អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីត លុប​ចោល​ទោស​ប្រហារ​ជីវិត លើ​អនីតិជន

ក្រោយ​ពី​បាន​​ ប្រកាស​លុប​ចោលច្បាប់​វាយអ្នកទោស អារ៉ាប៊ីសាអូឌីត ដែល​ជា​ប្រទេសមហាអភិរក្ស​ និងជាប់​​ចោទ​ជា​ប្រទេសរំលោភ​សិទ្ធិមនុស្សខ្លាំង​ជាងគេ​មួយ បាន​ប្រកាស នៅ​ថ្ងៃអាទិត្យ​ទី ២៦មេសា អារ៉ាប៊ីសាអូឌីត ​លុប​ចោលទោស​ប្រហារ​ជីវិត​ លើ​អនីតិជន​។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ប្រធានគណៈកម្មការ​សិទ្ធិមនុស្ស​ ដែល​ជា​ស្ថាប័ន​អង្គការ​របស់​រដ្ឋាភិបាល។ ទោស​ប្រហារជីវិត​លើ​ក្មេង​មិនទាន់​ពេញវ័យ​នឹងត្រូវ​ជំនួស​មកវិញ​ដោយ​ការ​ដាក់​ទោស​ក្នុង​ពន្ធនាគារ​ត្រឹម១០ឆ្នាំ។ នេះ​បើ​តាមប្រភពដដែល។

រាជបុត្រ​ស្នង​រាជ របស់​អារ៉ាប៊ីសាអូឌីត  Mohammed Ben Salmane
រាជបុត្រ​ស្នង​រាជ របស់​អារ៉ាប៊ីសាអូឌីត Mohammed Ben Salmane Mandel Ngan/Pool via REUTERS/File Photo
ផ្សាយពាណិជ្ជកម្ម

អារ៉ាប៊ីសាអូឌីតមានមុខមាត់​ថ្មី និង​​មាន​ច្បាប់​ព្រហ្មទណ្ឌ​ទំនើប ! ទោស​ប្រហារ​ជី​វិត នឹង​មិន​ត្រូវ​អនុវត្ត​លើ​ជនជាប់​ទោស​​ដែល​មិន​ទាន់​ពេញ​វ័យ​ទេ ! នេះ​បើ​តាមសេចក្តី​ថ្លែងការណ៍​របស់​​ប្រធានគណៈកម្មការ​សិទ្ធិមនុស្ស​អារ៉ាប៊ីសាអូឌីត ដែលបញ្ជាក់​ថា ការលុប​ទោសប្រហារជីវិត​លើ​អនីតិជន ត្រូវ​បានធ្វើ​ឡើង​ដោយ​ក្រិត្យ​របស់ព្រះ​មហាក្សត្រ។ អំណើះតទៅ ​ទោសប្រហារជីវិត​លើ​អនីតិជន នឹង​ត្រូវ​ជំនួយ​មកវិញដោយ​ការដាក់​ទោស​​ក្នុង​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ​​។

តាម​រយៈ​ក្រិត្យ​លុប​ទោស​ប្រហារជីវិត​លើ​ក្មេង​មិនទាន់​ពេញ​វ័យនេះ យុវជន​ដើមកំណើត​អ៊ីស្លាម​និកាយ​ឈីអ៊ីត​ (សហគមន៍ជនជាតិ​ភាគតិច​អ៊ីស្លាមនៅ​អារ៉ាប៊ីសាអូឌីត) ចំនួន​ ​៦​នាក់​ ដែល​តុលាការបាន​កាត់ទោស​ប្រហារ​ជីវិត​ពីបទបានចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល ទាំង​មានអាយុ​ក្រោម១៨​ឆ្នាំ ​នឹងបានរួច​ជីវិត។

នៅក្នុង​របាយការណ៍​របស់​អង្គការ ចេញ​ផ្សាយនៅ​​សប្តាហ៍​មុន​ បាន​បង្ហាញ​ថា អារ៉ាប៊ីសាអូឌីត បានបំបែកកំណាត់ត្រា​ ដោយ​បាន​​ប្រហារ​ជីវិត​អ្នកទោស​ ចំនួន​១៨៤​នាក់ ក្នុង​អំឡុង​ឆ្នាំ​ ២០១៩ ពោល​ជា​ចំនួនដ៏​ច្រើន​ជាងបំផុត​​​នៅ​លើ​ពិភពលោក។ នៅអារ៉ាប៊ីសាអូឌីត ដែល​ជា​ប្រទេសមហា​អភិរក្សអ៊ីស្លាម ការ​ប្រព្រឹត្ត​អំពីមនុស្សឃាត រំលោភ​បំពាន​ផ្លូវ​ភេទ លួច​ប្លន់​ឬវាយប្រហារ​ដោយ​ប្រើអាវុធ ជួញ​ដូរ​គ្រឿង​ញៀន សកម្មភាព​​អាបធ្មប់​ ទង្វើ​ផិត​ក្បត់ ស្រលាញ់​ភេទ​ដូច​គ្នា​ ប្រព្រឹត្ត​កាមតណ្ហា​តាម​ផ្លូវ​ធំ បោះបង់​ព្រះ​ អាចនឹងត្រូវ​មានទោស​ដល់​ប្រហារ​ជីវិត។ កាលពីថ្ងៃសុក្រ តុលាការ​កំពូលអារ៉ាប៊ីសាអូឌីត បាន​សម្រេច​លុប​ចោល​ទោស​វាយនឹង​រំពាត់។

តាំង​ពី​ព្រះ​អង្គ​ម្ចាស់ សាល់​ម៉ាន (Mohammed ben Salmane) ក្លាយ​ជារាជបុត្រ​ស្នងរាជ​នៅ​ឆ្នាំ​២០១៧​មក អារ៉ាប៊ីសាអូឌីត រង​ការ​រិះគន់​និង​ចង្អុល​មុខ​កាន់​តែខ្លាំងឡើងៗ​ពី​សំណាក់​អង្គការ​ការពារ​សិទ្ធិមនុស្ស​។ ជម្រើស​នយោបាយ​ធ្វើ​កំណែទម្រង់​បើក​ចំហ​សេដ្ឋកិច្ច និង​សង្គម អប​ដោយ​ការបង្ក្រាបកាន់​តែច្រើន​ឡើងៗសំឡេង​ប្រឆាំងក្នុងផ្ទៃ​រាជវង្ស​និង​ក្នុង​ចំណោមក្រុមបញ្ញវ័ន្ត​។ នាម​ជា​អ្នក​កំណែទម្រង់​ របស់​ព្រះ​អង្គម្ចាស់​សាល់ម៉ាន កាន់​តែស្រអាប់​ថែម​ទៀត ក្រោយ​ឃាតកម្មសម្លាប់អ្នកកាសែត Jamal Khashoggi នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូល កាលពី​ឆ្នាំ​២០១៨៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ