អានតួអត្ថបទ
យេម៉ែន​

យេម៉ែន៖ អង្គការ​សុខភាព​ពិភពលោក​បញ្ជូន​អ្នកជំងឺ​តាម​យន្តហោះ ​ចេញ​ពី​រដ្ឋធានី​សាណា

ថ្ងៃសៅរ៍ទី​៨កុម្ភៈ អង្គការសុខភាពពិភពលោក បានបញ្ជូនអ្នកជម្ងឺជនជាតិយេម៉ែន ចំនួន​២៤នាក់ ចេញតាមយន្តហោះ ពីទីក្រុងសាណា ឆ្ពោះទៅកាន់មន្ទីរពេទ្យទីក្រុងអាំម៉ាន់ ប្រទេស​ហ្សកដានី។ នេះគឺជាការបញ្ជូនអ្នកជម្ងឺចេញតាមយន្តហោះ ជាលើកទី២ហើយ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ខណៈដែល​កងទ័ពសម្ព័ន្ធមិត្តខាងរដ្ឋាភិបាល​យេម៉ែន នៅតែបន្តហាមឃាត់ មិនឲ្យមានការហោះហើរ​តាមយន្តហោះ មកកាន់ឬក៏ចេញ ពី​រដ្ឋធានី​សាណា​ជាដាច់ខាត។

យន្តហោះជើងទី​១របស់​​អង្គការ​សហប្រជាជាតិ​ ដឹកកុមារ​យេម៉ែន​ពី​​​រដ្ឋធានី​សាណា ទៅ​ព្យាបាល​នៅ​​ក្រុង​អាំម៉ាន់ ប្រទេស​ហ្សកដានី ថ្ងៃទី​៣ កុម្ភៈ ២០២០​
យន្តហោះជើងទី​១របស់​​អង្គការ​សហប្រជាជាតិ​ ដឹកកុមារ​យេម៉ែន​ពី​​​រដ្ឋធានី​សាណា ទៅ​ព្យាបាល​នៅ​​ក្រុង​អាំម៉ាន់ ប្រទេស​ហ្សកដានី ថ្ងៃទី​៣ កុម្ភៈ ២០២០​ REUTERS/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីត្រូវបានអាក់ខាន រងចាំអស់មួយថ្ងៃបន្ថែមទៀត ទីបំផុតយន្តហោះមួយគ្រឿង បានហោះចេញពីរដ្ឋធានីសាណា ប្រទេសយេម៉ែន កាលពីរសៀលថ្ងៃសៅរ៍ទី៨កុម្ភៈ ដោយនាំយកអ្នកជម្ងឺជនជាតិយេម៉ែន ចំនួន​២៤នាក់ យកទៅព្យាបាលបន្ទាន់ នៅឯមន្ទីរពេទ្យក្រុងអាំម៉ាន់ រាជធានីហ្សកដានី។ នេះបើផ្អែកតាមអ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក ដែលបានខិតខំប្រឹងប្រែង ធ្វើកិច្ចការនេះ ដើម្បីជួយសង្រ្គោះ​ជីវិតប្រជាជន​យេម៉ែន។

ប្រភពដដែលអះអាងថា នេះជាយន្តហោះទី២ ដោយយន្តហោះទីមួយបាន​ហោះចេញកាលពីថ្ងៃចន្ទ ទី៣កុម្ភៈ ឆ្ពោះទៅកាន់រាជធានី​អាំម៉ាន់ដែរ ដឹកកុមារយេម៉ែន ៧នាក់​យកទៅព្យាបាលនៅទីនោះ។ លោកស្រី Lise Grande អ្នកសម្របសម្រួលកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ ប្រចាំនៅយេម៉ែន បានលើកឡើងថា ការដឹកបញ្ជូនអ្នកជម្ងឺជនជាតិយេម៉ែន តាមយន្តហោះ ចេញពីរដ្ឋធានីសាណានេះ មិនមែនជារឿងងាយធ្វើទេ ដោយត្រូវឆ្លងកាត់ការចរចាតឹងតែងណាស់ រវាងក្រុមឧទ្ទាមហ៊ូទី និងកងទ័ពរដ្ឋាភិបាល។ តែក្រុមការងារមនុស្សធម៌ នឹងបន្តធ្វើការងារ​នេះ​បន្ថែមទៀត។

គួរ​បញ្ជាក់ថា រដ្ឋធានីសាណាស្ថិតក្នុង​ការកាន់កាប់ របស់​ក្រុមឧទ្ទាម​ហ៊ូទីមែនពិត ក៏ប៉ុន្តែចរាចរណ៍ផ្លូវអាកាស គឺស្ថិតក្រោមការគ្រប់គ្រង របស់កងទ័ពសម្ព័ន្ធមិត្តអារ៉ាប់ និងកងទ័ពរដ្ឋាភិបាល​យេម៉ែន។ ក្រុមនេះបានបដិសេធជាច្រើនលើកច្រើនសារ មិនបើកផ្លូវអាកាស ឲ្យមាន​ចរាចរណ៍យន្តហោះជាដាច់ខាត ដោយខ្លាចក្រែងមានការដឹកបញ្ជូនអាវុធ ទៅឲ្យក្រុម​ឧទ្ទាមហ៊ូទី។ ក៏ប៉ុន្តែកាលពី​ខែវិច្ឆិកា ចុងឆ្នាំ២០១៩ កងទ័ពរដ្ឋាភិបាលយេម៉ែន បាន​សុខចិត្តយល់ព្រម ឲ្យបើក​ផ្លូវហោះហើរ ដើម្បីបញ្ជូនអ្នកជម្ងឺទៅព្យាបាល​នៅប្រទេសផ្សេង ព្រោះយេម៉ែន​គ្មាន​សម្ភារៈនិងថ្នាំសង្កូវ។ លោកស្រី Lise Grande បានថ្លែងដោយសង្ឃឹមថា ការព្រមឲ្យបើកផ្លូវអាកាសជាពិសេសនេះ វាបានបង្ហាញពី​ភាពស្ងប់ស្ងាត់ និងការបន្ទន់ឥរិយាបថ ដែលអាចឈានទៅរកការចរចាគ្នា រវាងគូបដិបក្សទាំង២។

សូមរំលឹកថា ចាប់តាំងពីផ្ទុះសង្រ្គាមនៅយេម៉ែន នៅ​ឆ្នាំ២០១៤មក មានមនុស្សជាច្រើនម៉ឺននាក់បានស្លាប់ ដែលភាគច្រើនសុទ្ធសឹងជា​ប្រជាជនស្លូតត្រង់។ មនុស្សរបួស ការខ្វះខាតស្បៀងអាហារ មន្ទីរពេទ្យបាក់បែក គ្មានសម្ភារៈ គ្មានថ្នាំពេទ្យ ទាំងអស់នេះបានញ៉ាំងឲ្យមានការលំបាកខ្លាំងបំផុត ដល់ជីវិតរបស់ប្រជាជនយេម៉ែន។ យោងតាមតួលេខរបស់អង្គការមនុស្សធម៌នានា មានប្រជាជនយ៉ាងហោច៣លាន៣សែននាក់ ដែលបានភៀសខ្លួនចេញពីតំបន់សមរភូមិ។ អង្គការ​សហប្រជាជាតិ លើកឡើងថា​ ប្រជាជន​យេម៉ែន​​ប្រមាណ​២៤លាននាក់ ពោលគឺប្រមាណជាង​២ភាគ៣ នៃប្រជាជនសរុប កំពុងតែត្រូវការជំនួយសង្រ្គោះ បន្ទាន់បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ