អានតួអត្ថបទ
អ៊ីរ៉ង់ នុយក្លេអ៊ែរ

អ៊ីរ៉ង់​អះអាង​ថា ការ​សន្ទនា​ជាមួយ​​នាយក​ទីភ្នាក់ងារ ​AIEA គឺ​ប្រកប​ដោយ​ “ន័យស្ថាបនា”​

លោកនាយកទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ហៅកាត់ថា AIEA បានទៅដល់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអង្គារទី​២៥សីហា ដើម្បីជួបជាមួយ លោក​នាយកថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ ដើម្បីនិយាយគ្នា​អំពី​ សកម្មភាព​នៃស្ថានីយ៍នុយក្លេអ៊ែរអ៊ីរ៉ង់។​ ភាគីអ៊ីរ៉ង់ អះអាងថា ខ្លួន​បាននិយាយ​​ជាមួយ​​លោក​នាយក​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ដែលជាការសន្ទនាប្រកបដោយ​ “ន័យស្ថាបនា”។ គួរកត់សំគាល់ថា នេះគឺជាដំណើរទៅដល់លើកទីមួយ របស់អគ្គនាយក​AIEA ហើយស្ថិតក្នុងបរិបទ​មួយដ៏តានតឹង ដែលក្នុងពេលនេះ សហរដ្ឋអាមេរិកកំពុងតែរន្ធាន់ ឲ្យ​អង្គការសហប្រជាជាតិ​ ត្រូវដាក់​ទណ្ឌកម្មលើអ៊ីរ៉ង់។​

នាយកអង្គភាព​ថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ Ali-Akbar Salehi (ឆ្វេង) និងនាយកទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ (IAEA) លោក Rafael Grossi ជួបនិយាយគ្នា នៅតេអេរ៉ង់ ថ្ងៃទី​២៥​សីហា​២០២០។
នាយកអង្គភាព​ថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ Ali-Akbar Salehi (ឆ្វេង) និងនាយកទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ (IAEA) លោក Rafael Grossi ជួបនិយាយគ្នា នៅតេអេរ៉ង់ ថ្ងៃទី​២៥​សីហា​២០២០។ VIA REUTERS - WANA NEWS AGENCY
ផ្សាយពាណិជ្ជកម្ម

លោក Rafael Mariano Grossi អគ្គនាយកទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ បានជួប​និយាយគ្នា ជាលើកទីមួយ នៅរដ្ឋធានីតេអេរ៉ង់ ជាមួយ​លោក Ali Akbar Salehi ប្រធានអង្គភាពថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃអង្គារទី២៥សីហា។ បន្ទាប់មកទៀត លោកត្រូវជួបជាមួយ​លោក Javad Zarif ប្រមុខការទូតអ៊ីរ៉ង់។

លោកប្រធានអង្គភាព​ថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ បានអះអាងប្រាប់បណ្តាញ​ព័ត៌មាន ​Irna របស់អ៊ីរ៉ង់ថា ការសន្ទនាគ្នា រវាងលោកនិងលោកនាយកAIEA គឺពោរពេញដោយ "ខ្លឹមសារស្ថាបនា"។ លោក​បន្តថា​​ ទំព័រទំនាក់ទំនងថ្មី រវាងអ៊ីរ៉ង់ និងទីភ្នាក់ងារ​ថាមពលអន្តរជាតិ បាន​ចាប់ផ្តើមបើកហើយ។ លោក Ali Akbar Salehi បានអះអាងទៀតថា ឆ្លងកាត់ការនិយាយគ្នា គឺទីភ្នាក់ងារថាមពលអន្តរជាតិ បានធានាថានឹងបន្តការងារក្នុងក្របខណ្ឌឯករាជ និងដោយគោរពវិជ្ជាជី​វៈពិតប្រាកដ ចំណែកអ៊ីរ៉ង់ វិញ បានធានាថានឹង​ធ្វើការងារ​ ដោយ​គោរព​ក្របខណ្ឌ​នៃការសន្យារបស់ខ្លួនដែរ។

គួរបញ្ជាក់ថា កន្លងមកនេះ មាន​ភាពតានតឹងច្រើន រវាង​អ៊ីរ៉ង់ និងទីភ្នាក់ងារ AIEA ទាក់ទិននឹងសកម្មភាព​ របស់​ស្ថានីយ៍​នុយក្លេអ៊ែរអ៊ីរ៉ង់។ កាលពីចុងខែមិថុនា ក្រុមប្រឹក្សាទេសាភិបាល AIEA បានកំណត់ថា ភាគីអ៊ីរ៉ង់ ត្រូវតែយល់ព្រមបើកឲ្យ​មានការចុះទៅត្រួតពិនិត្យ ស្ថានីយ៍នុយក្លេអ៊ែរ ចំនួន​២ទីតាំង ដើម្បីបិទបញ្ចប់ការសង្ស័យ ថាអ៊ីរ៉ង់ពិតជាបានធ្វើសកម្មភាព​បំពាន​កិច្ចព្រមព្រៀងពិតមែន ឬយ៉ាងណា។

ដើមដំបូងភាគីអ៊ីរ៉ង់បានប្រកែក មិនអនុញ្ញាតឲ្យ​មានការចុះទៅត្រួតពិនិត្យទេ ដោយអះអាងថា ការសង្ស័យ​របស់​ទីភ្នាក់ងារAIEA គឺវាឈរលើពាក្យមួរបង្កាច់ គ្មានភស្តុតាង របស់អ៊ីស្រាអែល ដែលគ្មានប្រាថ្នាអ្វីក្រៅតែពីបំផ្លាញអ៊ីរ៉ង់។ ក្រោយមក អ្នកនាំពាក្យអង្គភាពថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ បាន​និយាយតាមទូរទស្សន៍ Al-Alam ថា គេអាចអនុញ្ញាតឲ្យអ្នកជំនាញ​អន្តរជាតិទៅពិនិត្យបាន តែសូមឲ្យចប់រឿងត្រឹមនេះ មិន​ត្រូវ​ទាមទារអ្វីលើសនេះទេ។

សូមរំលឹកដែរថា ពេលមុន​ដំណើរទៅដល់អ៊ីរ៉ង់ របស់​លោកអគ្គនាយក​AIEA ភាគីអ៊ីរ៉ង់ បានចេញលិខិតប្រកាសមួយ​ ដោយ​បាន​លើកឡើងថា អ៊ីរ៉ង់ចង់ឃើញស្ថាប័ន​អន្តរជាតិមួយនេះ រក្សាអព្យាក្រិត្យភាពរបស់ខ្លួន ដោយមិនត្រូវយកបញ្ហា​​នយោបាយការបរទេស មកលាយ​ឡំ និងបញ្ហាបច្ចេកទេសថាមពលនុយក្លេអ៊ែរឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ