០​ធ្នូ​ឆ្នាំ​២០១៩​ លោក​កាកឡូស ហ្គោន ​បាន​រត់គេច​ខ្លួន​ចេញ​ពី​ប្រទេស​ជប៉ុន​ មក​ដល់​លីបង់​ ជា​ទី​ដែល​លោក​បាន​ធ្វើ​សន្និសីទកាសែត​ កាលពី​ថ្ងៃ​ពុធ​ ទី៨​មករា។ នៅក្នុង​សន្និសីទ ​ដែល​មាន​អ្នក​កាសែត​បរទេស​ ជាង​១០០នាក់​នោះ ​លោក កាកឡូស ហ្គោន ​បាន​និយាយ​រៀបរាប់​ពី​ភាព​អយុត្តិធម៌ ​ដែល​លោក​បាន​រង​ដោយសា​ប្រព័ន្ធ​យុត្តិធម៌​របស់​ជប៉ុន។ លោក​បាន​ចោទ​ក្រុមហ៊ុន​Nissan ​ថា​បាន​ឃុបឃិត​គ្នា ​ជាមួយ​ចៅក្រម​ជប៉ុន​ ​ប្រឌិត​ភស្តុតាង​ចោទ​ប្រកាន់ ​និង​​បង្កាច់​បង្ខូច​កិត្តិយស​លោក។

ជាប្រតិកម្ម​តបវិញ ​លោកស្រី ​Masako Mori​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ជប៉ុន ​បាន​លើក​ឡើង​ថា ​បើ​សិន​​លោក ​កាកឡូស ហ្គោន ​មាន​ភស្តុតាង ​ឬ​អំណះអំណាង​អ្វី​ ចង់​បន្ទោស​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ជប៉ុន ​ហេតុអ្វី​បាន​ជា​លោក​មិននៅ​តតាំង ​ទល់មុខ​ជាមួយ​ប្រព័ន្ធ​តុលាការ​នេះ? ហេតុអ្វី​លោក​ចាំបាច់​រត់គេច​ខ្លួន​ បំពាន​នឹង​ច្បាប់​ជប៉ុន? លោកស្រី​រដ្ឋមន្ត្រី​ជប៉ុន​អះអាង​ថា ​លោក​ កាកឡូស ហ្គោន ​មិន​បាន​ជាប់​ឃុំឃាំង ​ត្រូវ​គេ​បំបិទ​សិទ្ធិ​សេរីភាព​ទាំងស្រុង​នោះទេ គឺ​លោក​អាច​ជួប​ជាមួយ​មេធាវី​របស់​លោក​ដោយ​សេរី។

អ្នក​កាសែត​ជប៉ុន​ម្នាក់​របស់​ទូរទស្សន៍NHK ​ដែល​មាន​វត្តមាន​នៅក្នុង​សន្និសីទ​កាសែត បាន​លើកឡើង​ថា ​រយៈពេល​ជាង​២ម៉ោង​ ដែល​លោក​កាកឡូស ហ្គោន​និយាយ ​សរុមមក​គឺគ្មាន​អ្វីថ្មី​ គ្មាន​អំណះអំណាង​ណា​អាច​យក​ជាការ​បានសោះ ​ក្រៅតែ​ពី​ការនិយាយ​ថ្លែង​ពី​ការលំបាក​ និង​ពីអារម្មណ៍​ផ្ទាល់ខ្លួន​របស់លោក​។ តំណាង​ក្រុមហ៊ុន​Nissan​ របស់​ជប៉ុនវិញ ​បាន​លើកឡើង​ថា សន្និសីទកាសែត​នេះ គឺ​ជា​ការ​សម្តែង​ទាមទារ​ចំណាប់​អារម្មណ៍​ពី​ពិភពលោក ​ទាំង​ដែល​ខ្លួន​លោក​កាកឡូស ហ្គោន ​គ្មាន​អំណះអំណាង​ផ្លូវច្បាប់​ មក​ការពារ​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ