អានតួអត្ថបទ
ប៉ាឡេស្ទីន

ប៉ាឡេស្ទីន៖ ក្រុមហាម៉ាស និងក្រុមហ្វាតា ត្រូវរ៉ូវគ្នា រៀបចំបោះឆ្នោត នៅ៦ខែទៀត

គូបដិបក្សប៉ាឡេស្ទីនទាំង២ គឺក្រុមហាម៉ាស និងក្រុមហ្វាតា បានប្រកាសព្រមគ្នា កាលពីថ្ងៃព្រហស្បតិ៍ទី២៤កញ្ញា​ ថា​ក្រុមគេទាំង២ បានព្រមព្រៀងគ្នា រៀបចំការបោះឆ្នោត​ក្នុងរវាង​៦ខែទៀត។ នេះគឺជាគម្រោងការបោះឆ្នោត ជាលើកទីមួយហើយ​ សម្រាប់ប៉ាឡេស្ទីន ក្នុងរយៈពេល​១៥ឆ្នាំចុងក្រោយ ដែលក្រុម​នយោបាយទាំង២នេះ បាន​ឈ្លោះប្រកែកគ្នា។​ វាក៏ជាកាលៈទេសៈមួយ ដ៏សំខាន់ផងដែរ ខណៈដែល​ប៉ាឡេស្ទីនកាន់តែឯកោ ព្រោះប្រទេសតំបន់ឈូងសមុទ្រពែក្ស​ មានអេមៀរ៉ាតអារ៉ាប់រួម និងបារ៉ែនជាដើម ដែលពីមុនធ្លាប់​ជាអ្នកឧបត្ថម្ភ គាំទ្រប៉ាឡេស្ទីន​​នោះ បាននាំគ្នាប្រកាស ចងចំណងមេត្រីភាពជាមួយ​អ៊ីស្រាអែល។

តំណាងក្រុមហ្វាតា លោក Jibril Rajoub កំពុងធ្វើសន្និសីទកាសែត​ ខណៈតំណាងក្រុម​ហាម៉ាស លោក Saleh Arouri តាមដានពីចំងាយ​តាមប្រព័ន្ធវីស្យូខុនហ្វឺរិនស៍។ ថ្ងៃទី  ២ កក្កដា ២០២០
តំណាងក្រុមហ្វាតា លោក Jibril Rajoub កំពុងធ្វើសន្និសីទកាសែត​ ខណៈតំណាងក្រុម​ហាម៉ាស លោក Saleh Arouri តាមដានពីចំងាយ​តាមប្រព័ន្ធវីស្យូខុនហ្វឺរិនស៍។ ថ្ងៃទី ២ កក្កដា ២០២០ REUTERS - Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

ប៉ាឡេស្ទីន នឹងរៀបចំការបោះឆ្នោតសភា នៅក្នុងរវាង៦ខែទៀត។ បន្ទាប់មកនឹងមានការបោះឆ្នោតរើសប្រធានដឹកនាំអាជ្ញាធរប៉ាឡេស្ទីន និងការបោះឆ្នោតរើសក្រុមប្រឹក្សាកណ្តាល នៃអង្គការរំដោះប៉ាឡេស្ទីន។ នេះគឺជាការប្រកាសឲ្យដឹង ពីសំណាក់ លោក Jibril Rajoub មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ក្រុមហ្វាតា។

លោក Saleh al-Arouri មេដឹកនាំសំខាន់ម្នាក់របស់​ក្រុម​ហាម៉ាស ក៏បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានបារាំង កាលពីរសៀលថ្ងៃទី​២៤កញ្ញាថា ក្រុមហ្វាតា និងក្រុមហាម៉ាស បានសម្រេចព្រមព្រៀងគ្នា រៀបចំការបោះឆ្នោត ក្នុងរវាង៦ខែទៀត បន្ទាប់ពីតំណាងភាគីទាំង២ បានជួបប្រជុំគ្នា នៅប្រទេសតួកគី កាលពីពេលថ្មីៗនេះ។

សូមរំលឹកថា ប្រមាណ​១៥ឆ្នាំហើយ ដែល​ប៉ាឡេស្ទីន គ្មានការបោះឆ្នោត ដោយសារក្រុមបក្សទាំង២នេះ ឈ្លោះប្រកែកគ្នា។ ការបោះឆ្នោងចុងក្រោយគឺនៅឆ្នាំ២០០៥ លោក ម៉ាសមូដ អាបាស តំណាងក្រុមហ្វាតា បានឈ្នះឆ្នោត ប្រមាណ​៦២%។ ក៏ប៉ុន្តែជម្លោះនយោបាយបានកើតឡើង ហើយក្រុមហាម៉ាស ដែលមានទំនោររឹងរូសខ្លាំងប្រឆាំងជាមួយអ៊ីស្រាអែល បានកាន់អាវុធ ដណ្តើមគ្រប់គ្រងតំបន់ហ្កាហ្សា ផ្តាច់មុខតែម្នាក់ឯង ទុកឲ្យ​ក្រុមហ្វាតា គ្រប់គ្រងតំបន់ស៊ីហ្សកដានី។

យោងតាមការស្ទៀបស្ទង់មតិចុងក្រោយមួយ ធ្វើឡើងដោយ មជ្ឈមណ្ឌលសិក្សានយោបាយ​ប៉ាឡេស្ទីន និងស្ថិតិ PCPSR បានបង្ហាញថា បើសិនជាមានការបោះឆ្នោតថ្មីមែន លោក ម៉ាមូដ អាបាស អាចទំនងជាចាញ់ លោក Ismaël Haniyeh ដែលជាមេក្រុមហាម៉ាស។ តែយ៉ាងណា លោកម៉ាមូដ អាបាស ដែលបច្ចុប្បន្នមានវ័យ៨៤ឆ្នាំទៅហើយនោះ មិនទាន់បានបញ្ជាក់ទេ ថាលោកនឹងឈរឈ្មោះបោះឆ្នោតលើកនេះ។

គួរបញ្ជាក់ដែរថា ថ្មីៗនេះ ប៉ាឡេស្ទីន កាន់តែឯកោ បន្ទាប់ពី​ប្រទេសតំបន់ឈូងសមុទ្រពែក្សមួយចំនួន មានបារ៉ែន អេមៀរ៉ាតអារ៉ាប់រួម ដែលពីមុនធ្លាប់ប្រកាន់ជំហរកាន់ជើងប៉ាឡេស្ទីននោះ បានសម្រេច​ងាកទៅ​ចាប់ដៃ ភ្ជាប់ទំនាក់ទំនង និងទទួលស្គាល់រដ្ឋអ៊ីស្រាអែលពេញសិទ្ធិ។ អ្នកវិភាគ បានលើកឡើងថា កាលៈទេសៈពេលនេះ គឺប៉ាឡេស្ទីន មិនអាចបន្តឈ្លោះប្រកែកគ្នាផ្ទៃក្នុងបានទៀតទេ​ បើសិនជាចង់ស្វែងរកសន្តិភាព និងការគាំទ្រពីប្រទេសផ្សេងទៀត ក្នុងតំបន់។ បង្អែកថ្មីរបស់ ប៉ាឡេស្ទីននាពេលនេះ គឺប្រហែលជាតួកគី និងអ៊ីរ៉ង់។

យ៉ាងណាមិញ លោក Jibril Rajoub តំណាងក្រុមហ្វាតា បានលើកឡើងថា ក្រុម​ហ្វាតា និងក្រុម​ហាម៉ាស បានទទួលស្គាល់ថា ការបែកបាក់គ្នាបានធ្វើឲ្យខាតបង់ដល់ប្រយោជន៍រួម ក្នុងការកសាងរដ្ឋប៉ាឡេស្ទីន ហើយពេលនេះ ជាពេលសំខាន់ ដែលត្រូវតែ​ពួតដៃគ្នា បញ្ចប់រាល់ការប្រទូស្តរាយ និងរំដោះប៉ាឡេស្ទីន ឲ្យបានឯករាជ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ