អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហគមន៍អន្តរជាតិ​ជ្រោមជ្រែង​ផ្តល់ជំនួយ​ដល់លីបង់ ក្រោយហេតុការណ៍ផ្ទុះនៅកំពង់ផែបេរូត

ចុះផ្សាយ​នៅ​ថ្ងៃ៖

៥ថ្ងៃ​ក្រោយ ហេតុការណ៍​ផ្ទុះ​នៅ​កំពង់ផែ​បេរូត ដែល​បាន​សម្លាប់មនុស្ស ១៥៤នាក់ និង​បំផ្លាញ​ទីក្រុង​បេរូត អស់​ពាក់កណ្តាល ប្រទេស​បារាំង រួម​ជាមួយ​អង្គការ​សហប្រជាជាតិ បាន​បើក​សន្និសីទ​តាម​វីដេអូ មួយ នៅ​ថ្ងៃ​អាទិត្យនេះ ដើម្បី ស្វែងរកជំនួយ ជួយ​ប្រទេស​លីបង់។ នៅមុន​ជួបគ្រោះអាក្រក់ ដូចជា​​ហេតុការណ៍ ផ្ទុះ​នៅ​កំពង់ផែ បេរូត លីបង់ បាន​ធ្លាក់ខ្លួន ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏រ៉ាំរ៉ៃ ជាយូរឆ្នាំ​មកហើយ បូកផ្សំ​នឹង​ទុក្ខមួយជាន់ទៀត គឺ​ជំងឺកូវីដ ដែល​កំពុង​ឆ្លងរីករាលខ្លាំងណាស់​នៅក្នុង​ប្រទេស។

រូបភាព​ឃ្លាំង​ស្តុកស្រូវ នៅកំពង់ផែ​នៅបេរូត​ដែល​ត្រូវបំផ្លាញខ្ទេចខ្ទី​ដោយសារ​ការផ្ទុះឆេះសារធាតុ​គីមី អាម៉ូញ៉ូមនីត្រាត កាលពីថ្ងៃទី​៤​សីហា ២០២០
រូបភាព​ឃ្លាំង​ស្តុកស្រូវ នៅកំពង់ផែ​នៅបេរូត​ដែល​ត្រូវបំផ្លាញខ្ទេចខ្ទី​ដោយសារ​ការផ្ទុះឆេះសារធាតុ​គីមី អាម៉ូញ៉ូមនីត្រាត កាលពីថ្ងៃទី​៤​សីហា ២០២០ REUTERS - HANNAH MCKAY
ផ្សាយពាណិជ្ជកម្ម

បារាំង​និង​អង្គការសហប្រជាជាតិ​បាន​រៀបចំ វីដេអូ​សន្និសីទ​អន្តរជាតិ នៅថ្ងៃអាទិត្យ​សម្រាប់​ស្វែងរកជំនាន់​បន្ទាន់​សម្រាប់​ប្រជាជន​លីបង់ ដែល​បាន​រងគ្រោះ ដោយសារ​ហេតុការណ៍​ផ្ទុះនៅកំពង់ផែ​បេរូត កាលពី​ថ្ងៃ​អង្គារ ទី ៤​សីហា។

នៅក្នុង​សុន្ទរកថា បើកសម្ពោធ​វីដេអូ​សន្និសីទ ដែល​មាន​ការចូលរួម​ពីប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ និង​មេដឹកនាំ​របស់​បណ្តាប្រទស​អារ៉ាប់ និង​អឺរ៉ុប ចំនួន ១៥នាក់​ផ្សេងទៀត លោកប្រធានាធិបតី​បារាំង ម៉ាក្រុង បានអំពាវនាវ​ឲ្យ​សហគមន៍ អន្តរជាតិ “ធ្វើសកម្មភាព​លឿន និង​មាន​ប្រសិទ្ធិភាព” ដើម្បី​ផ្តល់ជំនួយ​ផ្ទាល់ ដល់​ប្រជាជន​លីបង់។ ប្រធានាធិបតី​បារាំង​បាន​ទាមទារ​ផងដែរ ឲ្យមានការស៊ើបអង្កេត ឯករាជ្យ អព្យាក្រឹត​ដើម្បី​ស្វែងរក​អ្នកទទួលខុសត្រូវ នៃ​ហេតុការណ៍ផ្ទុះ នៅកំពង់ផែបេរូត។

នៅថ្ងៃ​សៅរ៍ ពោល​គឺ​នៅ​៤ថ្ងៃ​ក្រោយ នៃ​ហេតុការណ៍​ផ្ទុះនៅកំពង់ផែបេរូត ប្រជាជន​លីបង់​រាប់ម៉ឺននាក់ បាន​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន ចុះ​ចេញ​ពី​តំណែង។ តាមអង្គការ​កាកបាទ​ក្រហមងន្តរជាតិ មនុស្ស​ជាង ២០០​នាក់​រងរបួស នៅក្នុង​ការប៉ះទង្គិច​ដ៏ហិង្សា ជាមួយ​កម្លាំង​ប៉ូលិស និងទាហាន លីបង់។

នៅក្នុង​បាតុកម្ម ប្រឆាំង​រដ្ឋាភិបាល កាលពី​ថ្ងៃ​ម្សិលមិញ ក្រៅតែ​ពី​មាន​ការប្រមូលផ្តុំ​នៅទីលាន​ដើម្បី​វីរជន នៅកណ្តាល​ទីក្រុង​បេរូត បាតុករជាង ២០០​នាក់ ដែល​ដឹកនាំ​ដោយ​អតីត​មន្រ្តីទាហាន​ចូលនិវត្តន៍​លីបង់ បានព្យាយាម​សម្រុកចូល​កាន់កាប់ ក្រសួង ការបរទេស ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ថាមពល ដែល​តំណាង​ឲ្យ​ការគ្រប់គ្រង​មិនត្រឹមត្រូវ​របស់​រដ្ឋាភិបាល។ បណ្តាធនាគារ​វិញ​ក៏ក្លាយ​ជា​ផ្ទាំងស៊ីប​របស់​បាតុករដែរ នៅបន្ទាប់ពី​ធនាគារ​រឹតបន្តឹង ការដក និង​ផ្ញើលុយទៅ​បរទេសជាដើម។

តាម​កងទ័ព​លីបង់ ក្រុមបាតុករ បាន​ចូល​កាន់កាប់​ក្រសួង​របស់​រដ្ឋាភិបាល​បាន​តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ មុន​នឹង​ត្រូវ​ប៉ូលិស ទាហាន​ចាប់បណ្តេញ​ចេញ នៅល្ងាច​ថ្ងៃ​សៅរ៍។ ការប៉ះទង្គិច​គ្នា​ដ៏ហិង្សា រវាង​បាតុករ និង​ប៉ូលិស លីបង់ បាន​ធ្វើ​ឲ្យ​មនុស្ស​រងរបួស ជាង​២០០នាក់ និង​ប៉ូលិស​ម្នាក់​ស្លាប់។ ប្រជាជន​លីបង់ មិនថា ប្រុសស្រី ចាស់ក្មេង ចូល​រួម​ក្នុង​បាតុកម្ម ដុតរូប​ប្រធានាធិបតី​លីបង់ ដើម្បី​សំដែង​កំហឹង សងសឹក រដ្ឋាភិបាល ដែល​ពួកគេ​ចោទប្រកាន់ថា ពុករលួយ អសមត្ថភាពដឹកនាំ រហូត​ធ្វើ​ឲ្យ​លីបង់ ត្រូវធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏រ៉ាំរ៉ៃ មិនធ្លាប់មាន រួមផ្សំ​នឹង​ជំងឺកូវីដ ហើយ​ចុងក្រោយ នេះ គឺ ហេតុការណ៍ផ្ទុះ នៅ​កំពង់ផែ ដែល​មាន​ស្តុក​សារធាតុ​ផ្ទុះ អាម៉ូញ៉ូម នីត្រាត​ដល់​ទៅ ជាង ២៤០០តោន។

នៅ​ក្នុង​សុន្ទរកថា តាមទូរទស្សន៍ កាលពី​យប់ថ្ងៃ​សៅរ៍ម្សិលមិញ នាយករដ្ឋមន្រ្តី​លីបង់ លោក ហាសាន់ ដ្យាប បានប្រកាស​ថា លោក​បាន​ស្នើ​ឲ្យមានការ​បោះឆ្នោត​មុនអាណត្តិ ដើម្បី​ចាកចេញ​ពី​វិបត្តិ​លើក​នេះ។ នៅក្រោយ​ហេតុការណ៍​ផ្ទុះ នៅកំពង់ផែបេរូត សមាជិក​សភា​លីបង់ ៦នាក់ បាន​ប្រកាស​ចុះចេញ​ពីមុខ​តំណែង តាំង​ពី​ល្ងាច​ថ្ងៃសៅរ៍។ នៅ​ព្រឹកថ្ងៃ​អាទិត្យនេះ រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​លីបង់ បាន​ក្លាយ​ជា​សមាជិក​រដ្ឋាភិបាល​ដំបូងគេ​ដែល​បាន​ប្រកាស​លាលែង​មុខតំណែង និង​សុំ​ទោស​មហាជន​ចំពោះ សោកនាដកម្ម​លើកនេះ។ ប្រមុខ​សាសនា​គ្រិស្ត ដែល​ជាបុគ្គល​មាន​ឥទ្ធិពលម្នាក់ បាន​ចូលរួម​បំប៉ោង​សំឡេង​ជាមួយ​បាតុករ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទាំងមូល​ចុះចេញពីតំណែង និង​រៀបចំ បង្កើត​រដ្ឋាភិបាល​ថ្មី ទាំងស្រុង​ឡើងវិញ។

តើសន្និសីទ​អន្តរជាតិនឹង​ស្វែងរក​ជំនួយ​សម្រាប់​ស្រោចស្រង់ លីបង់​បាន​ដែរ​ឬ​ទេ?

តាម​មន្រ្តីសន្តិសុខ​លីបង់ កម្លាំងផ្ទុះ​នៅកំពង់ផែ​បេរូត បានធ្វើ​ឲ្យមាន​រណ្តៅ ដី​បាក់ស្រុតចុះ​ដល់ទៅ​ជម្រៅ ៤៣ម៉ែត្រ។ រូបភាព​ជាច្រើន​បាន​បង្ហាញ កំពង់ផែ​ខូចខ្ទេចខ្ទី រួមទាំង​ឃ្លាំងស្តុ្កក​ស្រូវសាឡី ​អគារស្នាក់នៅ និង​មន្ទីរពេទ្យ នៅក្នុង​តំបន់​ក្បែរកំពង់ផែ។ រដ្ឋាភិបាល​លីបង់​បាន​វាយតម្លៃ​ការខូចខាត​លើកនេះ ថា មានតម្លៃ ប្រមាណ ១៥ពាន់​លាន​ដុល្លារ។

នៅ​មុន​សន្និសីទ​វីដេអូ ដែល​រៀបចំ​ដោយ​បារាំង និង​អង្គការ​សហប្រជាជាតិ វិមានប្រធានាធិបតី​បារាំង​បានចេញ​សេចក្តីថ្លែងការណ៍​មួយរួចហើយ ​នៅ​ព្រឹកថ្ងៃអាទិត្យ ដើម្បី​ពន្យល់​ថា រាល់ជំនួយ សម្រាប់​លីបង់ ធ្វើឡើង នៅក្រោមរូបភាព​ជា​ជំនួយបន្ទាន់ និង​ផ្ទាល់ សម្រាប់​ប្រជាជន លីបង់ ដែល​ទើប​រងគ្រោះ ដោយសារ​ហេតុការណ៍ផ្ទុះ​នៅកំពង់ផែបេរូត ប៉ុន្តែ មិនមែន​ជា​កញ្ចប់ថវិកា ឬ​ក្រដាសស្ហែក សម្រាប់​ឲ្យ​រដ្ឋាភិបាល​លីបង់​យក​ទៅ​ចាត់ចែង​នោះទេ។ លោកប្រធានាធិបតី​ម៉ាក្រុង ដែល​ជា​មេដឹកនាំ​បរទេស​ដំបូង ទៅធ្វើ​ទស្សនកិច្ច​នៅ​កន្លែង​រងបាក់បែក​ដោយសារ​ហេតុការណ៍ផ្ទុះ​នៅកំពង់ផែបេរូត បាន​និយាយ​ធានារួចហើយថា ជំនួយ​អន្តរជាតិ​នឹង​មិនធ្លាក់​ទៅក្នុង​ដៃ​របស់​ជនពុករលួយ នោះទេ។

ប៉ារីស​បាន​បញ្ជាក់ថា ក្រៅតែ ពីកញ្ចប់ជំនួយ​៨៥លានដុល្លារ ដែល​អង្គការ​សហប្រជាជាតិ​អំពាវនាវស្វែងរក​សម្រាប់​វិស័យ​សុខាភិបាល​លីបង់ ទឹកប្រាក់​ជំនួយ​ផ្សេងទៀត នឹង​ត្រូវ​ប្រើ​ជា​អាទិភាព​សម្រាប់​ជំនួយ​ស្បៀងអាហារ ការជួសជុល ស្តារអគារស្នាក់នៅ មន្ទីរពេទ្យ និង​សាលារៀន ដែល​ខូចខ្ទេចខ្ទាំ​ដោយសារ​ហេតុការណ៍ផ្ទុះ​កាលពី​ថ្ងៃ​អង្គារ។

លីបង់៖ ពី​ប្រទេស​គុជនៅដើមបូព៌ា មកធ្លាក់ខ្លួន​ជំពាក់បំណុលគេ​វណ្ឌក

លីបង់​ធ្លាប់​ជា​ប្រទេស​រីកចម្រើន និង​ត្រូវ​គេ​ចាត់ទុក​ជា​កូនប្រទេស​ស៊្វីស​មួយ នៅ​តំបន់​ដើមបូព៌ា ដោយ​មក​ពី​ប្រព័ន្ធ​ធនាគារ​ដ៏រឹងមាំ និង​ល្បីល្បាញ ​ក្នុង​ទសវត្សរ៍​ឆ្នាំ ៦០។ នៅសម័យនោះ ប្រជាជន​លីបង់​ពីបរទេស​បាន​ត្រលប់ទៅ​បោះទុន​វិនិយោគ ច្រើន​លើ​វិស័យធនាគារ។ រាល់​អ្នកជំនួញ​មកពីប្រទេស​លោក​ខាងលិច ដែល​ចង់ទៅ​ធ្វើ​ជំនួញ នៅ​តំបន់​ដើមបូព៌ា តែងតែ​ឆ្លងកាត់ លីបង់ ជានិច្ច។ រហូត​ដល់​ពេល​លីបង់​ត្រូវ​ធ្លាក់ខ្លួន ក្នុង​សង្រ្គាម​ស៊ីវិល អស់​១៥ឆ្នាំ ដែល​មាន​ការលូកដៃ​ពីបរទេស និយាយ​ឲ្យ​ចំ គឺ​កងទ័ព​ស៊ីរី​តែម្តង។ អស់ពីសង្រ្គាម​ស៊ីវិល ដែល​បាន​សម្លាប់ប្រជាជន​ស៊ីវិល ជាង​២សែននាក់ លីបង់​ត្រូវ​រងគ្រោះ​មួយសាទៀត ដោយសារ​ការវាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល។

ក្រៅតែ​ពី​សង្រ្គាម​ស៊ីវិល ដែល​ទាញ​ប្រទេស​ឲ្យ​សឹង​ធ្លាក់​ដល់​កម្រិតសូន្យ  លីបង់​ត្រូវ​រងគ្រោះ​មិនអាច​ងើបស្តារខ្លួន​បានឡើងវិញ ដោយសារ​តែ​អស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច។ នៅ​លីបង់ កិច្ចព្រមព្រៀង ឆ្នាំ​១៩៤៣ បាន​ចាប់តម្រូវ​ឲ្យ​អំណាច​នៅ​លីបង់ ត្រូវតែ​បែងចែក​ស្មើភាគគ្នា​រវាង​ក្រុមសាសនា។ នៅលីបង់ ប្រធានាធិបតី​ត្រូវតែ​មកពី​ក្រុមសាសនា​គ្រិស្ត នាយករដ្ឋមន្រ្តី និង​ប្រធាន​រដ្ឋសភា ត្រូវ​តែ​មក​ពីក្រុម​អ៊ីស្លាម នេះគេនៅមិនទាន់​និយាយ​ពីអ្នកនយោបាយ មកពី​ក្រុមជ្វីហ្វ​លីបង់ ផង។

ដោយសារ​តែ មេដឹកនាំ​មកពី​ក្រុមសាសនា​ផ្សេងៗគ្នា គឺ​ងាយ​នឹង​មានការលូកដៃ​ពីបរទេស និង​សំបូរប្រព្រឹត្ត​រឿងពុករលួយ បែងចែក​អំណាច​តែ​រង្វង់​ក្រុមបក្សពួក​សាសនា​គ្នាឯង។ ឧទាហរណ៍ នៅពេល​ប្រធានាធិបតី​លីបង់ គាំទ្រ​ដោយ​ប្រទេស​លោកខាងលិច អតីត​នាយករដ្ឋមន្រ្តី​លីបង់ ដែល​មាននិន្នាការ​ខាងក្រុមស៊ូនីត បានការគាំទ្រ​ពី​អារ៉ាប៊ីសាអូឌីត ចំណែក​ក្រុមអេស្បូឡា​លីបង់ កាន់សាសនា​ស្ហ៊ីអ៊ីត និង​ដែល​មានអំណាចយោធា​នៅលីបង់ គាំទ្រ​ដោយអ៊ីរ៉ង់ ដែល​ជា​គូប្រជែង របស់​អារ៉ាប៊ី សាអូឌីត។

តើ​លីបង់​នឹង​អាច​បោះជំហាន​ទៅមុខ​បានយ៉ាងម៉េច បើសិន​ក្រុមបរទេស ចេះតែ​លូកដៃ​ក្នុង​កិច្ចការផ្ទៃក្នុង​លីបង់ ដើម្បី​ផលប្រយោជន៍​របស់គេ​រៀងៗខ្លួន​នោះ។ ការច្រណែន ឈ្នានិសគ្នា​រវាង​ក្រុមបក្សពួកនយោបាយ និង​អំពើពុករលួយ ស៊ីរូង​ផ្ទៃក្នុង ក្នុង​ចំណោម​មន្រ្តីរដ្ឋាភិបាល​បានធ្វើ​ឲ្យ​លីបង់​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ រហូត​ត្រូវ​ជំពាក់បំណុលគេ​វណ្ឌក ស្មើនឹង​១៥០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុកសរុប។ ប្រជាជន​លីបង់ ១ភាគ៣ រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាពក្រីក្រ។

មួយវិញទៀត លីបង់​លែង​ក្លាយ​ជា​ទីក្រុង​គុជ​ដូចមុន ក៏ដោយសារ​តែ​ការលូកដៃ​របស់​បរទេសនេះឯង។ ទីក្រុង​អាប៊ូដាប៊ី របស់​អេមីរ៉ាតអារ៉ាប់រួម បាន​ដណ្តើម​តំណែង​ទីក្រុង​គុជ ពីលីបង់ នៅ​ដើមបូព៌ា។ អេមីរ៉ាតអារ៉ាប់រួម មហាសេដ្ឋីប្រេង​ដែល ចំណាយ​លុយ​រាប់លាន​ដុល្លារ សម្រាប់​ចិញ្ចឹមធ្វើ​សង្រ្គាម បង្ក​អស្ថិរភាព នៅប្រទេស​នៅ​ដើមបូព៌ា ដូចជា​ស៊ីរី យេម៉ែន និង​លីបង់ បាន​ក្លាយ​ជា​ចំណត​របស់​អ្នកសេដ្ឋកិច្ច និង​ក្រុមអ្នកនយោបាយ​បរទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ