អានតួអត្ថបទ
យេម៉ែន

យេម៉ែន៖ នាវាផ្ទុកប្រេងឆៅចតចោល​៥ឆ្នាំ កំពុង​​បង្ក​ការព្រួយបារម្ភ​ថា​នឹង​លិច ​ធ្លាយ​ប្រេង​ក្នុង​សមុទ្រ

នាវាចំណាស់ ផ្ទុកប្រេងឆៅប្រមាណជាង១លានធុងបារីល ដែលចតចោលតាំងពីឆ្នាំ២០១៥ នៅប្រទេសយេម៉ែន កំពុងប្រឈមនឹងការលិចទៅក្នុងសមុទ្រ។ ប្រេងឆៅដែលស្តុកនៅលើនាវានោះ អាចនឹងធ្លាយចូលទៅក្នុងសមុទ្រ ដែលនេះអាចជាគ្រោះមហន្តរាយដ៏ធំមហិមា។ ប្រឈមនឹងការព្រួយបារម្ភដ៏ធំនេះ អង្គការសហប្រជាជាតិ នឹងបើកការ​ប្រជុំបន្ទាន់ជាមួយអ្នកជំនាញ នៅថ្ងៃទី​១៥កក្កដា ដើម្បីស្វែងរកដំណោះស្រាយ ឲ្យ​ក្រុមឧទ្ទាម​ហ៊ូទីដែលគ្រប់គ្រងតំបន់នោះ បើកផ្លូវឲ្យ​គេចូលទៅ​ជួសជុលនាវា មុននឹងអ្វីៗហួសពេល។

ទិដ្ឋភាពកំពង់ផែ Hodeida ចំងាយ២៣០គីឡូម៉ែត្រ ខាងលិចក្រុងសាណា រដ្ឋធានីយេម៉ែន។​​ ថ្ងៃទី​១៤ ឧសភា ២០២០
ទិដ្ឋភាពកំពង់ផែ Hodeida ចំងាយ២៣០គីឡូម៉ែត្រ ខាងលិចក្រុងសាណា រដ្ឋធានីយេម៉ែន។​​ ថ្ងៃទី​១៤ ឧសភា ២០២០ AFP - -
ផ្សាយពាណិជ្ជកម្ម

នាវា FSO Safer មានចំណាស់៤៥ឆ្នាំ ផ្ទុកប្រេងឆៅចំនួន​១លាន១សែនធុងបារីស បានបោះយុថ្កាចតចោលក្នុងសមុទ្រក្បែរកំពង់ផែ Hodeida ប្រមាណជាង៥ឆ្នាំមកហើយ។ ពោលគឺចាប់តាំងពី​ក្រុមឧទ្ទាម​ហ៊ូទី បាន​វាយសង្រ្គប់កាន់កាប់តំបន់នេះ នៅឆ្នាំ២០១៥។ ៥ឆ្នាំមកហើយ ដែលនាវានេះ ពុំមានការថែរទាំជួសជុល ហើយ​ដែលកំពុងបង្កការព្រួយបារម្ភជាខ្លាំង។

លោក Ian Ralby អ្នកជំនាញនៅការិយាល័យ IR Consilium បានអះអាងថា នាវានេះមានស្ថានភាព​ទ្រុឌទ្រោមណាស់។ ក្រៅពី​តួនាវាត្រូវច្រេសស៊ី សឹករិចរិល កាលពីខែឧសភា គេបានរកឃើញទុយយោបង្ហូរហ្កាសបែកធ្លាយ ហូរទឹកចូលទៅក្នុងបន្ទប់គ្រឿងម៉ាស៊ីន។ ប្រព័ន្ធឧស្ម័នហ្កាសក្នុង​នាវានេះ អាចនឹងផ្ទុះក្នុងពេលខាងមុខ បើសិនជាគ្មានការជួសជុល។

ក្រុមប្រឹក្សាសន្តិសុខបានកោះប្រជុំបន្ទាន់ នៅថ្ងៃទី​១៥កក្កដា។ លោក Stephane Dujarric អ្នក​នាំពាក្យខុទ្ទការល័យ ​លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា អ្នកជំនាញ​សង្ឃឹមថា នឹងអាចទទួលបានការយល់ព្រមពីសំណាក់ក្រុមឧទ្ទាមហ៊ូទី ដើម្បីបើកផ្លូវឲ្យ​អ្នកជំនាញ​អាចចូល​ទៅ​ពិនិត្យ និងជួសជុលនាវានេះ ឲ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា ប្រេងឆៅនៅលើនាវានេះ ត្រូវគេប៉ាន់ស្មានថាមានតម្លៃប្រមាណ​៤០លានដុល្លារ បើគិតតាមតម្លៃទីផ្សារបច្ចុប្បន្ន។ ក្រុមហ៊ូទី បានទាមទារកាលពីខែមិថុនាកន្លងទៅ ថាត្រូវតែមានការធានាប្រគល់ប្រាក់នេះ មកឲ្យ​ក្រុមខ្លួនយកទៅ​បើកប្រាក់ខែឲ្យ​បុគ្គលិកហ៊ូទី។ ដោយឡែក លោកនាយករដ្ឋមន្ត្រីយេម៉ែន បាន​អំពាវនាវ ឲ្យសហគមអន្តរជាតិ ត្រូវផ្តន្ទាទោសក្រុមហ៊ូទី ដែលរារាំងការងារសង្រ្គោះនាវាដឹកប្រេងនេះ ពីការលិចលង់ក្នុងសមុទ្រ ហើយប្រាក់ថ្លៃប្រេង ត្រូវយកទោចំណាយក្នុងកិច្ចការមនុស្សធម៌សុខាភិបាល។

លោកស្រី Lise Grande អ្នកសម្របសម្រួលកិច្ចការមនុស្សធម៌ប្រចាំយេម៉ែន របស់អង្គការសហ​ប្រជាជាតិបានលើកឡើងថា បើ​នាវានេះលិច ហើយធ្លាយ​ប្រេងឆៅ​ជាង១លានធុងបារីលទៅក្នុងសមុទ្រ នោះនឹងកើតមានមហន្តរាយដ៏ធំ២ ទីមួយគឺមហន្តរាយដល់បរិស្ថានធម្មជាតិ ហើយទី២ គឺមហន្តរាយសេដ្ឋកិច្ចនិងជីវភាពមនុស្ស។ ទំហំប្រេងឆៅដ៏ច្រើនសម្បើមនេះ នឹងធ្លាយ​អណ្តែតលាតសន្ធឹងគ្របដណ្តប់ នៅឈូងសមុទ្រអាដែន និងសមុទ្រអារ៉ាប៊ី។ កំពង់ផែ Hodeida នឹងត្រូវ​រាំងស្ទះប្រើការលែងកើត លែងមានចរាចរណ៍នាវា ហើយអ្នកនេសាទ​យេម៉ែនប្រមាណ​ជាង១២ម៉ឺននាក់ នឹងមិនអាចប្រកបរបរចិញ្ចឹមជីវិតបានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ