អានតួអត្ថបទ

អ៊ីរ៉ង់ រួច​ផុត​ពី​ទណ្ឌកម្ម​ផ្នែកសព្វាវុធ ខណៈ​ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ខ្វែង​គំនិត​គ្នា​

ថ្ងៃ​អាទិត្យ ទី១៨តុលា ទណ្ឌកម្មផ្នែក​សព្វាវុធ​ចំពោះ ​អ៊ីរ៉ង់ ត្រូវ​ដល់​ពេល​ផុត​កំណត់។ ក្នុងខែសីហា និង​ពេល​ថ្មីៗនេះទៀត សហរដ្ឋអាមេរិក ដែល​ជា​គូ​សត្រូវ​នឹង​ អ៊ីរ៉ង់​​ បាន​ទាមទារឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ ពន្យារពេលចំពោះ​​ទណ្ឌកម្ម​លើ អ៊ីរ៉ង់ ក៏ប៉ុន្តែ​សមាជិក​ដទៃផ្សេងទៀត ជំទាស់ គឺ​មាន​ដូចជា ចិន និងរុស្ស៊ី  ជាដើម​។ ចិន ​និង រុស្ស៊ី មិនដែល​​រារែកឡើយ​ ក្នុងការ​រកស៊ី​ខាងសព្វាវុធ​ និង​សហការផ្នែក​យោធា​ជាមួយ​ អ៊ីរ៉ង់​។​

រដ្ឋាភិបាល​អ៊ីរ៉ង់ ​​ប្រកាសថា បម្រាប​ហាម​ឃាត់​មិន​ឱ្យ​លក់​អាវុធ​ធន់​ធ្ងន់ និងសម្ភារៈ​សឹកសង្គ្រាម​ ​មក​ឱ្យ​ អ៊ីរ៉ង់ គឺ​ផុត​កំណត់​ហើយ នៅថ្ងៃ​នេះ។
រដ្ឋាភិបាល​អ៊ីរ៉ង់ ​​ប្រកាសថា បម្រាប​ហាម​ឃាត់​មិន​ឱ្យ​លក់​អាវុធ​ធន់​ធ្ងន់ និងសម្ភារៈ​សឹកសង្គ្រាម​ ​មក​ឱ្យ​ អ៊ីរ៉ង់ គឺ​ផុត​កំណត់​ហើយ នៅថ្ងៃ​នេះ។ WANA (West Asia News Agency) via REUTERS
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាល​អ៊ីរ៉ង់ ​​ប្រកាសថា បម្រាប​ហាម​ឃាត់​មិន​ឱ្យ​លក់​អាវុធ​ធន់​ធ្ងន់ និងសម្ភារៈ​សឹកសង្គ្រាម​ ​មក​ឱ្យ​ អ៊ីរ៉ង់ គឺ​ផុត​កំណត់​ហើយ នៅថ្ងៃ​នេះ។ ដូច្នេះ ​អ៊ីរ៉ង់ អាច​ទិញ​អាវុធ​ពី​អន្តរជាតិ បាន​ដោយ​គ្មាន​បញ្ហា​។ ក្រសួង​ការ​បរទេស​អ៊ីរ៉ង់ ក៏​បញ្ជាក់​ដូចគ្នា​អ៊ីចឹងដែរ ថា​ ចាប់ពី​ថ្ងៃ​នេះទៅ បម្រាម​ពាក់ព័ន្ធនឹង​​ការ​ផ្ទេរ​លុយកាក់​ និង ផ្ទេរ​អាវុធ រវាង​ប្រទេស​អ៊ីរ៉ង់ ត្រូវ​លើកលែង​ហើយ។ ចំពោះថ្នាក់ដឹកនាំ ​អ៊ីរ៉ង់ ការ​ផុត​កំណត់​ទណ្ឌកម្ម​សព្វាវុធ ហើយ​និង ការ​មិន​អាច​​ពន្យារយៈពេល​នៃទណ្ឌកម្ម​នេះ គឺ​ជា​ជោគជ័យ​មួយ​របស់​ខ្លួន។

សម្រាប់​ សហរដ្ឋអាមេរិក និង អ៊ីស្រាអែល ដែល​ជា​គូ​សត្រូវ គឺតែងតែ​ប្រឆាំង​ដាច់​ខាត​ ហើយ​តែងតែ​ទាមទារ​ឱ្យ​បន្ត​ដាក់​ទណ្ឌកម្ម​ចំពោះ​អ៊ីរ៉ង់។ ផ្ទុយ​ទៅវិញ រដ្ឋបាល​ក្រុង​ម៉ូស្កូ បាន​បង្ហើប​តាំ​ងតែ​ពីខែ​កញ្ញា​មកម្ល៉េះ ថា​នឹង​ជំរុញ​កិច្ចសហការ​ផ្នែក​យោធា​ជាមួយ​ រដ្ឋបាល​ក្រុង​តេអេ​រ៉ង់ នៅពេល​ដែល​ អ៊ីរ៉ង់​ រួច​ផុតពីទណ្ឌកម្ម ចាប់ពីថ្ងៃ​១៨តុលា។ ក្រុង​ប៉េកាំង​ វិញ ក៏​ដូច្នេះដែរ មិន​បាន​​លាក់​លៀម​ ឆន្ទៈចង់​​រកស៊ី​លក់​ដូរ​អាវុធ ជាមួយនឹង​ ​អ៊ីរ៉ង់ ឡើយ។

ប្រទេស​មហាអំណាច​នៅអឺរ៉ុប បារាំង អង់គ្លេស អាល្លឺម៉ង់ គឺ​ហាក់​មិន​បង្ហាញ​ជំហរ​ដាច់​ណាត់​យ៉ាងណា​ទេ។ ប៉ុន្តែ​ក្នុង​សេចក្តីថ្លែងការ​ណ៍​រួមមួយ ចុះកាលពី​ខែ​កក្កដា ប្រទេស​ទាំង​បីបាន​ស្នើឱ្យ​គ្រប់​ភាគី ​គោរពតាម​សេចក្តីសម្រេច​ លេខ ២ ២៣១ របស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទិន​នឹង​​កិច្ចព្រមព្រៀង​សំណុំ​រឿង​នុយក្លេអ៊ែរអ៊ីរ៉ង់។ កិច្ចព្រមព្រៀង​នេះ ត្រូវ​សហរដ្ឋអាមេរិក របស់​ប្រធានាធិបតី​ ដូណាល់ ត្រាំ ប្រកាស​ដក​ខ្លួន​ចេញ ជាឯកតោភាគី​ នៅ​ឆ្នាំ​២០១៨ ពី​ព្រោះ​ អាមេរិក ​យល់ថា អ៊ីរ៉ង់​ រំលោភ​បំពាន​កាពត្វ​កិច្ច និង​សម្ងំ​​ផលិត​​អាវុធ​នុយក្លេអ៊ែរ។ ​អាមេរិក ក៏​បាន​ជំរុញ​ឱ្យ​សមាជិក​ផ្សេងទៀត ដាក់​​បន្ថែម​ទណ្ឌកម្ម​លើ អ៊ីរ៉ង់ ដែរ​ ប៉ុន្តែ មាន​បញ្ហា​ខ្វែង​គំនិត​គ្នា រហូត​មក​ទល់​នឹង​ពេល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ